ព្រះ​មហាក្សត្រ​យាង​មក​ដល់​កម្ពុជា​វិញ

ដោយ អាស៊ីសេរី
2021-09-25
Share
ព្រះ​មហាក្សត្រ​យាង​មក​ដល់​កម្ពុជា​វិញ ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ យាង​ចុះ​ពីយន្តហោះ​ក្នុង​ព្រះរាជដំណើរ​ពី​ប្រទេសចិន នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០២១។
Photo courtesy of SPM Page

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ បាន​យាង​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​២៥ កញ្ញា​នេះ ក្រោយ​គង់​នៅ​ប្រទេស​ចិន​អស់​​រយៈពេល​ជាង ១​ខែ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព។

ក្រុម​មេដឹកនាំ​កំពូលៗនៃ​របបក្រុង​ភ្នំពេញ រួ​មមាន​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត បាន​ទៅ​ទទួល​ព្រះរាជដំណើរ​របស់ព្រះអង្គនៅ​វាល​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី មាន​ព្រះជន្ម ៦៩ ព្រះវស្សា។ ព្រះអង្គ​ទ្រង់​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់ ​ក៏​ប៉ុន្តែ​ជួន​កាល ទ្រង់​ក៏​យាង​ទៅ​ប្រទេស​ចិន​មុន​កាល​វិភាគ​ដែរ នៅ​ពេល​របប​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ណាមួយ​ដែល​ប្រាស់​ចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ

ជា​ឧទាហរណ៍ កាល​ពី​ដើម​ខែមីនា​ឆ្នាំ២០២១ ទ្រង់​បាន​យាង​ចេញ​ពី​កម្ពុជា និង​គង់​នៅ​ទីក្រុង​ប៉េកាំង​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​បង្កើត​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លងរីក​រាល​ដាល​នៃជំងឺកូវីដ-១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងៗទៀត។ ហើយ​កាល​ពីពាក់​កណ្តាលឆ្នាំ​២០២០ ព្រះអង្គ​ក៏ទ្រង់​យាងទៅ​ប្រទេស​ចិនដែរ ចំ​ពេល​របប​ក្រុង​ភ្នំពេញ​ចាប់​ផ្តើម​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​យល់ថា ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​នៅ​ពេល​នោះ​គឺ​ដោយសារ​ទ្រង់​មិន​សព្វ​ព្រះរាជ​ហឫទ័យ​ក្នុង​ការ​ឡាយ​ព្រះហស្ដ​លេខា​លើ​ការបង្កើត​ច្បាប់​ទាំង​នេះ ព្រោះ​ទ្រង់​ដឹង​ថា របប​លោក ហ៊ុន សែន នឹង​យក​លេស​នេះ​ធ្វើ​ទុក្ខបុកម្នេញ​ថែម​ទៀត​លើ​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​រិះគន់ ដើម្បី​រក្សា​​អំណាច​​ត​វង្ស​ត្រកូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល