លោក ហ៊ុន សែន បន្ត​យក​សន្តិភាព ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​រដូវ​កាល

ដោយ សេក បណ្ឌិត
2022.12.01
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន បន្ត​យក​សន្តិភាព ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​រដូវ​កាល លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​ខួប ១១ឆ្នាំ​ក្នុង​ប្រតិបត្តិការ​​ផលិត​អំពូល​ភ្លើង​របស់​ជប៉ុន ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​ព្រឹក​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០២២។
Photo: RFA

ស្រប​ពេល​ដែល​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាន់​តែ​ខិត​ជិន​ចូល​មក​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​កាន់​តែ​មមាញឹក​ប្រើ​ពាក្យ​សន្តិភាព​ជា​គន្លឹះ ដើម្បី​​​អូសទាញ​ទឹក​ចិត្ត​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែរ។ អ្នក​ឃ្លាំមើល​និង​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​ប្រើ​ពាក្យ​សន្តិភាព​នេះ ជា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​មុន​រដូវ​កាល​ដោយ​ខុស​ច្បាប់។

លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ជិត​មួយ​ម៉ឺន​នាក់​ក្នុង​ពេល​ចូលរួម​អបអរ​ខូប ១១ឆ្នាំ​ក្នុង​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ផលិត​អំពូល​ភ្លើង​របស់​ជប៉ុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែធ្នូ ថា ការ​ដែល​ក្រុមហ៊ុន​មួយ​នេះ​មក​បើក​ដំណើរ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​កម្មករ​រាប់​ពាន់​នាក់​មាន​ការ​ងារ​ធ្វើ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ។ លោក​ហ៊ុន សែន ​បញ្ជាក់​ថា បើ​គ្មាន​សន្តិភាព​ទេ​នោះ​ក្រុម​ហ៊ុន​របស់​ជប៉ុន​មួយ​នេះ​នឹង​មិន​អាច​ឈរ​នៅ​កម្ពុជា​បាន​យូរ​ឡើយ ដូច្នេះ លោក​ត្រូវ​តែ​រក្សា​សន្តិភាព​ឱ្យ​ទាល់​តែ​បាន ដើម្បី​ទាក់ទាញ​ឱ្យ​ក្រុម​ហ៊ុន​ថ្មីៗ មក​វិនិយោគ​ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត៖

«បើ​គ្មាន​សន្តិភាព​ទេ​គ្មាន​ការ​អភិវឌ្ឍ​ដាច់​ខាត​សន្តិភាព​វា​បង្កើត​ឱ្យ​មាន​អ្វី​នៅ​ពី​ខាង​ក្រោយ​វា សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ សិទ្ធិ​ខាង​នយោបាយ​បាន​សិទ្ធិ​នេះ​សិទ្ធិ​នោះ​ រហូត​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត។ គេ​មិន​អាច​ធ្វើ​នៅ​ក្រោម​គ្រាប់​កាំភ្លើង​នោះ​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​នៅ​ក្រោម ស្ថានភាព​អស្ថិរភាព​បាន​ដែរ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ដដែលៗ ថា ត្រូវ​តែ​រក្សា​សន្តិភាព​ឱ្យ​បាន។ ក្នុង​បទ​ពិសោធ​កុំ​ចាំ​បាច់​បាត់​អស់​សន្តិភាព​ហើយ​ទើប​ស្រែក​រក​សន្តិភាព»

ជា​រឿយៗ នៅ​មុន​ពេល​បោះ​ឆ្នោត​ខិត​ជិត​ចូល​មក​ដល់​ម្ដងៗ លោក ហ៊ុន សែន តែងតែ​ឃោសនា​​រក​សំឡេង​ឆ្នោត​នៅ​មុន​រដូវ​កាល​ជា​ប្រចាំ ហើយ​លោក​តែង​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ ដោយ​​ប្រើ​ពាក្យ​ថា ប្រទេស​នឹង​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន នេះ ត្រូវ​បាន​ក្រុម​ប្រឹក្សា​អ្នក​ឃ្លាំមើល​កម្ពុជា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គ្រាន់​តែ​ជា​សារ​នយោបាយ ដើម្បី​ឃោសនា​អូស​ទាញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា កម្ពុជា​គ្មាន​សន្តិភាព​ពេញលេញ​នោះ​ទេ ពីព្រោះ​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយសារ​ពួកគេ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក និង​មួយ​ចំនួន​ទៀត ត្រូវ​បង្ខំ​ចិត្ត​តវ៉ា​ទាំង​ទឹក​ភ្នែក​ដោយសារ​អ្នក​មាន​លុយ​មាន​អំណាច​រំលោភ​យក​ដីធ្លី​របស់​ពួកគេ ។​បន្ថែម​ពី​នេះ​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ ដែល​បាន​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ និង​ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស​ជា​ដើម។ លោក រ៉ុង ឈុន ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន​នេះ​ថា ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​នៅ​មុខ​រដូវ​កាល​បោះ​ឆ្នោត​ដោយ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ៖ «សុំ​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ជូន​ដល់​ជន​រួម​ជាតិ បើ​បោះ​ឆ្នោត​ឱ្យ​តែ​យើង​មើល​ឃើញ​ថា បក្ស​ណា​ដែល​យើង​គិត​ថា ទុក​ចិត្ត​យើង​បោះ​ឱ្យ​អ្នក​នឹង​ទៅ​វា​មិន​មាន​សង្គ្រាម​អី​កើត​ឡើង​ទេ​ ពីព្រោះ​បក្ស​ផ្សេងៗ មាន​អាវុធ មាន​កម្លាំង​ប្រដាប់​អាវុធ​ណា​ វា​អត់​មាន​ទេ។ អីចឹង​វា​គ្មាន​សង្គ្រាម​អ្វី​កើត​ឡើង​ទេ ទោះ​បី​គណបក្ស​ប្រជាជន​បាត់បង់​អំណាច​ទៅ​នឹង​យើង​ក៏​គ្មាន​សង្គ្រាម​អី​កើត​ឡើង​ដែរ​បាទ»

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង អ្នក​រិះគន់​រដ្ឋាភិបាល និង​សហជីព ចំនួន ៥១នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន សម្ដែង​មតិ​រិះគន់​រដ្ឋាភិបាល និង​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន ដោះស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ។

តំណាង​កូដករ​ក្រុម​ហ៊ុន បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ លោក​ស្រី សុខ រតនា ថ្លែង​ថា សន្តិភាព​សព្វ​ថ្ងៃ​នេះ​មាន​តែ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​និង​បក្ស​ពួក​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ​ ចំណែក​ពួក​លោក​ស្រី ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​វិញ គ្មាន​សន្តិភាព​ឡើយ ពោល​គឺ​រស់​ដោយ​ទឹក​ភ្នែក​ ដោយសារ​តែ​អាជ្ញាធរ​វាយ​ធ្វើ​បាប​ពួកគេ​នៅ​ពេល​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​របស់​ខ្លួន។ លោក​ស្រី​បញ្ជាក់​ថា ​អ្វី​ដែល​លោក​ស្រី​ឈឺ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​កង​សន្តិសុខ​នៅ​រាជធានី​ភ្នំពេញ​បាន​វាយ​ទាត់​ធាក់​មក​មើល​លោក​ស្រី​បណ្ដាល​ឱ្យ​រំលូត​កូន កាល​ពី​ពេល​ថ្មីៗ នេះ៖ «គ្រាន់​តែ​ចេញ​ទាមទារ​សិទ្ធិ ត្រូវ​បាន​គេ​វាយ​ដំ​ច្រំ​ធាក់ ហើយ​ខ្ញុំ​អត់​ដឹង​ថា សន្តិភាព​នឹង​មាន​សម្រាប់​កូដករ​ណាហ្គាវើលដ៍​កន្លែង​ណា​ទេ​បង ព្រោះ​បើ​សិន​ជា​និយាយ​ត្រង់​ចំណុច​នេះ​ខ្ញុំ​តែង​តែ​អួល​ដើម​ក​ សុំ​ទោស​ដោយសារ​តែ​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ ព្រោះ​យើង​ជា​កម្មករ​ខ្មែរ​យើង​ចេញ​ទាមទារ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ ដែល​ស៊ី​ប្រាក់​ពី​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​បង់ពន្ធ​អោយ​នេះ ត្រូវ​បាន​គាត់​វាយ​ខ្ញុំ​ដល់​ថ្នាក់​រលូត​កូន​ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​សោក​ស្ដាយ​ខ្លាំង​ណាស់»

ជុំវិញ​រឿង​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ប្រទេស​មាន​សន្តិភាព​ទៅ​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​រស់​នៅ​សុខ​ទាំង​ផ្លូវការ និង​ផ្លូវ​ចិត្ត និង​មាន​យុត្តិធម៌​សង្គម ក៏​ប៉ុន្តែ​សព្វ​ថ្ងៃ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​រស់​នៅ​ទាំង​ទឹក​ភ្នែក។ លោក​មើល​ឃើញ​ថា ការ​ដែល​លោក​ហ៊ុន សែន ប្រើប្រាស់​ពាក្យ​រក្សា​សន្តិភាព​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ គឺ​ជា​ការ​សារ​នយោបាយ ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​​នៅ​មុខ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ៖ «អា​ហ្នឹង​វា​មិន​សន្តិភាព​ក្នុង​ផ្លូវ​ចិត្ត​របស់​គាត់​ទេ​ ពីព្រោះ​ថា ​ការ​រំលោភ​បំពារបំពាន​នៅ​តែ​រង​ភាព​អយុត្តិធម៌​។​អីចឹង​ហើយ​បាន​យើង​ទទូច​ហើយ​ទទូច​ទៀត​ថា​ទន្ទឹម​នឹង​រដ្ឋាភិបាល​ ដែល​គេ​ហៅ​ថា​ប្រទេស​កម្ពុជា​យើង​ មិន​មាន​ចម្បាំង​រាំង​ជន​ មិន​មាន​សង្គ្រាម​ច្បាំង​​បាញ់​បោះ​តទៅ​ទៀត​នេះ​គឺ ថា​ជា​ឱកាស​​មួយ​ដើម្បី​រដ្ឋាភិបាល​ធ្វើ​ការ​ស្ដារ​នូវ​សន្តិភាព​ឱ្យ​បាន​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សន្តិភាព​ទាំង​ផ្លូវ​កាយ​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត»

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃអាទិត្យ ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ខាង​មុខ។

មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា កម្ពុជា​អាច​នឹង​មាន​សន្តិភាព​ពិត​ប្រាកដ ប្រសិនបើ​រដ្ឋាភិបាល​បើក​លំហ​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ និង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ប្រកប​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។