លោក ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាស ដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា
2023.12.01
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមការងារនេះមានភារកិច្ចទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា។ មន្ត្រីសិទ្ធិមនុស្សថា នេះមិនមែនជាសញ្ញាល្អសម្រាប់ពលរដ្ឋមានបញ្ហាឡើយ តែជាការបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិដែលមិនអាចដោះស្រាយឱ្យពលរដ្ឋបាន។
លោក ហ៊ុន ម៉ាណែត ចាត់តាំងអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី គឺលោក ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះរបស់លោក។ ក្រៅពីនេះ ក៏មានអនុប្រធានបួនរូបទៀត និងមន្ត្រីពាក់ព័ន្ធចំនួន ២០នាក់ទៀត ជាសមាជិក។ សេចក្ដីសម្រេចចុះថ្ងៃទី២៧ ខែកញ្ញា តែទើបផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឱ្យដឹងថា ក្រុមការងារនេះមានភារកិច្ចទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា។ ក្រុមការងារនេះសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ា ដែលមានមនុស្សច្រើននាក់ ក្នុងបំណងមកដាក់បណ្ដឹងតវ៉ាផ្សេងៗ ជូន លោក ហ៊ុន ម៉ាណែត និងភរិយា ដោយព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា។ សេចក្ដីសម្រេចដដែលឱ្យដឹងទៀតថា ទទួលពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះលោក ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបញ្ជូនទៅមន្ត្រីជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍ស្នើសុំគោលការណ៍ដឹកនាំ ឬពិនិត្យសម្រេចពីលោក ហ៊ុន ម៉ាណែត។
ទោះយ៉ាងណា ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា មិនមែនជាដំណឹងដែលគួរឱ្យអបអរឡើយ តែនេះជាបញ្ហាបង្ហាញថា អាជ្ញាធរថ្នាក់ក្រោមជាតិដោះស្រាយ និងបំពេញការងាររបស់ខ្លួនមិនបានពេញលេញ ទើបពលរដ្ឋតែងតែមកស្វែងរកដំណោះស្រាយជាមួយអាជ្ញាធរថ្នាក់ជាតិវិញ។ ទោះយ៉ាងណាក្ដី លោកថា ប្រសិនបើក្រុមការងារនេះមានឆន្ទៈដោះស្រាយបញ្ហាជូនពលរដ្ឋ នឹងទទួលបានប្រសិទ្ធភាព តែបើគ្មានឆន្ទៈទេ ក្រុមការងារនេះ ក៏មិនខុសពីក្រុមការងារមុនៗ ដែរ គឺមិនបានដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋនោះឡើយ។
លោក រស់ សុដ្ឋា៖ «មានន័យថា យន្តការថ្នាក់ក្រោមជាតិហ្នឹងគឺថា អត់ដំណើរការមិនមែនជាដំណឹងដែលគួរឱ្យរីករាយអបអរសាទរទេ ដែលជាអ្វីដែលថ្នាក់ដឹកនាំកំពូលត្រូវយកបញ្ហាហ្នឹងដោះស្រាយធ្វើការកែទម្រង់ដើម្បីឱ្យមានរូបភាពមួយដែលថា រចនាសម្ព័ន្ធរដ្ឋទាំងអស់មានភារកិច្ចដោះស្រាយទៅតាមកម្រិតនៃបញ្ហា»។
ចំណែកអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា កន្លងមកនាយករដ្ឋមន្ត្រីមានខុទ្ទកាល័យដោះស្រាយបញ្ហារបស់ពលរដ្ឋរួចហើយ ហើយនៅពេលបង្កើតក្រុមការងារនេះបន្ថែមទៀត ហាក់ធ្វើឱ្យការងារទាំងនេះធ្វើការងារត្រួតលើគ្នា។ លោកយល់ថា រដ្ឋាភិបាលគួរប្រើគណៈរដ្ឋមន្ត្រី ដែលកន្លែងរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋផ្សេងទៀតមកដោះស្រាយបញ្ហាជូនពលរដ្ឋ ជាជាងការយកផ្ទះរបស់នាយករដ្ឋមន្ត្រី ធ្វើជាកន្លែងដោះស្រាយបញ្ហារបស់ពលរដ្ឋ។
លោក វ៉ន ចាន់ឡូត៖ «មានតែឈ្មោះក្រុមការងារចម្រុះដោះស្រាយទទួលពាក្យបណ្ដឹង ប៉ុន្តែជាក់ស្ដែងជាក្រុមការងារទប់ស្កាត់ទៅវិញទេ។ អ្នករងគ្រោះដីធ្លី ឡើងមកច្រើនពាន់នាក់ បើថា ឡើងមកបែបហ្នឹងក្រុមចម្រុះហ្នឹងន ងចាត់វិធានការទប់ស្កាត់មិនឱ្យមកទេ ទី២ ក្នុងវិស័យអចលនទ្រព្យអ្នកដែលទិញហើយអត់ទទួលបានដីផ្ទះ ក៏មានជម្លោះកាន់តែច្រើនឡើងៗ ហើយថា បើមកតវ៉ាច្រើនក្រុមចម្រុះហ្នឹងនឹងចេញចំណាត់ការទប់ស្កាត់ហើយ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែម ប្រធានក្រុមការងារចម្រុះនេះ គឺលោក ហ៊ីង ប៊ុនហៀង បានទេ នៅថ្ងៃទី១ ខែធ្នូ។ ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ប៉ែន បូណា ក៏មិនអាចសុំការបកស្រាយបានដែរ។ ទោះយ៉ាងណាក្រុមការងារទទួល និងដោះស្រាយបណ្ដឹងពលរដ្ឋ របស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ ក៏មិនខុសពីក្រុមការងាររបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ឪពុករបស់លោក ហ៊ុន ម៉ាណែត ដែរ ដែលបង្កើតឡើងកាលពីឆ្នាំ២០១៨។ អ្នកឃ្លាំមើលរិះគន់ថា ការបង្កើតក្រុមនេះ ហាក់មានចំណងទប់ស្កាត់ពលរដ្ឋមិនទៅតវ៉ានៅផ្ទះនាយករដ្ឋមន្ត្រី ជាជាងជួយដោះស្រាយបញ្ហារបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។