តើ​លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន រឿង​សូកប៉ាន់​ធី សុវណ្ណថា ក្លែងក្លាយ​ឬ​ពិត?

ដោយ ទីន ហ្សាការីយ៉ា
2022.01.15
Share on WhatsApp
Share on WhatsApp
តើ​លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន រឿង​សូកប៉ាន់​ធី សុវណ្ណថា ក្លែងក្លាយ​ឬ​ពិត? លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
Photo courtesy

រឿងរ៉ាវ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា លោក ហ៊ុន សែន បាន​ផ្តល់​ប្រាក់​១​លាន​ដុល្លា ទៅ​ឱ្យ​អតីត​សកម្មជន​នៃ​គណបក្ស​សង្រ្គោះជាតិ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បំបែកបំបាក់​គណ​បក្ស​នេះ ចាប់ផ្តើម​កំរើក​ឡើងវិញ បន្ទាប់​ពី​ក្រុម​លោក ហ៊ុន សែន មាន​ផែន​ការ រឹបអូស​ទ្រព្យសម្បត្តិ​លោក សម រង្ស៊ី ជា​ការ​សងជំងឺចិត្ត​ទៅលើ​ការ​ចាញ់ក្តី​របស់​លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​នេះ និង​រឿង​ក្តីក្តាំ​ដទៃ​ទៀត​។

ទោះជា​លោក សម រង្ស៊ី បាន​ចាញ់ក្ដី​នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់​អំពី​សំណុំ​រឿង​នេះ​ក្ដី តែ​លោក នៅតែ​មាន​សង្ឃឹមថា ការពិត​នឹង​ត្រូវ​លាតត្រដាង​នៅពេល​ក្រុមហ៊ុន​បណ្ដាញ​សង្គម​របស់​ជប៉ុន​ព្រម​លាតត្រដាង​តាម​សំណើ​របស់​លោក ដើម្បី​បញ្ជាក់​ថា សារ​សន្ទនា​តា និង​ចៅ ដែល​បាន​បែកធ្លាយ​នោះ ជា​ការ​ពិត មិនមែន​ជា​រឿង​បរិហារកេរ្តិ៍​នោះ​ទេ។

រឿងក្ដី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហាកេរ្តិ៍​នេះ គឺជា​សំណុំរឿង​ទី​៧​ហើយ ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ រង​បណ្ដឹង​នៅ​តុលាការ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

ទោះជា​សំណុំរឿង​ទី​៧​នេះ បាន​រំលង​ទៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​ហើយ​ក្ដី លោក សម រង្ស៊ី នៅតែ​មិន​បោះបង់​រឿងក្ដី​នេះ​ចោល​ឡើយ​។ លោក​នៅតែ​សំអាង​ថា ជាការ​ពិត ដ្បិតតែ​លោក ហ៊ុន សែន និង​ធី​សុវណ្ណ​ថា ខិតខំ​កាយ​កប់ ដើម្បី​បិទបាំង​មហាជន​តាមរយៈ​ការប្រើប្រាស់​តុលាការ​ក្ដី ក៏​អាថ៌កំបាំង​នេះ​នឹង​ត្រូវ​ទម្លាយ​នៅ​ពេល​ណាមួយ​ជាមិនខាន។

លោក​សង្ឃឹមថា មិន​យូរប៉ុន្មាន​ទេ រឿង​លោក ហ៊ុន សែន សូកប៉ាន់​ធី​សុវណ្ណ​ថា​នេះ នឹង​ត្រូវ​លាតត្រដាង នៅ​ក្រោយ​ពេល​លោក​បាន​ប្ដឹង​ទៅ​ក្រុមហ៊ុន​បណ្ដាញ​សង្គម ឡាញ (Line)​របស់​ជប៉ុន ដើម្បី​បញ្ជាក់​អំពី​សារ​ឆ្លងឆ្លើយ​រវាង​តា និង​ចៅ ឬ​រវាង លោក ហ៊ុន សែន និង ធី សុវណ្ណ​ថា​នេះ ថា​មិនមែន​ជា​រឿង​ក្លែងក្លាយ​៖ «ខ្ញុំ​គ្រាន់តែ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បញ្ជាក់​ការពិត​ព្រោះ​ក្រុមហ៊ុន​ជប៉ុន​មាន​ភស្តុតាង​ជា​បច្ចេកទេស​ការពិត​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​អ្នកណា​បាន​ធ្វើ​អ្វី​មុនៗ​អ្នកណា​បិទបាំង​បដិសេធ​អី​យ៉ាង​ម៉ិច ប៉ុន្តែ​មិន​អាច​បដិសេធ​បាន​ទេ​ព្រោះ​ភស្តុតាង​ជា​បច្ចេកទេស​អត់​មាន​អ្នកណា​ទៅ​លុប​អត់​មាន​អ្នកណា​ទៅ​ប្រឌិត​អត់​មាន​អ្នកណា​ទៅ​បដិសេធ​បានទេ»

លោក សម រង្ស៊ី បាន​សរសេរប​ន្ថែម​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​លោក​កាលពី​ថ្ងៃទី​១២ មករា​ថា មាន​តែ​ការ​លាតត្រដាង និង​បញ្ជាក់​ពី​ការពិត​ទេ ដែល​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ពី​សំណាក់​អំណាច​ផ្ដាច់ការ ដែល​ប៉ុនប៉ង​បិទបាំង​ការ​ពិត បន្ទាប់ពី​ខ្លួន​បាន​ធ្វើ​អាក្រក់។

ការ​ស្វះ​ស្វែងរក​ការពិត​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ នៅ​ក្រោយ​ពី​តុលាការ​របប​ហ៊ុន សែន ប្រកាស​បិទផ្លូវ​តវ៉ា​កាលពី​ឆ្នាំ​២០១៧​។ នេះ​មិនមែន​ជា​ករណី​ទី​១​ទេ ដែល​តុលាការ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាត់​សេចក្ដី​ឲ្យ​លោក សម រង្ស៊ី​ចាញ់ក្ដី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ។

សំណុំ​លោក ហ៊ុន សែន ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ពី​ករណី​ថា លោក សូកប៉ាន់ ធី សុវណ្ណ​ថា​នេះ ជា​សំណុំរឿង​ទី​៧​។ សំណុំរឿង​ទី​៧​នេះ ក៏​មិន​ខុសពី​សំណុំរឿង​មុនៗ​ដែរ ដែល​លោក សម រង្ស៊ី បាន​ចាញ់ក្ដី​នៅ​តុលាការ ទោះជា​លោក​មាន​មេធាវី ការពារ​ពូកែ​យ៉ាងណាក៏ដោយ​។ លោក ហ៊ុន សែន ប្ដឹង​នេះ ក្រោយ​ពី​លោក​សម រង្ស៊ី បាន​ថ្លែង​កាលពី​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៧ ចោទ​លោក ហ៊ុន សែន​ថា បាន​សូកប៉ាន់​អតីត​សកម្មជន​គណបក្សប្រឆាំង ឈ្មោះ ធី សុវណ្ណថា ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការវាយប្រហារ​និង​បំបែកបំបាក់​គណបក្ស​ប្រឆាំង។

ក្រោយពី​លោក សម រង្ស៊ី បាន​ប្រកាស បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក ហ៊ុន សែន និង ធី សុវណ្ណ​ថា ឬ​តាម​និង​ចៅ បានរួម​គ្នា ដាក់ពាក្យ​ប្ដឹង​លោក សម រង្ស៊ី​ភ្លាមៗ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៨ មករា​ឆ្នាំ​២០១៧។ តុលាការ​ក៏​រហ័សរហួន​ចាត់​ការ​សំណុំរឿង​នេះ​ដែរ​។ ក្រោយពី​តុលាការ​បើកសវនាការ​ជំនុំជម្រះ​រឿងក្ដី​នេះ​រួច នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ចៅក្រម បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស លោក សម រង្ស៉ី និង​ផាកពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង គឺ លោក ហ៊ុន សែន ចំនួន ៤​ពាន់​លាន​រៀល​ឬ ១​លាន​ដុល្លារ​។ រីឯ​ធី​សុ វណ្ណថា វិញ តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សងជំងឺចិត្ត​ចំនួន​២៥​ម៉ឺន​ដុល្លារ។

ក្រោយពី​សាលាដំបូង​ប្រកាស​សាលក្រម​ក្នុង​ឆ្នាំ​២០១៧​នោះ ទាំង​មេធាវី ការពារ​ក្ដី គឺ​លោក សំ សុគង់ ទាំង​លោក សម រង្ស៊ី អះអាង​ថា តុលាការ​សម្រេច​ក្ដី​លំអៀង​ទៅរក​ភាគី​ខាង​លោក ហ៊ុន សែន​។ លោក មេធាវី សំ សុ​គង់ បញ្ជាក់​ប្រាប់​កាលណោះ​ថា លោក​នឹង ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​៖ «​ចំពោះ​មេធាវី​ការពារ​ឯកឧត្ដម សម រង្ស៊ី យើង​មិន​អាច​ទទួលយក​បានទេ ដោយសារ​សាលក្រម​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​លោក សម រង្ស៊ី​។ ជំហាន​បន្ទាប់​ទៀត មេធាវី​ការពារ​នឹង​ពិភាក្សា ឬ​ពី​បញ្ហា​ផ្លូវច្បាប់ ជាពិសេស​សិទ្ធិ​ក្នុង​ធ្វើ​បណ្ដឹង​ឧទ្ធរណ៍ ដើម្បី​សាលាឧទ្ធរណ៍​ពិនិត្យ​អំពី​សេចក្ដី​សម្រេច​នេះ​ឡើងវិញ ទាំង​អង្គហេតុ និង​អង្គច្បាប់»

រីឯ​លោក សម រង្ស៊ី​វិញ នៅតែ​ប្រកាន់​ជំហរ​ថា អ្វី​ដែល​លោក​និយាយ​សុទ្ធតែ​ជា​ការពិត​។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ មិន​ខ្វល់​នឹង​សាលក្រម​តុលាការ ផ្ដន្ទាទោស​លោក​ឲ្យ​បង់ប្រាក់​ជូន​លោក ហ៊ុន សែន រហូត​ដល់​១​លាន​ដុល្លារ​ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​នេះ​ទេ។ លោក​ចាត់ទុកថា តុលាការ​មិន​ឯករាជ្យ និង​មិនសូវ​ដឹង​អ្វី​ទេ។ លោក​អះអាង​ថា តុលាការ​ធ្វើ​អ្វីៗ​តាមតែ​បញ្ជា​ថ្នាក់​លើ​តែប៉ុណ្ណោះ​៖ «ហើយ​ថ្នាក់លើ​ហ្នឹង ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ហើយ​ខ្លួន​ស្មានថា​អាច​បិទ​ការពិត​បាន​។ អ៊ីចឹង​ខ្ញុំ​សប្បាយចិត្ត​ទៅវិញ​ទេ ជា​ឱកាស​មួយ​ដើម្បី​យើង​លាតត្រដាង​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់​ថែមទៀត អ្វី​ដែល​ថ្នាក់ដឹកនាំ​ប្រទេស និង​គូកន​របស់​គេ​ធ្វើ​ប៉ះពាល់​ដល់​ថវិកាជាតិ​កិត្តិយស​របស់​ប្រទេស​ជាតិ​។ គេ​នឹកស្មាន​ថា ធ្វើ​អ្វី​បាន​តាមចិត្ត ប៉ុន្តែ​បន្តិច​ទៀត​នេះ នឹង​កាន់តែ​ខ្មាស​គេ​ទៅៗ»

លោក សម រង្ស៊ី មិន​សុខចិត្ត ចំពោះ​ការសម្រេច​ឲ្យ​លោក​ចាញ់ក្ដី​នេះ​ទេ លោក​បាន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត តាមរយៈ​លោក មេធាវី សំ សុគង់ ដើម្បី​ទាមទារ​យុត្តិធម៌​។ ជា​លទ្ធផល​សាលាឧទ្ធរណ៍​បានសម្រេច​នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៧ តម្កល់​សាលក្រម​សាលាដំបូង​ជា​បានការ​ដដែល។

លោក សម រង្ស៊ី នៅតែ​មិន​អស់ចិត្ត លោក​បាន​តតាំង​រឿងក្ដី​នេះ​នៅ​តុលាការ​កំពូល​ទៀត​។ លទ្ធផល​របស់​តុលាការ​កំពូល​នេះ ក៏​មិន​ខុស​ពី​តុលាការ​ទាំងពីរ​ថ្នាក់​មុនៗ​ដែរ​។ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលាក្រម​របស់​សាលាដំបូង​ដដែល​កាល​ពី​ថ្ងៃទី​១៩ ខែធ្នូ​ឆ្នាំ​២០១៨។

អ្នកនាំពាក្យ​តុលាការ​កំពូល​លោក អ៊ុក គឹមសិទ្ធិ បាន​ប្រាប់​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក VOA នៅ​ក្នុង​ខែធ្នូ​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បង់​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហ៊ុន សែន ចំនួន​១​លាន​ដុល្លារ​នោះ គឺជា​ការសម្រេច​បិទផ្លូវ​តវ៉ា​។ លោក​បន្ថែម​ថា ភាគី ដែល​ជា​ដើម​បណ្តឹង អាច​ប្តឹង​ទៅ​សាលាដំបូង​ដើម្បី​ឲ្យ​ចុងចោទ​បង់​សំណង​នេះ​បាន។

ក្រោយពី​តុលាការ​ប្រកាស​បិទផ្លូវ​តវ៉ា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី មាន​ដូចជា​ដី និង​អគារ​ស្នាក់​ការ​គណបក្ស មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​លោក សម រង្ស៊ី ដែល​ជា​ម្ចាស់​ដី និង​អគារ បង់​សំណង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ជូន​លោក ហ៊ុន សែន។ ចៅក្រម​អះអាង​ថា ការ​សម្រេច​បែបនេះ ធ្វើឡើង​ដោយ​យោង​លើ​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​អ្នក​តំណាង​លោក ហ៊ុន សែន ដែល​ជា​ម្ចាស់បំណុល​ព្រួយបារម្ភ​ខ្លាច​មិនអាច​ទទួល​បាន​ការ​សង​ជំងឺ​ចិត្ត​នេះ​ផ្ទាល់​ពី​លោក សម រង្ស៊ី។

ទោះជា​លោក សម រង្ស៊ី ប្រឈម​នឹង​ការ​បាត់បង់​ស្នាក់​ការ​គណបក្ស ដែល​ជា​ទ្រព្យ​ផ្ទាល់​របស់​គ្រួសារ​លោក​បែបនេះ​ក្ដី ក៏​លោក​មិន​ផ្លាស់ប្ដូរ​ជំហរ​ដែរ។ លោក​មាន​ប្រសាសន៍​ថា រឿង​តា​ឲ្យ​លុយ​ចៅ​នេះ​ជា​រឿង​ពិត​មិន​ប្រឌិត​ឡើយ​៖ «ដូច្នេះ​រឿងនេះ ជា​រឿង​ពិត​ទាំងអស់​។ យើង​ក៏​មាន​មធ្យោបាយ និង​បច្ចេកទេស​ឲ្យ​ក្រុមហ៊ុន​ឲ្យ​អ្នកជំនាញ​ខាង​ហ្វេសប៊ុក ខាង​សារ​ឆ្លើយឆ្លង​គ្នា ដើម្បី​គេ​អាច​ស្រាវជ្រាវ និង​បញ្ជាក់​អំពី​ភាព​ពិត​របស់​សារ​នេះ​។ អ្នក​ដែល​ចង់​ប្ដឹង​ខ្ញុំ ប្រហែល​មិនសូវ​យល់ ឬ​ស្មានថា​អ្នក​ដទៃ​ទៀត​ល្ងង់​។ សម័យនេះ​អ្នក​បច្ចេកទេស អ្នកវិទ្យាសាស្ត្រ អាច​បញ្ជាក់​ការពិត​រឿង​លោក ហ៊ុន សែន ឧបត្ថម្ភ ១​លាន​ដុល្លារ​ឲ្យ​នាង ធី សុវណ្ណ​ថា ធ្វើ​សកម្មភាព​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ»

អាស៊ីសេរី មិន​អាច​ទាក់ទង ធី សុវណ្ណថា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​រឿងនេះ បាន​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ធី សុវណ្ណថា បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​នាង​ឆ្លើយតប​ទៅ​លោក សម រង្ស៊ី​លើក​ទី​ពីរ ព្យាយាម​បដិសេធ​ថា រឿង​នេះ​មិន​ពិត​ទេ នេះ​ជា​ការ​ប្រឌិត​រឿង​ដដែលៗ​របស់​លោក សម រង្ស៊ី។ នាង​ចាត់ទុកថា នេះ​ជា​ការ​រំខាន ហើយ​ស្នើ​ទៅ​លោក សម រង្ស៊ី ឲ្យ​បំភ្លេច​នាង​ចោល​ចុះ។

រឿង​ធី សុវណ្ណថា បដិសេធ​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ឡើយ​។ កាលពី​ឆ្នាំ​២០១៤ នៅក្នុង​អំឡុង​ពេល​កំពុង​តែ​មាន​សកម្មភាព​សកម្ម​គាំទ្រ​គណបក្សប្រឆាំង​នោះ នាង​ធ្លាប់​ច្រាន​ម្ដង​រួចមក​ហើយ ចំពោះ​ការ​ចោទប្រកាន់​ថា នាង​ជា​ចារនារី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ធី សុវណ្ណ​ថា បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៤​ថា នាង​មិនមែន​ជា​ចារនារី​របស់​លោក ហ៊ុន សែន នោះ​ទេ​៖ «នាង​ខ្ញុំ​មិនមែន​ជា​ចារនារី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គេ​ចោទប្រកាន់​ខ្ញុំ ដោយសារ​គេ​ឃើញ​ខ្ញុំ​ហ៊ាន​និយាយ​រិះគន់​លោក ហ៊ុន សែន»

ទោះជា​នាង​ខំប្រឹង​បដិសេធ​យ៉ាងនេះ​ក្ដី ក៏​ទីបំផុត​ទៅ សុវណ្ណថា បាន​សារភាព​ខ្លួន​ឯង​ថា នាង​បាន​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ នាង​បាន​សរសេរ​លិខិត​ស្នើសុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​៣១ ឧសភា​ឆ្នាំ​២០១៧​។ ការ​ចុះ​ចូល​នេះ នៅមុន​ពេល​តុលាការ​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ ៦​ខែ​ប៉ុណ្ណោះ​។ ក្រោយពី​ធី សុវណ្ណ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មក នាង​បាន​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​។ ហើយ​សម្ព័ន្ធភាព​នេះ បាន​ក្លាយ​ទៅជា​តា​និង​ចៅ​។ ធី សុវណ្ណថា ថែមទាំង​បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​នាង នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ផង​។ ក្រៅពី​នេះ បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​យក​អំណោយ​ទៅ​ចែក​ជន​ក្រីក្រ និង​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម​។ នៅ​លើ​ផេក​ផ្លូវការ​របស់​នាង នាង​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២១ បង្ហាញ​ពី​រូបថត​របស់​នាង​អង្គុយ​ធ្វើជា​អធិបតី​នៅក្នុង​កម្មវិធី​ទទួល​សមាជិក​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ធី សុវណ្ណថា បាន​សរសេរ​ថា ថ្ងៃនេះ នាង​ខ្ញុំ​បាន​ចូលរួម​ពិធី​ប្រកាស បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ជាដើម​។ ការ​បញ្ចូល​សមាជិក​ថ្មី​របស់​គណបក្សកាន់អំណាច​នេះ ដូច​អ្វី​ដែល​នាង បាន​សន្យា​ជាមួយ​លោក ហ៊ុន សែន នៅក្នុង​សារ​បែកធ្លាយ​នោះ​ដែរ​ថា នាង​នឹង​កៀងគរ​យុវជន​ដែល​គាំទ្រ​គណបក្សប្រឆាំង​ឲ្យ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ តាមរយៈ​អូសទាញ​យុវជន​ទាំងនោះ​ឲ្យ​ចូលរួម​សកម្មភាព​ការងារ​សង្គម​ជាមួយ​នាង ហើយ​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន្តិច​ម្ដងៗ​។​

តើ​សារ​បែកធ្លាយ ដែល​លោក សម រង្ស៊ី អះអាង​ថា ជា​សារ​របស់​លោក ហ៊ុន សែន និង​ធី សុវណ្ណ​ថា​នោះ បាន​សរសេរ​ឆ្លងឆ្លើយ​គ្នា​អំពី​របៀប​ទទួល​លុយ​ពី​លោក ហ៊ុន សែន​ដូចម្ដេច​ខ្លះ​?

សារ​ឆ្លងឆ្លើយ​រវាង លោក ហ៊ុន សែន និង ធី សុវណ្ណ​ថា អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បែកធ្លាយ​កាលពី​ឆ្នាំ​២០១៦​នោះ បាន​បង្ហាញថា ធី សុវណ្ណថា បាន​ទទួល​លុយ​ពី​លោក ហ៊ុន សែន ដើម្បី​រៀបចំ​សេណារីយ៉ូ បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​សារ​ឆ្លើយឆ្លង​រវាង “​តា​និង​ចៅ​” ធី សុវណ្ណ​ថា បាន​សរសេរ​បង្ហាញ​ជំនឿ​របស់​នាង​ទៅកាន់ តា​ហ៊ុន សែន ថា ក្រោយ​ឆ្នាំ​២០១៨ បើ​សម រង្ស៊ី និង កឹម សុខា មិន​បែក​គ្នា​ទេ ក៏​សង្គ្រោះ​ជាតិ​បែក​ជា​ពីរ​ដែរ។ ធី សុវណ្ណ​ថា បន្ត​ថា ថ្ងៃ កឹម សុខា ធ្លាក់​ពី​ដំណែង ចៅ​នឹង​ហៅ​យុវជន​សង្គ្រោះ​ជាតិ​មក​ជប់លៀង​ឲ្យ​ផ្អើល​ការិយាល័យ​ថ្មី​ម្ដង។ ចៅ សុវណ្ណថា បន្ត​ប្រាប់ តា ថា​៖ កាលពីមុន ចៅ​ចង់​បំបែក​សម រង្ស៊ី កឹម សុខា នៅ​ក្រោយ​ឆ្នាំ​២០១៨ តែ​ក្រោយពី​តា​ទម្លាក់​កឹម សុខា ចៅ​មើលឃើញ​ឱកាស​កាន់តែ​ច្រើន ដែល​អាច​បំបែក​ពួកគាត់​ទាំង​ពីរ​បាន​។ ចៅ​នឹង​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ចៅ​នឹង​ធ្វើ​ឲ្យ​សេណារីយ៉ូ​បំបែកបំបាក់​នេះ ឲ្យ​បាន​ជោគជ័យ។

ក្នុង​សារ​បែកធ្លាយ​ដែល​ទំនងជា​ការ​ឆ្លើយ​ឆ្លង​រវាង ចៅ ធី សុវណ្ណថា និង តា​ហ៊ុន សែន នោះ ឈ្មោះ ធី សុវណ្ណថា សរសេរ​បញ្ជាក់​ថា នាង​បាន​ទទួល​លុយ​ចំនួន​១​លាន​ដុល្លារ​នេះ​តាមរយៈ​ប្រធាន​ខុទ្ទកាល័យ​របស់​លោក គឺ​លោក ហូ សុធី មាន​បី​ដំណាក់កាល​។ ដំណាក់កាល​ទី​១ នាង​បាន​សរសេរ​រៀបរាប់​ដូច​តទៅ​៖ ពីរ​ថ្ងៃនេះ ចៅ​បាន​ធ្វើ​កិច្ចការ​មួយចំនួន រួមមាន ចៅ​បាន​បែងចែក​ទុកដាក់​លុយ​៥០​ម៉ឺន​រួចរាល់​ហើយ​។ ៣០​ម៉ឺន​ដុល្លារ​ដាក់​ធនាគារ​ចំនួន​បី និង​២០​ម៉ឺន​ទៀត​ដាក់​ទូដែក ទុក​ប្រើ​បន្ទាន់ រៀបចំ​កាមេរា​សុវត្ថិភាព ទ្វារ​សុវត្ថិភាព និង អង្គរក្ស​ផ្ទាល់ខ្លួន​រួចរាល់​ហើយ​។ ចៅ​បាន​តែងតាំង​រចនាសម្ព័ន្ធ​ការងារ​ថ្នាក់​កំពូល ១២​នាក់ ទទួលខុសត្រូវ​រួម​ផ្សេងគ្នា​។ ក្នុងចំណោម​១២​នាក់​នេះ មាន​តែ​៥​នាក់​ទេ ដែល​ចៅ​ទុក​ទុកចិត្ត​ខ្លាំង ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព​ចៅ និង​ផ្នែក​ហិរញ្ញវត្ថុ​ភាគច្រើន​ជា​សមាជិក​គ្រួសារ​របស់​ចៅ។

ដំណាក់កាល​ទី​២ លោក ហ៊ុន សែន ផ្ដល់​លុយ​ជូន​ធីសុវណ្ណថា ចំនួន​៣០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​។ សារ​បែកធ្លាយ​ដដែល​នេះ បង្ហាញ​ថា លោក ហ៊ុន សែន បាន​សេរ​សរ​ទៅ​ធី សុវណ្ណថា អំពី​រឿង​លុយ​នេះ​ថា ព្រឹក​នេះ អ៊ុំ សុធី យក​លុយ​ទៅ​ប្រគល់​ឲ្យ​ចៅ​ចំនួន​៣០​ម៉ឺន​ដុល្លារ​។ សារ​នោះ​បន្ត​ថា តា​នៅ​ជិត​ចៅ​ជានិច្ច តាម​ជួយ​ចៅ​ពេល​ចៅ​ត្រូវការ​តា​ជួយ​។ ចៅ​អាច​ទាក់ទង អ៊ុំ សុធី តាម​Telegram Whatsapp

ធី សុវណ្ណថា ត្រូវ​គេ​ស្គាល់​ថា ជា​ក្រុម​យុវជន​ដែល​គាំទ្រ​បក្ស​ប្រឆាំង​កាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣​ដ៏​លេចធ្លោ​ម្នាក់ ក្នុង​ចំណោម​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​។ នៅពេល​លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹកនាំ​ធ្វើបាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​បាន​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះ ធី សុវណ្ណថា បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គណបក្ស​ប្រឆាំង​ដែរ​នា​ពេល​នោះ​។ តែ​ក្រោយ​មក នាង​បាន​ងាក​ទៅ​ជិត​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន ដោយ​បាន​ក្លាយទៅជា តា និង​ចៅ​វិញ ទោះជា​ធី សុវណ្ណថា ធ្លាប់​ជេរ​រិះគន់​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ឥត​សំចៃមាត់​យ៉ាងណាក៏ដោយ។

លោក ហ៊ុន សែន បាន​ព្យាយាម​ទាញ​យក សុវណ្ណថា នេះ នៅ​ស្របពេល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​ធ្លាក់​ប្រជាប្រិយ​ភាព​ខ្លាំង​។ ជាក់ស្ដែង​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១៧​។ នៅមុន​ពេល​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​ប្រឆាំង​នោះ លោក ហ៊ុន សែន បាន​រៀបចំ​វេទិកា​បរិស្ថាន​ដ៏​ធំ​មួយ​នៅ​ទីស្ដីការ​គណរដ្ឋមន្ត្រី ដែល​ផ្ដល់​ឱកាស​ឲ្យ ចៅ ធី សុវណ្ណ​ថា សួរ​សំណួរ​តា ជាង​អ្នកសារព័ត៌មាន​អាជីព​ទៅទៀត​។ ជា​បន្ត​បន្ទាប់​មក​ទៀត ទំនាក់ទំនង​រវាង លោក ហ៊ុន សែន និង​ធី សុវណ្ណថា កាន់តែ​ជិតស្និទ្ធ ហើយ​នាង​បាន​ចាប់ផ្ដើម​វាយប្រហារ​គណបក្សប្រឆាំង​កាន់តែ​ខ្លាំង និង​លើកសរសើ​ពី​ស្នាដៃ​ដឹកនាំ​របស់​លោក ហ៊ុន សែន​វិញ​ម្ដង ខុសពី​អ្វី​ដែល​នាង​ធ្លាប់តែ​រិះគន់​លោក ហ៊ុន សែន​កាលពីមុន​។ នាង​ក៏បាន​បង្ហាញ​ទ្រព្យសម្បត្តិ គ្រឿង​អលង្ការ និង​រថយន្ត​ទំនើបៗ​របស់​នាង។

ងាក​មក​រឿង​លុយ ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​ធីសុវណ្ណថា ដើម្បី​បង្គ្រប់​ចំនួន​១​លាន​វិញ គឺ លោក ហ៊ុន សែន ផ្ញើ​ឲ្យ​នាង​នៅ​ដំណាក់កាល​ទី​៣។ លោក ហ៊ុន សែន បាន​សរសេរ​ប្រាប់​ឲ្យ​ធី សុវណ្ណ​ថា ឲ្យ​ទៅ​យក​លុយ​ពី លោក ហូ សុធី ដូចដែល​បាន​ធ្វើ​ផ្ដល់​ជូន​កាលពី​លើក​មុនៗ​ដែរ​។ នៅ​ដំណាក់កាល​ទី​៣​នេះ គឺ​ចំនួន​២០​ម៉ឺន​ដុល្លារ​ទៀត ដែល​ជា​ដំណាក់កាល​ចុងក្រោយ ក៏ប៉ុន្តែ​ទីកន្លែង​ប្រគល់​លុយ​នោះ មិនមែន​ជា​ទីកន្លែង​ចាស់ ដែល ធីសុវណ្ណថា ធ្លាប់​ទទួល​លុយ​ពី​លោក ហូ សុធី​នោះ​ទេ​។ នេះ​បើ​ផ្អែក​តាម​សារ​សន្ទនា​នាដ​ដែល​នោះ​។ សារ​នោះ លោក ហ៊ុន សែន បាន​សរសេរ​ប្រាប់​ទៅ​ធីសុវណ្ណថា លើក​នេះ ចៅ​មិនបាច់​ចូល​មក​ទៀត​ទេ នាំ​គេ​សង្ស័យ​។ អ៊ុំ សុធី នឹង​យក​លុយ​ទៅ​ប្រគល់​ឲ្យ​នៅ​កន្លែង​ណាមួយ​តាម​ការ​ណាត់គ្នា​។ ធី សុវណ្ណ​ថា បាន​សរសេរ​តប​ទៅ​លោក ហ៊ុន សែន វិញ​ថា “ អរគុណ​តា ពេល​នេះ ចៅ​ទទួល​អារម្មណ៍​ថា ចៅ​ទទួល​បាន​កម្លាំង​ថាមពល​ពេញ​បរិបូរណ៍​ហើយ “ ។ ធី សុវណ្ណថា សន្យា​នឹង​លោក ហ៊ុន សែន​ថា “ គ្រប់​ការងារ​ទាំងអស់​នឹង​ទទួល​បាន​ជោគជ័យ​១០០% តែ​ចៅ​នៅតែ​ត្រូវការ​កម្លាំង​ជំនួយ​ពី​តា​ជានិច្ច ទាំង​កម្លាំង​ស្មារតី កម្លាំង​ប្រាជ្ញា កម្លាំងចិត្ត និង​កម្លាំង​ថវិកា “ ជាដើម។

សារ​សន្ទនា​ដែល​បាន​បែកធ្លាយ រវាង លោក ហ៊ុន សែន និង ធី សុវណ្ណថា និយាយ​អំពី​ការ​ផ្ដល់​លុយ​ចំនួន​១​លាន​ដុល្លារ​នេះ គឺ​ក្នុង​ចំណោម​សារ​សន្ទនា​និយាយ​ពី​រឿង​ផ្សេងទៀត​ជាច្រើន ដែល​មាន​ប្រមាណ​៤០០​សារ។

ក្រោយពី ធី សុវណ្ណថា បាន​ទទួល​លុយ​ពី​លោក ហូ សុធី ជា​លើក​ទី​៣​នេះ​ហើយ លោក ហ៊ុន សែន បាន​សរសេរ​ទៅ​សួរ សុ វណ្ណ​ថា ដោយ​ខ្លាច​នាង​អាក់អន់ស្រពន់ចិត្ត ដោយសារតែ លោក ហូ សុធី តម្រូវ​ឲ្យ​នាង​ចុះហត្ថលេខា​លើ​ក្រដាស ក្នុង​ពេល​ទទួល​ប្រាក់​នោះ។ លោក ហ៊ុន សែន បាន​សរសេរ​ថា ចៅ​កុំ​ខឹង​នឹង អ៊ុំ ហូ សុធី ដែល​ឲ្យ​ចៅ​ចុះហត្ថលេខា​នឹង​ថត​ពេល​ចៅ​ទទួល​ថវិកា​អី ពីព្រោះ​គាត់​(​ហូ សុធី​) កាន់​លុយ​ត្រូវ​មាន​របាយការណ៍។ លោក ហ៊ុន សែន សួរ​បញ្ជាក់​ទៅ​នាង​ថា ចៅ​អន់ចិត្ត​អត់?

ធី សុវណ្ណ​ថា បាន​ឆ្លើយ​ក្នុង​សារ​តប​ទៅវិញ​ភ្លាម​ថា ចៅ​យល់ មិន​អី​ទេ តា ចៅ​មិន​ខឹង ឬ​អន់ចិត្ត​ទេ តែ​ចៅ​ខ្លាច​គាត់ (​ហូសុធី​) ខឹង​វិញ​ទេ ព្រោះ​ចៅ ស៊ីញ៉េ​ភ្លេច​ដាក់ឈ្មោះ​។ ចាំ​លើក​ក្រោយ​ចៅ​មិន​ភ្លេច​ដាក់​ឈ្មោះ​ទៀត​ទេ។

សារ​បែកធ្លាយ​ដដែល​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​សួរ​ទៅ ចៅ ធី សុវណ្ណថា ទៀតថា បើសិនជា​ចៅ ត្រូវ​ការ​យក​ទុន​ទៅ​ទុក​ឲ្យ​ហើយ តា​នឹង​បញ្ជូន​៦០​ម៉ឺន​ដុល្លារ​ឲ្យ​បន្ថែម​ទៀត​។ ធី សុវណ្ណថា ហាក់​ឆ្លើយ​មិន​ចំ​ទេ ដោយ​នាង​គ្រាន់តែ​ឆ្លើយ​ថា “​អរគុណ​តា ដែល​ជឿទុក​ចិត្ត​ចៅ​” ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល