រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល ស្លាប់ក្នុងវ័យ៩៤ឆ្នាំ
2024.09.03
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល ទទួលមរណភាពនៅព្រឹកថ្ងៃទី២ ខែកញ្ញា នេះ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សេចក្ដីជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំងឱ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ បាន សម្ដែង ការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារ លោក គង់ សំអុល។ ព្រះអង្គមានរាជបន្ទូលថាការបាត់បង់ លោក គង់ សំអុល គឺជាការការបាត់បង់ឥស្សរជនរបស់ប្រទេសដោយសារតែលោកបានលះបង់កម្លាំងកាយ ចិត្ត កម្លាំង ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិ សាសនា និង ព្រះមហាក្សត្រ ស្មោះត្រង់នឹងព្រះរាជបល្ល័ង្ក។
នៅថ្ងៃដដែលនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងលោក គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជំនួសឱ្យ លោក គង់ សំអុល តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
លោក គង់ សំអុល ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចាប់ពីឆ្នាំ១៩៩៨ ហើយលោកក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទចន្លោះឆ្នាំ ១៩៨៦ ដល់ឆ្នាំ១៩៨៩ ផងដែរ។ ចំណែក គុយ សុផល ជាឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអតីតជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។