លោក ហ៊ុន សែន ថា មានអ្នកប៉ុនប៉ងសម្លាប់លោក ដោយប្រើយន្តហោះដ្រូន ខណៈបក្សប្រឆាំងថា ជារឿងប្រឌិត
2025.02.11

អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា កាលពីពេលថ្មីៗ នេះ មានអ្នករៀបចំផែនការសម្លាប់លោក ដោយប្រើយន្តហោះដ្រូន (Drone) វាយប្រហារចូលភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែ ត្រូវបានលោកដឹងមុន។ មន្ត្រីគណបក្សសង្គ្រោះជាតិថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺជារឿងប្រឌិត ដើម្បីយកលេសដាក់បន្ទុកលើបក្សប្រឆាំង ក្នុងការត្រៀមបង្កើតច្បាប់ថ្មីដាក់មនុស្សមួយក្រុមជាក្រុមភេរវករ។
មន្ត្រីបក្សប្រឆាំងលើកឡើងថា នេះពុំមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន បានប្រឌិតរឿង ពាក់ព័ន្ធអ្នកដែលចង់ធ្វើឃាតលោក ដើម្បីឆ្លៀតឱកាសវាយប្រហារមកលើមន្ត្រីបក្សប្រឆាំង។ ពួកគាត់ថា បច្ចុប្បន្ន លោក ហ៊ុន សែន មានក្រុមសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹង ហើយ គ្មានពលរដ្ឋ ឬអ្នកនយោបាយណាហ៊ានទៅធ្វើរឿងបែបនោះទេ ប្រសិនបើមានមែន ម្ល៉េះលោក ហ៊ុន សែន ចាប់អ្នកទាំងនោះមកផ្ដន្ទាទោស ចំពោះមុខច្បាប់ជាសាធារណៈហើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកុម្ភៈ ថា ជារឿងហួសចិត្ត ដែលលោក ហ៊ុន សែន ប្រឌិតរឿងថា មានអ្នកប៉ុនប៉ងចង់សម្លាប់លោក ស្របពេលដែលលោកកំពុងតែត្រៀមបង្កើតច្បាប់ ដាក់មនុស្សមួយក្រុមជាក្រុមភេរវករ។ លោកបន្តថា ល្បិចរាក់កំផែលរបស់លោក ហ៊ុន សែន នេះ គ្មានប្រសិទ្ធភាពនោះទេ ព្រោះប្រជាពលរដ្ឋបានដឹងរួចទៅហើយ។ លោកបន្តថា លោក ហ៊ុន សែន កំពុងតែមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដេកខ្លាចស្រមោលខ្លួនឯង រហូតទៅបង្កើតរឿងមិនពិត ដើម្បីជាលេសដាក់បន្ទុកមកលើបក្សប្រឆាំង។
លោក អ៊ុំ សំអាន៖ «នេះជាលេសមួយ ដើម្បីការពារអំណាចផ្ដាច់ការត្រកូល ហ៊ុន ហើយយកលេសហ្នឹង ដើម្បីប្រាប់សហគមន៍អន្តរជាតិថា ប្រជាធិបតេយ្យនៅស្រុកខ្មែរហ្នឹង មិនមែនជាអ្នកប្រជាធិបតេយ្យ ពិតប្រាកដទេ គឺជាក្រុមភេរវករ ដែលត្រូវតែបង្ក្រាប។ សង្គមអន្តរជាតិ កុំមានការគាំទ្របក្សប្រឆាំងនៅកម្ពុជា នឹងជាលេសរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះឯង»។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពេល ដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី១១ ខែកុម្ភៈ។ លោក ហ៊ុន សែន ថា ប៉ុន្មានសប្ដាហ៍នេះ មានអ្នករៀបចំផែនការសម្លាប់លោក ដោយប្រើយន្តហោះដ្រូន ចូលទៅក្នុងភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ប៉ុន្តែ លោកបានដឹងមុន តាមរយៈសារសំឡេងសម្ងាត់ ដែលធ្វើឱ្យផែនការនោះបរាជ័យ។ ទន្ទឹមគ្នានោះ លោកស្នើដល់បរទេសទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការគាំទ្រណាមួយក្នុងសកម្មភាពភេរវកម្មមួយនេះ។
លោក ហ៊ុន សែន៖ «អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ។ នេះជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម។ ក្នុងប៉ុន្មានអាទិត្យនេះ មានផែនការ វាយដ្រូនចូលផ្ទះខ្ញុំ ហើយកុំស្មានថា ពេលដែលអ្នកឯងបញ្ចេញសារមក និង បញ្ជូនព័ត៌មានបែបនេះ ថាខាងណេះមិនដឹងនោះ ហើយចង្អុលបង្ហាញថា បាត់មនុស្ស ខ្លះចេញពីមូលដ្ឋាន គឺវាទាក់ទងផែនការភេរវកម្ម ហើយសូមបរទេសកុំលូកលាន់ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
យ៉ាងណាក្ដី មន្ត្រីបក្សប្រឆាំងលើកឡើងថា ការបង្ហាញអំពីផែនការថា មានអ្នកប៉ងសម្លាប់លោក ហ៊ុន សែន នេះ គឺគ្រាន់តែជាល្បិចស្មោកគ្រោក ដើម្បីយកលេសត្រៀមបង្កើតច្បាប់ដាក់មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស ជាភេរវករប៉ុណ្ណោះ។ លោក អ៊ុំ សំអាន ថា ល្បិចនេះ លោក ហ៊ុន សែន បានប្រើប្រាស់ម្ដងជាពីរដង រួចមកហើយ ជាពិសេស កាលពីឆ្នាំ១៩៩៧ លោក ហ៊ុន សែន ធ្លាប់បានបង្កើតព្រឹត្តិការណ៍ថា មានអ្នកបង្កៃគ្រាប់បែក ប៉ុនប៉ងសម្លាប់លោក នៅខេត្តសៀមរាម ហើយក្រោយមក លោក ហ៊ុន សែន បានយកលេសនេះ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ ចេញពីនាយករដ្ឋមន្ត្រីទី១។
បន្ទាប់មក មានព្រឹត្តិការណ៍មួយទៀត នៅឆ្នាំ១៩៩៨ មានពលរដ្ឋរាប់រយនាក់ ធ្វើបាតុកម្មនៅមុខផ្ទះលោក ហ៊ុន សែន ជាប់រង្វង់មូលវិមានឯករាជ្យ ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ ប៉ុន្តែ ភ្លាមៗ នោះ លោក ហ៊ុន សែន បានរៀបចំឱ្យមានអ្នកលួចបោះគ្រាប់បែកចូលក្នុងផ្ទះរបស់លោក ហើយលោកយកឱកាសនោះ ប្រើកម្លាំងទាហាន ប៉ូលិស បង្ក្រាបក្រុមបាតុករហិង្សា។
លោក អ៊ុំ សំអាន៖ «អាចនឹងធ្វើទុក្ខបុកម្នេញ មន្ត្រីបក្សប្រឆាំង និងចោទពួកគេថា ជាក្រុមភេរវករអ៊ីចឹងទៅ។ កាលណាថា ជាក្រុមភេរវករ ទោសធ្ងន់ធ្ងរណាស់អាចជាប់គុកច្រើនឆ្នាំ ហើយកាន់តែធ្វើទុក្ខបុកម្នេញ បន្ថែមទៀតទៅលើមន្ត្រីបក្សប្រឆាំងរបស់កម្ពុជា»។
ទាក់ទិនរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បើមើលពីទិដ្ឋភាពជាក់ស្ដែង ផែនការប៉ុនប៉ងធ្វើឃាតអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តាមរយៈដ្រូននេះ គឺស្ទើរតែពុំអាចកើតឡើងបានទេ ព្រោះថា ភូមិគ្រឹះរបស់លោក ហ៊ុន សែន មានអ្នកយាមតឹងរ៉ឹង។ បន្ថែមលើនោះ លោកថា ពលរដ្ឋសមញ្ញា ឬមន្ត្រីបក្សប្រឆាំង គឺគ្មានលទ្ធភាពធ្វើរឿងទាំងនោះឡើយ។
លោក ឯម សុវណ្ណារ៉ា៖ «កិច្ចការហ្នឹង វាដូចជា ប្រជាពលរដ្ឋសាមញ្ញ ហាក់គិតដល់ គិតមិនឃើញថា ព្រឹត្តិការណ៍ហ្នឹងកើតមានឡើង។ ប៉ុន្តែ ប្រសិនបើមានព្រឹត្តិការណ៍ហ្នឹង ខាងសន្តិសុខ ខាងអង្គរក្ស គេមានមធ្យោបាយសម្រាប់តាមដានសង្កេតមើល។ ចំពោះពលរដ្ឋសាមញ្ញ ពុំមានលទ្ធភាពធ្វើទេ ហើយខ្ញុំមើលទៅក្នុងក្របខ័ណ្ឌបក្សប្រឆាំង ក៏ពិបាក ពុំមានសមត្ថភាពទៅធ្វើកិច្ចការនោះកើតដែរ»។
អ្នកឃ្លាំមើលលើកឡើងថា កន្លងមកនេះ លោក ហ៊ុន សែន បានព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីធ្វើច្បាប់ ដាក់មនុស្សមួយក្រុមជាភេរវករ ប្រឆាំងនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលកំពុងតែធ្វើចលនាមហាជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីស្ដារប្រជាធិបតេយ្យ និងការពារអធិបតេយ្យកម្ពុជា។ ទន្ទឹមគ្នានោះ នៅថ្ងៃទី៥ ខែធ្នូកន្លងមក លោក ហ៊ុន សែន ក៏បានព្រមានថា នឹងបង្កើតច្បាប់ ដាក់មនុស្សមួយក្រុមជាក្រុមភេរវករ ប្រសិនបើលោក សម រង្ស៊ី ហ៊ានបង្ហាញក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ននៅក្រៅប្រទេស។ ករណីនេះ ហើយដែលមន្ត្រីបក្សប្រឆាំងមើលឃើញថា លោក ហ៊ុន សែន កំពុងតែប្រឌិតរឿងថា មានអ្នកប៉ុនប៉ងសម្លាប់លោក ដែលជាល្បិចកលមួយ ក្នុងចំណោមល្បិចកលជាច្រើនទៀត ដែលលោក ហ៊ុន សែន ព្យាយាមបង្កើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។