លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់អំពើអស្ថិរភាពសង្គម ខណៈរដ្ឋាភិបាលបង្ក្រាបសំឡេងអ្នករិះគន់
2024.10.26
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋចូលរួមទប់ស្កាត់សកម្មភាពអស្ថិរភាពសង្គម និងអ្វីមួយ ដែលលោកហៅថា សន្តិភាព។ ទោះជាយ៉ាងណាក្ដី យុវជន និងអ្នកឃ្លាំមើលសង្គមយល់ឃើញថា បញ្ហាអស្ថិរភាពសន្តិសុខសង្គមកើតមានឡើង គឺដោយសារការដឹកនាំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ដឹកនាំប្រទេសបែបផ្ដាច់ការ និងអនុវត្តច្បាប់ធូររលុង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែតុលា បានចូលរួមសម្ពោធសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលំអបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជានៅស្រុកកងមាស ខេត្តកំពង់ចាម។
នៅក្នុងវេទិកានោះលោក ហ៊ុន ម៉ាណែត បានថ្លែងនៅចំពោះអ្នកគ្រូលោកគ្រូ និងសិស្សានុសិស្សពីបញ្ហាអស្ថិរភាពសង្គម ដែលលោកចោទថា មានក្រុមប្រឆាំងមួយចំនួន មានបំណងដុតប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងវិបត្តិសង្គម ដូចជា នៅប្រទេសបង់ក្លាដេស្ហ (Bangladesh) ហើយលោកអំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាអ្វីមួយ ដែលហៅថា សុខសន្តិភាព។
លោក ហ៊ុន ម៉ាណែត៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ កត្តាចូលរួមទីមួយ ការចូលរួមទីមួយគឺ ការចូលរួមការថែរក្សាលំនឹងស្ថិរភាពសន្តិភាពរបស់យើង ហើយនេះ គឺជាកត្តាធំណាស់។ ខ្ញុំសូមអរគុណដល់បងប្អូនអ្នកកងមាស ប៉ុន្តែ អត់មានការអំពាវនាវឱ្យដុតប្រទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលយកគំរូបង់ក្លាដេស្ហ តែពលរដ្ឋយល់ពីតម្លៃនៃសន្តិភាព»។
មិនខុសពីឪពុករបស់លោកនោះទេ លោក ហ៊ុន ម៉ាណែត តែងប្រើវេទិកាសាធារណៈ ដើម្បីចោទប្រកាន់ពលរដ្ឋស្លូតត្រង់ និងក្រុមអ្នកប្រឆាំង ដែលចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដថា ជាក្រុមមនុស្សប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាល ឬក្រុមប្រឆាំងជ្រុលនិយម ហើយលោកតែងតែថ្លែងឱ្យពលរដ្ឋដឹងគុណឪពុករបស់ គឺលោក ហ៊ុន សែន នូវអ្វីដែលលោកហៅថា សុខសន្តិភាព។
ទោះជាយ៉ាងណាក្ដី ប្រធានបណ្ដាញយុវជនកម្ពុជាសកល (CGYN) ប្រចាំប្រទេសជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែតុលាថា ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋចូលរួមការពារសន្តិភាពនេះ គឺជាសារនយោបាយបែបប្រជាភិថុតិ ពីព្រោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក គឺតែងតែចាប់ពលរដ្ឋដាក់ពន្ធនាគារ ដើម្បីរក្សាអំណាច។ អ្នកស្រីបន្តថា លោក ហ៊ុន ម៉ាណែត កំពុងព្រួយបារម្ភពីជោគវាសនារបស់លោកអាចនឹងមិនខុសគ្នាពីអតីតនាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដេស្ហនោះឡើយ។
អ្នកស្រី វ៉ាន់ លក្ខិណា៖ «ចំពោះសន្តិភាព ដែលគាត់កំពុងតែកាងការពាររាល់ថ្ងៃនេះ ខ្ញុំកំពុងតែមានអារម្មណ៍ថា គាត់កំពុងការពារអំណាចពួកគាត់ច្រើនជាងការពារ គេហៅថា សន្តិភាពរបស់ប្រជាពលរដ្ឋ។ សន្តិភាពរាល់ថ្ងៃនេះ គឺសន្តិភាពរបស់គាត់ សន្តិភាពរបស់មន្ត្រីក្រោមឱវាទរបស់គាត់ បក្ខពួកគាត់ គណបក្សគាត់តែប៉ុណ្ណោះ។ ចំពោះប្រជាពលរដ្ឋទូទៅ យើងកំពុងជួបអស្ថិរភាពជាខ្លាំង ហើយយើងក៏កំពុងតែស្វែងរកដំណោះស្រាយជាមួយរដ្ឋាភិបាលផងដែរ»។
អ្នកឃ្លាំមើលសង្កេតឃើញថា រដ្ឋាភិបាលបច្ចុប្បន្នរងការរិះគន់ខ្លាំងពីប្រជាពលរដ្ឋ គឺដោយសារតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានលើកកម្ពស់សិទ្ធិមនុស្សតាមការចង់បានរបស់ពលរដ្ឋ តែផ្ទុយទៅវិញ លោក ហ៊ុន ម៉ាណែត បានបង្កើនការចាប់សកម្មជនសង្គម និងនយោបាយដាក់ពន្ធនាគារតាមទំនើងចិត្ត។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា មានប្រសាសន៍ថា បញ្ហាអស្ថិរភាពសង្គមកើតឡើង បច្ចុប្បន្ននេះ គឺបណ្ដាលមកពីការអនុវត្តច្បាប់ធូររលុង ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនអាចចូលមករកស៊ីដោយខុសច្បាប់នៅកម្ពុជា ដូច្នេះ រដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ឡើងវិញ។ លោកស្នើដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការចាត់ទុកពលរដ្ឋ ដែលទាមទារឱ្យមានយុត្តិធម៌សង្គមថា ជាក្រុមចង់ផ្ដួលរំលំរដ្ឋាភិបាល ពីព្រោះបញ្ហានេះមិនបានផ្ដល់ផលចំណេញដល់ជាតិនោះឡើយ។
លោក ប៉ោ មករា៖ «អ្វីដែលរដ្ឋាភិបាលគួរតែធ្វើ គឺបើកលំហលទ្ធិប្រជាធិបតេយ្យឡើងវិញ កុំឱ្យមានការរឹតត្បិត កុំមានការចោទប្រកាន់តាមប្រព័ន្ធតុលាការ ជាពិសេស គឺអ្នកធ្វើការងារសង្គម នយោបាយ សកម្មជនសង្គមផ្សេងៗ គួរតែមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមកសាងជាតិទាំងអស់គ្នា»។
រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានរងការចោទប្រកាន់ថា មិនបានធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាពពិតប្រាកដនោះទេ ប៉ុន្តែ ពួកគាត់រស់នៅរងទុក្ខវេទនាក្នុងស្ថានភាពលំបាក ដោយសារតែអំពើពុករលួយ បក្ខពួកនិយមចាក់ស្រេះ ការរំលោភសិទ្ធិមនុស្ស និងការប្រើប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបទៅលើសំឡេងអ្នករិះគន់។ កាលពីថ្ងៃទី២៣ ខែតុលា អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានបន្តដាក់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជាឱ្យស្ថិតនៅបាតតារាង សម្រាប់ឆ្នាំ២០២៣ ពោលគឺ ស្ថិតនៅចំណាត់ថ្នាក់លេខ១៤១ ក្នុងចំណោមប្រទេសចំនួន១៤២ នៅលើពិភពលោក ដែលបញ្ហានេះ គឺបណ្ដាលមកពីកម្ពុជាមិនបើកទូលាយសិទ្ធិជាមូលដ្ឋាន ការពង្រឹងការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។