លោក កឹម សុខា ប្រកាស​មិន​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី

ដោយ មាន ឫទ្ធិ
2021-11-28
Share
លោក កឹម សុខា ប្រកាស​មិន​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA

មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ចាប់ផ្ដើម​និយាយ​ពី​ឈ្មោះ​លោក សម រង្ស៊ី វិញ​ហើយ ក្រោយ​ខកខាន​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​សារ​របស់​លោក​នៅ​ពេលនេះ​ហាក់​បង្ហាញ​ពី​ការ​ប្រេះឆា​គ្នា ជាជាង​ការ​រក្សា​សម្ពន្ធភាព​នយោបាយ​រវាង​អ្នក​ទាំងពីរ​។ អ្នកវិភាគ​នយោបាយ​ថា ការ​បែកបាក់​គ្នា​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង នឹង​ហុច​ផល​ចំណេញ​យ៉ាង​ក្រាស់ក្រែល​សម្រាប់​បក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃទី២៨ វិច្ឆិកា​ថា លោក​មិន​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី និង​សហការី​របស់​គាត់​នោះ​ទេ។

លោក កឹម សុខា បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា លោក សម រង្ស៊ី និង​សហការី​នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​របស់​លោក ទៅ​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា​ដែល​ពុំ​មាន​ការអនុញ្ញាត ឬ​គាំទ្រ​ពី​រូបលោក​។ លោក​ចោទប្រកាន់ លោក សម រង្ស៊ី និង​សហការី​ថា បាន​ដើរ​ចេញ​ពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការ​រួបរួម ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ និង​មុខតំណែង​ខ្លួនឯង ជាពិសេស​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ ឬ​នៅ​ពីក្រោយ​ការដឹកនាំ​គណបក្ស​នយោបាយ​ចាស់ គឺ​គណបក្ស​ភ្លើងទៀន​។ លោក​បន្ត​ថា ទង្វើ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សម រង្ស៊ី និង កឹម សុខា មិនមែន​ជា​មនុស្ស​តែមួយ​នោះ​ទេ។

លោក កឹម សុខា បញ្ជាក់ទៀត​ថា លោក​មិន​ពាក់ព័ន្ធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់​ឡើយ​។ លោក​អំពាវនាវ​ដល់​លោក សម រង្ស៊ី និង​សហការី​ឱ្យ​ឈប់​យក​ឈ្មោះ និង​រូបថត​លោក​ទៅ​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​តទៅទៀត ព្រោះ​លោក​ថា ករណីនេះ​ធ្វើ​ឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មានការ​ភ័ន្តច្រឡំ។

លោក កឹម សុខា បញ្ចេញ​សារ​នយោបាយ​បែបនេះ គឺ​បន្ទាប់ពី​គណបក្ស​ភ្លើងទៀន ដែល​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី បាន​ធ្វើ​សមាជ​កាល​ពី​ថ្ងៃទី​២៧ វិច្ឆិកា ដោយ​បញ្ចូល​សមាជិក​ជាច្រើន​រូប ដែល​ភាគច្រើន​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និយម​លោក សម រង្ស៊ី។

គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៨ វិច្ឆិកា លោក សម រង្ស៊ី មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ឆ្លើយតប​នឹង​សារ​របស់​លោក កឹម សុខា នេះ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​មនុស្ស​ជំនិត​របស់​លោក គឺ​អ្នកស្រី មូរ សុខហួរ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្វី​ដែល​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​មួយ​ចំនួនទៀត​បាន​ធ្វើ និង​កំពុង​ធ្វើ គឺ​ដើម្បី​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស ក្នុង​នោះ​ក៏​រួម​ទាំង​ការ​ជួយ​រក​យុត្តិធម៌​សម្រាប់​លោក កឹម សុខា ផង​ដែរ៖ «​អ្នកណា​ដែល​គេ​ចាប់ នៅ​តែ​យក​យើង​ចូល​ពន្ធនាគារ ហើយ​អូស​យើង​ទៅ​តុលាការ? អ្នកណា​អ្នករងគ្រោះ​? មិន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី យើង​ទាំងអស់​គ្នា ជាមួយ​លោក កឹម សុខា ទាំងអស់គ្នា​។ ខ្ញុំ​មិន​យល់​លោក​ប្រធាន គាត់​មាន​ប្រសាសន៍​ថា ម៉េច​ទៅ​មហិច្ឆតា​យើងខ្ញុំ​ជា​អ្នកនយោបាយ។ អ្នក​នយោបាយ​មាន​មហិច្ឆតា ទាំង​លោក​ប្រធាន កឹម សុខា ក៏​មាន​មហិច្ឆតា​ដែរ​។ មហិច្ឆតា​របស់​យើងខ្ញុំ គឺ​អ្វី​? គឺ​ការពារ​ផល​ប្រយោជន៍​ជាតិ ដូច្នេះ​ខ្ញុំ​អត់​មាន​ដកថយ​ទេ»

អ្នកស្រី មូរ សុខហួរ សង្កត់ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជា​បក្ស​រួបរួម​ដដែល ដរាបណា​លោក កឹម សុខា មិន​ទាន់​ប្រកាស​ដើរ​ចេញពី​សម្ពន្ធ​ភាពជា​ផ្លូវការ។ លោកស្រី​បន្ថែម​ថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​មួយចំនួន​ប្ដេជ្ញា​បន្តសកម្មភាព​ទាមទារ​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​ខ្មែរ​វិញ ដោយ​មិន​រក្សា​ភាព​ស្ងៀមស្ងាត់​នោះ​ឡើយ៖ «បែកបាក់​លុះត្រាតែ​យើង​ចាក​ចេញ​ពី​គោលការណ៍​ដើម ស្មារតី​ដើម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​អត់​មាន​ចាកចេញ​ផង ហើយ​យើង​ទុក​ជូន​ប្រជា​ពលរដ្ឋ​ជាង​ពាក់កណ្ដាល​នគរ​ជា​អ្នក​វិនិច្ឆ័យ»

ទាក់ទង​រឿង​នេះ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ថា សារ​របស់ កឹម សុខា កំពុង​ផ្ដល់​ចំណេញ​សម្រាប់​គណបក្ស​កាន់អំណាច។

អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​អ្នកឃ្លាំមើល​បញ្ហា​នយោបាយ លោក វ៉ន ចាន់ឡូត ថ្លែង​ថា លោក កឹម សុខា មាន​ប្រសាសន៍​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បែកបាក់​គ្នា​រវាង​មេដឹកនាំ​នយោបាយ​ទាំងពីរ ហើយ​នេះ​ជា​អ្វី​ដែល​គណបក្ស​កាន់អំណាច​ចង់បាន៖ «បើ​ការ​រួបរួម​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី បែកបាក់​គ្នា​តែម្ដង បាន​ន័យថា អ្វី​ដែល​គណបក្ស​ប្រជាជន​ធ្វើ គឺជា​រឿង​ដែល​ត្រឹមត្រូវ​។ ហើយ​អ៊ីចឹង​គណបក្ស​ប្រជាជន​មិន​ចាំបាច់​មាន​ការ​ទទួល​ខុសត្រូវ ឬក៏​ខ្វាយខ្វល់​ពី​អន្តរជាតិ​ទេ ដែល​ទាមទារ​ឱ្យ​សង្គ្រោះជាតិ​រស់​ឡើងវិញ ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​សិទ្ធិមនុស្ស​អ្វី គឺ​មិន​ចាំបាច់​ទេ»

ស្រដៀង​គ្នា​នេះ អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី ថ្លែង​ថា លោក កឹម សុខា កំពុង​ធ្វើ​នយោបាយ​បែប​លេខ​ដក ដែល​មិន​ចំណេញ​អ្វី​សោះ​សម្រាប់​​គណបក្ស​សង្គ្រោះ​ជាតិ៖ «ប្រហែលជា​គាត់​មាន​យុទ្ធសាស្ត្រ​នៅក្នុង​ការ​ដើរ​ចេញ​ពី​សង្គ្រោះជាតិ​នៅក្នុង​ការ​ទៅ​ដំណើរការ​(​បក្ស​)​សិទ្ធិមនុស្ស​ឡើង​វិញ។ ដោយសារតែ​ឃើញ​មាន​(​បក្ស​)​ភ្លើងទៀន​ដំណើរការ ប្រហែល​គាត់​អត់​អាច​ទ្រាំង​នឹង​ស្ថានភាព​បែប​ហ្នឹង​បាន អ៊ីចឹង​គាត់​សម្រេចចិត្ត​បញ្ចេញ​សារ​មួយ​ហ្នឹង​មក បន្ទាប់​មក​ទៀត​បង្ហាញ​ពី​ការ​បែកបាក់​ទៅ ហើយ​មាន​ការ​អនុគ្រោះ​ពី​គណបក្ស​កាន់អំណាច ហើយ​គាត់​អាច​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​វិញ​។ ប៉ុន្តែ​ខ្ញុំ​គិតថា វា​នឹង​ប៉ះពាល់​ដល់​អ្នកគាំទ្រ​ខ្លាំង»

រីឯ​តំណាង​គណបក្ស​កាន់អំណាច​ឯណោះ​វិញ​ទទួល​ស្គាល់​ថា ការ​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ផល​ចំណេញ​ដល់​គណបក្ស​នេះ​មែន។

អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ថា ក្រុម​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រៀប​បាន​ទឹក និង​ប្រេង ដែល​មិនអាច​ចុះសម្រុង​គ្នា​ឡើយ។ លោក​ថា ការ​បែកបាក់​សម្ពន្ធភាព​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទោះជា​លោក កឹម សុខា បែកបាក់​គ្នា​ជាមួយ​លោក សម រង្ស៊ី ក៏ដោយ ក៏​មិនទាន់​អាច​និយាយ​បាន​ថា លោក កឹម សុខា នឹង​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ៖ «កឹម សុខា គាត់​ជា​ជនជាប់ចោទ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​នីតិវិធី​របស់​តុលាការ​នៅឡើយ​។ បើ​សំណុំរឿង​របស់​គាត់​នៅ​មិនទាន់​បិទ​បញ្ចប់​ដោយ​តុលាការ​ទេ គឺ​អត់​មាន​ទាន់​និយាយ​ដល់​រឿង​ធ្វើ​នយោបាយ​ឡើងវិញ ឬ​មួយ​គាត់​ទៅ​នេះ ទៅ​នោះ​បាន​ទេ»

អាជ្ញាធរ​កម្ពុជា​បាន​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ប៉ុន្តែ​ជាង ៤​ឆ្នាំ​មកនេះ អាជ្ញាធរ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ ដែល​បង្ហាញ​ពី​ទោស​កំហុស​របស់​លោក​នោះ​ឡើយ​។ ផ្ទុយទៅវិញ សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ទៅ​តាម​ការ​ចង់បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការ​អូសបន្លាយ​សំណុំរឿង បូករួម​ទាំង​ការ​ដកហូត​សិទ្ធិ​នយោបាយ​ពី​សំណាក់​តុលាការ​កំពូល​ផង​នោះ បាន​ធ្វើ​ឱ្យ​មេ​បក្ស​ប្រឆាំង​ដែល​ធ្លាប់​មាន​ថ្វីមាត់​រូប​នេះ រក្សា​ភាព​ស្ងៀមស្ងាត់​ទាក់ទង​នឹង​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ សូម្បីតែ​នៅពេល​មានការ​ចាប់ខ្លួន និង​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក បូករួម​ទាំង​ខួប​នៃ​ការ​រំលាយ​បក្ស និង​ការ​រឹបអូស​ទីស្នាក់ការ​បក្ស ក៏​លោក កឹម សុខា មិន​បាន​បញ្ចេញ​សារ​ណាមួយ​ទាក់ទង​នឹង​បញ្ហា​ទាំង​នេះ​ដែរ ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ​នៅតែ​ទទួលស្គាល់​ថា លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ។

ចំពោះ​ការ​បង្ហោះ​សារ​របស់​លោក កឹម សុខា នៅ​ពេល​នេះ អ្នកប្រើប្រាស់​ហ្វេសប៊ុក​រាប់​ពាន់​នាក់​បាន​ចូល​ទៅ​បញ្ចេញ​យោបល់ ដោយ​អ្នកខ្លះ​គាំទ្រ​ការ​លើកឡើង​របស់​លោក ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​ដែរ។ ពួកគេ​បាន​ទាមទារ​ឱ្យ​លោក កឹម សុខា ធ្វើ​សន្និសីទកាសែត ឬ​ផ្ដល់​សម្ភាស​ដល់​អ្នកសារព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​លោក​មាន​ជំហរ​ដូចម្តេច​ចំពោះ​គណបក្ស​សង្គ្រោះជាតិ ជាពិសេស​សម្ពន្ធភាព​នយោបាយ​ជាមួយ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល