រដ្ឋាភិបាល​អះអាង​ថា ទទួល​បាន​ប្រាក់​បរិច្ចាគ​ជាង ២៦​លាន​ដុល្លារ​សម្រាប់ «មូលនិធិ​​ក្រវាត់​ព្រំដែន»

ដោយ មាន ឫទ្ធិ
2024.10.22
រដ្ឋាភិបាល​អះអាង​ថា ទទួល​បាន​ប្រាក់​បរិច្ចាគ​ជាង ២៦​លាន​ដុល្លារ​សម្រាប់ «មូលនិធិ​​ក្រវាត់​ព្រំដែន» លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមកម្មវិធី​បិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី១ កាលពីថ្ងៃទី២០ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

បន្ទាប់ពី​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ ក្រុម​មន្ត្រី និង​ក្រុម​ឧកញ៉ា សម្រាប់ “មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន” អស់​រយៈពេល​ជិត ២​ខែ​មក​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ឈប់​ទទួល​ការ​បរិច្ចាគ នៅ​ថ្ងៃទី៣១ ខែ​តុលា ខាង​មុខ​នេះ​ហើយ។ អ្នកឃ្លាំមើល​យល់​ឃើញ​ថា ប្រាក់​ដែល​បាន​រៃ​អង្គាស យក​មក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​នេះ មិន​គ្រប់គ្រាន់​សម្រាប់​យក​ទៅ​អភិវឌ្ឍ​នោះ​ទេ ប៉ុន្តែ​ការ​បរិច្ចាគ​ទាំងនោះ​គឺជា​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ ខណៈ​រដ្ឋាភិបាល គ្មាន​សមត្ថភាព​ដើម្បី​អភិវឌ្ឍ​តំបន់​ព្រំដែន​ឡើយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​បញ្ចប់​ការ​ទទួល​ថវិកា​សម្រាប់ «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» នៅ​ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ​២០២៤។ សេចក្ដីប្រកាស​បញ្ជាក់​ថា រយៈពេល​រៃអង្គាស​ជិត ២ខែ​មក​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​ជិត ៧០ម៉ឺន​នាក់ បាន​ចូលរួម​បរិច្ចាគ ដោយ​ទទួល​បាន​ទឹកប្រាក់​សរុប​ជាង ២៦​លាន​ដុល្លារ (២៦.៣៣២.៨៨៣) ហើយ​វិភាគទាន​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ទឹកប្រាក់​ដែល​រដ្ឋាភិបាល​រៃអង្គាស​បាន​នេះ មិន​គ្រប់គ្រាន់​ដើម្បី​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ឡើយ។ លោក មែន ណាត លើកឡើង​ថា ការ​រៃអង្គាស​ថវិកា​នេះ ធ្វើឡើង​ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ ដែល​ប្រឆាំង​នឹង​ការ​ដាក់​ខេត្ត​ទាំង៤ របស់​កម្ពុជា អភិវឌ្ឍ​រួមគ្នា​ជាមួយ​វៀតណាម តែ​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច គ្មាន​សមត្ថភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ព្រំដែន​នោះ​ទេ ក្រៅតែ​ពី​ការ​បង្កើត​បនល្បែង​កាស៊ីណូ ដែល​បង្ក​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម និង​ចាប់ជំរិត នៅ​តាម​ព្រំដែន។

លោក ម៉ែន ណាត«តាមពិត​ទៅ​ការ​អភិវឌ្ឍ​ព្រំដែន វា​គួរ​ណាស់​តែ​ធ្វើឡើង​ជា​គោល​នយោបាយ។ រដ្ឋាភិបាល​ដាក់​គោល​នយោបាយ​ចេញ​ជា​ផ្លូវការ ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​កញ្ចប់​ថវិកា​ទៅ​អភិវឌ្ឍ​ព្រំដែន ដូចជា​ការ​ពង្រីក​ធ្វើ​ផ្លូវថ្នល់ ការ​អូស​ខ្សែភ្លើង​បង្គោល​ភ្លើង​ដល់​ព្រំដែន ការ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ហ្នឹង​ឱ្យ​មាន​ស្មារតី​ស្រឡាញ់​ជាតិ ឱ្យ​មាន​ជីវភាព​សមរម្យ​ជាង​សព្វថ្ងៃ​ហ្នឹង»

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​បង្កើត «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» កាលពី​ថ្ងៃទី២២ ខែ​សីហា ចំ​ខួប​មួយ​ឆ្នាំ ពេល​លោក​ឡើង​កាន់​អំណាច នៃ​ការ​ផ្ទេរ​អំណាច​តពូជ​ពី​ឪពុក​ទៅ​កូន។ មូលនិធិ​នេះ មាន​ការ​ចូលរួម​បរិច្ចាគ ពី​សំណាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ ឧកញ៉ា និង​ឈ្មួញ​ពាណិជ្ជករ ជាដើម។ បន្ទាប់ពី​រៃអង្គាស​បាន​ជិត ១ខែ ឪ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CVL កាលពី​ថ្ងៃទី២០ ខែ​កញ្ញា បន្ទាប់ពី​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​សម្ដែង​ការ​មិន​ពេញចិត្ត និង​ធ្វើ​បាតុកម្ម​ប្រឆាំង។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន អះអាង​ថា ការ​ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CVL នេះ គឺជា​ការ​ដក​អាវុធ​ពី​ក្រុម​អ្នកប្រឆាំង ដែល​លោក​ថា យក​បញ្ហា​នេះ យក​មក​វាយប្រហារ​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់​ឃើញ​ថា ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន គឺ​ត្រូវការ​ការ​ចូលរួម​ស្មារតី និង​ឧត្ដមគតិ​ពី​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ​មួយ​ដាច់​ដោយ​ឡែក ដើម្បី​សិក្សា និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន ជាពិសេស​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍ CLV។

លោក ប៉ោ មករា«គំនិត​ខ្ញុំ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​នេះ គួរតែ​មាន​គណៈកម្មការ​មួយ​ដោយឡែក​មួយទៀត ជា​គណៈកម្មការ​មួយ​ដែល​កើត​ចេញ​ពី​ប្រភព​ចម្រុះ ដែល​អាច​ផ្ដល់​ការ​ទុកចិត្ត​ទៅ​ដល់​មហាជន ពីព្រោះ​រឿង​នេះ វា​ជា​រឿង​ជាតិ​ទាំងមូល វា​មិនមែន​ជា​រឿង​ក្រុម​បក្ស​ប្រឆាំង ក្រុម​សង្គម​ស៊ីវិល ក្រុម​រដ្ឋាភិបាល ()ក្រុម​ណាមួយ​ទេ។ អ៊ីចឹង ដើម្បី​ឱ្យ​ទទួល​ដឹង ទទួល​ឮ ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា វា​ត្រូវតែ​មាន​គណៈកម្មការ​រួម​មួយ ដើម្បី​ឱ្យ​មាន​ការ​ពេញចិត្ត ពេញ​ថ្លើម​ទាំងអស់​គ្នា»

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល អភិវឌ្ឍ​តំបន់​ព្រំដែន ជាពិសេស​តំបន់​ត្រីកោណ​អភិវឌ្ឍ CLV ដោយ​ខ្លួនឯង និង​ផ្ដោត​ទៅ​លើ​សេដ្ឋកិច្ច សុខាភិបាល និង​ការ​អប់រំ ដោយ​មិន​ពឹងផ្អែក​លើ​ការ​រៃអង្គាស​ពី​ពលរដ្ឋ ឬ​ពឹងផ្អែក​លើ​ការ​វិនិយោគ​បង្កើត​បនល្បែង​កាស៊ីណូ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។