លោក ហ៊ុន សែន ប្រតិកម្ម​នឹង​មតិ​រិះគន់​គ្រួសារ​លោក​ថា ដឹក​នាំ​ប្រទេស​ត​ពូជ​ដូច​កូរ៉េ​ខាងជើង

ដោយ យន់ សាមៀន
2022.10.01
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ប្រតិកម្ម​នឹង​មតិ​រិះគន់​គ្រួសារ​លោក​ថា ដឹក​នាំ​ប្រទេស​ត​ពូជ​ដូច​កូរ៉េ​ខាងជើង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​នៅ​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​មតិ​រិះគន់​ក្រុម​គ្រួសារ​របស់​លោក​ទាក់​ទង​ការ​ស្នង​ដំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត និង​ការ​នាំ​ចៅស្រី​ទៅ​ចូលរួម​មហា​សន្និបាត​នៅ​អង្គការសហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​អះអាង​ថា រឿង​ទាំងនេះ​មិន​បង្ហាញថា​គ្រួសារ​របស់​លោក​ដឹកនាំ​ប្រទេស​ផ្ដាច់ការ​ត​វង្ស​ត្រកូល​ដូច​ប្រទេស​កូរ៉េខាងជើង​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផ្ដាច់ការ និង​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១ ខែ​តុលា បាន​ថ្លែង​សារ​ឌឺ​ង​ដង​ឱ្យ​មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​រិះគន់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ថា​ទោះបី​លោក​មិន​បាន​ធ្វើ​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ​បន្ត​ទៀត​ក៏ដោយ ក៏​លោក​នៅតែ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ផ្តល់​មតិយោបល់​ដដែល​។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ហាក់​ខឹង​សម្បារ​ចំពោះ​អ្នក​រិះគន់​លោក​រឿង​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត និង​រឿង​លោក​នាំ​ចៅស្រី​ពីរ​នាក់​ចូល​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ជាដើម​។ លោក អះអាង​ថា ការ​ធ្វើ​បែប​នោះ​មិនមែន​ជា​ការ​ដឹកនាំ​ប្រទេស​ត​ពូជ​ដូច​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​ទេ ព្រោះ​នៅ​កម្ពុជា​អាស្រ័យ​លើ​ពលរដ្ឋ​ខ្មែរ​ជា​អ្នកបោះឆ្នោត​ឱ្យ​បន្ត​ដឹង​នាំ​ប្រទេស ឬ​មិន​ឱ្យ​ដឹក​នាំ​ប្រទេស​តែប៉ុណ្ណោះ​។ ទោះបី​យ៉ាង​កន្លង​ការបោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​បាន​មតិ​ជាតិ​និង​អន្តរជាតិ​រិះគន់​ថា ធ្វើឡើង​ដោយ​គ្មាន​យុត្តិធម៌​និង​សេរី ហើយ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ក៏​ត្រូវ​លោក ហ៊ុន សែន រំលាយ​ចោល​ដើម្បី​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ឈ្នះ​ឆ្នោត​ទៅ​ថ្ងៃ​មុខ។ «»

លោក ហ៊ុន សែន យល់​ថា ការ​វាយប្រហារ​របស់​គណបក្សប្រឆាំង​កន្លង​មក​លើ​លោក ហ៊ុន ម៉ាណែត បាន​បង្រៀន​ឱ្យ​កូនប្រុស​ច្បង​របស់​លោក​ចេះ​វិធីសាស្ត្រ​ការពារ​ខ្លួន និង​វាយបក​ត្រឡប់​ទៅវិញ។

ទោះ​បី​យ៉ាងណា អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា មហិច្ឆតា​ផ្ទេរអំណាច​ត​ពូជពង្ស​របស់​លោក ហ៊ុន សែន ឱ្យទៅ​កូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផ្ដាច់ការ ទោះបី​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ក៏ដោយ តែ​ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ដែរ​។ ចំណែក លោក ហ៊ុន សែន ដឹក​ដៃ​ចៅស្រី​ពីរ​នាក់​មក​ចូល​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​កាលពី​ថ្មីៗ​នេះ​វិញ ពួកគេ​យល់ថា​បាន​ប៉ះពាល់​កិត្តិយស​របស់​ស្ថាប័ន​ជាតិ។

អតីត​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ំ សំអាន ថា លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តាមរយៈ​ការ​បង្ក្រាប​បក្ស​ប្រឆាំង រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​។ លោក​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ក្លាយជា​កម្ម​សិទ្ធ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ «»

ស្រដៀង​គ្នា​នេះ ដែរ អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ មាន​ប្រសាសន៍​ថា សារ​របស់​លោក ហ៊ុន សែន ពេលនេះ​បង្ហាញ​ច្បាស់​ថា លោក ហ៊ុន ម៉ាណែត ពុំ​មាន​សមត្ថភាព​ដឹកនាំ​នយោបាយ​ជាតិ ហើយ​លោក​យល់​ថា ការរៀបចំ​ផ្ទេរ​អំណាច​ផ្ដាច់ការ​បែបនេះ​មិន​ខុសពី​ការដឹកនាំ​ប្រទេស​ត​វង្ស​ត្រកូល​ដូច​កូរ៉េខាងជើង​នោះ​ទេ​។ លោក​មើលឃើញ​ថា ប្រសិនបើ​គ្មាន​ការ​ទំនុកបម្រុង និង​ត្រួស​ត្រាយផ្លូវ​ជាមុន​របស់​ឪពុក​ទេ លោក ហ៊ុន ម៉ាណែត ពុំ​អាច​ឈាន​ទៅ​ក្លាយជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​បាន​ឡើយ។

ទោះបី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ត្រកូល​ហ៊ុន មិន​ដឹកនាំ​ប្រទេស​បែប​ផ្តាច់កា​រត​ពូជ​ក៏ដោយ ប៉ុន្តែ​លោក​ធ្លាប់​ថា លោក​នឹង​ក្លាយជា ឪពុក​នាយករដ្ឋមន្ត្រី និង​តា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​។ អ្នកឃ្លាំមើល​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ រួមមាន​បង្ក្រាប​សំឡេង​ប្រឆាំង និង​ការ​កែ​រដ្ឋធម្មនុញ្ញ​ជាដើម​កន្លង​មក​នេះ គឺជា​មធ្យោបាយ​ពង្រឹង​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដោយសារ​លោក ហ៊ុន សែន មិន​ទុកចិត្ត​ផ្ទៃក្នុង និង​មានការ​បែកបាក់​ផ្ទៃក្នុង​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។