កម្ពុជា​ប្រតិកម្ម​នឹង​ការ​ដាក់​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដឹកនាំ​បែប​ផ្តាច់ការ

ដោយ ម៉ៅ សុធានី
2023.02.04
កម្ពុជា​ប្រតិកម្ម​នឹង​ការ​ដាក់​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដឹកនាំ​បែប​ផ្តាច់ការ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន។
រូប​ពីហ្វេសប៊ុក

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិ​បាន​ដាក់​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដឹកនាំ​បែប​ផ្តាច់ការ​។ ប្រតិ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ហៅ​កាត់​ថា​អ៊ី​អាយ​យូ​ (EIU) ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ (UK) ​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ​១២១ ឬ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាមបែប​ផ្តាច់ការ។

គណៈកម្មការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​របាយការណ៍​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​អ៊ីអាយ​យូ​ ដែល​ដាក់​ចំណាត់ថ្នាក់​កម្ពុជា ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាមបែប​ផ្តាច់ការ​នោះ គឺជា​ការ​លាប​ពណ៌​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាក់ស្ដែង​នៅ​កម្ពុជា​ឡើយ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​០៣ ខែ​កុម្ភៈ​ថា រដ្ឋាភិបាល​មិន​ខ្វល់ ឬ​ត្រូវ​ឆ្លើយតប​ចំពោះ​ការចុះផ្សាយ​របស់​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​អ៊ី​អាយ​យូ​ដែល​ចោទប្រកាន់​មិន​ត្រឹមត្រូវ​លើ​រដ្ឋាភិបាល​នេះ​ទេ​។ លោក​អះអាងថា​បច្ចុប្បន្ន​នេះ​ពលរដ្ឋ រួមទាំង​អង្គការ​សង្គម​ស៊ីវិល បក្សនយោបាយ និង​អ្នកសារព័ត៌មាន​រាប់ពាន់​ស្ថាប័ន​កំពុង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដោយ​ពេញលេញ។

លោក កត្តា អ៊ន«បើ​ចង់​ដឹង​ច្បាស់​ថា​កម្ពុជា​ជា​របប​ផ្ដាច់ការ ឬ​ប្រជាធិបតេយ្យ​សេរី យើង​មើល​អំពី​ក្របខណ្ឌ​ច្បាប់ រដ្ឋធម្មនុញ្ញ ការអនុវត្ត និង​មើល​អំពី​លទ្ធិប្រជាធិបតេយ្យ​ស្តែងចេញ​តាមរយៈ​ការ​បោះឆ្នោត និង​ក្របខណ្ឌ​សិទ្ធិមនុស្ស​នៅ​កម្ពុជា (​អង្គភាព​អ៊ី​អាយ​យូរ​) នៅ​ពី​ចម្ងាយ​ស្តាប់​គេ ឮ​គេ​និយាយ​ហើយ​ធ្វើ​របាយការណ៍​ដោយ​ខុសឆ្គង​មក​លាប​ពណ៌​ខុស​ការពិត ពី​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យភាព​នោះទេ»។

អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit, EIU)​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ (UK) ទើបនឹង​ចេញផ្សាយ​ដោយយោង​តាម​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២ បានដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ ១២១ ក្នុងចំណោម​១៦៧​ប្រទេស​និង​ដែនដី​សរុប​នៅលើ​សាកលលោក​។ កម្ពុជា​ទទួល​បាន​ពិន្ទុ​ជាង ៣​ពិន្ទុ​ (៣,១៨) ​ដែល​ពិន្ទុ​សូន្យ មានន័យ​ថា ជា​ពិន្ទុ​ទាប​បំផុត​ខាង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ពិន្ទុ ១០ ជា​ពិន្ទុ​ខ្ពស់បំផុត​។ បើទោះជា​ពិន្ទុ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កើនឡើង​បន្តិចបន្តួច​បើ​ធៀប​នឹង​ឆ្នាំ​២០២១​ក៏ដោយ ក៏​ពិន្ទុ​នេះ​បង្ហាញ​ថា កម្ពុជា​មិនអាច​រើខ្លួន​រួច​ពី​ការដឹកនាំ​តាមបែប​របប​ផ្តាច់ការនិយម​បានទេ។

អង្គភាព​ EIU រកឃើញ​ថា កាលពី​ឆ្នាំ​២០២២ អាជ្ញាធរ​កម្ពុជា​បាន​លើក​បម្រាម​កូវីដ​១៩​ទាំងស្រុង ក៏ប៉ុន្តែ​ក្នុងពេល​ជាមួយ​គ្នា​នោះ អាជ្ញាធរ​កម្ពុជា​បាន​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ សេរីភាព​នៃ​ការបញ្ចេញមតិ ការប្រមូលផ្តុំ និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​។ អង្គភាព​ដដែល​នេះ រកឃើញថា អាជ្ញាធរ​កម្ពុជា​បានដាក់​ចេញ​នូវ​ការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ទាំង​ផ្នែក​បោះពុម្ព និង​ឌីជីថល និង​បាន​រឹតត្បិត​ចំពោះ​សកម្មភាព​សហជីព​ជាដើម​។ អង្គភាព​ EIU ​គូសបញ្ជាក់ថា មាន​សញ្ញាណ​តិចតួច​ណាស់​ដែលថា ស្ថានភាព​បែបនេះ​នឹងត្រូវ​បាន​កែលម្អ​នាពេល​ឆាប់ៗ​នេះ ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​គ្របដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយពី​ការរម្លាយ​គណបក្សប្រឆាំង​ធំជាងគេ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ។

ជុំវិញ​រឿងនេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា​ការរក​ចុះផ្សាយ​របស់​អង្គភាព​អ៊ី​អាយ​យូ​ដែល​បាន​រកឃើញ​ពី​ការធ្លាក់ចុះ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ពេលនេះ​មិន​ខុសពី​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត ជាពិសេស​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក​ទេ​។​  លោក​ថា​ប្រសិនបើ​រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​ទាំង​នោះមក​កែ​លម​ល្អ​ចំណុច​ខ្វះចន្លោះ​កម្ពុជា​នឹង​ទទួលបាន​មុខមាត់ រួមទាំង​ចំណេញ​ទាំង​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ថែមទៀត​ផង។

លោក នី សុខា៖ «អនុសាសន៍​ហ្នឹង​រដ្ឋាភិបាល​យកមក​ពិចារណា​មក ហើយ​ខិតខំ​ដោះស្រាយ​ទៅ ខ្ញុំ​គិតថា​វា​ជា​រឿង​មួយ​ដែល​ល្អ ហើយ​មិនមែនជា​រឿង​អាម៉ាស​ទេ​ចំពោះ​ការទទួលយក​អនុសាសន៍​ដើម្បី​ដោះស្រាយ​ឱ្យ​កម្ពុ​ជាមាន​ភាពល្អប្រសើរ តែ​ផ្ទុយទៅវិញ​យើង​នៅតែ​បដិសេធ យើង​មិនបាន​ដោះស្រាយ ហើយ​គេ​រកឃើញ​ពីមួយ​ឆ្នាំ​ទៅមួយ​នៅតែ​ដដែល ខ្ញុំ​គិតថា​វា​ជា​រឿង​អាម៉ាស​ទៅវិញ​ទេ ឬ​ប៉ះពាល់​ដល់​មុខមាត់​ដល់​រដ្ឋាភិបាល​ទៅវិញ​ទេ​បាទ»។

ចាប់តាំងពី​ឆ្នាំ​២០១៣​មក ពិន្ទុ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​បន្ត​ដាំ​ក្បាល​ចុះ​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុង​ឆ្នាំ​២០១៧ នៅពេលដែល​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​តាមរយៈ​ការរម្លាយ​គណបក្សប្រឆាំង​ធំជាងគេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦។ ពិន្ទុ​នេះ ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ថា កម្ពុជា​មិនជាប់​ឈ្មោះ​សូម្បីតែ​ជា​ជំពូក​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​ពេញ​លេញ ឬ​ប្រជាធិបតេយ្យ​បែប​កូនកាត់​នោះ​ផង​។ ក៏ប៉ុន្តែ កម្ពុជា​ត្រូវបាន​ចាត់​ចូល​ជា​ប្រទេស​ដែលមាន​ការគ្រប់គ្រង​តាមបែប​ផ្តាច់ការ

ក្នុង​តំបន់​អាស៊ី តៃវ៉ាន់​ (Taiwan) ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម ដែនដី និង​ប្រទេស​១០ នៅលើ​ពិភពលោក​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ខ្ពស់​ជាងគេ​។ ប្រទេស​ន័រវ៉េ (Norway) ​ជាប់​ថ្នាក់​លេខ​១​នៅ​ទូទាំង​ពិភពលោក ជា​ប្រទេស​ដែល​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ​បំផុត ខណៈ​ប្រទេស​អាហ្វហ្កានីស្ថាន​ (Afghanistan) ​ទទួល​បាន​ចំណាត់ថ្នាក់​នៅ​បាត​តារាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។