អ្នកឃ្លាំមើល​រិះគន់​ការ​រំលោភ​សិទ្ធិមនុស្ស​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​១០​ខែ

ដោយ ប្រាជ្ញ ចេវ
2024.07.06
អ្នកឃ្លាំមើល​រិះគន់​ការ​រំលោភ​សិទ្ធិមនុស្ស​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​១០​ខែ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ កក្កដា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​១០​ខែ​កន្លង​មក​នេះ កំពុង​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ធ្វើទុក្ខបុកម្នេញ​ដល់​សកម្មជន​សិទ្ធិមនុស្ស នយោបាយ និង​បើក​ឱកាស​ឲ្យ​ជនល្មើស​ប្រព្រឹត្ត​អំពើ​ឆបោក​ពលរដ្ឋ​រាប់ពាន់​នាក់។ ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត សរសើរ​ពី​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ក្នុង​រយៈពេល​១០​ខែ​កន្លង​មក​នេះ។

អ្នកឃ្លាំមើល រិះគន់​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រយៈពេល​១០​ខែ​កន្លង​ទៅ​នេះ កំពុង​បន្ត​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ផ្ដល់​ឱកាស​ឲ្យ​ជន​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ឆបោក​ពលរដ្ឋ​រាប់​ពាន់​នាក់។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា កម្ពុជា​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាមរយៈ​ការ​ភ្ជាប់​បណ្ដាញ​ចាក់ស្រេះ នៃ​គ្រួសារ​ត្រកូល​ហ៊ុន ការ​បើកដៃ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ឆបោក​លើ​ពលរដ្ឋ និង​ការ​ធ្វើទុក្ខបុកម្នេញ លើ​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយ​ជាដើម ។ លោក គឹម សុខ លើកឡើង​ថា សហគមន៍​អន្តរជាតិ អាច​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា ដូចជា​ការ​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ ទាក់ទង​នឹង​បញ្ហា​លាងលុយកខ្វក់ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម។ «»

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ នៅក្នុង​កិច្ចប្រជុំ​នោះ លោក ហ៊ុន ម៉ាណែត បាន​សរសើរ​ដល់​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក ក្នុង​រយៈពេល​១០​ខែ​កន្លង​មក​នេះ​ថា បាន​សម្រេច​សមិទ្ធផល​ធំៗ និង​មាន​វឌ្ឍនភាព​ច្រើន​លើ​ការដ្ឋាន​ការ​កែ​ទម្រង់ និង​ទិសដៅ​ការងារ​ផ្សេង​ទៀត​។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​វិធាន​គន្លឹះ​ចំនួន​៥ «​មនុស្ស ផ្លូវ ទឹក ភ្លៀង និង​បច្ចេកវិទ្យា​» កំពុង​អនុវត្ត និង​ផ្ដល់​ផលប្រយោជន៍​ដល់​សង្គមជាតិ​។ នេះ បើ​តាម​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃទី៥ កក្កដា។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​ការរិះគន់​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៥ ខែ​កក្កដា។

ទោះជា លោក ហ៊ុន ម៉ាណែត អួត​សរសើរ​ពី​ជោគជ័យ ដែល​រដ្ឋាភិបាល​របស់​លោក​បាន​សម្រេច​ក្នុង​រយៈពេល​១០​ខែ យ៉ាងណាក៏ដោយ ក៏​គេ​សង្កេត​ឃើញ​រឿង​អយុត្តិធម៌​សង្គម​កើត​ចេញ​ពី​អ្នកមាន​លុយ​មាន​អំណាច ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​រំលោភបំពាន​ដីធ្លី​ពលរដ្ឋ​នៅតែ​បន្ត​កើត​ឡើង​ជា​បន្តបន្ទាប់។

ក្នុង​នោះ​ករណី​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហាក់បីដូចជា​ស្ងប់ស្ងាត់​មួយ​រយៈ ក្រោម​ការ​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​អំឡុងពេល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក​ចាប់​ចង និង​ចោទប្រកាន់​ខ្លួន​ពលរដ្ឋ ដែល​ហ៊ាន​ងើប​តវ៉ា​ស្វែងរក​ដំណោះស្រាយ ដូច​ករណី​ពលរដ្ឋ​នៅ​តំបន់​បឹង​តា​មោក និង​សហគមន៍​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ខេត្តកោះកុង​ជាដើម ។ ជាង​នេះ នៅមុន និង​ក្រោយពេល​ផ្ទេរអំណាច​ពី​ឪពុក ទៅ​កូន​របស់​លោក ហ៊ុន សែន ក៏​មាន​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ដាក់គុក​ផង​ដែរ។

ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​ផ្សេងទៀត ដោយ​តុលាការ​បាន​កាត់ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ឱ្យ​ជាប់​ពន្ធនាគារ ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ពី​បទ «​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ»

ការរំលោភ​សិទ្ធិមនុស្ស និង​នយោបាយ​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ ទើប​សហគមន៍​អន្តរជាតិ មាន​សហភាព​អឺរ៉ុប​សហភាព​អឺរ៉ុប​ព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។