អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន ត្រូវឃាតកបាញ់សម្លាប់នៅប្រទេសថៃ
2025.01.07
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន គឺលោក លិម គិមយ៉ា ត្រូវបានឃាតកការបាញ់សម្លាប់ នៅប្រទេសថៃ ចំថ្ងៃបក្សកាន់អំណាចអបអរថ្ងៃ ៧មករា។ សកម្មជន និងបក្សប្រឆាំងជំរុញឱ្យមានការស៊ើបអង្កេតករណីនេះ ដើម្បីរកហេតុផល នៃការបាញ់សម្លាប់នេះ និងឃាតកពិត ឬអ្នកបញ្ជានៅពីក្រោយខ្នង។
នេះជាករណីថ្មីទី១ ដែលមានការបាញ់សម្លាប់មន្ត្រីបក្សប្រឆាំងខ្មែរ នៅលើទឹកដីថៃ ខណៈរដ្ឋាភិបាល និងបក្សកាន់អំណាច ជាទំនាក់ទំនងស្អិតល្មួតជាមួយរដ្ឋាភិបាលត្រកូល ហ៊ុន។ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់ បណ្ដាលឱ្យលោកស្លាប់នៅហ្នឹងកន្លែង ដែលស្ថិតនៅទីប្រជុំជនមួយកន្លែង ក្បែរវត្តបូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) ក្នុងទីក្រុងបាងកក។ ទូរទស្សន៍ថៃ បានផ្សាយវីដេអូសុវត្ថិភាពដោយបង្ហាញថា ជនសង្ស័យបានជិះម៉ូតូមកចតនៅលើចិញ្ចើមផ្លូវ ជាង ១០នាទី ដែលនៅទីនោះ មានអ្នកលក់នំចំណី និងអ្នកធ្វើដំណើរដើរទៅមក។ ជនសង្ស័យបានដោះមួកសុវត្ថិភាព ទុកលើម៉ូតូ និងមិនបានបិទមុខទេ ហើយបានដើរចេញពីម៉ូតូឆ្លងផ្លូវទៅបាញ់សម្លាប់លោក លិម គិមយ៉ា រួចហើយក៏ប្រញាប់ដើរមកជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ។ សាក្សីនៅកន្លែងកើតហេតុប្រាប់សារព័ត៌មានថៃថា ខ្មាន់កាំភ្លើងបានដកកាំភ្លើងបាញ់យ៉ាងព្រហើន និងហាក់គ្មានការភ័យខ្លាចឡើយ។
អតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់ថា លោកធ្លាប់មានទំនាក់ទំនងជាមួយលោក លិម គិមយ៉ា តាមបណ្ដាញសង្គមមុនពេលលោកត្រូវគេបាញ់សម្លាប់។ លោកបន្តថា ជំហរនយោបាយចុងក្រោយរបស់លោក លិម គិមយ៉ា គឺចង់វិលទៅធ្វើនយោបាយនៅប្រទេសកម្ពុជាវិញ ជាមួយអតីតមន្ត្រីបក្សប្រឆាំងផ្សេងទៀត ដែលមានទំនោរគាំទ្រលោក កឹម សុខា។ ទាក់ទងការបាញ់សម្លាប់នេះវិញ លោក ហ៊ីង សុខសាន្ត រំពឹងថា សមត្ថកិច្ចថៃ ស៊ើបអង្កេតដោយយុត្តិធម៌ និងឯករាជ្យ ដែលអាចរកឃាតកឃើញ។
លោក ហ៊ីង សុខសាន្ត៖ «និយាយរួម គាត់ កឹម សុខា ១០០% ហ្មង និយាយឱ្យចំ។ ប៉ុន្តែ ១ខែចុងក្រោយនេះ គាត់មានបំណងទេ គាត់មិនទាន់ទៅចូលរួមទេ ចង់ទៅចូលរួមជាមួយហ្នឹងសម្ព័ន្ធឆ្ពោះទៅមុខ ជាមួយលោក យ៉ែម ប៉ុញ្ញាឫទ្ធិ ជាមួយ លោក អ៊ុំ ប៉ុល ហំម ជាមួយគណបក្សភ្លើងទៀន អ៊ីចឹងៗ ណា»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីសមត្ថកិច្ចថៃ តែមិនទាន់ទទួលបានការបកស្រាយនៅឡើយទេ នៅថ្ងៃទី៧ ខែមករា។ វិទ្យុអាស៊ីសេរី ក៏កំពុងសុំការអត្ថាធិប្បាយពីស្ថានទូតបារាំងប្រចាំទីក្រុងបាងកក និងទីក្រុងភ្នំពេញ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដែរ តែមិនអាចសុំការបកស្រាយបានទេ នៅថ្ងៃដដែលនេះ។
ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការស៊ើបអង្កេតបែបណា គឺជាសិទ្ធិរបស់សមត្ថកិច្ចថៃ ព្រោះរឿងនេះកើតឡើងនៅក្នុងទឹកដីថៃ។ ទោះជាយ៉ាងណាក្ដី លោកសោកស្ដាយ ដែលមានការសម្លាប់ពលរដ្ឋខ្មែរ នៅប្រទេសថៃពេលនេះ។
លោក សុខ ឥសាន៖ «ជីវិតមនុស្ស យើងមានការសោកស្ដាយហើយ ប៉ុន្តែ យើងធ្វើម៉េច បើខ្មាន់កាំភ្លើងបាញ់អ៊ីចឹង? បើអ៊ីចឹង បានឱ្យសួរប៉ូលិសថៃ កុំចោទតែពីសតែពាស ចេះតែម៉េច?»។
លោក លឹម គឹមយ៉ា មានអាយុ ៧៤ឆ្នាំ មានសញ្ជាតិបារាំង និងមានភរិយាជាជនជាតិបារាំង គឺជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៃមណ្ឌលកំពង់ធំ។ ក្រោយពីរដ្ឋាភិបាលត្រកូល ហ៊ុន រំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ មក អ្នកនយោបាយគាំទ្រលោក កឹម សុខា រូបនេះ តែងតែប្រើហ្វេសប៊ុក រិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន ទាក់ទងរឿងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ រិះគន់ថា រឿងកោះគជ់ ផងដែរ។ មុនការសម្លាប់នេះ ៤ថ្ងៃ លោក លិម គិមយ៉ា បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែមករា រឿងអគ្គិភ័យឆាបឆេះ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ដែលព្រឹត្តិការនេះរៀបចំដោយកូនប្រុសពៅ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។ លោក លឹម គឹមយ៉ា លើកឡើងថា ព្រឹត្តិការ សាទរកម្ពុជា រហូតធ្វើឱ្យព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនេះ គ្មានប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ។ លោកថា ពលរដ្ឋខ្មែរជាបានអំពាវនាវដល់រដ្ឋាភិបាល ឱ្យគោរពសិទ្ធិមនុស្ស និងផ្ដល់យុត្តិធម៌ គឺគ្រប់គ្រាន់ហើយ និងមិនចាំបាច់ចំណាយថវិកាដូចព្រឹត្តិការណ៍លោក ហ៊ុន ម៉ានី រៀបចំឡើយ។ គ្រាន់តែប៉ុណ្ណឹងសោះ រដ្ឋាភិបាលធ្វើមិនបាន តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា ការបាញ់សម្លាប់លោក លឹម គឹមយ៉ា អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនៅកម្ពុជា ច្រើនជាងទំនាស់បុគ្គល។ លោកកត់សម្គាល់ថា លោក លិម គិមយ៉ា បានរិះគន់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ដែលធ្វើឱ្យគ្រួសារត្រកូលមិនសប្បាយចិត្ត។ លោកបន្តថា ការបាញ់សម្លាប់លោក លិម គិមយ៉ា នៅកណ្ដាលក្រុងបាងកកនេះ ជាការបង្ហាញថា ឃាតកពិតជាមនុស្សមានអំណាច។
លោក គឹម សុខ៖ «ខ្ញុំថា ពាក់ព័ន្ធនឹងនយោបាយច្រើន ព្រោះថា លោក លិម គិមយ៉ា គាត់សកម្មដែរ នៅក្នុងឆាកនយោបាយ។ គាត់រិះគន់លោក ហ៊ុន សែន ចំៗ កាលពីឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ពេលនោះនៅមាននៅឡើយ ទាក់ទងទៅនឹងថវិកាជាតិ ហើយលោក បានគំរាមលោក លិម គិមយ៉ា រហូតទៅដល់ ប្រយ័ត្ននរកទៀត ហើយចុងក្រោយនេះ រិះគន់មិនបណ្ដាក់មាត់ដែរ លើ លោក ហ៊ុន ម៉ានី ដែលធ្វើឱ្យ ឆេះ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ»។
នេះជាលើកទី១ ដែលមានការបាញ់សម្លាប់មន្ត្រីបក្សប្រឆាំងកម្ពុជា នៅលើទឹកដីថៃ ខណៈកន្លងមកត្រឹមតែមានករណីវាយបង្ករបួសលើសកម្មជនបក្សប្រឆាំង និងការចាប់បញ្ជូនជនភៀសខ្លួនខ្មែរពីប្រទេសថៃ យកទៅឃុំខ្លួននៅប្រទេសកម្ពុជាប៉ុណ្ណោះ។
សកម្មជនបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក លឹម សុខា ឱ្យវិទ្យុអាស៊ីសេរីនៅយប់ទី៧ ខែមករា ថា លោកទើបតែដឹងដំណឹងតាមការផ្សាយរបស់សារព័ត៌មានថៃទេ។ ទោះជាយ៉ាងណាក្ដី លោកថា ក្រុមការងារលោកនឹងតាមដានករណីនេះ។ លោក យល់ថា នេះជាការគំរាមកំហែងថ្មីបន្ថែម លើសកម្មជនបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ស្របពេលសមត្ថកិច្ចទើបចាប់ខ្លួនសកម្មជនបក្សប្រឆាំង ៦នាក់ ពីប្រទេសថៃ ទៅឃុំខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០២៤។
លោក លឹម សុខា៖ «យើងត្រូវតែធ្វើកិច្ចពិភាក្សាជាមួយក្រុមការងារហ្នឹង ដើម្បីជំរុញទៅខាង UNHCR ហ្នឹង ដើម្បីឱ្យជួយជំរុញជនភៀសខ្លួនយើងនៅបាងកក ទាំងប៉ុន្មានហ្នឹង ឱ្យផុតៗ ទៅ ដោយសារនៅក្នុងប្រទេសថៃ នេះយើងមើលទៅស្ថានភាព ដូចជា អាក្រក់ខ្លាំង ហើយឥឡូវមកឃើញ ហេតុការណ៍នៅថ្ងៃទី៧ មករា ម៉ោងជិត ៧ល្ងាច ហ្នឹង មានការបាញ់សម្លាប់ រហូតអតីតតំណាងរាស្ត្រទៀត»។
សមត្ថកិច្ចថៃកំពុងចាត់ចែងក្រុមការងារតាមរកចាប់ឃាតក ដែលបានបាញ់សម្លាប់លោក លិម គិមយ៉ា។ ករណីបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកកនេះ ស្រដៀងគ្នានឹងការបាញ់សម្លាប់អ្នកស្រាវជ្រាវ និងវិភាគនយោបាយ លោក បណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១៦ ដែរ។
នាយកអ្នកតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) លោក Phil Robertson លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា «ការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅលើលោក លិម គិមយ៉ា ជាសញ្ញានៃការធ្វើឃាតនយោបាយ ហើយមើលទៅជាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការប្រើប្រាស់ការគាបសង្កត់ឆ្លងដែន នៅក្នុងទីក្រុងបាងកក។ អ្នកការពារសិទ្ធិមនុស្សរូបនេះ ស្នើសមត្ថកិច្ចថៃ ឱ្យស៊ើបអង្កេតជាបន្ទាន់ ដោយហ្មត់ចត់ និងតម្លាភាព ដើម្បីចាប់ខ្លួនជនសង្ស័យ និងមេក្លោង ដែលអាចមាននៅពីក្រោយរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។