លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​អាមេរិក​​យក​​ស្បែក​ជើង​គប់​​​​លើ​លោក​នៅ​​សហរដ្ឋអាមេរិក

ដោយ យន់ សាមៀន
2022.05.17
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​អាមេរិក​​យក​​ស្បែក​ជើង​គប់​​​​លើ​លោក​នៅ​​សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក SMP

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចាត់​ទុក​ការគប់​​​​ស្បែក​​​ជើង​​​​លើ​រូប​លោក​អំឡុង​ពេល​​​ជួប​​​អ្នក​​​គាំទ្រ​​​នៅ​​​សហរដ្ឋ​​អាមេរិក​ ថា​​ជា​អំពើ​ហិង្សា​ប៉ុន​ប៉ង​គិត​ទុក​ជាមុន។ លោក​ប្រកាស​មិន​យក​ទោសពៃ​ចំពោះ​អ្នក​គប់​នោះ​ទេ ប៉ុន្តែ​លោក​ព្រមានទុក​ជាមុន​ថា​ បើ​សិន​អាមេរិក​ចាត់​ទុក​ទង្វើ​របស់​លោក អ៊ុក ទូច ជា​សិទ្ធិ​បញ្ចេញ​មតិ នោះ​អ្នក​គាំទ្រ​របស់​លោក​នឹង​យក​ស្បែក​ជើង​គប់​ក្រុម​គណបក្ស​ប្រឆាំង និង​បក្ខពួក​ដែរ។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថា​បើ​ពលរដ្ឋ​ខ្មែរ​​​អាមេរិក​កាំង​​​ គឺ​លោក អ៊ុក ទូច ដែល​​បាន​​​យក​​​ស្បែក​​​ជើង​​​គប់​ក្បាល​លោក ​ត្រូវ​សហរដ្ឋ​អាមេរិក​បញ្ជូន​មក​កម្ពុជានោះលោក អ៊ុក ទូច ពិត​ជា​មិន​រួច​ខ្លួន​ឡើយ។

ប៉ុន្តែ​លោក ហ៊ុន សែន  អះអាង​ថា​ រដ្ឋា​ភិបាល​របស់​លោក​មិន​បាន​ធ្វើ​​កំណត់​​ទូត ឬ​ទាមទារ​ឱ្យ​អាមេរិក​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​គប់​ស្បែក​ជើង​នោះ​ទេ តែ​ចំណាត់ការ​យ៉ាង​ណា គឺ​អាស្រ័យ​លើ​ច្បាប់​របស់​អាមេរិក។ ទន្ទឹម​នឹង​នេះ លោក​បញ្ជាក់ថា បញ្ហា​នេះមិន​មែន​ជា​រឿង​តូច​តាច​សម្រាប់​លោក​និង​អ្នក​គាំទ្រ​​ទេ ដូច្នេះ​លោកស្នើ​ឱ្យ​រដ្ឋា​ភិបាល​អាមេរិក​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់។ ម្យ៉ាង​វិញ​ទៀត ​លោក ហ៊ុន សែន ព្រមាន​ទុក​ជា​មុន​ថា បើ​សិន​អាមេរិក​ចាត់​ទុក​ករណី​នេះ គឺ​ជា​សិទ្ធិបញ្ចេញ​មតិ នោះ​ខាង​លោក​មិន​ធានា​អំពី​សុវត្ថិភាព​របស់​មេដឹក​នាំ​គណ​បក្សប្រឆាំង និង​​បក្ខ​ពួក​ឡើយ ហើយ​ពួកគេ​ត្រៀម​ត្រូវ​ក្បាល​នឹង​ស្បែង​ជើង​ពី​កំហឹងឈឺចាប់​របស់​អ្នក​គាំទ្រ​រដ្ឋា​ភិបាល​វិញ៖ «បើ​អាមេរិក​ចាត់​ទុក​ការ​យកស្បែក​ជើង​គប់​ក្បាល​គេ​ ជា​សិទ្ធិបញ្ចេញ​មតិ​ ករណី​នេះ វា​នឹង​រាល​ដាល​ទៅ​ប្រទេស​ដទៃ ហើយ​ក៏​មាន​នៅ​កម្ពុជាដែរ។ សូម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​ ប្រយ័ត្ន​ប្រយែង​ការ​ធ្វើ​អត្ថា​ធិប្បាយ​ខុស ព្រោះ​នៅ​ប្រទេស​កម្ពុជា​កំពុង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ត្រៀម​នឹង​ផ្ទុះ​ទេ។ ប៉ុន្តែ​ ឥឡូវ​អ្វីដែល​ខ្ញុំ​កំពុង​ព្រួយ​គឺ​ សុវត្ថិភាព​មេ​ដឹកនាំ​ប្រឆាំង និយាយ​ឱ្យ​ច្បាស់​អ៊ីចឹង​ហ្មង បើ​នៅឯ​នោះ​ចាត់​ទុក​អានេះ​ជា​សេរី​ភាព​បញ្ចេញ​មតិ ចឹង​នៅ​នេះ​ក៏​អាច​គប់​ក្បាល​មេដឹកនាំ​ប្រឆាំង​នៅ​ស្រុក​ខ្មែរ​បាន​ដែរ»

ប្រតិកម្ម​របស់​លោក ហ៊ុន សែន កើត​​មាន​​ក្រោយ​​ពី​​ពលរដ្ឋ​​ខ្មែរ​​​អាមេរិក​កាំង​​​ម្នាក់​បាន​​យ​ក​ស្បែក​​ជើង​​​គប់​​តម្រង់​​​ទៅ​​​លើ​​​លោក​​នា​យក​រដ្ឋ​​មន្ត្រី​ ​​ហ៊ុន សែន ​ក្នុង​​​ពេល​​ដែល​​​លោក​​កំពុង​​​​​​ថត​​រូប​​ជា​​​មួយ​​​អ្នក​​គាំទ្រ​​​​លោក​នៅ​​​មុន​​​ពេល​​​កិច្ច​​​ប្រជុំ​​​កំពូល​ពិសេស​​​អាស៊ាន-អាមេរិក​​​ នៅ​​​រដ្ឋ​ធានី​​វ៉ាស៊ីន​​តោន​កាល​ពី​សប្តាហ៍​មុន។ លោក អ៊ុក ទូច អះអាង​​​ថា មូល​ហេតុ​​​ដែល​លោក​យក​ស្បែក​ជើង​គប់​ក្បាល​​លោក ហ៊ុន សែន​ គឺ​​​​ដោយ​​​សារ​​​លោក​​​ខឹង​​​​នឹង​​​លោក ហ៊ុន សែន ​សម្លាប់​​លទ្ធិ​​ប្រជា​​ធិប​​តេយ្យ និង​​ធ្វើ​ទុក្ខ​​បុក​​ម្នេញ ​​ពលរដ្ឋ​​ខ្មែរ​​​ជា​​​ច្រើន​​​នាក់ ​ដែល​​មិន​​គាំទ្រ​​លោក អំឡុង​​​ពេល​​​​លោក​​​ដឹក​​​នាំ​​​ប្រទេស​។

ទាក់​ទង​រឿង​នេះ អ្នក​​ជំនាញ​​ច្បាប់ និង​​វិទ្យា​​សាស្រ្ត​​នយោ​​បាយ​​អន្តរ​​ជាតិ​​កញ្ញា សេង ធារី សង្កេត​ឃើញ​ថា មូល​ហេតុ​នៃ​ការ​គប់​ស្បែក​ជើង​កើត​ចេញ​ពី​ការ​ឈឺចាប់ និង​អំពើ​អយុត្តិធម៌ ហើយ​កញ្ញា​ចាត់​ទុក​ករណី​បែប​មិន​ធំដុំ​នោះ​ទេ បើ​ធៀបនឹង​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ទទួល​រង​គ្រោះ​ក្រោម​ការ​ដឹក​នាំ​រដ្ឋា​ភិបាល។ កញ្ញា​យល់​​ថា ដើម្បី​កុំ​ឱ្យ​​​បញ្ហា​ទាំង​នេះ​​​​កើត​​ឡើង​បន្ត​ទៀត ​រដ្ឋា​ភិបាល​គួរ​​​ដោះ​​ស្រាយបញ្ហា​ក្នុង​សង្គម​ឱ្យ​មាន​ប្រសិទ្ធិ​ភាព៖ «ការ​ខឹង​របស់​បុគ្គល​ម្នាក់ ​តែ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន ដែល​ខឹង​លោក ហ៊ុន សែន ចេះ​តែ​បៀត​បៀន​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​របស់​ខ្លួន អាហ្នឹង​ជា​ការឆ្លុះ​ពី​បញ្ហា​​គប់​ស្បែក​ជើង ខុស​ឬ​ត្រូវ​ផ្នែក​ច្បាប់​វា​ស៊ី​សង​តាម​ការជំរុញ​ពី​របប​ផ្តាច់​ការ​នេះ​ទៅ​សហរដ្ឋ​អា​មេរិក»

​ចំណែកអ្នក​​វិភាគ​​នយោ​​បាយ​​ដែល​​កំពុង​​ភៀស​​ខ្លួន​នៅ​​ប្រទេស​ហ្វាំង​ឡង់ (Finland) លោក គឹម សុខ សោក​ស្តាយ​ចំពោះ​លោក ហ៊ុន សែន ដែល​ញុះ​ញង់ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្អប់​គ្នា ជាពិសេស​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទូត​រវាង​អាមេរិក​និងកម្ពុជា។ លោក គឹម សុខ ថា​ ការ​គប់​ស្បែក​ជើង​ធ្វើ​ឲ្យលោក ហ៊ុន សែន ខក​ចិត្តដោយ​សារ​តែ​លោក​មិន​អាច​បំភាន់​ភ្នែក​ប្រជា​​ពលរដ្ឋ ពី​ប្រជា​ប្រិយ​ភាព​លោក៖ «រឿង​​លោក អ៊ុក ទូច គ្រាន់​តែ​បង្ហាញ​ការ​មិន​សប្បាយ​ចិត្តចំពោះ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន ទៅ​យក​រឿងហ្នឹង​ពង្រីក​ឱ្យ​សាយ​ភាយ​ថា​ប្រយ័ត្ន​មេដឹក​នាំ​គណបក្ស​ប្រឆាំង អ្នក​ប្រកួត​ប្រជែងជា​មួយ​គាត់​ស៊ី​ក្បាល​មួយ​ស្បែក​ជើង​ដែរ លោក ហ៊ុន សែន ថា​គ្រាន់​តែ​វិភាគ​ទេ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ពាក្យ​សម្តី​ចេញ​ពី​ក្រុម​នេះ​មិន​មែន​ជា​​ការ​វិភាគ​ទេ គឺ​ជាការ​ញោះញង់​បញ្ហា​ឱ្យ​កើត​ឡើង ហើយ​រឿង​ទាំង​អស់​ហ្នឹង​អាច​កើត​ឡើង​មែន ពី​ព្រោះ​លោក ហ៊ុន សែន មាន​ឥទ្ធិពល​ក្នុង​ការ​ប្រតិ​បត្តិ គ្រប់​គ្រង បញ្ហា​ទាំង​អស់នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក អ៊ុក ទូច មិន​ត្រូវ​បាន​ប៉ូលិស សហរដ្ឋ​អាមេរិក​ចាប់​ខ្លួននោះ​ទេ ក្រោយលោក​យក​ស្បែក​ជើង​គប់​ខុស​ក្បាល​លោក ហ៊ុ​ន​ សែន។ ប៉ូលិស​សុំ​ឲ្យ​លោក ចាកចេញ​ពី​ទីក​ន្លែង​ដែល​លោក ហ៊ុន សែន​ កំពុង​ជួប​អ្នក​​គាំទ្រ​តែ​ប៉ុណ្ណោះ។ ក្រោយការ​គប់​ស្បែក​ជើងនោះ លោក អ៊ុក ទូច​ បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន បន្ត​ទៀត ហើយ​បច្ចុប្បន្ន​លោក​នៅ​មាន​សេរីភាព​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល