ពលរដ្ឋ​ខ្មែរ​ក្រោម​ស្នើ​ដល់​ព្រះមហាក្សត្រ​ឲ្យ​លើក​យក​បញ្ហា​ខ្មែរ​ក្រោម​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម

ដោយ ជាតិ ចំណាន
2024.11.28
ពលរដ្ឋ​ខ្មែរ​ក្រោម​ស្នើ​ដល់​ព្រះមហាក្សត្រ​ឲ្យ​លើក​យក​បញ្ហា​ខ្មែរ​ក្រោម​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី (ឆ្វេង) ជួប​ប្រធានាធិបតីវៀតណាម លោក លឿង គឿង (Luong Cuong) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២៤។
រូប៖ គេហទំព័រ Nhandan.vn

ពលរដ្ឋ​ខ្មែរ​ក្រោម​ស្នើ​ដល់​ព្រះមហាក្សត្រ ឲ្យ​លើក​យក​បញ្ហា ដែល​រដ្ឋាភិបាល​វៀតណាម​រំលោភ​សិទ្ធិ​សេរីភាព និង​កាត់ទោស​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ឲ្យ​ជាប់​ពន្ធនាគារ ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​ស្របពេល​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​កំពុង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី២៨ ដល់​២៩ ខែ​វិច្ឆិកា។

អនុ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​លោក​បណ្ឌិត សឺន ជុំជួន ស្នើ​ដល់​ព្រះមហាក្សត្រ ឲ្យ​លើក​យក​បញ្ហា​វៀតណាម​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដូចជា សិទ្ធិ​ជនជាតិ​ដើម ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ជាដើម ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ស្វែងរក​ព្រះរាជ​កិច្ច​អន្តរាគមន៍​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

បណ្ឌិត សឺន ជុំជួន៖ «សូម​ព្រះអង្គ​មេត្តា​មាន​ព្រះរាជ​អន្តរាគមន៍​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​លើ​ការ​រំលោភ​បំពាន​លើ​សកម្មជន និង​បងប្អូន​ខ្មែរ​ក្រោម ទាក់ទង​នឹង​សិទ្ធិ​សេរីភាព ជំនឿ សាសនា ការ​គោរព​ប្រតិបត្តិ​វប្បធម៌ ប្រពៃណី​ខ្មែរ​ជាដើម ជាពិសេស​អត្តសញ្ញាណ​ខ្មែរ​នៅ​កម្ពុជា​ក្រោម»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី២៧ វិច្ឆិកា ឱ្យ​ដឹង​ថា ក្នុង​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ព្រះមហាក្សត្រ​នឹង​មាន​ព្រះរាជ​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​មុន​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ទៅកាន់​ប្រទេស​វៀតណាម ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម លោកជិន ថាញ់មិន (Tran Thanh Man) កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា បាន​ស្នើ​ដល់​អាជ្ញាធរ​វៀតណាម​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​បន្ត​ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាសនា​របស់​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម តែ​លោក ពុំ​បាន​លើក​ឡើង​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក​អាជ្ញាធរ​វៀតណាម លើ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ​ឡើយ ។

តុលាការ​វៀតណាម ខេត្ត​លង់ហោរ កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា បាន​កាត់ទោស​ព្រះសង្ឃ​ខ្មែរ ៥ អង្គ និង​សកម្មជន​ខ្មែរ​ក្រោម ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​មនុស្ស សិទ្ធិ​ជនជាតិ​ដើម ការ​ការពារ​សាលាឆទាន និង​វត្ត​អារាម​ពី​ការ​លុក​លុយ និង​វាយ​កម្ទេច​របស់​អាជ្ញាធរ​វៀតណាម និង​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាដើម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ចេញ​សេចក្ដី​ថ្លែងការណ៍ ចាត់ទុក​សវនាការ​កាត់ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ថា អយុត្តិធម៌ និង​ខុស​នីតិវិធី ព្រម​ទាំង​រំលោភ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយ​ជន​ជាប់​ចោទ មិន​មាន​មេធាវី​ការពារ​ក្ដី ការ​រារាំង​មិន​ឲ្យ​សាច់ញាតិ​ អ្នកសង្កេតការណ៍​ជាតិ-អន្តរជាតិ និង​មន្ត្រី​កុងស៊ុល​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រៃនគរ ចូល​សង្កេត​ការណ៍​ក្នុង​សវនាការ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ទាមទារ​ឲ្យ​តុលាការ​វៀតណាម​បញ្ឈប់​ការ​បំភ្លៃ​អង្គហេតុ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ទៀត និង​អំពាវនាវ​ដល់​អង្គ​ទូត​ប្រទេស​នានា រួម​ទាំង​អង្គការ​សហប្រជាជាតិ ឲ្យ​ចាត់តាំង​ភ្នាក់ងារ​ឯកទេស​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឲ្យ​ឃ្លាំមើល និង​ធានា​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម

ចាប់តាំង​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ រហូត​ដល់​ពេល​នេះ មាន​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​សរុប​ចំនួន ១៣ អង្គ/នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ដាក់​ពន្ធនាគារ។ ចំណែក​ព្រះសង្ឃ​នៅ​ខេត្ត​ព្រះត្រពាំង ព្រះតេជព្រះគុណ គឹម សំរិន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បណ្តេញ​ចេញ​ពី​វត្ត​តាំង​ពី​ខែ​មីនា ដោយសារ​សកម្មភាព​ឈឺឆ្អាល​បញ្ហា​សង្គម​របស់​ព្រះអង្គ ខណៈ​សាលាឆទាន​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ភូមិ​កន្រែង ក្នុង​ខេត្ត​លង់ហោរ ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​វាយ​កម្ទេច​កាល​ពី​ដើម​ខែ​មេសា។

អនុ​ប្រធាន​ទី២ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​អ៊ីតាលី(Italy) លោក ត្រឹង សារ៉ុង (Tran Xarong) ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៨ ខែ​វិច្ឆិកា ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម​ក៏ដោយ ក៏​ពួកគាត់​នៅ​តែ​គោរព និង​ស្រឡាញ់​ពលរដ្ឋ និង​ព្រះមហាក្សត្រ​ខ្មែរ ក្នុង​នាម​ជា​ឈាមជ័រ​ខ្មែរ​តែ​មួយ។

លោក ត្រាន សារ៉ុង៖ «ក្នុង​នាម​ជា​ឈាមជ័រ​តែ​មួយ​ពិតមែន​តែ​យើង​រស់នៅ​ទីកន្លែង​ខុសគ្នា​ក្ដី សភាព​រស់នៅ​ខុស​គ្នា​ក្ដី ក៏​ប៉ុន្តែ​យើង​ត្រូវ​ការ ការ​ស្រឡាញ់​រាប់អាន​ពី​បងប្អូន​គ្រប់​ទិសទី រហូត​ដល់​ព្រះមហាក្សត្រ ក៏​យើង​ចង់​បាន​ដែរ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ។

ពលរដ្ឋ​ខ្មែរ​ក្រោម ស្នើ​ដល់​ព្រះមហាក្សត្រ ឲ្យ​លើក​យក​បញ្ហា​រដ្ឋាភិបាល និង​អាជ្ញាធរ​វៀតណាម បាន​រំលោភ​សិទ្ធិ​ជនជាតិ​ដើម និង​ជំនឿ​សាសនា​ រួម​ទាំង​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម ដើម្បី​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​វៀតណាម បន្ធូរបន្ថយ ឬ​លើកលែង​ការ​ចោទប្រកាន់​លើ​ពួកគាត់ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។