វិធានការរបស់អាមេរិកដាក់ទណ្ឌកម្ម «ពិតជាល្អ ព្រោះអាចបកមុខមន្ត្រីពុករលួយបូមលុយជាតិ»
2024.09.15
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបញ្ចេញមតិគាំទ្រ ចំពោះចំណាត់ការរបស់ប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យ គឺ សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ លោក លី យ៉ុងផាត់ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលត្រកូលហ៊ុនមួយចំនួនផ្សេងទៀត។
ទណ្ឌកម្មទាំងនោះ រួមមានមិនឲ្យពួកគេមានសិទ្ធិជាន់ទឹកសហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាដើម។
មតិយោបល់របស់អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ អះអាងថា ការដាក់ ទណ្ឌកម្មនេះ ពិតជាត្រឹមត្រូវ ព្រោះថា អ្នកមាន ឬសេដ្ឋីស្រុកខ្មែរភាគច្រើនកើតមានបាន ដោយមិនស្របច្បាប់ ព្រោះទ្រព្យសម្បត្តិ ទាំងនោះសុទ្ធតែ ជាការកេងប្រវ័ញ្ចពីញើស ឈាម របស់រាស្ត្រ ទៅធ្វើជាសេដ្ឋី ដើម្បីតែ អំណាចមុខមាត់សម្រាប់ក្រុមគ្រួសារ និងបក្ខរបស់ខ្លួន។
អ្នកប្រើប្រាស់បណ្តាញសង្គមយូធូបដែលដាក់ឈ្មោះ ថា៖ ហ្វាមាលីស្មល (family small) បានបញ្ចេញទស្សនៈ ជុំវិញរឿងនេះថា៖ «វិធានការមួយនេះ ពិតជាល្អ ព្រោះអាចបកមុខពិតប្រាកដនៃមន្ត្រីមួយចំនួន...»។
នៅលើបណ្តាញសង្គមយូធូបនេះដែរ ម្ចាស់គណនីម្នាក់ទៀត ដាក់ឈ្មោះថា ថាច ចាន់រី គាត់សរសេរបញ្ចេញទស្សនៈដែរថា «សមនឹងការដាក់ទណ្ឌកម្មហើយ បើរំលោភសិទ្ធិមនុស្សអ៊ីចឹងនោះ...»។
ចំណែក ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ចាត់ទុកថា នេះជារឿងអយុត្តិធម៌ និងអះអាងថា ជាការសម្រេចមួយ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងជាចេតនានយោបាយ។
ជាមួយគ្នានេះដែរ សមាគមឧកញ៉ាកម្ពុជា ក៏ប្រតិកម្មចំពោះការដាក់ទណ្ឌកម្មនេះដែរ ដោយចេញមុខការពារភាពស្អាតស្អំ ឲ្យលោក យី យ៉ុងផាត់ ដូចគ្នាដែរ។
សមាគមឧកញ៉ាកម្ពុជា បានសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១៣ កញ្ញា ដោយសំដែងការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញ ដោយចង់ឲ្យអាមេរិកលុបចោលការដាក់ទណ្ឌកម្មនេះ។
ទោះយ៉ាងណាក្តី អ្នកប្រើប្រាស់បណ្តាញសង្គមយូធូបមួយចំនួន បានបញ្ចេញមតិហាក់ប្រតិកម្មតបទៅសមាគមឧកញ៉ាកម្ពុជា ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជាជាដើម។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនយល់ឃើញជុំវិញរឿងនេះប្រហាក់ប្រហែលគ្នាដែរថា៖ ឲ្យតែគេដាក់ទណ្ឌកម្មដឹងតែច្រានចោលហើយ មិនដែលឃើញរដ្ឋាភិបាលស្រាវជ្រាវឡើយ។
អ្នកប្រើប្រាស់បណ្ដាញសង្គមយូធូបដាក់ឈ្មោះថា រដ្ឋា រដ្ឋា គាត់សរសេរថា៖ «មិនគិតសិក្សាស្រាវជ្រាវរកការពិត ថា ពិតឬមិនពិតទេ គិតតែ ពីប្រតិកម្មដាក់ ថាគេខុសទៅវិញ...»។
ដោយឡែក អ្នកប្រើប្រាស់បណ្ដាញសង្គមយូធូបម្នាក់ផ្សេងទៀត មានឈ្មោះថា ង៉ុយ យៀប ក៏បានបញ្ចេញមតិ រិះគន់ដែរ ថា៖«ប្រទេសកុម្មុយនីស្តនិងផ្ដាច់ការ មិនដែលចេះទទួលស្គាល់ការពិតទេ និង អួតជាទីបំផុតត្រូវចាំ...»។
ដោយឡែកនៅលើបណ្តាញសង្គម ហ្វេសប៊ុកវិញ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផានណា ( Pan Na) គាត់បានបញ្ចេញ មតិបែបចំអកឲ្យអ្នកដែលគេដាក់ទណ្ឌកម្មនោះយ៉ាងខ្លីថា៖ «សមមុខ...ពួកសប្បាយលើគំនរទុក្ខអ្នកដទៃ...»។
រីឯម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀត ដែលដាក់ឈ្មោះថា ធារ៉ា ខ្មែរលក់ចង្រិតពិសេស បានក៏បានបញ្ចេញទស្សនៈជុំវិញរឿងនេះដែរថា៖ «អ្នកមានស្រុកខ្មែរ គ្មានអ្នកណាមួយ មានដោយស្របច្បាប់ និងយុត្តិធម៌ទេ គឺសុទ្ធតែយកញើសនិងឈាមរបស់រាស្ត្រទៅធ្វើជាសេដ្ឋី។ នេះហើយ របបសន្តិភាព...»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា ឈិត ជេភី (Chhith JP) វិញ គាត់អត់និយាយអីច្រើនទេ ដោយគាត់ គ្រាន់តែសរសេរពាក្យថា៖ «អរគុណសន្តិភាពដាក់លើរូបថត គោ ពាក់សារ៉ុង គ្របក្បាល ដើរលើ ដងផ្លូវ។ រូបភាពនេះ ទំនងជាគាត់ចង់ឲ្យពលរដ្ឋ ពិចារណាដោយរៀងៗខ្លួនទៅចុះជុំវិញស្ថានភាពសង្គមបច្ចុប្បន្ន»។
ដោយឡែកម្ចាស់គណនីសង្គម ដាក់ឈ្មោះថា រ៉ា រ៉ា បញ្ចេញទស្សនៈជុំវិញការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលត្រកូលហ៊ុននេះដែរថា៖ «រឿងទាំងអស់ពិតជាមាននៅក្នុងប្រទេសកម្ពុជាយើងមែន ដូចដែលបានចុះផ្សាយ ប៉ុន្តែ អ្នកនៅពីក្រោយរឿងទាំងនេះ នៅមិនដឹងនៅឡើយ ហាក់ដូចជាមិនមានការស៊ើបអង្កេតរកមេក្លោងទាល់តែសោះ....»។
រីឯម្ចាស់គណនីសង្គម ដាក់ឈ្មោះថា សុខ រតនា «ទំរាំធ្លាក់ទណ្ឌកម្ម ម្មាក់ៗចាស់ងាប់់អស់ហើយ វាឆ្អែតឆ្អន់អស់ហើយ...»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។