សារ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្ទេច​​អ្នក​រិះគន់ «ជា​ភស្តុតាង​អាច​ប្តឹង​ទៅ​តុលាការ ICC»

ដោយ សេក បណ្ឌិត
2024.09.29
សារ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្ទេច​​អ្នក​រិះគន់ «ជា​ភស្តុតាង​អាច​ប្តឹង​ទៅ​តុលាការ ICC» ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និង​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំ​នៅទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៥ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​បញ្ចេញមតិ​រិះគន់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ជា​ឪ​នាយករដ្ឋមន្ត្រី ដែល​នៅតែ​បន្ត​បញ្ចេញ​សារ បែប​ហិង្សា​និយម​ទាំង​ផ្លូវ​សម្ងាត់ និង​ជា​ចំហ​ក៏​មាន ឲ្យ​កំចាត់ ឬ​កម្ទេច នូវ​ក្រុម​ពលរដ្ឋ យុវជន និង​ក្រុម​អ្នកនយោបាយ​ជំទាស់​ទាំង​ក្នុង និង​ក្រៅប្រទេស ទោះបីជា​លោក​អស់​តួនាទី​ជា​នាយក​រដ្ឋ​មន្តី​ហើយក៏​ដោយ។

ពួកគេ​យល់​ឃើញ​ថា សារ​សំឡេង​របស់​លោក ហ៊ុន សែន ទាំងនោះ អាច​ជា​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​ការ​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​តុលាការអន្តរជាតិ​មួយ​នេះ​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​លើ​លោក ហ៊ុន សែន។

ក្រោយ​ពី​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ទៅ​ឲ្យ​កូន លោក ហ៊ុន សែន មិន​បាន​បន្ធូរដៃ ក្នុង ការ​គំរាមកំហែង និង​ប្រើ​នូវ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត តាម​កំចាត់ កម្ទេច ដល់​ឫសគល់ នៃ​ក្រុម​អ្នក​នយោបាយ​ជំទាស់ បើ​ទោះ​បី​ជា​ក្រុម​នេះ​ភៀសខ្លួន​ចេញ​ក្រៅប្រទេស ហើយ​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ការពារ​ដោយ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ក៏ដោយ។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ ដែល​ដាក់​ឈ្មោះថា ឈិន រ៉ាជូ (Chin Rachou) បាន​បញ្ចេញ​ទស្សនៈ ជុំវិញ​បញ្ហា​នេះ​ថា​៖ «មួយថ្ងៃ​ទៅ​មួយថ្ងៃ​អត់​គិត​ជួយ​ជាតិ​ទេ គិតតែ​ពី​សម្លាប់​ជាតិ​សាសន៍​របស់​ខ្លួន អា​ចង្រៃ​ប្រចាំ​ត្រកូល​.

ការ​បញ្ចេញមតិ​បែបនេះ លោក​មិនបាន​បង្ហាញ​ចំ​ឈ្មោះ​អ្នកណា​ទេ តែ​គាត់​ទំនងជា​ចង់​ឌឺដង​ឲ្យ​លោក ហ៊ុន សែន។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេងទៀត ដាក់​ឈ្មោះ​ថា ឆាយ ឆរីសា (Chhay Chorisa) គាត់​បាន​សរសេរ​បញ្ចេញ​មតិ​ហាក់​ឆ្លើយឆ្លង​នឹង​រឿង​សារ​គំរាម​របស់ លោក ហ៊ុន សែន នេះ​ដែរ​ថា​៖ «ខ្មែរ​ដែល​បក្ស​កាន់អំណាច តាម​ចាប់ តាម​ធ្វើបាប ចងកម្ម​ចង​ពារ សុទ្ធ​តែ​ជា​មនុស្ស​ល្អ​....!! ​ហ៊ាន​លះបង់ កម្លាំងកាយ​ចិត្ត ថវិកា ប្ដូរ​ទាំង​ជីវិត ដើម្បី​ប្រទេស​ជាតិ នឹង​ឲ្យ​មាន​យុត្តិធម៌ ក្នុង​សង្គម​ខ្មែរ អ្នក​នៅ​ក្នុង​cpp ​បើ​អ្នក​មិនមែន​ជា​វៀតណាម​ទេ (យួន) ពិតជា​យល់។

ការ​បញ្ចេញ​មតិ​ទាំងនេះ បន្ទាប់ពី​អាស៊ីសេរី​ ទទួល​បាន​សារ​សំឡេង​បែកធ្លាយ​នៅ​ថ្ងៃទី​២៤ កញ្ញា​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ពិសេស​របស់​ខ្លួន តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​មួយ​រួប​ ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​យក​មក​កម្ពុជា​វិញ​ ​ឱ្យ​ខាង​តែ​បាន ទោះជា​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវ​ចាប់​មក​ទាំង​រស់​ ​ឬ​ស្លាប់​ក៏ដោយ។

ទោះ​យ៉ាងណា​ក្តី មកដល់​ម៉ោង​ផ្សាយ​នេះ គេ​មិន​ទាន់​ឃើញ លោក ហ៊ុន សែន ចេញមុខ​មក​បកស្រាយ​ជា​សាធារណៈ​ជុំវិញ​រឿង​សារ​សំឡេង​គំរាមកំហែង ដែល​បែកធ្លាយ​ចុងក្រោយ​នេះ​ថា​យ៉ាងណា​នៅឡើយ​ទេ។ រដ្ឋាភិបាល និង​បក្ស​ប្រជាជន​ក៏​មិនទាន់​ឆ្លើយតប​រឿង​នេះ​ដែរ។

ទោះ​យ៉ាងណា ករណី​បែប​នេះ មិនមែន​ជា​លើក​ទី​១​ទេ ដែល​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ ​បញ្ជូន​ក្រុមការងារ​សម្ងាត់​របស់​ខ្លួន ទៅ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ឬ​អ្នក​រិះគន់​ ​បញ្ជូន​ទៅ​កម្ពុជា​វិញ។ មនុស្ស​ដែល​ត្រូវ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់ខ្លួន​កន្លងមក​  ​ពី​ប្រទេស​ថៃ​បញ្ជូន​ទៅ​កម្ពុជា​វិញ រួមមាន អ្នកស្រី សម សុខា ដែល​យក​ស្បែក​ជើង​គប់​លើ​ផ្ទាំង​រូបថត​របស់​លោក និង​មនុស្ស​ពីរ​នាក់​ទៀត គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​ក្រញូង​ព្រៃឡង់​ជាដើម។

ជុំវិញ​រឿង​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក ដែល​ដាក់ ឈ្មោះថា វិថី​ជីវិត​​បាន​បញ្ចេញ​ទស្សនៈ​ថា «​បើជា​មួយ​ខ្មែរ​គ្នាឯង​អ៊ីចឹង សាហាវ​ឃោរឃៅ ងាប់​រស់​ណាស់ តែបើ​ជាមួយ​វៀតណាម​វិញ (យួន​វិញ​) មិន​ហ៊ាន​ទេ ខ្លាច​គេ​ឡើង​រួញ​...»

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេងទៀត ដាក់ឈ្មោះ ថា ឃឹម សំអឿន គាត់​បាន​ពោល​យ៉ាង​ខ្លី​បែប​កម្មផល​ទៅវិញ​ថា​៖ «សាង​បាបកម្ម​ធ្ងន់​ណាស់​សែន​អើយ​...»

រីឯ​នៅ​លើ​បណ្ដាញ​សង្គម យូធូប (Youtube) ​ឯណោះ​វិញ​!!

ម្ចាស់​គណនី​មួយ ឈ្មោះថា តា សាញ់ (tarsanh) បាន​ពោល​ចំអក​ដោយ​មិន​ចំ​ឈ្មោះ​ថា​៖ «​ចុះ​ចេញពី​តំណែង​ហើយ​នៅ​តាម​ធ្វើទុក្ខ​គេ​ទៀត​...​តា​នេះ​...! ​អាក្រក់​ណាស់​...»

ចំណែក ម្ចាស់​គណនី​យូធូប មួយទៀត ឈ្មោះថា ចៃ កំសាន្ត គាត់​បាន​សរសេរ​ថា​៖ «ខ្លាំង​មែន នៅ​ក្រៅ​ស្រុក​ហើយ នៅ​មាន​លទ្ធភាព​ចាប់​មនុស្ស​បាន​ទៀត សិស្ស​ពូទីន ថ្លើម​មិន​ចាញ់​ពូទីន​ទេ​...»

​ដោយឡែក​ម្ចាស់​គណនី​យូធូប ដែល​ដាក់​ឈ្មោះ​ថា វីស៊ីជីជី (vcgg6498) ​គាំទ្រ​ឲ្យ​រួមគ្នា​ប្រមូល​ឯកសារ​ដាក់​ពាក្យ​ប្តឹង លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)

ម្ចាស់​គណនី​យូធូប​រូប​នេះ បាន​សរសេរ​ថា​៖ «មាន​សារ​សំឡេង​ជា​ភស្តុតាង​អ៊ីចឹង​ហើយ គួរតែ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឱ្យ​ចុះ​អន្តរាគមន៍​ចាប់​ជន​គំរាមកំហែង»

ដោយឡែក​ម្ចាស់​គណនី​យូធូប មួយទៀត ឈ្មោះថា បួយ ទីណា (BouyTyna) គាត់​បាន​សរសេរ​ចំអក​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដោយ​ដាក់​ជា​សំណួរ​ថា​៖ «ម្លប់​សន្តិភាព​យ៉ាងម៉េច​? បើ​ថ្នាក់ដឹកនាំ​និង​ប្រជាជន​ភ័យខ្លាច​រាល់​តែ​ថ្ងៃ​យ៉ាងហ្នឹង​...»?

ដោយឡែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត​ក៏​បាន​បញ្ចេញមតិ យល់ឃើញ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ដោយ​ខ្លះ បន់ស្រន់ សូម​ឲ្យ​លោក ផន ផាន់ណា និង​ក្រុម​គ្រួសារ មាន​សេចក្តី​សុខ​បាន​រួច​ផុត​ពី​គ្រោះ រួច​ផុត​ពី​ទុក្ខព្រួយ​ដែល​តិរច្ឆាន​តាម​ប្រមាញ់​យ៉ាង​ដូច្នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។