គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​រិះគន់​រដ្ឋាភិបាល​ថា ផ្ដល់​ការ​លើកលែងទោស ធ្វើឡើង​ដោយ​អយុត្តិធម៌ និង​ពុករលួយ

ដោយ ថា ថៃ
2024.05.17
គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​រិះគន់​រដ្ឋាភិបាល​ថា ផ្ដល់​ការ​លើកលែងទោស ធ្វើឡើង​ដោយ​អយុត្តិធម៌ និង​ពុករលួយ (ពីឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងសកម្មជនសិទ្ធិមនុស្ស និងជាអ្នកជំនាញច្បាប់​អន្តរជាតិ កញ្ញា សេង ធារី។
RFA File

ក្រុម​គ្រួសារ​មន្ត្រី​គណបក្សប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ រិះគន់​រដ្ឋាភិបាល​ថា ស្នើការ​លើកលែងទោស ចំពោះ​អ្នក​ជាប់ឃុំ គ្មាន​តម្លាភាព ដោយ​រំលង​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ​។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ លើកលែងទោស​ឱ្យ​ទណ្ឌិត​ចំនួន ១៤​នាក់ ប៉ុន្តែ​ក្នុង​ចំណោម​នោះ ពុំ​មាន​ឈ្មោះ​អ្នក​ទោស​មនសិការ​ឡើយ។

មក​ទល់​ពេល​នេះ ក្រុម​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដោះលែង​ឱ្យ​មាន​សេរីភាព​នោះ ប៉ុន្តែ​ពួកគាត់​នៅតែ​គ្មាន​វាសនា​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​តាម​គោលការណ៍​របស់​ក្រសួង​យុត្តិធម៌​ក្នុង​ឱកាស​បុណ្យ​ជាតិ​ឡើយ។

ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ពន្ធនាគារ លោកស្រី ព្រំ ចន្ថា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ថា ការ​សម្រេច​លើកលែងទោស​ដល់​អ្នក​ជាប់​ឃុំ ក្នុង​ឱកាស​បុណ្យជាតិ កន្លង​មក គឺ​គ្មាន​តម្លាភាព និង​រើសអើង​និន្នាការ​នយោបាយ ដោយ​រដ្ឋាភិបាល តែងតែ​លើកលែង និង​បន្ធូរ​ទោស​ឱ្យ​ឧក្រិដ្ឋជន ប៉ុន្តែ​បែរ​ជា តឹងរ៉ឹង និង​ដាក់​សម្ពាធ មក​លើ​អ្នកទោស​មនសិការ​ទៅវិញ។

លោកស្រី ព្រំ ចន្ថា៖ «ខ្ញុំ​ទទូច​ហើយ​ទទូច​ទៀត​ថា យើង​សុទ្ធតែ​ជា​ខ្មែរ​ទេ ហើយ​យើង​កុំ​ស្អី​បន្តិច​រិះគន់ ស្អី​បន្តិច​យក​រឿង​ចាប់​ដាក់គុក ធ្វើជា​គោលការណ៍​។ សូម​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ឱ្យ​មាន​សេរីភាព ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​។ ធម្មតា​ប្អូន​(​អ្នកសារព័ត៌មាន​)​ត្រូវ​ដឹង​ថា គាត់​(​លោក ហ៊ុន សែន​) ក៏​មាន​ប្រពន្ធ មានកូន និង​មាន​ចៅ គាត់​ក៏​ចេះ​ស្រលាញ់​គ្រួសារ​គាត់ ហើយ​ចុះ​ខ្ញុំ​? ពួក​ខ្ញុំ​បែកបាក់​គ្រួសារ គិត​មើល ថា​តើ​នៅក្នុង​ពន្ធនាគារ ពិបាក​យ៉ាងម៉េច​ខ្លះ ហើយ​គាត់​ចាស់ៗ​អស់ហើយ»

ការ​រិះគន់​របស់​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ​ចុះ​នៅ​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ​២០២៤ ប្រោស​ប្រទាន​ការ​លើកលែង​ទោស​ដល់​ទណ្ឌិត ចំនួន​១៤​រូប តាម​ការ​ស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ទណ្ឌិត​ទាំងនោះ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​។ ក្នុង​នោះ មាន​ជនជាតិ​បារាំង​(France)​ម្នាក់ ឈ្មោះ ប្លង់ឆាត មីសែល រ៉ូជើរ (Blanchard Michel Roger) ដែល​ជា​អ្នកទោស​ក្នុងករណី​រំលោភបំពាន​ផ្លូវភេទ​លើ​អនីតិជន ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​សាលាឧទ្ធរណ៍​ភ្នំពេញ ផ្ដន្ទាទោស​កាលពី​ឆ្នាំ​២០១៣ ឱ្យ​ជាប់​ពន្ធនាគារ ១៧​ឆ្នាំ ក៏បាន​ទទួល​ការ​លើកលែងទោស​ផង​ដែរ ទោះបី​ទណ្ឌិត​រូប​នេះ អនុវត្ត​ទោស​បាន ១១​ឆ្នាំ​គិត​មក​ទល់​ឆ្នាំ​២០២៤ នេះ ហើយ​នៅ​សល់​ទោស ៦​ឆ្នាំ​ទៀត ក៏ដោយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC) លោក នី សុខា សង្កេត​ឃើញ​ថា កន្លង​មក អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ ហាក់​ពុំ​មាន​វាសនា​ទទួល​បាន​ការ​លើក​លែង​ទោស ក្នុង​ពេល​មានបុណ្យ​ជាតិ​ធំៗ នោះ​ទេ ទោះបី​ពួកគេ បាន​អនុវត្ត​ទោស​ស្របតាម​នីតិវិធី នៃ​ការ​លើកលែង​ក៏ដោយ។

លោក នី សុខា៖ «អ៊ីចឹង​ប្រសិនបើ​រដ្ឋាភិបាល នៅតែ​បន្ត​មិនបាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការ​ស្នើសុំ​របស់​សហគមន៍​អន្តរជាតិ​នោះ​ទេ ខ្ញុំ​គិតថា​នៅ​ថ្ងៃ​ខាងមុខនេះ រដ្ឋាភិបាល​នឹង​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ពិសេស​ពី​ខាង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ក៏ដូចជា​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប មួយចំនួន​ផង​ដែរ»

រដ្ឋធម្មនុញ្ញ មាត្រា ២៧ បាន​បញ្ញត្តិ​ថា «​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ និង​លើកលែងទោស​»។ មាត្រា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូល​ទៅ​រួមរស់​នៅក្នុង​សង្គម​វិញ ឬ​ក្នុង​គោលបំណង​ផ្នែក​មនុស្សធម៌ ដោយ​ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ជាតិ ឬ​ព្រឹត្តិការណ៍​ធំៗ។ ប៉ុន្តែ ទណ្ឌិត​ទាំងនោះ ត្រូវ​ទទួលទោស​ឱ្យ​បាន ១​ភាគ​៣ (​មួយ​ភាគ​បី​) នៃ​ទោស​ដាក់​ពន្ធនាគារ​ដែល​តុលាការ​បាន​កំណត់ ហើយ​ចំពោះ​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត ទណ្ឌិត​ត្រូវ​ទទួល​រង​ទោស ១០ (​ដប់​) ឆ្នាំ​ជា​មុន​សិន ទើប​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ដែល​នៅ​សល់។

ក៏ប៉ុន្តែ ដូច​សព្វមួយដង ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ដែល​ជាប់​ក្នុង​ពន្ធនាគារ នៅ​រៀង​រាល់ពេល​មានបុណ្យ​ជាតិ និង​ព្រឹត្តិការណ៍​ជាតិ​ធំៗ កន្លងមក មិន​មាន​ឈ្មោះ​អ្នកទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ ក្នុង​បញ្ជី​ពិសេស​មួយ​នេះ​នោះ​ទេ។

ផ្ទុយទៅវិញ អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន និង​ការ​សម្លាប់​មនុស្ស ដូចជា​ឧកញ៉ា គិត ធាង និង​លោក ថោង សារ៉ាត់ និង​ខ្មាន់កាំភ្លើង​បាញ់​កម្មករ​ឱ្យ​រង​របួស​ធ្ងន់ គឺ​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ជាដើម បែរជា​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព ឆៅៗ បន្ទាប់ពី​ពួកគេ​ជាប់​ពន្ធនាគារ​បង្គ្រប់កិច្ច​រយៈពេល​ខ្លី ដោយ​ចំណាយពេល​ភាគច្រើន ដេក​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ នៅ​មន្ទីរពេទ្យ​ទៅវិញ។

ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការរើសអើង​ផ្នែក​នយោបាយ និង​ផ្ដល់​ឱកាស​នៃ​ការ​លើក​លែងទោស​ពី​ព្រះមហាក្សត្រ ដល់​សមាជិកគ្រួសារ​ពួកគាត់ ដែល​ជាប់ឃុំ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​តាម​ច្បាប់​ធម្មនុញ្ញ និង​គោលការណ៍​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។