លោក ហ៊ុន សែន យកថ្ងៃ ៧មករា បន្តជំរុញកូនឱ្យធ្វើច្បាប់ដាក់អ្នករិះគន់ជា «ក្រុមភេរវករ»
2025.01.07
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន យកថ្ងៃ ៧ មករា បន្តជំរុញឱ្យរដ្ឋាភិបាលកូនរបស់លោកគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើច្បាប់ដាក់ក្រុមអ្នករិះគន់ជា«ក្រុមភេរវករ»។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ចាត់ទុកសារនយោបាយរបស់លោក ហ៊ុន សែន នេះថា ឆ្លុះបញ្ចាំងពីកម្អែលកម្មាភិបាលខ្មែរក្រហម និងធ្វើឱ្យជាតិបែកបាក់កាន់តែធ្ងន់ធ្ងរ។
លោក ហ៊ុន សែន ដែលតាំងខ្លួនឯងថា ជា «បិតាសន្តិភាព» បានបន្តប្រកាសតាមកម្ចាត់ក្រុមអ្នករិះគន់ និងអ្នកមានមតិផ្ទុយពីរដ្ឋាភិបាលជាសត្រូវ នៅក្នុងថ្ងៃ ៧ មករា ដែលរដ្ឋាភិបាលត្រកូល ហ៊ុន ចាត់ទុកជាថ្ងៃកំណើតទី២របស់ពលរដ្ឋខ្មែរ។
អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ថ្លែងនៅក្នុងវេទិកាអង្គមីទ្ទីងអបអរខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករាថា ក្រុមអ្នកប្រឆាំងកំពុងគំរាមកំហែងដល់សន្តិភាពនៅកម្ពុជា។ លោកចោទដោយគ្មានភស្តុតាងថា ពួកគេមួយចំនួននៅតែព្យាយាមសាបព្រោះឥតឈប់ឈរនូវ «នយោបាយសតិអារម្មណ៍ជ្រុលនិយម» មកលើសង្គមជាតិ សំដៅអុជអាល ញុះញង់ បំផុសប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ឱ្យប្រឆាំងនឹងរដ្ឋាភិបាល។
លោក ហ៊ុន សែន៖ «ក្នុងស្មារតីនេះ ខ្ញុំយល់ថា វាដល់ពេលហើយត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើគប់គិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយអ្នកដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្រប់ច្បាប់ គឺជាភេរវករដែលត្រូវតែនាំខ្លួនមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។
លើសពីនេះទៀត មេដឹកនាំក្រាញអំណាចរូបនេះ បានរំលឹកថា លោកបាន «លះបង់» អំណាចដើម្បីការពារអ្វីមួយដែលលោកអះអាងថា ជា «សន្តិភាព» ខណៈលោកចាត់ទុកពលរដ្ឋខ្មែរ ដែលមិនគាំទ្រថ្ងៃ ៧ មករា គឺជាសត្រូវ។ លោក ហ៊ុន សែន ក៏ថែមទាំងជំរុញឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមទៀតផង។
ផ្ទុយពីនេះ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៧ ខែមករា ថា ការជំរុញរបស់លោក ហ៊ុន សែន ដើម្បីឱ្យរដ្ឋាភិបាលកូនបង្កើតច្បាប់ដាក់ក្រុមអ្នករិះគន់ជា ក្រុមភេរវករ គឺជានយោបាយប្រជាភិថុតិ បំភ័ន្តភ្នែកពលរដ្ឋ ពីព្រោះក្រុមគ្រួសារត្រកូល ហ៊ុន តែងតែចាត់ទុកពលរដ្ឋដែលទាមទារឱ្យមានឯកភាពជាតិ និងថែរក្សាបូរណភាពទឹកដីជាសត្រូវ។
លោក អ៊ំ សំអាន៖ «លោក សោ ភិម ដែលជាប្រធានភូមិភាគបូព៌ាហ្នឹង លោក សោ ភឹម ដឹងខ្លួនឯងថា ប៉ុល ពត រកឃើញថា ខ្លួនឯងក្បត់ ក៏ធ្វើអត្តឃាតទៅ។ ពេលហ្នឹងលោក ហ៊ុន សែន លោក ជា ស៊ីម លោក ហេង សំរឹន ភ័យខ្លួន ពីព្រោះនៅក្រោមបង្គាប់របស់លោក សោ ភឹម ក៏រត់យកប្រាសអាយុទៅប្រទេសវៀតណាម។ ទៅ ប្រទេសវៀតណាមចាប់ដាក់គុក ២២ថ្ងៃ ពេលហ្នឹងមេដឹកនាំវៀតណាមដោះលែងអ្នកទាំងនោះវិញ ដើម្បីបង្កើតថ្ងៃ ២ធ្នូ ដើម្បីហែហមមករំដោះជាតិ តាមមិនមែនទេ»។
ស្រដៀងគ្នានេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី បានបង្ហោះសារនៅគណនីហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី៧ ខែមករា ដោយចាត់ទុកថ្ងៃ៧ មករា គឺជាថ្ងៃដែលខ្មែរបាត់បង់អធិបតេយ្យ បាត់បង់ទឹកដី និងត្រូវបានរបបក្រុងភ្នំពេញយកមកធ្វើជាជំនួញនយោបាយ ដើម្បីកេងចំណេញនយោបាយ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការប្រកាសរបស់លោក ហ៊ុន សែន ម្ដងហើយម្ដងទៀតពីការបង្កើតច្បាប់ដាក់ក្រុមអ្នកប្រឆាំងជាក្រុមភេវរករនេះ ឆ្លុះបញ្ចាំងពីការដឹកនាំបែបផ្ដាច់ការ និងបក្ខពួកនិយមរបស់គ្រួសារត្រកូល«ហ៊ុន»។ លោកបន្តថា ការយកពលរដ្ឋមកបាំងមុខធ្វើជាខែលការពារសន្តិភាព ហើយចាត់ទុកអ្នករិះគន់ជាសត្រូវ គឺជាគំនិតមេដឹកនាំដែលចង់រក្សាអំណាច និងខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា៖ «វាបង្ហាញប្រទេសកម្ពុជារបស់យើង ដែលមិនមានសិទ្ធិសេរីភាពដល់អ្នកនយោបាយក្នុងការតស៊ូមតិ ក្នុងការទាមទារនូវប្រជាធិបតេយ្យចំពោះប្រយោជន៍ប្រទេសជាតិនោះទេ។ ខ្ញុំគិតថា ការដឹកនាំរបស់គាត់កាន់តែបង្ហាញពីភាពផ្ដាច់ការទៅៗ»។
ពលរដ្ឋ មន្ត្រីបក្សប្រឆាំង និងអ្នកសិក្សាប្រវត្តិសាស្ត្រមួយចំនួនលើកឡើងថា ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ មិនមែនជាថ្ងៃ ដែលវៀតណាមជួយរំដោះកម្ពុជាដូចការអះអាងរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ ក៏ប៉ុន្តែ ថ្ងៃ ៧មករា គឺជាថ្ងៃដែលប្រទេសវៀតណាមបានឈ្លានពានកម្ពុជា ក្នុងគោលបំណងលេបត្របាក់យកទឹកដីកម្ពុជា និងជាថ្ងៃ ដែលក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃបានធ្វើធំដោយសារការលើកបន្តុបពីវៀតណាម។
នេះជាលើកទី៣ហើយដែលលោក ហ៊ុន សែន ជំរុញឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់កូនប្រុសរបស់លោក បង្កើតច្បាប់ដាក់ក្រុមអ្នករិះគន់ជា«ក្រុមភេវរកវ» បន្ទាប់ពីមានពលរដ្ឋទាំងក្នុង និងក្រៅប្រទេសផ្ទុះការតវ៉ា និងរិះគន់រឿងលោកសហការជាមួយវៀតណាម បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលពួកគេបារម្ភថា អាចនាំឱ្យកម្ពុជាបាត់បង់ទឹកដីទៅឱ្យវៀតណាម។ ក្រោយមកទៀត លោក ហ៊ុន សែន បានជំរុញផែនការចង់ធ្វើច្បាប់នេះម្ដងទៀត បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសបង្កើតចលនាជាតិតស៊ូ ដើម្បីការពារទឹកដីកម្ពុជា និងទាមទារសេរីភាព យុត្តិធម៌ សម្រាប់ពលរដ្ឋខ្មែរ ជាពិសេសគឺ ការទាមទារឱ្យរដ្ឋាភិបាលប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារអធិបតេយ្យរបស់កម្ពុជាលើកោះគជ់។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងយល់ឃើញថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដែលចង់បង្កើតច្បាប់ ដើម្បីដាក់ក្រុមអ្នករិះគន់ជា «ក្រុមភេរវករ» នេះ មិនខុសគ្នានឹងករណី ដែលលោក ហ៊ុន សែន កែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ និងធានាជ័យជម្នះទុកជាមុនជាស្វ័យប្រវត្តិរបស់បក្សកាន់អំណាចនោះទេ។ ពួកគេចោទថា ក្រុមលោក ហ៊ុន សែន ទៅវិញទេ គឺជាក្រុមភេរវករ ព្រោះបានប្រើប្រាស់ប្រព័ន្ធដឹកនាំរដ្ឋ និងតុលាការធ្វើជាអាវុធ ដើម្បីកម្ចាត់ក្រុមអ្នករិះគន់។ ពួកគាត់ជំរុញឱ្យលោក ហ៊ុន សែន បញ្ឈប់ការយកពលរដ្ឋខ្មែរគ្នាឯងជាសត្រូវ ហើយងាកមកបង្រួបបង្រួមជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។