លោក ហ៊ុន ម៉ាណែត ព្រមាន​បង្ក្រាប​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍

ដោយ ខាន់ លក្ខិណា
2024.08.03
លោក ហ៊ុន ម៉ាណែត ព្រមាន​បង្ក្រាប​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុក​ ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​ធ្វើ​ បាតុកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ និង​វៀតណាម នោះ​នឹង​ប្រឈម​បាត់​បង់​ជីវិត​ច្រើន ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ(Bangladesh)។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា លោក​ ហ៊ុន ម៉ាណែត កំពុង​គំរាម​សម្លាប់​មនុស្ស​ទ្រង់​ទ្រាយ​ធំ ដោយ​ខុស​ពី​គោលការណ៍​ច្បាប់ ព្រោះ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជួប​ជុំ​តវ៉ា និង​សម្តែង​មតិ​អំពី​រឿង​ទឹក​ ដី​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។

បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ចេញ​មុខ​គំរាម​ចាប់​ពលរដ្ឋ​ ដែល​រិះគន់​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដាក់​គុក​រួច​មក នៅ​ពេល​នេះ កូន​ប្រុស​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត បែរ​ជា​ចេញ​មុខ​ វិញ​ដោយ​ព្រមាន​ខ្លាំង​ៗថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​តវ៉ា​នោះ ជីវិត​មនុស្ស​រាប់​រយ​នាក់ នឹង​ត្រូវ​បាត់​បង់ ដូច​ករណី​ពលរដ្ឋ​នៅ​ប្រទេស​បង់ក្លាដេស្ហ​ដែល​ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​បង្ក្រាប

ក្នុង​ឱកាស​ចូលរួម​កម្ម​វិធី​ពិសារ​ភោជនាហារ​ជាមួយ​សមាគម​ឧកញ៉ា កាល​ពី​ថ្ងៃទី០២ ខែ​សីហា លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការ​បញ្ចេញមតិ គឺ​ជា​សិទ្ធិ ប៉ុន្តែ​លោក​ព្រមាន​ថា កុំ​យក​អារម្មណ៍​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ ដែល​ព្រួយ​បារម្ភ​ដោយ​ស្មារតី​ស្រឡាញ់​ជាតិ រុញ​ឱ្យ​ឈាន​ទៅ​ដល់​ការ​ប្រមូល​ កម្លាំង​ធ្វើ​បាតុកម្ម តាម​រូបមន្ត​ប្រទេស​បង់ក្លាដេស្ហ(Bangladesh)

កូនប្រុស​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ព្រមាន​ទៀត​ថា សូម​កុំ​សាក​ល្បង​បំផុស​ធ្វើ​បាតុកម្ម នោះ​លោក​នឹង​ចាត់​វិធានការ​មិន​អនុញ្ញាត​ឱ្យ​កើត​មាន​ទេ ដោយ​លោក​លើក​ហេតុ​ផល​ថែរក្សា​សន្ដិភាព និង​ស្ថិរភាព​ ព្រម​ទាំង​កុំ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ពលរដ្ឋ​ភ្នំពេញ វិស័យ​ទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និង​មុខ​មាត់​ប្រទេស​ជាតិ​ជា​ដើម

លោក ហ៊ុន ម៉ាណែត ៖ «អ៊ីចឹង​ខ្ញុំ​មិន​ចង់​ឱ្យ​ស្ថានភាព​បែប​នេះ កើត​ឡើង។ អ៊ីចឹង​ក្នុង​នាម​រាជរដ្ឋាភិបាល​ថ្ងៃនេះ​មាន​ទូត​ផង បើ​សិន​ជា​រាជរដ្ឋាភិបាល​ចាត់​វិធានការ​មិន​ឱ្យ​អ្នក​ប៉ុនប៉ង​ធ្វើ​សកម្មភាព​បែប​នេះ តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប៉ុន​ប៉ង​ដុត​ប្រទេស​ដើម្បី​រុញ​បាតុកម្ម​នៅ​កម្ពុជា​ឱ្យ​ដូច​បង់ក្លាដេស្ហ សូម​កុំ​ចោទ​រដ្ឋាភិបាល​ផ្ដាច់​ការ។ យើង​គ្មាន​អី​ការពារ​ក្រៅ​ពី​មិន​ឱ្យ​អស្ថិរភាព កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​នៅ​ទី​ក្រុង​ភ្នំពេញ​ទេ​ផង​ទេ»

លោក ហ៊ុន ម៉ាណែត ព្យាយាម​បក​ស្រាយ​ដោយ​បន្ទោស​ទៅ​លើ​ពលរដ្ឋ​ ឬ​បាតុក​រថា ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស ប៉ុន្តែ​លោក​ មិន​បាន​បន្ទោស​ទៅ​លើ​កង​កម្លាំង​របស់​រដ្ឋាភិបាល ដែល​ជា​អ្នក​ចាប់​ផ្តើម​បង្ក្រាប​ដោយ​ហិង្សា និង​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ពលរដ្ឋ ដែល​គ្រាន់​តែ​តវ៉ា​ដោយ​សន្តិវិធី​ និង​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​ទេ

ជាក់ស្តែង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​អ្នក​គាំទ្រ​តវ៉ា​ទាមទារ​រាប់ សន្លឹក​ឆ្នោត​ឡើង​វិញ​និង​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កាល​ពី​ឆ្នាំ២០១៣ នោះ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​គ្មាន​ហិង្សា​ កើត​ឡើង​នោះ​ទេ ប៉ុន្តែ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ទៅ​វិញ ដែល​បាន​ បើក​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​ពិត​និង​ការ​វាយ​ដុំ​ទៅ​លើ​ពលរដ្ឋ​បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់

មិន​ខុស​គ្នា​នោះ​ទេ ករណី​ក្រុម​និស្សិត​នៅ​ប្រទេស​បង់ក្លាដេស្ហ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​រក្សា​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​សម្រាប់​តែ​កូន​ចៅ​របស់​ក្រុម​អ្នក​កាន់​អំណាច​នោះ ក៏​ផ្តើម​ចេញ​ពី​ការ​តវ៉ា​អហិង្សា​ដែរ ប៉ុន្តែ​កង​កម្លាំង​របស់​ រដ្ឋាភិបាល​បង់ក្លាដេស្ហ  បាន​បើក​ការ​បង្ក្រាប​ដោយ​ហិង្សា​បណ្តាល​ឲ្យ​បាតុករ​ស្លាប់​កើន​ឡើង​ដល់​ជាង២រយនាក់ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​កង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​និស្សិត​និង​ពលរដ្ឋ​បង់ក្លាដេស្ហ ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង និង​ចេញ​តវ៉ា​ពេញ​ទី​ក្រុង

នាយករដ្ឋមន្ត្រី​បង់ក្លាដេស្ហ ក៏​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ថា កំពុង ដឹក​នាំ​ប្រទេស​ផ្តាច់​ការ​ពុករលួយ និង​ប្រើ​អំណាច​ត្រួតត្រា​លើ​កម្លាំង​ប្រដាប់​អាវុធ​និង​ស្ថាប័ន​តុលាការ ដើម្បី​បង្ក្រាប​លើ​អ្នក​រិះគន់​និង​អ្នក​នយោបាយ​ប្រឆាំង​ មិន​ខុស​ពី​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឡើយ។

អ្នក​ឃ្លាំមើល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ស្តាប់​សំឡេង​តវ៉ា​របស់​ ប្រជាពលរដ្ឋ ហើយ​ដោះស្រាយ​ការ​ស្នើ​សុំ​របស់​ពួកគាត់ នោះ​គឺ​នឹង​មិន​ មាន​ការ​ប៉ះទង្គិច​គ្នា​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ឡើយ

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៣ ខែសីហា ថា ការ​ព្រមាន​បង្ក្រាប​បាតុកម្ម​សម្ដែង​មតិ​អហិង្សា របស់​ប្រជាពលរដ្ឋ គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​មិន​ស្នេហា​ជាតិលោក​ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិន​មាន​គំនិត និង​ឆន្ទៈ​ការពារ​ទឹក​ដី​ជាតិ ​ដូច​ប្រជាពលរដ្ឋ​ឡើយ

លោកថា ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ហានិភ័យ​នៃ​ទឹក​ដី​ខ្មែរ​ទាំង ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​នោះ គឺ​ជា​រឿង​ដែល​ រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

លោក អំ សំអាន៖«គាត់​សម្ដែង​មតិ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ឬ​ក៏​ទម្លាក់​មេ​ដឹក​នាំ​ដែល​ក្បត់ជាតិ ដែល​បម្រើ​បរទេស​ដែល​កាត់​ទឹក​ដី​ឱ្យ​យួន​គាត់​អាច​សម្ដែង​មតិ​តាម​បាតុកម្ម​ដូច​នៅ​បង់ក្លាដេស្ហ​ជា​ដើម ដើម្បី​ប្ដូរ​មេ​ដឹក​នាំ​ដែល​ជំពាក់​គុណ​យួន​ចេញ ហើយ​ដាក់​មេ​ដឹក​នាំ​ដែល​ស្នេហា​ជាតិ ដោយ​ការពារ​ទឹក​ដី អាហ្នឹង​បាន​អាច​ការពារ​ទឹក​ដី​យើង​បាន​គង់​វង្ស បើ​មិន​អ៊ីចឹង​ទេ ដី​គឺ​យើង​បាត់​បង់​ដូច​កម្ពុជា​ក្រោម ដូច​ប្រទេស​ចម្ប៉ា​អ៊ីចឹង​ឯង។ នៅ​ពេល​អនាគត​យើង​អាច​​ដូច​ប្រទេស​ចម្ប៉ា​អាច​បាត់​បង់​ពី​ផែន​ទី​ពិភព​លោក បើ​សិន​យើង​មិន​ដូរ​មេ​ដឹក​នាំ​ត្រកូល​ហ៊ុន ជំពាក់​គុណ​យួន​ចេញ​ទេ»

យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដូចជា នៅអឺរ៉ុប (European Union) សហរដ្ឋអាមេរិក  (USA) កាណាដា (Canada) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) និង​នៅថៃ (Thailand) ជាដើម ខ្លះ​ចេញ​ជា​វីដេអូ​បញ្ចេញមតិ ជា​បុគ្គល ខ្លះ​ធ្វើ​វីដេអូ​ជា​ក្រុម​ខ្លះ​សរសេរ​សារ​អក្សរ ខ្លះ​ដាក់​ប្រូហ្វាល​ហ្វេសប៊ុក និង​អ្នក​ខ្លះ​ទៀត ប្រកាស​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង ដែល​សុទ្ធ​តែ​មាន​ន័យ​ទទូច​ឱ្យ​រដ្ឋាភិបាល ត្រូវ​ដើរ​ចេញ​គម្រោង​តំបន់​​អភិវឌ្ឍន៍។

អ្នក​ឃ្លាំមើល​និង​ប្រជាពលរដ្ឋ លើក​ឡើង​ថា គម្រោង​តំបន់​ត្រី​កោណ អភិវឌ្ឍន៍ អាច​នឹង​ត្រូវ​ពង្រីក​ឱ្យ​គ្រប់​ដណ្ដប់​លើ​ទឹក​ដី​កម្ពុជា​ទាំងមូល តាម​រូប​ មន្ត​នយោបាយ​របស់​បក្សកុម្មុយនិស្ដ​វៀតណាម​ក្នុង​ការ​បន្ត​អនុវត្តន៍​ មហិច្ឆតា​របស់​វៀតណាម ប៉ុនប៉ង​ត្រួតត្រា​ប្រទេស​កម្ពុជា និង​ឡាវ​នៅ​ថ្ងៃ​អនាគត។

ពួកគេ​លើក​ឡើង​ដែរ​ថា ក្នុង​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​លោក ចេញ​ធ្វើ​បាតុកម្ម​រៀង​រាល់​ថ្ងៃ​ទេ ទើប​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដក​កម្ពុជា​ចេញ​ពី​គម្រោង​នេះ និង​អាច​ការពារ​ទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។