លោក ហ៊ុន សែន ប្រកាស​​បញ្ចប់​ការ​ចូលរួម​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា CLV-DTA ហើយ

ដោយ យ៉ង ចាន់តារា
2024.09.20
លោក ហ៊ុន សែន ប្រកាស​​បញ្ចប់​ការ​ចូលរួម​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា CLV-DTA ហើយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធានគណបក្សប្រជាជន​កម្ពុជា។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន/2024-08-30

មេដឹកនាំ​កំពូល​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​សម្រេច​បញ្ចប់​ការ​ចូលរួម​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា CLV-DTA ហើយ។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី២០ កញ្ញា​នេះ។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជំនួស​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថា កម្ពុជា​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ចាប់​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​រួច​ហើយ។

លោក ហ៊ុន សែន អះអាង​ថា ការ​សម្រេចចិត្ត​នេះ ផ្អែក​ទៅលើ​កង្វល់​របស់​ពលរដ្ឋ​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ។ ប៉ុន្តែ​ លោក​នៅតែ​បន្ត​ចោទ​ប្រកាន់​ពលរដ្ឋ​ ដែល​ប្រឆាំង​នឹង​គម្រោង CLV នេះ​ថា ជា​ក្រុម​ជ្រុលនិយម ហើយ​លោក​អះអាង​ថា ពួកគេ​នឹង​លែង​មាន​លទ្ធភាព​ប្រើប្រាស់​រឿង CLV នេះ ដើម្បី​និយាយ​ប្រាប់​ពលរដ្ឋ​តទៅទៀត។ លោក ហ៊ុន សែន សង្កត់ធ្ងន់​ថា ជោគជ័យ​របស់​បក្ស​ប្រជាជន​កម្ពុជា ស្ថិត​លើ​រដ្ឋាភិបាល​ចេះ​ដោះស្រាយ​កង្វល់​ពលរដ្ឋ និង​ចេះ​ដក​អាវុធ​ចេញ​ពី​ដៃ​សត្រូវ។

ការ​សម្រេចចិត្ត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នេះ កើតមាន​ឡើង​ក្រោយ​ពី​មាន​ពលរដ្ឋ​ជាច្រើន​បាន​បញ្ចេញ​មតិ​មិន​គាំទ្រ​គម្រោង CLV។ ជាមួយគ្នា​នេះ ពលរដ្ឋ​ខ្មែរ​នៅ​តាម​ប្រទេស​ជាច្រើន ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​សហរដ្ឋអាមេរិក ជាដើម បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​គម្រោង CLV នេះ ជាពិសេស​ មហា​បាតុកម្ម​នៅ​កូរ៉េខាងត្បូង​ចំនួន​ពីរ​លើក ដែល​មាន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់។

ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស សុខេម សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV។ ប៉ុន្តែ​ លោក​ថា លោក ហ៊ុន សែន ត្រូវ​ដោះលែង​អ្នក​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​បញ្ចេញ​មតិ​រឿង CLV ហើយនិង​ត្រួតពិនិត្យ​មើល​ឡើងវិញ​នូវ​គម្រោង ឬ​កិច្ច​សន្យា​នានា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្ត​ភាគ​ឥសាន នោះ​ទើប​បង្ហាញ​ថា លោក​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នេះ​ពិត​ប្រាកដ។

លោក ស សុខេម៖ «លោក ហ៊ុន សែន យើង​ចង់​ដឹង​ថា គាត់​ធ្វើ​នេះ​ដោយ​ឆន្ទៈ​ពិតប្រាកដ ឬ​អត់ យើង​អាច​មើល​ថា តើ​គាត់​បោះជំហាន​ទៅ​មុខ​ដល់​ចំណុច​សើរើ​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ដែរ ឬ​ទេ? បើ​អត់​ទេ គឺ​គាត់​មុខ​តែ​មិន​ទាន់​ស្មោះត្រង់​ទេ គាត់​ធ្វើ​ដើម្បី​បន្លប់​ចិត្ត​ប្រជាពលរដ្ឋ ឬក៏​មាន​គម្រោង​អ្វី​ផ្សេង»

ជុំវិញ​រឿង​នេះ​ដែរ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ថា ការប្រកាស​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV  នៅពេល​នេះ ទំនងជា​លោក ហ៊ុន សែន ខ្លាច​ចរន្ត​ប្រឆាំង​នឹង​គម្រោង CLV រីក​ធំ​ឡើង ដែល​គំរាមកំហែង​ដល់​អំណាច​ក្រុម​គ្រួសារ​របស់​លោក មិនមែន​ជា​ការ​ចេះ​ដោះស្រាយ​កង្វល់​ពលរដ្ឋ​នោះ​ទេ។

លោក គឹម សុខ៖ «លោក ហ៊ុន សែន ខ្លាច​មហាជន ប្រជាពលរដ្ឋ​តវ៉ា​ឱ្យ​ក្រុម​គ្រួសារ​ហ៊ុន​ចុះចេញ​ពី​អំណាច ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​រឹតក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។ បើ​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​ចេះ​ស្ដាប់​កង្វល់ និង​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​មែន ពេលនេះ​លោក ហ៊ុន សែន ប្រកាស​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ហើយ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្វល់​ខ្លាំង​ណាស់។ សព្វថ្ងៃ អត់​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​មិន​បាន​សុខ​នោះ​ទេ ហើយ​ទឹកដី​ជាតិ​កម្ពុជា​ក៏​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ដែរ»

ថ្វីបើ​បាន​ប្រកាស​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV ក្ដី លោក ហ៊ុន សែន បាន​និយាយ​ថា លោក​នឹង​មិន​ដោះលែង​អ្នក ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។ ក្នុង​សារ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ប្រើ​ហ្វេសប៊ុក​ ដែល​សុំ​ឱ្យ​លោក​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ លោក ហ៊ុន សែន បាន​ចោទ​ថា ពួកគេ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​ការ​ផ្ដួល​រំលំ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រោម​លេស CLV

អង្គការ​លីកាដូ​រក​ឃើញ​ថា មាន​មនុស្ស​យ៉ាងតិច ១០០នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ជាង ៦០នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​នឹង​រឿង CLV នេះ។ អ្នក​ជាប់​ឃុំ​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី ១៦ឆ្នាំ ដល់ ៧០ឆ្នាំ ហើយ​ពួកគេ​ភាគច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់។

ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​អះអាង​ថា ទោះជា​លោក ហ៊ុន សែន ប្រកាស​ដក​កម្ពុជា​ចេញ​ពី CLV ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​គម្រោង​ធ្វើ​បាតុកម្ម ឬ​សកម្មភាព​នានា ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដដែល ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងឡាយ ព្រមទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។