គ្រួសារ​សកម្មជន​បក្ស​ភ្លើង​ទៀន​បន្ត​ស្នើ​តុលាការ​ខេត្តពោធិ៍សាត់ ដោះលែង​ប្តី​និង​ឪពុក​ពួកគេ

ដោយ យន់ សាមៀន
2022.07.05
Share on WhatsApp
Share on WhatsApp
គ្រួសារ​សកម្មជន​បក្ស​ភ្លើង​ទៀន​បន្ត​ស្នើ​តុលាការ​ខេត្តពោធិ៍សាត់ ដោះលែង​ប្តី​និង​ឪពុក​ពួកគេ សកម្មជនគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ លោក ហែម ឆិល និងកូនប្រុស អាយុ ១៥ឆ្នាំ ដែលត្រូវបាន​នគរបាលខេត្តនេះចាប់ខ្លួនកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយ​ចោទ​ថា គាត់​ប្រើឧបករណ៍នេសាទត្រីខុសច្បាប់។ ប៉ុន្តែក្រោយមក កូនប្រុសអាយុ១៥ឆ្នាំ ត្រូវបាន​ដោះលែង​វិញ។
រូប៖ សកម្មជនបក្សប្រឆាំងផ្តល់ឲ្យ

ប្រពន្ធ និងកូនៗ ​​របស់​​សកម្ម​​ជន​​គណ​បក្ស​​ភ្លើង​​ទៀន​នៅ​ខេត្តពោធិ៍​សាត់​​ស្នើ​យ៉ាង​ទទូច​​ដល់​​​តុលាការ​​ខេត្ត​នេះ​ទម្លាក់​​ចោល​​បទ​​ចោទ​​ប្រកាន់ និង​​ដោះ​​លែង​​មេគ្រួសារ​ពួកគេ​​ពី​​ពន្ធនាគារ​​ឱ្យ​​មាន​​សេរី​ភាព​នៅ​ថ្ងៃ​សវនា​ការ​ឆាប់ៗ​ ខាង​មុខ​នេះ។ មន្រ្តី​​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា​ ការ​ឃុំ​ខ្លួន​សកម្មជនន​ទាំង​នោះ​បន្ត​ទៀត គឺ​ជារឿង​អយុត្តិ​ធម៌​សម្រាប់​ពួក​គេ ព្រោះ​តុលាការ​ហាក់​ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុងការ​ចោទ​ប្រកាន់​នោះ​ទេ។

ក្រុម​គ្រួសារ​សកម្ម​ជន​​គណបក្ស​​ភ្លើង​​ទៀន​​រំពឹង​​ថា ​តុលា​ការ​​ខេត្តពោធិ៍​​សាត់​​នឹង​ពិចារ​ណា​​លើក​លែង​​បទ​​​ចោទ និង​​ដោះ​​លែង​​ឪពុក​​និង​​ប្ដី​របស់​ពួក​គេ​​ឱ្យ​មាន​​សេរី​ភាព​នៅ​ថ្ងៃ​សវនាការ​ខាង​មុខ​នេះ បើ​សិន​តុលាការ​មិន​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ។

ប្រពន្ធ​សកម្ម​ជន​បក្ស​ភ្លើង​ទៀន​លោក ហែម ឆិល គឺ​លោក​ស្រី វ៉ាន់ ណាគ្រី ប្រាប់វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​​៤ ខែកក្កដា​ថា ជីវភាព​គ្រួសារ​របស់​លោកស្រី​យ៉ាប់​យ៉ឺន​ជាខ្លាំង ដោយ​បច្ចុប្បន្ន​លោកស្រី​ដើរ​រើស​ខ្យង​លក់​សន្យំ​​ប្រាក់​​បន្តិច​បន្តួច​យក​ទៅជួយ​ប្តី​ដែល​ជាប់​ពន្ធនាគារ​ទាំង​យុត្តិធម៌។ ទោះយ៉ាង​ណា​ លោកស្រី​​ព្រួយ​​បារម្ភ​​ពី​សុខ​​ភាព​ប្តី​​ដែល​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​បន្ទប់​តូច​ចង្អៀត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង និង​គ្មាន​អនាម័យ។ លោក​ស្រីឱ្យ​ដឹង​ថា ​សាលា​​ឧទ្ធរណ៍​បាត់​ដំបង​ ​នឹង​​បើក​​សវនាការ​​ជំនុំជម្រះ​​លើ​​បណ្ដឹង​​សុំ​​នៅ​​ក្រៅ​​ឃុំ​​ជា​​បណ្ដោះ​អាសន្ន​​ប្តី​របស់​លោកស្រី​នៅ​ថ្ងៃទី៧ ខែ​កក្កដា ​ខាង​​មុខ​​នេះ។ លោក​ស្រី​​នៅ​​តែ​​សង្ឈឹម​​ថា តុលាការ​​នឹង​​ដោះ​លែង​​ប្តីលោកស្រី​​ឱ្យ​​មាន​​សេរីភាព​​ឡើង​​វិញ ព្រោះ​​ប្តី​​របស់​​លោកស្រី​​មិន​​បាន​​ប្រព្រឹត្ត​​ខុស ​ដូច​​ការ​​ចោទ​​ប្រកាន់​​របស់​តុលា​ការ​​ឡើយ៖ «ខ្ញុំ​ចង់​ឱ្យ​តែ​គេ​ដោះ​លែង ខ្ញុំ​នៅ​នេះ​វេទនា​ចង់​ស្លាប់​ពេល​អត់​ពីប្តឹង ហើយ​ស្រែ​ធ្វើ​បាន​តែ​បន្តិច ឯប្តី​នៅ​ក្នុង​ពន្ធនាគារ​ក៏​ចុះ​លុយ​ ព្រោះ​ស្អី​ក៏​ថ្លៃដែរដូចជា ថ្លៃដាំបាយ ទឹក កង្ហារ​គ្រប់​​សព្វ»

ចំណែក​​កូន​​ប្រុស​​របស់​​លោក ឈួន ឈឿង គឺលោក ឈឿង ឆុងលី រៀប​រាប់​ថា​ រយៈ​​ពេល​​ជាង​​៣ខែ​​មក​​ហើយ​​ឪពុក​​របស់​​លោក​​ជាប់​​ពន្ធនាគារ​​ទាំង​អយុត្តិធម៌ ខណៈដើម​បណ្តឹង​ពុំ​ដែល​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ម្តង​ណា​ឡើយ។ លោក​បន្ថែម​ថា ឪពុក​របស់​លោក​មាន​បញ្ហា​សុខភាព ដូចជា ​សភាព​​ស្លេក​ស្លាំង កម្លាំង​កាន់​តែខ្យោយ​ដោយ​សារ​សម្រាន​មិន​លក់ អាហារ​ហូបមិន​គ្រប់​គ្រាន់​ជា​ដើម។ កូន​ប្រុសសកម្មជន​បក្ស​ភ្លើង​ទៀត​រូប​នេះ​ឱ្យ​ដឹង​ថា តុលាការ​ខេត្ត​ពោធិ៍​សាត់​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី២០ ខែកក្កដា ដូច្នេះ​លោក​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ​ដោះ​លែងឪពុក​ដោយ​ឥត​លក្ខ​ខណ្ឌ ព្រោះ​ឪពុក​លោក​ជា​មនុស្ស​ស្អាត​ស្អំ​ដែល​ពលរដ្ឋ​នៅមូលដ្ឋាន​តែងតែ​គោរព​ស្រឡាញ់៖ «គាត់​មិន​នៅ​គ្រួសារ​ជួប​ការ​លំបាក ការ​ងារ​ផ្ទះ​ផង ចំណូលប្រចាំ​ថ្ងៃ​ផង ធ្លាប់​គាត់​នៅ​រក​ស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ ម្តយ​ខ្ញុំ និង​ប្អូនខ្ញុំ។ សូម​ឱ្យក្រោយ​ការ​បោះ​ឆ្នោត​ហើយ​ គឺ​សូម​ឱ្យ​ឪពុក​ខ្ញុំ​នៅ​ក្រៅ​ឃុំ​ព្រោះ​គាត់​អត់​មានកំហុស​អី​ផង»

ចាប់​​តាំង​​​ខែ​​មីនា​​​មក​​ដល់​​ពេល​​នេះ អាជ្ញាធរ​​ខេត្ត​​ពោធិ៍សាត់​​បាន​​ចាប់​​ខ្លួន​​សកម្មជន​​របស់​​គណបក្ស​​ភ្លើង​​ទៀន​​ដាក់​​ពន្ធនាគារ ៤នាក់​ហើយ។ ក្នុង​នោះ លោក ឈួន ឈឿង ជា​បេក្ខ​ជន​​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​​ឃុំ​​លេខ​​រៀង​ទី១ នៃ​​ឃុំ​ស្រែ​​ស្តុក ស្រុក​​កណ្តៀង និង​​លោក អ៊ុក សៅវ៉ារិន ជា​​បេក្ខ​​ជន​​ក្រុម​​ប្រឹក្សា​​ឃុំ​​អន្សា​​ចំបក់ ស្រុក​​ក្រគរ ដោយចោទ​​ប្រកាន់​​ពី​​បទ ក្លែង​​​​បន្លំ​​​ឯក​​​សារ​​​​សា​ធារណៈ និង​​​​ប្រើ​​​ប្រាស់​​​​ឯក​​​​សារ​​​​ក្លែង។ អាជ្ញាធរ​​​ខេត្ត​​នេះ​​បាន​​ចាប់​​ខ្លួន​​លោក ហែម ឆិល ជា​បេក្ខ​​ជន​​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​​លេខ​​រៀង​​ទី​២ ​​ឃុំ​ស្យា ស្រុក​​កណ្តៀង​គណបក្ស​ភ្លើង​ទៀន រួម​​ទាំង​​កូន​ប្រុស​របស់​​លោកឈ្មោះ ពឹម ដារ៉ាន់ អាយុ ១៥ឆ្នាំ ដោយ​​ចោទ​​​ពី​​បទ ប្រើ​ប្រាស់ឧបករណ៍​​នេសាទ​​ខុស​​ច្បាប់ កាល​​ពី​​ថ្ងៃ​​ទី១២ ខែមេសា។ ប៉ុន្តែ​ក្មេង​ប្រុស​​នោះ​​​ ត្រូវ​បាន​​​តុលាការ​​ខេត្ត​ពោធិ៍សាត់​​ដោះ​លែង​​ពី​​ពន្ធនាគារ​​​វិញ​​ កាល​​ពី​​ថ្ងៃ​​ទី​៤ ​ខែ​ឧសភា។

វិទ្យុ​អាស៊ី​សរី​មិន​អាច​ទាក់​ទង អ្នក​​នាំពាក្យ​​តុលាការ​​ខេត្ត​​ពោធិ៍​​សាត់​​លោក ហេង ដូនីន បានទេ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា។ ប៉ុន្តែ​លោក ហេង ដូចនីន ធ្លាប់​ប្រាប់​​​​​វិទ្យុ​​​​អាស៊ី​​​​សេរី​​​​ថា​​ ការ​ការ​​ចោទ​​ប្រកាន់ និង​​ចាប់​​ខ្លួន​សកម្មជន​បក្ស​​ភ្លើង​​ទៀន​​​កន្លង​ទៅនោះ ដោយ​​សារ​​ពួក​​គេ​​បាន​​ប្រព្រឹត្ត​​បទ​​ល្មើស​​ខុស​ច្បាប់ ហើយ​លោក​​​អះអាង​​ថា ករណី​នេះ​​​មិន​​ជាប់​​ពាក់ព័ន្ធ​​រឿង​​នយោ​​បាយ​​នោះ​ទេ។

ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន និង​អង្គ​ការ​សិទ្ធិ​មនុស្ស​ចាត់​​ទុក​​ការ​​ចាប់​ខ្លួន​​បេក្ខ​ជនមេឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ​ដាក់​ពន្ធនាគារ​​មុន​​ការ​​បោះ​​ឆ្នោត​​ការជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​កន្លង​ទៅ គឺ​ជា​​ការ​​គំរាម​កំហែង​​ផ្នែក​​នយោ​​​បាយ។

អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់ អ្នកស្រី មិត្ត សាមួន មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​កសកម្មជន​គណបក្ស​ភ្លើងទៀន​ដាក់​ពន្ធនាគារ​កន្លង​ទៅ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ និង​អយុត្តិធម៌​ចំពោះ​ពួកគាត់ ព្រោះ​អាជ្ញាធរ​ហាក់​មិន​មាន​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​យក​មក​ចោទ​ប្រកាន់នោះ​ទេ។ អ្នកស្រី​យល់​ថា ​តុលាការ​គួរ​ដោះ​លែង​សកម្មជន​ទាំង​នោះ​ឱ្យ​ជួប​ជុំក្រុមគ្រួសារ​ឡើង​វិញ៖ «ច្បាប់​បាន​ចែង​ហើយ​ថា​ ជន​ជាប់​ឃុំ​មាន​សិទ្ធិ​ស្នើ​ទៅ​តុលា​ការសុំ​នៅ​ក្រៅ​ឃុំ ករណី​ពួក​គាត់ ​តុលាការ​បែរ​ជា​មិន​សម្រេច​អ៊ីចឹង ប៉ុន្តែ​ករណី​ផ្សេងៗ ដែល​មាន​លក្ខណៈ​ធ្ងន់​ល្មម ប្រហាក់​ប្រហែល​ពួក​គាត់​ដែរ​ តុលាការ​បែរ​ជា​សម្រេច (ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្នខ្ញុំ​គិត​ថា ​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់ពួក​គាត់​ដែរ»

សាច់​ញាតិ និង​អង្គការ​​សង្គម​​ស៊ីវិល​​ជាតិ​​បាន​​ចាត់​​ទុក​​រឿង​ក្ដី​ក្ដាំ​​នេះ​​ថា ជា​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោ​បាយ និង​​ថ្កោល​ទោស​​រដ្ឋា​ភិបាល​​លោក ហ៊ុន សែន ចំពោះ​​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​​តុលាការ​​ ដើម្បី​​បង្ក្រាប​​សំឡេង​​គណបក្ស​នយោ​បាយដែល​លេច​ធ្លោ និង​ជាដៃ​គូ​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច។ ពួក​គេ​ស្នើ​​ឱ្យ ​តុលាការ​​ទម្លាក់​​ចោល​ការ​​ចោទ​​ប្រកាន់ និង​​ដោះ​លែង​​ជន​​ជាប់​ឃុំ​​ទាំងនោះ​​ឱ្យ​​មាន​​សេរីភាព​​វិញ ដោយ​​គ្មាន​​លក្ខ​ខណ្ឌ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។