រដ្ឋមន្ត្រីការបរទេសជប៉ុនមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា
2024.07.06
រដ្ឋមន្ត្រីការបរទេសជប៉ុន អ្នកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) មកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ដើម្បីជជែកពិភាក្សា អំពីយុទ្ធសាស្ត្រថ្មី នៃទំនាក់ទំនងនិងសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែក ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជារដ្ឋមន្ត្រីការបរទេសលោក សុខ ចិន្តាសោភា។ អ្នកស្រីក៏ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផងដែរ។
អ្នកស្រី ខាមីខាវ៉ា យ៉ូកុ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អ្នកស្រីនឹងជជែកពីការពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើយុទ្ធសាស្ត្រថ្មីនៃសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។ អ្នកស្រីបន្តថា ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីពង្រឹងសហប្រតិបត្តិការក្នុងខួប៥០ឆ្នាំ ជាមួយប្រទេសអាស៊ាន និងជជែកពិភាក្សាពីស្ថានការណ៍ថ្មីៗ នៅតំបន់ផងដែរ។
អ្នកស្រីក៏នឹងផ្ដោតសំខាន់ លើកិច្ចប្រឹងប្រែងនិងសហការប្រតិបត្តិការផ្នែកបោសសំអាតមីននៅកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។