លោក ហ៊ុន ម៉ាណែត ថា ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ជា​ស្នាដៃ​ឪពុក​លោក

ដោយ ខាន់ លក្ខិណា
2024.07.16
លោក ហ៊ុន ម៉ាណែត ថា ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ជា​ស្នាដៃ​ឪពុក​លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងកម្មវិធី​កាលពីថ្ងៃទី១២ កក្កដា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​ពី​ការ​ដឹងគុណ និង​ការ​ចងចាំ​របស់​លោក​ចំពោះ​ស្នាដៃ និង​គុណូបការៈ​របស់​លោក ហ៊ុន សែន ជា​ឪពុក​នូវ​អ្វី​ដែល​លោក ហ៊ុន ម៉ាណែត បាន​និយាយ​ថា ជា​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​នាំ​សុខ​សន្តិភាព និង​ឯកភាព​ទឹក​ដី

ប៉ុន្តែ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បក្ស​ប្រឆាំង​លើក​ឡើង​ថា កូន​ដឹង​គុណ​ឪពុក​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ទាក់ទង​នឹង​ការ​បង្រួបបង្រួម​ជាតិ​គឺ​មិន​ដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ឡើយ។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សរសើរ​ឪពុក​របស់​លោក​ថា តាម​រយៈ​នយោបាយ​ ឈ្នះ​ឈ្នះ បាន​បង្កើត​នូវ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​កាត់​ថា.... ដោយ​មាន​កិច្ច​សហការ​ដ៏​ល្អ​ប្រសើរ ពី​អង្គការ​សហប្រជាជាតិ​និង​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ការ​ផ្សះផ្សា​សង្គម​ដែល​បែក​បាក់ និង​ការ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​ជា​ដើម

លោក​នាយករដ្ឋមន្ត្រី ក៏​បាន​រំឭក​ស្នាដៃ​របស់​អតីត​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ លោក សុខ អាន ដែល​បាន​ដឹក​នាំ​ក្រុម​ការងារ​ចរចា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្កើត​តុលាការ​កូន​កាត់​នេះ

ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខ​ងារ​សេស​សល់​របស់​អ.... នៅ​ថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន ម៉ាណែត លើក​ទឹក​ចិត្ត​ជន​បរទេស និង​ពលរដ្ឋ​ខ្មែរ​ឱ្យ​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ ទាក់ទង​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​អាច​ទៅ​ស្រាវជ្រាវ​ឯកសារ​ដើម​ដែល​មាន​នៅ​អគារ...ក។

លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្មេង​សម័យ​បច្ចុប្បន្ន មិនជឿ​នូវ​អ្វី​ដែល ចាស់ៗ​ជំនាន់​មុន​បាន​ឆ្លង​កាត់​ក្នុង​សម័យ​សង្គ្រាម ដូច្នេះ ឯកសារ​ពាក់ព័ន្ធ​ត្រូវ​រក្សា​ទុក​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ស្រាវជ្រាវលោក​ថា មនុស្ស​ជាតិ​មិន​ត្រូវ​ការ​ឱ្យ​សង្គ្រាម​កើត​ឡើង​ទេ ហើយ​គោល​នយោបាយ​កាប់​សម្លាប់​ពលរដ្ឋ មិន​អាច​ទទួល​យក​បាន​ឡើយ ដែល​កូន​ខ្មែរ​ត្រូវ​ចង​ចាំ

លោក ហ៊ុន ម៉ាណែត៖ «ប្រវត្តិ​សាស្ត្រ​ដែល​ល្អ​យើង​ត្រូវ​ប្រឹង​ប្រែង ដើម្បី​ជោគជ័យ​ តែ​ប្រវត្តិ​សាស្ត្រ​ដែល​ជូរចត់​ត្រូវ​ចង​ចាំ ហើយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ចៀស​វាង​ឱ្យ​បាន ជា​ពិសេស​ការ​ប្រព្រឹត្ត​អំពើ​ជ្រុល​និយម កាប់​សម្លាប់​ប្រជាពលរដ្ឋនៅ​ក្នុង​គោល​នយោបាយ​ទិស​ដៅ​ណា​ក៏​ដោយ ហេតុ​ផល​ណា​ក៏​ដោយ ប៉ុន្តែ​ដែល​ចេញ​គោល​នយោបាយ​កាប់​សម្លាប់​ប្រជាជន​រាប់​លាន​នាក់​បែប​នេះ គឺ​មិន​អាច​ទទួល យក​បាន​ទេ ហើយ​កូន​ខ្មែរ​ទាំងអស់​ត្រូវ​ចង​ចាំ»

ជុំវិញ​ប្រវត្តិ​សាស្ត្រ​នៃ​ការ​បែក​បាក់​ជាតិ រហូត​ដល់​មាន​ដំណើរ​បង្រួប​បង្រួម​ជាតិ​កម្ពុជា​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៦ ខែ​កក្កដា ថា បើ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា ១៩៩១ ទេ គ្មាន​ភាគី​ណា​មួយ​តែ​ឯង អាច​ដោះស្រាយ​វិបត្តិ​ជម្លោះ នៅ​កម្ពុជា​ឈាន​ដល់​ការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​បាន​ឡើយ។

លោក​ពន្យល់​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្ហាញ​អំពី​ការ​ព្រមព្រៀង​គ្នា​ រវាង​ប្រទេស​មហា​អំណាច​ទាំង៥ ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ការ​សម្រប​សម្រួល​គ្នា​ក្រោម​ការ​ដឹក​នាំ​របស់​សហប្រធាន​បារាំង និង​ឥណ្ឌូណេស៊ី ដែល​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា SNC ដឹក​នាំ​ដោយ សម្ដេចព្រះ នរោត្ដម សីហនុ រួម​ទាំង​វិធាននានា ទាក់ទង​នឹង​ការ​ដក​កម្លាំង​បរទេស​ចេញ​ពី​កម្ពុជា ដូចជា ដក​កង​ទ័ព​វៀតណាម ពួក​ចារ​កិច្ច​ជំនួយ​ការ​យោធា​និង ទី​ប្រឹក្សា​យោធា ព្រមទាំង​ការ​បញ្ជូន​ចេញ​ពី​កម្ពុជា​នូវ​និគមជន​បរទេស​ជា​ដើម។

លោក​ថា កិច្ចការ​មូលដ្ឋាន​សំខាន់ៗ​ទាំងអស់​​នេះ​ហើយ ដែល​ឈាន​ទៅ​ដល់​ ការ​បង្រួប​បង្រួម ​និង​ឯកភាព​ជាតិ​កម្ពុជា​ឡើង​វិញ។

លោក ស្រ៊ុន ស្រ៊ន«បើ​គ្មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស គ្មាន​អ៊ុនតាក់ ចូល​មក​អនុវត្ត ដើម្បី​បង្កើត​បាន​រដ្ឋធម្មនុញ្ញ​១៩៩៣ ទេ ក៏​គ្មាន​ការ​ធ្វើ​ការ​រដ្ឋប្រហារ ១៩៩៧ ក៏​គ្មាន​ការ​ធ្វើ​សមាហរណកម្ម​ខ្មែរ​ក្រហម​ឆ្នាំ​១៩៩៨ ដូច​គ្នា។ អ៊ីចឹង ការ​ដែល​អ្នក​ដទៃ​អះអាង​តាម​រូបភាព​ណា​ក៏ដោយ តាម​មធ្យោបាយ​ណា​ក៏​ដោយ ក៏​មិន​អាច​យក​ទៅ​ប្រៀបធៀប​ជាមួយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ១៩៩៣ ឡើយ។ បើ​គ្មាន​ទេ ការ​បង្រួប​បង្រួម​ជាតិ គ្មាន​ទេ​ការ​ផ្សះផ្សា​ជាតិ ឬ​ក៏​ភាគី​ខ្មែរ​ទាំងអស់ មក​ចាប់​ដៃ​គ្នា​ឡើយ»

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៦ ខែ​កក្កដាថា កូន​ដឹង​គុណ​ឪពុក គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ទាក់ទង​នឹង​ការ​បង្រួប​បង្រួម​ ជាតិ គឺ​មិន​ដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ឡើយ

លោក​ថា កិច្ចការ​បង្រួប​បង្រួម​ជាតិ ចាប់​ផ្ដើម​ពី​មាន​ការ​សម្រប​សម្រួល​ដោយ​សហគមន៍​អន្តរជាតិ ចូលរួម​ផ្សះផ្សា​ភាគី​ជម្លោះ​ខ្មែរ រួម​មាន​ភាគី​រដ្ឋ​កម្ពុជា ភាគី​ហ៊្វុនស៊ិនប៉ិច ភាគីលោក សឺន សាន និង​ខ្មែរក្រហម ដែល​មាន​ការ​ចរចា​រហូត​ដល់​​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១ និង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ដូច្នេះ មិន​មែន​ជា​ស្នាដៃ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែ​ម្នាក់​នោះ​ទេ

រីឯ​ការ​ដឹក​នាំ​បច្ចុប្បន្ន​នេះ​ទៀត​សោត លោក​កត់​សម្គាល់​ថា ហាក់​ដូច​ជា​ដើរ​មិន​ទាន់​ ស្រប​នឹង​គន្លង នៃ​ស្មារតី​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​នៅ​ឡើយ

លោក រ៉ុង ឈុន៖ «មក​ដល់​ពេល​នេះ ក៏​យើង​មិន​ទាន់​ឃើញ មាន​ការ​ផ្សះផ្សា​ជាតិ​ឡើយ​ទេ អ្នក​ដែល​មាន​សំឡេង​ផ្ទុយ ពី​អ្នក​កាន់​អំណាច​តែង​តែ​ទទួល​រងគ្រោះ​ចាប់​ដាក់​ពន្ធនាគារ ដូចជា​លោក ថាច់ សេដ្ឋា លោក កឹម សុខា លោក ស៊ុន ចន្ធី ហើយ​នឹង​អង្គការ​សង្គម​ស៊ីវិល​មេ​សហជីព ជាពិសេស​ដូចជា ប្អូនៗ​យុវជន ទាំង ៥ នាក់​នេះ​ក្ដី។ អាហ្នឹង បង្ហាញ​ថា មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ដើរ​ទៅ​តាម​គន្លង​ប្រជាធិបតេយ្យ ពិត​ប្រាកដ​ឱ្យ​មាន​សេរីភាព​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ»

លោក ហ៊ុន ម៉ាណែត បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង តុលាការ​បាន​ចាប់ខ្លួន​មនុស្ស ដែល​មាន​មនសិការ​ជាតិ​ជិត ៣០នាក់ដាក់​ពន្ធនាគារ​ រួច​ទៅ​ហើយ

ករណី​ចាប់​ខ្លួន​ចុង​ក្រោយ គឺ​ការ​ចាប់ខ្លួន​សហជីព លោក ម៉ម រិទ្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី និង​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន៥នាក់​ជា​ដើមថ្មី​ស្រឡាង​ជាង​គេ​នេះ​ទៀត គឺ​ការ​បណ្ដេញ​ព្រះសង្ឃ​ ចេញ​ពី​វត្ត​ដំរីស​នៅ​ខេត្ត​បាត់ដំបង ដោយ​គ្រាន់​តែ​ព្រះអង្គ​ចូលរួម​កិច្ច​ការ​សង្គម​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ

រីឯ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ឪពុក​វិញ ធ្លាប់​មាន​ប្រសាសន៍​ជា​ញឹកញាប់​ ថា​លោក​នឹង​រក​វិធី​ដើម្បី​កម្ចាត់ ឬ​កម្ទេច​គណបក្ស​ប្រឆាំង ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុល​និយម​ឱ្យ​អស់​ពី​កម្ពុជា ដែល​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ ប៉ុន្តែ​ហាក់​មិន​ខុស​ពី​របៀប​ធ្វើការ​របស់​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ឡើយ។ ខ្មែរ​ក្រហម​ច្រើន​យក​ពាក្យ ស៊ីអាយអេ (CIA) ខេហ្សីប៊ី ( KGB) គិញយួន ទាហាន​លន់ ល់ ឬ​នាយ​ទុន ជា​ដើម ហើយ​ចោទ​ថា​ជា​ខ្មាំង

នរណា​ម្នាក់​ដែល​ត្រូវ​គេ​ចោទ​យ៉ាង​ដូច្នេះ ត្រូវ​កម្មាភិបាល​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ភ្លាម ដោយ​គ្មាន​ការ​ស៊ើបអង្កេត​រក​ខុស​ត្រូវ​អ្វី​ឡើយ ហើយ​ជួន​កាល​ការ​ចោទ​នោះ ធ្វើ​ឡើង​ដោយ​ការ​សងសឹក​ចំពោះ​គំនុំ​គុំកួន​ផ្ទាល់​ខ្លួន ឬ​ដើម្បី​បិទ​បាំង​អំពើ​អាក្រក់​របស់​ខ្លួន​ជា​ដើមសម្រាប់​លោក ហ៊ុន សែន វិញ ឱ្យ​តែ​គាត់​ចោទ​អ្នក​ណា​ម្នាក់​ថា ជា​ក្រុម​ឧទ្ទាម ឬ​ក្រុម​ជ្រុល​និយម អ្នក​នោះ​គេច​មិន​ផុត​ពី​ការ​ចាប់​ដាក់​គុក ដោយ​មិន​ចាំបាច់​ស៊ើបអង្កេត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។