សមត្ថកិច្ចចាប់ខ្លួនជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ស្ងាត់ៗ
2024.10.11
សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជំនិតរបស់លោក ហ៊ុន សែន ម្នាក់ទៀត ដែលជាជំនួយការផ្ទាល់ជាង ២អាណត្តិហើយនោះ គឺលោក ដួង តារា បន្ទាប់ពីលោក ហ៊ុន សែន ទើបតែចេញបញ្ជាឱ្យចាប់ខ្លួនលោក លី សាម៉េត ដែលជាទីប្រឹក្សា។ អ្នកឃ្លាំមើលលើកឡើងថា ការចាត់វិធានការលើមនុស្សជំនិតរបស់មេបក្សកាន់អំណាចជាបន្តបន្ទាប់នេះ នៅមិនទាន់ជះឥទ្ធិពលវិជ្ជមានជាដុំកំភួនដល់ការលុបបំបាក់អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលឡើយ។
កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា កាលពីថ្ងៃទី១០ ខែតុលា ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្រោយពេលលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសចិនវិញ។
ក៏ប៉ុន្តែ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក អាជ្ញាធរមិនបានប្រាប់អំពីមូលហេតុ និងបទចោទ ដែលឈានដល់ការចាប់ខ្លួនលោក ដួង តារា ឡើយ។
ការចាប់ខ្លួនលោក ដួង តារា នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចេញបញ្ជាឱ្យចាត់វិធានការ និងរឹបអូសទ្រព្យសម្បត្តិទីប្រឹក្សារបស់លោក គឺលោក លី សាម៉េត ដែលជាដៃគូស្និទ្ធនឹងលោក ដួង តារា ក្រោយលោក ហ៊ុន សែន បានទម្លាយថា លោក លី សាម៉េត តែងប្រើឈ្មោះរបស់លោក ដើម្បីឆបោកលុយមន្ត្រីក្នុងជួរគណបក្សគ្នាឯង អស់រាប់លានដុល្លារ ដើម្បីរត់ការឡើងតំណែង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែតុលា។ ចំណែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ក៏មិនអាចទាក់ទងបានដូចគ្នា។ ដោយឡែក អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់ថា លោកមិនដឹងរឿងនេះទេ។
លោក ដួង តារា ដែលជាជំនួយការរបស់លោក ហ៊ុន សែន គឺជាតារាហ្វេសប៊ុកមួយរូប ដែលបានបង្កើត និងកាន់ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការឱ្យលោក ហ៊ុន សែន ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Samdach Hun Sen of Cambodia» ដែលក្រោយមក លោកត្រូវបានលោក ហ៊ុន សែន ដំឡើងឋានៈជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងបញ្ហាសង្គម លោក ស៊ឹង សែនករុណា យល់ឃើញថា បើផ្អែកលើគោលការណ៍ច្បាប់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែរ ព្រោះលោកមិនបានចាត់វិធានការច្បាប់ ចំពោះកូនចៅខ្លួន ដែលបានប្រព្រឹត្តិខុសតាំងពីដំបូងនោះទេ។
យ៉ាងណាក៏ដោយចុះ នៅមុនការចាប់ខ្លួននេះ លោក ដួង តារា បានជាប់ជំពាក់ក្នុងរឿងអាស្រូវធំមួយ នោះគឺជាករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង បន្ទាប់ពីលោកចេញមុខធានាអះអាងចំពោះអតិថិជនថា ក្រុមហ៊ុនភូមិខ្មែរគ្រុប នឹងមិនបោកប្រាស់ពួកគាត់ទេ ខណៈដែលប្អូនប្រុសបង្កើតរបស់លោក គឺលោក ដួង វីរ៉ាត់ ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននោះ។
ប៉ុន្តែក្រោយមក ក្រុមហ៊ុនភូមិខ្មែរគ្រុប មិនបានសាងសង់ផ្ទះឱ្យអតិថិជននោះឡើយ រហូតដល់អតិថិជនផ្ទុះការតវ៉ា ចំណែកលោក ដួង តារា ដែលធ្លាប់ចេញមុខធានាអះអាងឱ្យក្រុមហ៊ុននោះវិញ លោកបែរជាបដិសេធថា លោកមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុននេះទៅវិញ។
ក្រៅពីរឿងអាស្រូវមួយនេះហើយ លោក ដួង តារា ធ្លាប់មានប្រវត្តិរឿងអាស្រូវ ពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណជាមួយប្រពន្ធរបស់អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា កាលពីឆ្នាំ២០១៩។ ក្រោយពីរឿងនេះបែកធ្លាយ លោក ថៃ នរៈសត្យា បានអស់តំណែងភ្លាមមួយរំពេច ខណៈលោក ដួង តារា ត្រូវបានលោក ហ៊ុន សែន តែងតាំងជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីមួយឆ្នាំក្រោយមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។