លោក ហ៊ុន សែន ស្នើ​មេដឹកនាំ​ចិន​ឱ្យ​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម ក្នុង​គ្រា​ដែល​កម្ពុជា​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហភាព​អឺរ៉ុប

2024.12.04
លោក ហ៊ុន សែន ស្នើ​មេដឹកនាំ​ចិន​ឱ្យ​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម ក្នុង​គ្រា​ដែល​កម្ពុជា​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហភាព​អឺរ៉ុប លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​លោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនិស្ត និងជាប្រធានាធិបតីចិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ជំនួប​នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន សែន

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ដល់​ប្រធានាធិបតី​ចិន (China) លោក ស៊ី ជីនពីង (Xi Jinping) ឱ្យ​ជួយ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច ជាពិសេស ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម​ដល់​រដ្ឋាភិបាល​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ការ​ស្នើ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ស្រប​ពេល ដែល​កម្ពុជា​កំពុង​ប្រឈម​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​តាមរយៈ​ការ​កាត់​ផ្ដាច់​ទាំង​ស្រុង​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) ពី​សំណាក់​សហភាព​អឺរ៉ុប (EU) ដែល​កម្ពុជា​នៅ​សល់ ៨០ភាគ​រយ​ដោយ​សារ​តែ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ និង​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ដោយ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ «ត្រកូល​ហ៊ុន»

នៅ​មុន​ពេល​ដឹកនាំ​កូន​ចៅ និង​មន្ត្រី​កំពូល​គ្រាក់ៗ ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន ៣ថ្ងៃ លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​នៅ​ក្នុង​ជំនួប​រវាង​មេ​ដឹកនាំ​កំពូល​ចិន​ថា កម្ពុជា​ពិត​ជា​មិន​អាច​ខ្វះ​ចិន​បាន​ទេ សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន បញ្ជាក់​តាមរយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី៤ ខែធ្នូ​ថា ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ខែធ្នូ លោក​បាន​ស្នើ​ភាគី​ចិន​ឱ្យ​បន្ត​ផ្ដល់​ជំនួយ​ឥត​សំណង ប្រាក់​កម្ចី​បន្ថែម និង​ជំរុញ​ការ​វិនិយោគ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​សង្គម​ក្រោម​ការ​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក​គឺ លោក ហ៊ុន ម៉ាណែត។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ចាត់​ទុក​ប្រទេស​ចិន​ថា ជា​មិត្ត​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​សម្រាប់​កម្ពុជា និង​បាន​ពឹង​ពាក់​ចិន​បន្ត​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ឆបោក បទល្មើស​ល្បែង​អនឡាញ និង​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនិស្ត​ចិន និង​បក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន សរសេរ​អះអាង​ថា ជា​ការ​ឆ្លើយតប​មេ​ដឹកនាំ​ចិន​លោក ស៊ី ជីនពីង ចាត់​ទុក​លោក ហ៊ុន សែន គឺ​ជា​អ្នក​នយោបាយ​ជើង​ចាស់​កម្រ ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា និង​ចិន​បច្ចុប្បន្ន​មាន​ភាព​រឹងមាំ និង​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​ស៊ីជម្រៅ។ លោក​សរសេរ​បន្ត​ថា មេ​ដឹកនាំ​កំពូល​ចិន​បញ្ជាក់​ជំហរ​ប្រាប់​លោក ហ៊ុន សែន​ថា ទោះ​បី​ជា​ស្ថានភាព​ពិភពលោក​កាន់​តែ​ប្រែប្រួល និង​ស្មុគស្មាញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​គ្នា ហើយ​ចិន​ក៏​ប្ដេជ្ញា​បន្ត​ជួយ និង​គាំទ្រ​កម្ពុជា​តាមរយៈ​ការ​កសាង​ជោគវាសនា​រួម​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ «ត្បូងពេជ្រ»

ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ស៊ី ជីនពីង ភាគី​ចិន​មិន​បង្ហាញ​ជំហរ​ក្នុង​ការ​ផ្ដល់​នូវ​មូលនិធិ​ឱ្យ​កម្ពុជា សម្រាប់​គម្រោង​ព្រែក​ជីក​ហ្វូណន​នោះ​ទេ ខណៈ​ដែល​គម្រោង​នេះ​បាន​រង​នូវ​ការ​រិះគន់​ថា ជាប់​គាំង​ដោយសារ​តែ​ចិន​មិន​ទម្លាក់​លុយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក្ដី តាម​រយៈ​ការ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដដែល លោក ហ៊ុន សែន បាន​រៀបរាប់​អំពី​សារៈ​សំខាន់​នៃ​ការ​សាងសង់​ព្រែក​ជីក​ហ្វូណន​ប្រាប់​ភាគី​ចិន​ថា អនុញ្ញាត​ឱ្យ​កម្ពុជា មាន​ឯករាជ្យ​ភាព​ខាង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និង​ផ្ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​កម្ពុជា។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភាគី​កម្ពុជា និង​ចិន ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដោយ​ជំរុញ​លើ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន ជាមួយ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន សែន បាន​ដឹកនាំ​កូនៗ និង​មន្ត្រី​កំពូលៗ មក​ដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី៤ ខែធ្នូ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​មិត្តភាព និង​ផ្លូវ​ការ​លើក​ទី១ ក្នុង​នាម​លោក​ជា​ប្រធាន​ព្រឹទ្ធសភា។ ៣ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​នេះ ភាគី​កម្ពុជា និង​ចិន បាន​ផ្ដោត​សំខាន់​ខ្លាំង​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ជាក់​ជំហរ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ប្ដេជ្ញា​រក្សា​ជំហរ​រួម​គ្នា​ក្នុង​ការ​បន្ត​ជំរុញ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​សំខាន់ៗ ដើម្បី​កសាង​ជោគ​វាសនា​រួម​គ្នា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​លើក​នេះ លោក ហ៊ុន សែន ក៏​ហាក់​មាន​មោទនភាព​ខ្លាំង​ដែល​បាន​សណ្ដោង​កូន​ប្រុស​ពីរ​នាក់​គឺ លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី រួម​ទាំង​សែស្រឡាយ​នៃ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​គឺ​លោក ទៀ បាញ់ និង​លោក ទៀ សីហា ទៅ​ចាប់​ដៃ​មេដឹកនាំ​កុម្មុយនិស្ត​ចិន។ ផ្ទុយ​ទៅ​វិញ​អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គឺ​ជា​រឿង​អាម៉ាស់​ទៅ​វិញ​ទេ​ដែល​លោក ហ៊ុន សែន នាំ​កូន​ចៅ និង​បក្ខ​ពួក​បែប​គ្រួសារ​និយម​ទៅ​សុំ​ជំនួយ និង​ប្រាក់​កម្ចី​ពី​មេ​ដឹកនាំ​ចិន ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត អសមត្ថភាព​ដឹកនាំ​ប្រទេស​រហូត​ប្រឈម​រង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​សំណាក់​សហភាព​អឺរ៉ុប​ដែល​អាច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ដែល​កម្ពុជា​នៅ​សល់ ៨០ភាគ​រយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៤ ខែធ្នូ ថា កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ គឺ​មាន​សារៈសំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ជំនួយ និង​កម្ចី​បន្ថែម​ពី​ចិន នៅ​ពេល​កម្ពុជា​កំពុង​ប្រឈម​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហភាព​អឺរ៉ុប។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) ទាំង​ស្រុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ដុនដាប ហើយ​ប្រទេស​ចិន ក៏​មិន​អាច​ជំនួស​ទីផ្សារ​ក្នុង​ការ​នាំ​ចូល​ទំនិញ​របស់​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​មាន​អតុល្យភាព​ខ្លាំង។ លើស​ពី​នេះ លោក​ថា កម្ពុជា​ក៏​អាច​នឹង​ប៉ះពាល់​មុខ​មាត់​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​អ្នក​ជំនួញ​អន្តរជាតិ​កាន់​តែ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​មក​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា៖ «ឥឡូវ​យើង​បាត់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ២០ភាគ​រយ បើ​យើង​បាត់​ត​ទៅ​ទៀត អា​ហ្នឹង​ការ​នាំ​ចេញ [ផលិតផល] កម្ពុជា​កាន់​តែ​រឹត​ធ្លាក់​ចុះ​ទៅ ហើយ​សក្ដានុពល​នៃ​ការ​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​មក​កម្ពុជា​ក៏​មាន​ការ​ថយ​ចុះ​ដែរ វា​ជា​ឧបសគ្គ​មួយ​ធំ​ដែរ។ ខ្ញុំ​ចង់​លើក​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ថា រដ្ឋាភិបាល គួរតែ​ពិចារណា​បាន​ន័យ​ថា បើ​មិន​អនុវត្ត​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ស្តង់ដារ​នៅ​កម្ពុជា​ទេ យើង​អត់​អាច​សុំ (EBA) ពី​សហគមន៍​អឺរ៉ុប​បាន​ទេ ព្រោះ​អ្វី​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដោយ​អឺរ៉ុប​ហ្នឹង​យើង​គួរតែ​ឆ្លើយតប​ក្នុង​ចំណុច​វិជ្ជមាន គួរតែ​រក្សា​អត្ថប្រយោជន៍​ឱ្យ​បាន​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៤ ខែធ្នូ។

ក្រុម​អ្នក​តាម​ដាន​បញ្ហា​នយោបាយ និង​អ្នក​នយោបាយ​ប្រឆាំង​ព្រមាន​ថា ចិន​មាន​បំណង​យក​ទីតាំង​កម្ពុជា ដើម្បី​បម្រើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​ឱ្យ​ចិន​ទើប​ចិន​បន្ត​ផ្ដល់​ជំនួយ​ឥត​លក្ខខណ្ឌ​ដល់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល ហ៊ុន។ លើស​ពី​នេះ ពួកគាត់​ថា កម្ពុជា​ទាំង​មូល​នឹង​ផុង​ខ្លួន​ចូល​ក្នុង​អន្ទាក់​បំណុល​ចិន​វ័ណ្ឌក នៅ​ពេល​ដែល​រដ្ឋាភិបាល​បន្ត​ផ្ដេកផ្ដួល និង​ខ្ចី​បុល​ពី​ចិន​កាន់​តែ​ច្រើន យក​មក​ប្រើប្រាស់​ដោយ​គ្មាន​តម្លាភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។