ក្រុមអ្នកនិយមលោក កឹម សុខា ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញ
2023.11.18

ក្រុមអ្នកនយោបាយដែលមានទំនោរគាំទ្រលោក កឹម សុខា ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញ ក្រោយស្ងប់ស្ងាត់អស់រយៈពេល៦ឆ្នាំ។ អ្នកឃ្លាំមើលនយោបាយសង្កេតឃើញថា អ្នកនិយមលោក កឹម សុខា មិនសូវមានកម្លាំងនយោបាយរឹងមាំនោះទេ។
ក្រុមអ្នកនយោបាយ កឹម សុខា និយម សម្រេចជ្រើសរើសទឹកដីសហរដ្ឋអាមេរិកធ្វើការជួបជុំ និងដាក់ផែនការនយោបាយ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ទោះយ៉ាងណា ពួកគេមិនទាន់សម្រេច បង្កើតគណបក្សនយោបាយ ដើម្បីធ្វើសកម្មភាពផ្ទាល់នៅលើឆាកនយោបាយនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា ប្រាប់វិទ្យុអាស៊ីសេរីថា ការជួបជុំនេះ គឺជាជំហានទី១ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។ លោកឱ្យដឹងទៀតថា ក្រុមរបស់លោក សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគឺមានទិសដៅរួបរួមក្រុមអ្នកប្រជាធិបតេយ្យឡើងវិញ។ ទោះយ៉ាងណា លោកបញ្ជាក់ថា ក្រុមរបស់លោកមិនទាន់មានការការឯកភាពណាមួយក្នុងការសម្រេចជ្រើសរើស ឬបង្កើតគណបក្សនយោបាយថ្មីណាមួយ ដើម្បីធ្វើសកម្មភាពនយោបាយក្នុងឆាកនយោបាយ ឬចូលរួមការបោះឆ្នោតនៅកម្ពុជានៅឡើយទេ។
លោក សួន សូរីដា៖ «មុននឹងយើងទៅចូលរួមបង្កើតគណបក្សនយោបាយហ្នឹងគឺត្រូវស្ដារលទ្ធិប្រជាធិបតេយ្យជាមុនសិន មុននឹងទៅប្រកួតប្រជែង រុញគណបក្សនយោបាយទៅប្រកួតប្រជែងទាល់តែស្ដារលទ្ធិប្រជាធិបតេយ្យ ជាមុនសិន ហើយដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យទាល់តែមានការរួបរួមគ្នាពីកម្លាំងអ្នកប្រជាធិបតេយ្យហ្នឹងឯង»។
ក្រុមអ្នកនយោបាយ កឹម សុខា និយម បានជួបជុំគ្នាក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី ១១ និងថ្ងៃទី១២ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក។ សិក្ខាសាលាដែលឈ្មោះថា ពន្លឺប្រជាធិបតេយ្យ មានការចូលរួមពីអ្នកដឹកនាំ និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដែលភាគច្រើនជាអ្នកមានទំនោរគាំទ្រលោក កឹម សុខា ឬ ក្រុមអ្នកនិយមលោក កឹម សុខា។ ក្រោយពេលមានការការផ្លាស់ប្ដូរទស្សនៈតាមរយៈសិក្ខាសាលានោះ ពួកគេបានបង្កើតគណ:កម្មការចំពោះកិច្ចមួយ ក្នុងគោលបំណងដើម្បីស្ដារលទ្ធិប្រជាធិតេយ្យនៅកម្ពុជា បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ និងផ្សះផ្សាជាតិ។
អតីតមនុស្សជំនិតលោក កឹម សុខា ម្នាក់ទៀត គឺលោក មុត ចន្ថា សរសេរលើហ្វេសប៊ុករបស់លោកថា ការរួបរួមជាមួយអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ នៅតែជាបំណងប្រាថ្នារបស់អ្នកប្រជាធិបតេយ្យ និងពលរដ្ឋខ្មែរដែលស្អប់ខ្ពើមអំពើជិះជាន់ ការគំរាមកំហែង និងការបំបិទសិទ្ធិសេរីភាព។ ប៉ុន្តែ លោកថា ក្រុមរបស់លោក មិនអាចរួបរួមជាមួយ ក្រុមណាដែលតស៊ូមតិឱ្យមានអំពើហិង្សា និងក្រុមនយោបាយដែលបំផ្លាញគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្សឡើយ។
ទាក់ទងរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា កម្លាំងគាំទ្រ លោក កឹម សុខា មានទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ប៉ុន្តែលោកថា កម្លាំងនោះមិនរឹងមាំទេ។ លោកបន្តថា អ្នកទាំងនោះ ហាក់នៅតែគ្មានជំនឿធ្វើនយោបាយដោយខ្លួនឯងដោយសង្ឃឹមតែនៅលើវត្តមាន លោក កឹម សុខា។ លោកបន្តថា ប្រសិនបើក្រុមអ្នកនិយម លោក កឹម សុខា ប្រមូលផ្ដុំគ្នា ដោយប្រើពាក្យគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ក៏ទំនងមិនបានផ្ដល់ផលល្អដល់ការរួមគ្នាឡើងវិញនៃអ្នកនយោបាយគណបក្សសង្គ្រោះជាតិនោះដែរ។
លោក វ៉ន ចាន់ឡូត៖ «អ្នកដែលនិយម កឹម សុខា មួយចំនួន គាត់មិនប្រឹងប្រែងឈ្មុសឈ្មុលក្នុងការទាមទារឱ្យមាននូវយុត្តិធម៌សម្រាប់សង្គ្រោះជាតិ ឬក៏យុត្តិធម៌យុត្តិធម៌សម្រាប់ឥស្សរជននយោបាយនៃគណបក្សសង្គ្រោះជាតិទេ គាត់បែរយកឱកាសហ្នឹងទៅប៉ែងជើងគ្នាឯង ទៅបង្កើតជម្លោះគ្នាឯង ហើយមួយវិញទៀត ដែលយើងឃើញថា បើសិនជា ចលនារបស់លោក កឹម សុខា នៅក្រៅប្រទេស ធ្វើសកម្មភាព ហើយប្រើជាទម្រង់សង្គ្រោះជាតិក្រៅប្រទេស ខ្ញុំមើលឃើញទម្រង់នេះ បង្កើតមកដើម្បីធ្វើឱ្យគណបក្សសង្គ្រោះជាតិ កាន់តែបែកបាក់»។
ការជួបជុំក្រុម កឹម សុខា និយម នៅពេលនេះ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិអស់រយៈពេល ៦ឆ្នាំ។ ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស ឱ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ និងដាក់បម្រាមមិនឱ្យលោកធ្វើនយោបាយ មានសិទ្ធិសេរីភាពដើរហើរ ឬមានទំនាក់ទំនងជាបុគ្គលទាំងឡាយទៀតផង។
ទោះយ៉ាងណា ៦ឆ្នាំ នៃអវត្តមានគណបក្សសង្គ្រោះជាតិ ក្រុមអ្នកនយោបាយដែលមានទំនោរទៅលោក សម រង្ស៊ី បានជ្រកក្រោមស្លាកគណបក្សភ្លើងទៀន ដើម្បីបន្តសកម្មភាពនយោបាយរបស់ខ្លួន និងដណ្ដើមកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាងពីរពាន់អាសនៈ ពីគណបក្សកាន់អំណាច ក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២២។ ប៉ុន្តែ គណបក្សភ្លើងទៀន ត្រូវបាន គ.ជ.បរារាំងមិនឱ្យចូលរួមការបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ដែលសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជាល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ដើម្បីដណ្តើមជ័យជំនះដោយគ្មានគូប្រកួតប្រជែងពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។