លោក ហ៊ុន ម៉ាណែត ជះ​លុយ​ជិត ២លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក​ក្នុង​រយៈ​ពេល ៣ឆ្នាំ

ដោយ មាន ឫទ្ធិ
2025.02.13
លោក ហ៊ុន ម៉ាណែត ជះ​លុយ​ជិត ២លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក​ក្នុង​រយៈ​ពេល ៣ឆ្នាំ (ឆ្វេង) លោក ហ៊ុន ម៉ាណែត ក្នុងពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយលោក ហ៊្វើឌីណង់ អ. ម៉ាកូស (Ferdinand R. Marcos Jr.) (ស្ដាំ) ប្រធានាធិបតីហ្វីលីពីន នៅវិមានប្រធានាធិបតី នៃ​សាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

[អាន​អត្ថបទ​ជា​ភាសាអង់គ្លេស៖ Database: Cambodia's prime minister spent $1.5 million on Facebook boosts]

នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ក្រុម​មន្ត្រី​របស់​លោក ជះ​លុយ​រាប់​លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​មេតា (Meta) ក្នុង​នោះ​មាន បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក ក្នុង​រយៈ​ពេល ៣ឆ្នាំ។ អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចំណាយ​របស់​លោក ហ៊ុន ម៉ាណែត និង​ក្រុម​មន្ត្រី​របស់​លោក​នេះ។

របាយការណ៍​របស់​ក្រុមហ៊ុន​មេតា (Meta) ដោយ​បាន​កត់​ត្រា​ចំនួន​អ្នក​បង់​លុយ​ឱ្យ​ជួយ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក គិត​ចាប់​ពី​ខែកញ្ញា ឆ្នាំ២០២២ ដល់​ខែ​កុម្ភៈ​ឆ្នាំ២០២៥ បាន​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំណាយ​លុយ​ជាង ១លាន ៥សែន​ដុល្លារ។

គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Samdech Thipadei Hun Manet, Prime Minister of Cambodia បាន​ចំណាយ​លុយ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​ជួយ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ការងារ​ដឹក​នាំ​ប្រទេស សកម្មភាព​ប្រចាំថ្ងៃ បទ​ចម្រៀង​ និង​ការ​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​ជា​ដើម។

ក្រៅ​ពី​នេះ​មន្ត្រី​របស់​លោក​មួយ​ចំនួន​ក៏​ហ៊ាន​ចំណាយ​លុយ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជួយ​ផ្សព្វផ្សាយ​ក្នុង​រយៈ​ពេល​ដូច​គ្នា​​នឹង​លោក​ ហ៊ុន ម៉ាណែត​។ មន្ត្រី​ទាំង​នោះ​រួម​មាន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​ចំណាយ​ជាង១ (,) ម៉ឺន​ដុល្លារ អភិបាលរង​រាជធានី​ភ្នំពេញ​ លោក កើត ឆែ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ​ បាន​ចំណាយ​ជាង ១ (,) ម៉ឺន​ដុល្លារ និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​បាន​ចំណាយ​ចាប់​ពី​រាប់​ពាន់​ដុល្លារ​ដល់​រាប់​ម៉ឺន​ដុល្លារ។

អង្គភាពប្រឆាំងអំពើពុករលួយ «គួរស៊ើបអង្កេត»

ជុំវិញ​ករណី​នេះ​ អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ និង​សង្គម លោក គឹម សុខ កត់​សម្គាល់​ឃើញ​ថា ការ​បង្ហោះ​សារ​របស់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ធ្វើ​ឡើង​តាម​រយៈ​នយោបាយ​ប្រជាភិថុតិ ឬ​ការ​បោក​កុហក​ពលរដ្ឋ។ លោក​​ថា​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ផ្សេង​ទៀត​តែង​បង្អួត​ភាព​ស្រស់​ស្អាត នៃ​ទីក្រុង​ភ្នំពេញ ការ​លើក​ឡើង​ពី​តម្លៃ​សន្តិភាព ភាព​ហ៊ឺហា​របស់​គ្រួសារ​ពួកគេ និង​សកម្មភាព​ផ្សេង​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ ប៉ុន្តែ​ពួកគេ​មិន​បាន​លើក​យក​ការ​ស្នើ​សុំ​នានា ដែល​ជា​កង្វល់​របស់​ពលរដ្ឋ​មក​ធ្វើ​ការ​ដោះ​ស្រាយ​នោះ​ទេ។

លោក គឹម សុខ ថា ការ​ចំណាយ​របស់ លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ផ្សេង​ទៀតទៅ​លើ​ការ​ផ្សព្វផ្សាយ​នេះ​គួរ​​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ព្រោះ​ថា​លុយ​ដែល​ពួកគេ​បាន​ចំណាយ​ពី​រាប់​ម៉ឺន​ដុល្លារ​ដល់​រាប់​លាន​ដុល្លារ​នេះ​អាច​បាន​មក​ពី​អំពើ​ពុករលួយ។

លោក គឹម សុខ ៖«ការ​ផ្សព្វផ្សាយ​របស់​លោក​ ហ៊ុន ម៉ាណែត លោក ហ៊ុន សែន មន្ត្រី​របស់​ពួក​គាត់​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វ៊េសប៊ុក​ហ្នឹង គ្រាន់​តែ​បម្រើ​ផល​ប្រយោជន៍​មុខ​មាត់​របស់​ពួកគាត់​សុទ្ធសាធ​ដូច​ជា​​បង្ហោះ​រូប​គ្រួសារ បង្ហោះ​ភាព​ហ៊ី​ហារ​ពី​អំពើ​ពុក​រលួយ បង្ហោះ​សកម្មភាព​ទិញ​ទឹក​ចិត្ត​មនុស្ស​មួយ​ចំនួន​ឱ្យ​ទៅ​សរសើរ​ពួកគាត់​ បង្ហោះ​ពី​ព័ត៌មាន​​​បោក​ប្រាស់​ប្រជាពលរដ្ឋ​ទាក់​ទង​នឹង​របស់​ដែល​ពួកគាត់​ហៅ​ថា​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជា​ដើម​ ក៏​ប៉ុន្តែ​អត់​បង្ហោះ​ពី​គោលនយោបាយ​ពិត​ប្រាកដ​ និង​ការ​ប្រតិបត្តិ​ជាក់​ស្ដែងឋ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ ហើយ​ហ្នឹង​ការពារ​ប្រជាជាតិ​ទេ»

វិទ្យុ​អាស៊ី​សេរី​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ជា​ច្រើន​ដង នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ។ វិទ្យុ​អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សយ ច័ន្ទវិចិត្រ បាន​ទេ នៅ​នៅ​ថ្ងៃ​ដដែល​នេះ។


អត្ថបទដែលទាក់ទង៖

លោក ហ៊ុន សែន លុបចោល​ទំព័រ​ហ្វេសប៊ុក ក្រោយ​ក្រុមហ៊ុននេះ​ត្រៀម​ព្យួរ​គណនី​របស់​លោក​៦ខែ

អ្នក​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​ឱ្យ​ក្រុមហ៊ុន មេតា មាន​វិធានការ​លើ​ហ្វេសប៊ុក​លោក ហ៊ុន សែន ឡើងវិញ


លោក ហ៊ុន សែន ធ្លាប់ថា «មិន​ប្រើ​ហ្វេសប៊ុក​នាំ​ចង្រៃ​ខ្លួន!»

ដោយ​ឡែក ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក​ ហ៊ុន សែន ក៏​ធ្លាប់​រង​រិះគន់​ថា លោក​បាន​​​ជួល​មនុស្ស​ក្រីក្រ​ពី​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines) ដែល​អត់​ការងារ​ធ្វើ ឱ្យ​បង្កើត​ជា​គណនី​ក្លែងក្លាយ ដើម្បី​ផ្ដល់​មតិ​ចូលចិត្ត។

ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ (Oversight Board) របស់​ក្រុមហ៊ុន​មេតា (Meta) កាល​ពី​ឆ្នាំ២០២៣ សម្រេច​ឱ្យ​ក្រុមហ៊ុន​នេះ​ព្យួរ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម (Instagram) របស់​លោក ហ៊ុន សែន រយៈពេល ៦ខែ ​ក្រោយ​​ក្រុមហ៊ុន​នេះ​​បាន​រក​ឃើញ​ថា​លោក ហ៊ុន សែន តែង​ គំរាមកំហែង​ដោយ​ហិង្សា​ទៅលើ​ដៃគូ​នយោបាយ​របស់​លោក។

ឌឺ​ដង​ទៅ​នឹង​សំណើ​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​លុប​ចោល ហើយ​ឈប់​ប្រើប្រាស់​ហ្វេសប៊ុក ហើយ​ងាក​ទៅ​ប្រើ​បណ្ដាញ​សង្គម​តិកតុក (TikTok) របស់​ចិន និង​បណ្ដាញ​តេឡេក្រាម​របស់​រុស្សី​វិញ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន អតីត​ជំនួយ​ការ​របស់​លោក​គឺ​លោក ដួង តារា ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ បាន​ចូល​ខ្លួន​ប្រកាស​គ្រប់គ្រង​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នោះ​ឡើង​វិញ ហើយ​គណនី​ហ្វេសប៊ុក​ដដែល​នេះ គឺ​ត្រូវ​បាន​លោក ហ៊ុន សែន ប្រើប្រាស់​បញ្ចេញ​ព័ត៌មាន និង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​របស់​លោក និង​គ្រួសារ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ធនាគារ​ជាតិ​នៃ​កម្ពុជា​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន «ហួយវ័ន ផេ» របស់​លោក ហ៊ុន តូ
អត្ថបទពេញនិយម
នយោបាយ
ថៃ​បញ្ជាក់​ថា មិន​ទាន់​ពិភាក្សា​រឿង​ធ្វើ​របង​តាម​ព្រំដែន​ជាមួយ​កម្ពុជា ព្រោះ​នាយករដ្ឋមន្ត្រី​មិន​បាន​បញ្ជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។