បណ្ដាញយុវជនកម្ពុជាសកលធ្វើសមាជជំរុញឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ

ដោយ ច័ន្ទ ដារ៉ូ
2024.02.12
បណ្ដាញយុវជនកម្ពុជាសកលធ្វើសមាជជំរុញឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី (ពីឆ្វេងទៅស្ដាំនៅលេខរៀងទី៨) ចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាវគ្គខ្លីរបស់បណ្ដាញយុវជនកម្ពុជាសកល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក សុភ័ណ្ឌ ឡារី

បណ្ដាញ​យុវជន​កម្ពុជា​សកល​ (GCYN) នៅ​ក្រៅ​ប្រទេស ធ្វើ​សមាជ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​បញ្ចេញ​សមត្ថភាព និង​ចូលរួម ​អភិវឌ្ឍ​សង្គម​តាម​រយៈ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​នៅ​កម្ពុជាគណបក្ស​កាន់អំណាច​ថា ការ​បង្កើត​ចលនា​យុវជន​ដើម្បី​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស​នោះ មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ។

បណ្ដាញ​យុវជន​កម្ពុជា​សកល​ (GCYN) នៅ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក បាន​រៀបចំ​សមាជ​តាម​ប្រព័ន្ធ​ហ្សូម​ (Zoom) និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ដែល​មាន​តំណាង​ចូល​រួម​ចំនួន ១៣៥ នាក់​នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​។ អង្គ​សមាជ បាន​បោះឆ្នោត​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រួមមាន​ប្រធាន​មួយ​រូប អនុប្រធាន​ពីរ​រូប គណៈកម្មាធិការ​អចិន្ត្រៃយ៍ ១១ រូប គណៈកម្មាធិការ​នាយក ៣២ រូប និង​អនុម័ត​លក្ខន្តិកៈ​ចំនួន ១១ ជំពូក​ មាន ៥១ ប្រការ។ សមាជ​នេះ​ដែរ ពួកគេ​ក៏​ប្រកាស​ពី​ទិស​ដៅ​ដើម្បី​ជំរុញ​ឱ្យ​យុវជន​ចូលរួម​កសាង អភិវឌ្ឍ​សង្គម ព្រមទាំង​ធ្វើ​សច្ចាប្រណិធាន​បម្រើ​ផលប្រយោជន៍​ជាតិ ឈរ​លើ​​គោលការណ៍​ប្រជាធិបតេយ្យ សេរី យុត្តិធម៌​ដោយ​មិន​​គាំទ្រ​​ការដឹកនាំ​បែប​ផ្ដាច់ការ​គ្រួសារ​និយម។

អ្នកនាំពាក្យ​បណ្ដាញ​យុវជន​កម្ពុជា​សកល​លោក ម៉ាត់ វណ្ណី ប្រាប់​វិទ្យុ​អាស៊ីសេរីថា ការ​រៀបចំ​បណ្ដាញ​យុវជន ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​​ឱ្យ​យុវជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បាន​បញ្ចេញ​សមត្ថភាព និង​មាន​ឱកាស​ចូលរួម​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​នយោបាយ ការ​បណ្ដុះ​ស្មារតី​ជាតិ​និយម​ជាដើម។ លោក​បញ្ជាក់​ថា ការ​ប្រមូល​ផ្ដុំ​កម្លាំង​យុវជន​ដែល​មាន​ឫសគល់​កើត​ចេញ​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ នឹង​មាន​សារៈសំខាន់​សម្រាប់​អ្នក​តស៊ូ ដើម្បី​រួមគ្នា​ជំរុញ​ឱ្យ​សង្គម​មាន​យុត្តិធម៌ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ខណៈ​ក្រុម​អ្នក​កាន់​អំណាច​កំពុង​ដឹកនាំ​ប្រទេស​តាម​រយៈ​សែស្រឡាយ​បក្ខពួក។

លោក ម៉ាត់ វណ្ណី​៖ «វា​ជា​ការ​បង្ហាញ​បរិបទ​ថ្មី​មួយ​ថា​យុវជន​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ក្ដី គឺ​យើង​មិន​ដែល​បោះបង់​ប្រទេស​ជាតិ​របស់​យើង​ចោល​ទេ យើង​តែង​តែ​រិះ​រក​គ្រប់​មធ្យោបាយ និង​ឱកាស​ដើម្បី​រួបរួម​​គ្នា​​ក្នុង​​ការ​ធ្វើ​កិច្ច​ការងារ​នយោបាយ​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ ការពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ពលរដ្ឋ។ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន មិនបាន​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​ពុំ​ជាប់​ពាក់ព័ន្ធ​សែស្រឡាយ និង​បក្ខពួក​ឱ្យ​បញ្ចេញ​សមត្ថភាព​ទេ»

បណ្ដាញ​យុវជន​កម្ពុជា​សកល ជា​បណ្ដុំ​យុវជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០២១ ដើម្បី​ប្រមូល​កម្លាំង​យុវជន​អ្នក​ប្រជាធិបតេយ្យ ដែល​ចង់​រៀបចំ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​ដោយ​ផ្អែក​លើ​គោលការណ៍​សីលធម៌ សច្ចធម៌ និង​យុត្តិធម៌។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​បង្កើត​ចលនា​យុវជន​ដើម្បី​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស​នោះ នឹង​មិន​រឹង​មាំ ឬ​ទទួល​លទ្ធផល​អ្វី​នោះ​ទេ។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ជាង ៧ លាន​នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​លោក​ប៉ាន់​ស្មាន​ថា យុវជន​មាន​ជាង​ ២ លាន​នាក់។ លោក​បន្ថែម​ថា ​គណបក្ស​នេះ តែងតែ​គាំទ្រ​យុវជន​ចូលរួម​ការងារ​នយោបាយ និង​សង្គម​ស្មើភាព​គ្នា​​មិន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ 

លោក សុខ ឥសាន​៖ «រាល់​ថ្ងៃនេះ កម្ពុជា​កំពុង​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ហើយ តែ​ពួក​បក្ស​ប្រឆាំង​មិន​ដែល​និយាយ​ថា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ​ទេ គេ​ថា​ក្លែងក្លាយ។ ឥឡូវ​នេះ យើង​សួរ​ថា តើ​​មាន​អង្គការ​យុវជន​ណា​ដែល​បះបោរ​ថ្នាំងថ្នាក់​ជាមួយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​គឺ​អត់​មាន​ទេ អា​អត់​មាន​ហ្នឹង វា​ឆ្លុះ​បញ្ចាំង​ថា វា​មាន​តុល្យភាព​នៅ​ក្នុង​សង្គម​ហើយ ជាពិសេស​ជួរ​យុវជន​ហ្នឹង សុទ្ធ​តែ​ទទួល​​បាន​ឱកាស​ដូច​ៗ​គ្នា​ស្រប​តាម​លទ្ធភាព សមត្ថភាព និង​សំណូមពរ​ត្រូវការ​របស់​សង្គម»

ទោះបី​លោក សុខ ឥសាន អះអាង​បែប​នេះ​ក្តី តែ​កន្លងទៅ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ផ្ទេរ​អំណាច​ឱ្យ​កូន​ចៅ និង​សាច់ញាតិ ទៅ​ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​ជំនួស​ពួកគេ ដោយ​គ្មាន​អតីតភាព​ការងារ ឬ​គ្មាន​ឆ្លងកាត់​ការប្រកួត​ប្រជែង​ត្រឹមត្រូវ។ ជាក់ស្ដែង អាជ្ញាធរ​បាន​បង្ក្រាប​យុវជន​ដែល​ជា​សមាជិក​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ ចំណែក​យុវជន​ដែល​ជា​សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​វិញ​ត្រូវ​រង​គ្រោះ​ជា​បន្ត​បន្ទាប់ ក្រោយពេល​ពួកគេ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា បើ​សិន​យុវជន​នៅ​ក្រៅ​ប្រទេស ចងក្រង​គ្នា​ជជែក​រឿង​បញ្ហា​សង្គម ក្នុង​ន័យ​រិះគន់​ស្ថាបនា និង​បម្រើ​ផលប្រយោជន៍​ជាតិ​រួម គឺ​ជា​រឿង​ល្អ ស្របពេល​កម្ពុជា​មិន​ទាន់​មាន​លំហ​សិទ្ធិ​សេរីភាព​ស្មើគ្នា​សម្រាប់​យុវជន​ដែល​គាំទ្រ​បក្ស​កាន់​អំណាច និង​យុវជន​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ។ លោក​ថា និន្នាការ​បែប​នេះ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​សក្ដានុពល​បាត់បង់​ឱកាស​ក្នុង​ការចូលរួម​អភិវឌ្ឍ​ជាតិ​។

លោក ហេង គឹមហុង​៖ «យើង​ឃើញ​ស្ថានភាព​នៅ​កម្ពុជា​របស់​យើង​ក៏​ហាក់​មិន​សូវ​អំណោយ​ផល ឬ​ក៏​កន្លងមក​មាន​ការ​លើក​ឡើង​ពី​ដាក់​បម្រាម​មិន​ឱ្យ​ជជែក​ពី​សកម្មភាព​នយោបាយ ឬ​ជជែក​កិច្ច​ការងារ​សង្គម​នៅ​ក្នុង​គ្រឹះស្ថាន​អប់រំ​រដ្ឋ​មួយ​ចំនួន ហើយ​ពលរដ្ឋ​ហ្នឹង​មាន​ការ​ខ្លាច​រអា​ដែរ​នៅ​ពេល​គណបក្ស​​ប្រឆាំង​​ត្រូវ​បាន​បង្ក្រាប ឬ​សំឡេង​ជំទាស់ ឬ​​សំឡេង​ផ្ទុយ​ពី​រដ្ឋាភិបាល​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត»

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បញ្ជាក់​ថា ច្បាប់​ជាតិ និង​អន្តរជាតិ សុទ្ធ​តែ​ធានា​ពី​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ។ ហេតុ​ដូច្នេះ​រដ្ឋាភិបាល ​ត្រូវតែ​បើក​លំហ​នយោបាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ រួម​ទាំង​យុវជន​ផង អាច​ចូលរួម​សកម្មភាព​នយោបាយ សង្គម ដើម្បី​នាំ​មក​នូវ​ការ​អភិវឌ្ឍ និង​គោរព​សិទ្ធិមនុស្ស​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នក​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន ធ្វើ​ជា​ទី​ប្រឹក្សា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។