ឯកសារ​ហ្វេសប៊ុក (Facebook Papers)៖ ក្រុមចោរ​ព័ត៌មានវិទ្យា​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋ​ចិន ដាក់​គោលដៅ​វាយប្រហារ​បណ្តាញសង្គម​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា

ដោយ៖ ហ្សាក់ អាដាម៉ូវីក ដេវី (Jack Adamovic Davies)
2021-11-16
Share
ឯកសារ​ហ្វេសប៊ុក (Facebook Papers)៖ ក្រុមចោរ​ព័ត៌មានវិទ្យា​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋ​ចិន ដាក់​គោលដៅ​វាយប្រហារ​បណ្តាញសង្គម​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា អតីត​និយោជិត​ក្រុមហ៊ុន​ហ្វេសប៊ុក និង​ជា​អ្នកលួច​បញ្ចេញ​ព័ត៌មាន អ្នកស្រី ហ្វ្រង់សេស ហូហ្គិន (Frances Haugen) ផ្តល់​សក្ខីកម្ម​នៅចំពោះ​មុខ​សវនាការ​របស់​​គណៈកម្មាធិការ​ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​ដឹកជញ្ជូន​នៃ​ព្រឹទ្ធសភា​អាមេរិក ប្រព្រឹត្ត​ទៅ​នៅ​វិមាន​កាពីតូល (Capitol Hill) កាលពី​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក។
រូប៖ អាអេហ្វប៉េ (AFP)

ការស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) រកឃើញ​ថា ក្រុមចោរព័ត៌មាន​វិទ្យា ឬ ហេកឃឺរ (Hackers) ដែល​សង្ស័យ​ជារួម​ថា​ជាប់ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋចិន បាន​ធ្វើការ​វាយប្រហារ «ជាប្រចាំ» និង «យូរអង្វែង» ទៅលើ​ក្រុមមន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ។

យោងតាម​ឯកសារ​បញ្ចេញ​ព័ត៌មាន​ដោយ​មេធាវី​របស់​អ្នកលួច​បញ្ចេញ​ព័ត៌មាន​ពី​ក្រុមហ៊ុន ហ្វេសប៊ុក អ្នកស្រី ហ្វ្រង់សេស ហូហ្គេន (Frances Haugen) ដាក់ជូន​គណៈកម្មការ​មូលបត្រ (Securities and Exchange Commission) របស់​សហរដ្ឋអាមេរិក ហើយដែល​ឯកសារ​នោះ​ត្រូវបាន​គេផ្តល់​ជូន​ដល់​រដ្ឋសភា​សហរដ្ឋអាមេរិក ក្រោមទម្រង់​ជាការ​លុបព័ត៌មាន​មួយចំនួន​ចោល របាយការណ៍​មួយ​ស្តីពី​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​តាម​ប្រព័ន្ធកុំព្យូទ័រ​ទាំងនេះ ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ហ្វេសប៊ុក កាលពី​ថ្ងៃទី០១ ខែមេសា។ អត្ថបទ​ក្រោម​ទម្រង់​ជា​ការលុប​ព័ត៌មាន​មួយចំនួន​ចេញនោះ ហើយ​ដែល​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បានទទួល ត្រូវបាន​ពិនិត្យមើល​ឡើងវិញ​ដោយ​សមាគម​អ្នកសារព័ត៌មាន ក្នុងនោះ​ក៏​រួមមាន​ទាំងស្ថាប័ន​នៃ វិទ្យុអាស៊ីសេរី ផងដែរ។

ក្រុមចោរ​ព័ត៌មានវិទ្យា​ដែល​ហៅខ្លួនឯង​ថា “Speeding Wall” ហើយ​ដែល​ទំនង​ជាមាន​ប្រភព​ចេញ​មកពី​ប្រទេសចិន រងនូវ​ការចោទ​ប្រកាន់​នៅ​ក្នុង​របាយការណ៍​នោះថា បាន​បើក​ការវាយប្រហារ​តាមប្រព័ន្ធ​ព័ត៌មានវិទ្យា​ចេញពី​ម៉ាស៊ីនកុំព្យូទ័រ​មេ​របស់​រដ្ឋាភិបាល​កម្ពុជា មកលើ​គណបក្ស​សង្គ្រោះជាតិ។ គណបក្សនេះ គឺជា​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំជាងគេ​បង្អស់​មួយ​នៅកម្ពុជា​នៅមុនពេល​ដែល​តុលាការ​កំពូល​នៃ​ប្រទេសនេះ​សម្រេច​រម្លាយចោល​កាលពី​ចុង​ឆ្នាំ២០១៧។

អ្នកនិពន្ធ​របាយការណ៍​ដែល​ឈ្មោះ​របស់​ខ្លួន​ត្រូវបាន​គេ​លុបចេញ​ពី​ឯកសារ​នោះ សរសេរថា «ក្រុមមេដឹកនាំ និង​ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ បាន​ក្លាយជា​គោលដៅនៃ​អំពើវាយប្រហារ​ពី​សំណាក់​ក្រុមចោរ​ព័ត៌មានវិទ្យា​ឈ្មោះ “Speeding Wall” នេះ តាមរយៈ​កម្មវិធី​ហ្វេសប៊ុក​នៅលើ​ទូរស័ព្ទដៃ និង​កម្មវិធី​សេវាកម្ម​ដទៃទៀត​របស់​ក្រុមហ៊ុន​នេះ (មាន​ដូចជា កម្មវិធី​ផ្ញើសារ Messenger, Pages, ការបញ្ចេញមតិ និង​ការបង្ហោះ​ខ្លឹមសារ​នានា ជាដើម»

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ហ្វេសប៊ុក បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​នេះទេ​ដោយ​អះអាង​ថា គោលនយោបាយ​របស់​ក្រុមហ៊ុន ហ្វេសប៊ុក មិន​អនុញ្ញាត​ឱ្យ​បរិយាយ​លើ​ឧបទ្ទវហេតុ​នៃ​អំពើវាយប្រហារ​តាម​កុំព្យូទ័រ​ជាក់លាក់​ណាមួយ​ឡើយ។

យោងតាម​របាយការណ៍​នេះ អ្នកស៊ើបអង្កេត​របស់​ក្រុមហ៊ុន ហ្វេសប៊ុក បាន​តាមដាន​ទិន្នន័យ​របស់​បុគ្គល​ចំនួន ៤រូប ដែល​ពួកគេ​បាន​វាយតម្លៃ​ប្រកប​ដោយ​ការជឿទុកចិត្ត​ថា​ បុគ្គលទាំងនោះ​គឺជា​សមាជិក​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា “Speeding Wall” ហើយ​ដែល​ពួកគេ​ទាំងនោះ​បាន​លួចចូល​ទៅក្នុង​គេហទំព័រ​ហ្វេសប៊ុក​ដោយប្រើ​អាសយដ្ឋាន IP របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ប្រទេស​កម្ពុជា។

អ្នកនិពន្ធ​របាយការណ៍​សរសេរ​បន្តថា «វា​ក៏​ទំនងជា​អាចថា​ម៉ាស៊ីនកំព្យូទ័រ​មេ​ទាំងនេះ​អាច​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមចោរ​ព័ត៌មានវិទ្យា (threat actors)»។ អ្នកនិពន្ធ​របាយការណ៍​រូបនោះ កត់សម្គាល់​ថា នៅ​ឆ្នាំ២០១៧ ក្រុមចោរ​ព័ត៌មានវិទ្យា​ទាំងនោះ​បាន​ដាក់​គោលដៅ​វាយប្រហារ​មកលើ​គណបក្ស​ប្រឆាំង និង​ក្រុមអង្គការ​សង្គមស៊ីវិល តាមរយៈ​ការបង្កប់​ទិន្នន័យ​ដែល​មាន​មេរោគ​ទៅក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មេ​របស់​រដ្ឋាភិបាល។

ការស៊ើបអង្កេត​មួយ​កាលពី​ឆ្នាំ២០១៨​ដោយ​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​អាមេរិក​ឈ្មោះ ហ្វាយអឺរ​អាយ៍ (FireEye) បាន​ពណ៌នា​អំពើវាយប្រហារ​តាម​កុំព្យូទ័រ​កាលពី​ឆ្នាំ២០១៧​នោះ​ថា គឺជា «ឧទាហរណ៍​មួយ​នៃ​ការលួច​ប្រមូល​ព័ត៌មាន​សម្ងាត់​ជារួម​ដ៏គឃ្លើន​ប្រព្រឹត្ត​ដោយ​ភ្នាក់ងារ​រដ្ឋ​ឬ​ប្រទេស»។ ការស៊ើបអង្កេត​នោះ​បាន​សន្និដ្ឋាន​ថា វា​ទំនងជា​អាច «ផ្តល់ឱ្យ​រដ្ឋាភិបាល​ចិន​នូវ​ការទទួលបាន​ព័ត៌មាន​ដ៏ទូលំទូលាយ​ពាក់ព័ន្ធនឹង​ការបោះឆ្នោត​នៅកម្ពុជា និង​ប្រតិបត្តិការ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា»

KemMonovithya.jpg
កញ្ញា កឹម មនោវិទ្យា សកម្មជន​នយោបាយ​កម្ពុជា និង​ជា​កូនស្រី​បង្កើត​របស់​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ធំជាងគេ​នៅកម្ពុជា​ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចាប់ដាក់​គុក ឈរ​ថតរូប​នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ រូប៖ អេភី (AP)

ជាការគំរាម​កំហែង​ដល់​អធិបតេយ្យ

កញ្ញា កឹម មនោវិទ្យា ដែលជា​អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ គឺជា​បុគ្គលម្នាក់​ក្នុង​ចំណោម​អ្នកដែល​ជា​គោលដៅ​នៃ​អំពើវាយប្រហារ​តាមប្រព័ន្ធ​ព័ត៌មានវិទ្យា​កាលពី​ឆ្នាំ២០១៧។ កញ្ញា​បាន​ប្រាប់ វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុន ហ្វេសប៊ុក មិនបាន​ទាក់ទង​មក​គណបក្ស​សង្គ្រោះជាតិ​ជុំវិញ​រឿងរ៉ាវ​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា​ឈ្មោះ “Speeding Wall” ដែល​រង​ការចោទប្រកាន់​ថា​បាន​ដាក់​គោលដៅ​វាយប្រហារ​មកលើ​គណបក្ស​នេះ​នោះទេ។ 

ក៏ប៉ុន្តែ កញ្ញា​បញ្ជាក់​ថា កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កញ្ញា​បាន​ទទួលនូវ​​ផ្ទាំង​ជូនដំណឹង​មួយ​លោតឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា​ថា គណនី​របស់​កញ្ញា​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការប៉ុនប៉ង​វាយប្រហារ។ គេ​មិនច្បាស់​ទេ​ថា តើ​ការប៉ុនប៉ង​វាយប្រហារ​ ដែល​កញ្ញា​ទទួល​បាន​ពី​ការជូនដំណឹង​នេះ ជាប់ពាក់ព័ន្ធ​នឹង​ក្រុមចោរ​ព័ត៌មានវិទ្យា​ឈ្មោះ “Speeding Wall” នេះ​ដែរ ឬក៏​យ៉ាងណា​នោះ។

ទោះបីជាយ៉ាងណា​ក៏ដោយ កញ្ញា​និយាយថា សញ្ញាណ​ដែលថា​ក្រុមចោរ​ព័ត៌មានវិទ្យា​ទាំងនោះ​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋចិន ហើយ​អាច​ដាក់គោលដៅ​វាយប្រហារ​មកលើ​កញ្ញា និង​សហការី​របស់​កញ្ញា​នោះ លែង​ធ្វើ​ឱ្យ​កញ្ញា​ភ្ញាក់ផ្អើល​ទៀតហើយ។

កញ្ញា កឹម មនោវិទ្យា និយាយ​ថា «ពេលនេះ វា​លែង​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទៀតហើយ។ អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​នាពេល​នេះ គឺ​វាលើស​ពី​អំពើចារកម្ម​មកលើ​ការប្រាស្រ័យ​ទាក់ទង​របស់​យើង​ទៅទៀត។ នោះគឺ​អំពើរំលោភបំពាន កេងប្រវ័ញ្ច​មកលើ​ដែន​សមុទ្រ និង​ដែនដី​របស់​ប្រទេស​កម្ពុជា​ជារួម»។ កញ្ញា​បន្តថា «កម្ពុជា​បាន​បាត់បង់​លទ្ធិប្រជាធិបតេយ្យ ហើយ​ក៏​កំពុង​ប្រឈមនឹង​ការបាត់បង់​នូវ​អធិបតេយ្យ​ថែមទៀត​ផង»

ប្រទេស​កម្ពុជា​បានក្លាយ​ជា​ចំណុចរួម​មួយ​នៃ​គម្រោង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ក្រុងប៉េកាំង (Beijing) នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងទៅ​ថ្មីៗ នេះ ដោយ​ចិន​បាន​ក្លាយជា​ប្រភព​ធំជាង​គេបង្អស់​នៃ​ការវិនិយោគ​ដោយ​ផ្ទាល់​របស់​បរទេស​នៅក្នុង​ប្រទេស​នេះ​ កាលពី​ឆ្នាំ២០១៩។ ការវិនិយោគ​ដែល​ចេះតែ​កើនឡើង​នេះ ក៏​បាន​នាំមក​ជាមួយ​នូវ​អ្វី​មួយ​ដែល​ក្រុមអ្នកតាមដាន​ស្ថានការណ៍​ជាច្រើន​មើលឃើញ​ថា គឺជា​តួនាទី​ដ៏ធំធេង​របស់​ចិន​​មកលើ​វិស័យនយោបាយ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ ប្រាប់ វិទ្យុអាស៊ីសេរី ថា លោក​មិនបាន​ដឹង​អំពី​សកម្មភាព​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា​ជនជាតិ​ចិន​ទាំងនេះទេ។ លោក​ស្នើ​ឱ្យ វិទ្យុអាស៊ីសេរី ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​លោក។

អ្នកនិពន្ធ​របាយការណ៍​ឯកសារ​ហ្វេសប៊ុក ក៏​បាន​លើកឡើង​ដែរ​ថា សកម្មភាព​នានា​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា “Speeding Wall” អាចជា​លទ្ធផល​នៃ​កិច្ចសហការ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​ចិន ដែល​ពួកគេ «ធ្វើការ​រួមគ្នា... ដើម្បី​ទប់ទល់​នឹង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា»

អ្នកនិពន្ធ​របាយការណ៍​បាន​សរសេរ​ថា «ការសន្និដ្ឋាន​នេះ​ផ្តល់​នូវ​ការពន្យល់​មួយ​ថាតើ​មូលហេតុ​អ្វី​បាន​ជា​យើង​មើលឃើញ​ថា​តួអង្គ​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា “Speeding Wall” នេះ បាន​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​វាយប្រហារ​មកលើ​គណបក្ស​ប្រឆាំង​ដែល​ប្រឆាំង​ទៅនឹង​គណបក្ស​កាន់អំណាច»

អំណះអំណាង​គាំទ្រ​ដល់​ការសន្និដ្ឋាន​នេះ ត្រូវបាន​រកឃើញ​​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​តាមដាន​មួយ​ដែល​មាន​ឈ្មោះថា «សង់ត្រា» (Centra) ធ្វើឡើង​ដោយ​អ្នកស៊ើបអង្កេត។ វាគឺជា​កម្មវិធី​ដ៏​ចម្រូងចម្រាស​មួយ​ដែលត្រូវ​គេរាយការណ៍​ថា ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន ហ្វេសប៊ុក ដើម្បី​តាមដាន​ក្រុមអ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត បើទោះបី​ជា​ពួកគេ​បាន​ចុះឈ្មោះ​ចូល​ទៅក្នុង​គណនី ហ្វេសប៊ុក របស់​ពួកគេ ឬក៏​អត់​ក៏ដោយ។

តួនាទី​ជាភាសាចិន

អ្នកនិពន្ធ​ឯកសារ​នេះ​កត់សម្គាល់​ថា តាមរយៈ​ការចូល​ទៅមើល​ប្រូហ្វាល (Profile) របស់​បុគ្គល​ម្នាក់​ដែល​ជា​សមាជិក​នៃ​ក្រុមចោរ​ព័ត៌មានវិទ្យា​ដែល​គេសង្ស័យ​ថា ជាក្រុម “Speeding Wall” នេះ ចោរព័ត៌មានវិទ្យា​រូបនោះ​ធ្លាប់​បាន​ទាញបញ្ចូល​ឈ្មោះ​ទំនាក់ទំនង​របស់​បុគ្គល​ជាច្រើន​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ទំនាក់ទំនង​របស់​ខ្លួន ដែល​បុគ្គលទាំងនោះ​មាន​តួនាទី​ជាភាសាចិន​ថា ជានាយក នាយផ្នែក ប្រធានក្រុម យោធា នាយ​សេនាធិការ​យោធា និង​គ្រូបង្រៀន ជាដើម។

អ្នកនិពន្ធ​សរសេរថា «ជារឿយៗ​តួនាទី​ទាំងនេះ​បញ្ជាក់​ឱ្យដឹង​អំពី​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​របស់​ភ្នាក់ងារ​ចារកម្ម ឬ​ស៊ើបការ​សម្ងាត់» មួយ។

អ្នកនិពន្ធ​កត់សម្គាល់​ថា បុគ្គល​មួយ​រូបទៀត​ដែលសង្ស័យ​ថាជា​សមាជិក​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា “Speeding Wall” នេះដែរ ក៏មាន​បញ្ជីឈ្មោះ​ទំនាក់ទំនង​ជាច្រើន​ពាក់ព័ន្ធនឹង​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​អាស៊ាន-ចិន (China-ASEAN Technology Transfer Center)។ មជ្ឈមណ្ឌល​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​រដ្ឋាភិបាល​ចិន ដើម្បី​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​រវាង​ប្រទេសចិន ជាមួយនឹង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»។ មជ្ឈមណ្ឌល​នេះ ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​កម្ពុជា​កាលពី​ឆ្នាំ២០១៤។

អ្នកនិពន្ធ​ឯកសារ​សរសេរ​បន្តថា ការណ៍​ដែល​ក្រុមចោរ​ព័ត៌មានវិទ្យា “Speeding Wall” មានឈ្មោះ​របស់​​និយោជិត​នៃ​មជ្ឈមណ្ឌល​នេះ​នៅក្នុង​បញ្ជីឈ្មោះ​ទំនាក់ទំនង​របស់​ខ្លួន អាច​បញ្ជាក់​អំពី​កិច្ចសហការ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ចិន។

ក្នុងន័យម៉្យាងទៀត អ្នកនិពន្ធ​រូបនេះ​ផ្តល់អំណះអំណាង​តប​ថា ក្រុមចោរ​ព័ត៌មានវិទ្យា “Speeding Wall” អាចប្រើប្រាស់​ការងារ​ជាមួយ​មជ្ឈមណ្ឌល CATTC នេះ ធ្វើជា​ខែល​សម្រាប់​បិទបាំង​អំពើ «វាយប្រហារ​មកលើ​កម្ពុជា​យ៉ាងជាក់ច្បាស់​តែម្តង»

អ្នកនិពន្ធ​សរសេរថា «ស្របពេលដែល​គេនៅ​ពុំទាន់​មាន​ភស្តុតាង​ចំពោះ​ការសន្មត​បែបនេះ​នៅឡើយ ការដាក់​គោលដៅ​វាយប្រហារ​មកលើ​ម៉ាស៊ីនមេ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការដាក់​គោលដៅ​វាយប្រហារ​រយៈពេល​យូរអង្វែង​មកលើ​ប្រទេសកម្ពុជា អាចគឺជា​សញ្ញាណ​បញ្ជាក់​មួយចំនួន»

មជ្ឈមណ្ឌល CATTC និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក មិន​ឆ្លើយតប​ទៅនឹង​សារអេឡិចត្រូនិក​របស់ វិទ្យុអាស៊ីសេរី ដែល​ស្នើសុំ​អត្ថាធិប្បាយ​លើ​ការចោទប្រកាន់​នានា​នៅក្នុង​ឯកសារ​ហ្វេសប៊ុក (Facebook Papers) នេះទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ការលើកឡើង​ដែលថា​គណបក្ស​កាន់អំណាច​របស់​លោក​បាន​ឃុបឃិត​ជាមួយ​ក្រុមចោរ​ព័ត៌មានវិទ្យា​ទាំងនោះ។ លោក​ប្រាប់ វិទ្យុអាស៊ីសេរី ថា​ គណបក្ស​សង្គ្រោះជាតិ​ពុំមាន​តម្លៃ​អ្វី​ដែល​ចាំបាច់​ឱ្យ​រដ្ឋាភិបាល​​ទៅ​ឈ្លប​យកការណ៍​នោះទេ។ លោក​ពន្យល់​ថា «គណបក្ស​ប្រជាជន ជាគណបក្ស​ឈ្នះឆ្នោត រវល់​មមាញឹក​ណាស់​ក្នុងការកសាង​ អភិវឌ្ឍ​ប្រទេស និង​ថែរក្សា​សន្តិភាព។ យើង​ពុំមាន​ពេល​ទៅ​ស៊ើបអង្កេត​លើ​ក្រុមឧទ្ទាម​ក្រៅច្បាប់​ទាំងនោះទេ»

ចាប់តាំង​ពី​ក្រោយ​ការរម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧ មក អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​សកម្មជន​គណបក្សនេះ​រាប់សិប​នាក់​ដាក់គុក។ ចំណាត់ការ​​ដោយ​ធ្វើឱ្យ​គណបក្ស​ប្រឆាំង​ជាប់​បទឧក្រិដ្ឋ​នេះ បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន អាច​បន្ត​ក្ដោបក្ដាប់​អំណាច​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល