តុលាការបារាំង បានសាកសួរភរិយាលោក លិម គិមយ៉ា អំពីករណីឃាតកម្មលើលោក លិម គិមយ៉ា
2025.01.17

ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យ សពដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀកម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងគំនុំ ឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកបានឆ្លើយប្រាប់ ប៉ូលិសថៃឡើយ។អ្នកស្រីអះអាងថា អ្នកស្រីបានដាក់ពាក្យប្ដឹងអំពីរឿងឃាតកម្មនេះ ទៅតុលាការបារាំងរួចហើយ ស្របពេលតុលាការថៃកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ។
ភរិយា លោក លិម គិមយ៉ា អ្នកស្រី លិម អានី (Lim Any) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា តុលាការ និងប៉ូលិសបារាំងកោះហៅសួរនាំអ្នកស្រី រួចហើយ កាលពីថ្ងៃទី១៥មករា ជុំវិញរឿងឃាតកម្មលើស្វាមីរបស់អ្នកស្រី គឺ លោក លិម គិមយ៉ា នៅទីក្រុងបាងកក។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលទៅចូលរួមបុណ្យសព លោក លិម គិមយ៉ា នៅវត្តពោធិ៍វង្ស ឬហៅថា សង់ សៀកម៉ាន ដែលរៀបចំដោយ ពលរដ្ឋខ្មែរនៅប្រទេសបារាំងនោះ គឺភរិយារបស់លោក លិម គិមយ៉ា បានប្រាប់លោកថា ប៉ូលិស និងតុលាការបារាំងរួចហើយ អំពីឃាតកម្មនេះ។
លោក សម រង្ស៊ី ថ្លែងកាលពីយប់ថ្ងៃទី១៦មករាថា លោក ហ៊ុន សែន ឬត្រកូល ហ៊ុន ដែលនៅពីក្រោយអំពើឃាតកម្មលើលោក លិម គិមយ៉ា នេះ មិនអាចគេចផុតពីផ្លូវច្បាប់អន្តរជាតិឡើយ ចំពោះការសម្លាប់លោក លិម គិមយ៉ា នេះ។ លោកបន្ថែមថា លោក ហ៊ុន សែន ប្រឈមនឹងតុលាការថៃផង និងតុលាការបារាំងផង។
ភរិយារបស់លោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី បានបញ្ចេញប្រតិកម្មទៅជនសង្ស័យជាឃាតក ដែលបានឆ្លើយប្រាប់ប៉ូលិសថៃ បានឮជនសង្ស័យ លី រតនៈរស្មី ដែលជាទីប្រឹក្សា លោក ហ៊ុន សែន ថា ការបាញ់សម្លាប់ ស្វាមីរបស់អ្នកស្រីថា ជារឿងគំនុំនោះថា ជារឿងមិនពិត។ អ្នកស្រីបានលើកឡើងទាំងអួលដើមកថា ស្វាមី របស់អ្នកស្រី ជាអ្នកនយោបាយប្រឆាំង។ ដូច្នេះ ការការបាញ់សម្លាប់លោក លិម គិមយ៉ា នេះ គ្មានរឿងអ្វីក្រៅ ពីរឿងនយោបាយឡើយ។ អ្នកស្រី លិម អានី បានឆ្លើយប្រាប់ភ្នាក់ងាររបស់វិទ្យុអាស៊ីសេរីប្រចាំនៅសហគមន៍អឺរ៉ុប ដែលបកប្រែជាខ្មែរថា៖ «ដាច់ខាតរឿងឃាតកម្មនេះជារឿងនយោបាយ ខ្ញុំច្បាស់ថា ការបាញ់សម្លាប់នេះជារឿងនយោបាយ ប្ដីខ្ញុំមិនដែលមានគំនុំផ្ទាល់ខ្លួនជាមួយអ្នកណាទេ ពីព្រោះស្វាមីរបស់ខ្ញុំជាអ្នកនយោបាយ និង ជាតំណាងរាស្ត្ររបស់ប្រឆាំង។ អីចឹង ការសម្លាប់នេះជារឿងនយោបាយ»។
នេះជាលើកទី១ហើយ ដែលភរិយារបស់លោក គិម យ៉ា បានបញ្ចេញប្រតិកម្មលើរឿងឃាតកម្មលើលោក លិម គិមយ៉ា ក្រោយពីឃាតកបាញ់សម្លាប់ស្វាមី នៅទីក្រុងបាងកក ក្នុងរយៈពេលជាង១សប្ដាហ៍មកនេះ។
អគ្គស្នងការនគរបាលភូមិន្ទថៃ លោក គិតតិរ៉ាត់ ផាន់ផេត (Kittirat Phanphet) ថ្លែង នៅក្នុងសន្និសិទ្ធិសារព័ត៌មានកាលពីថ្ងៃទី១៥ ខែមករា ពាក់ព័ន្ធនឹងលទ្ធផលស៊ើប អង្កេតលើករណីឃាតកម្មរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ថា «ចម្លើយសារភាពរបស់ជនជាប់ចោទ ដែលជាខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) គឺមានទម្ងន់ និងបញ្ជាក់ថា ករណីឃាតកម្ម នេះ គឺជាជម្លោះបុគ្គល ដែលកើតឡើងដោយការខឹងសម្បារផ្ទាល់ខ្លួន»។
ទោះជាបែបនេះក្ដី អ្នកជំនាញច្បាប់ លោក វន ចាន់ ឡូត មានប្រសាសន៍ថា ចម្លើយសារភាពជាដំបូងរបស់ជនសង្ស័យនេះ គ្រាន់តែជាការសន្និដ្ឋានជាបឋមរបស់ប៉ូលិសទេ រឿងនេះមិនទាន់ចប់ត្រឹមនេះទេ។ តុលាការនឹងមាននីតិវិធីស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកការពិត។
មកដល់ពេលនេះ អាជ្ញាធរកម្ពុជា នៅមិនទាន់ចាប់ខ្លួនជនសង្ស័យ ដែលជាជនជាតិខ្មែរទាំងពីរនេះ ឈ្មោះ ពេជ្រ គីមស្រ៊ិន និង ឈ្មោះ លី រតនរស្មី បញ្ជូនមកឱ្យអាជ្ញាធរថៃ ដើម្បីអនុវត្តនីតិវិធីនៅឡើយ ក្រោយពីតុលាការព្រហ្មទណ្ឌថៃបានចេញដីកាតាមចាប់ខ្លួនជនសង្ស័យទាំង ២នេះ។ ទោះជាយ៉ាងនេះក្ដី ប៉ូលិសថៃបានស្នើទៅប៉ូលិស Interpol ដើម្បីសុំការសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរទាំងពីរនាក់នេះ រួចហើយ។
ពេលពលរដ្ឋខ្មែរ រួមទាំងក្រុមគ្រួសាររបស់លោក លិម គិមយ៉ា ផង បានរៀបចំបុណ្យសពជាង ១០០នាក់ កាលពីថ្ងៃទី១៦មករា។ ពលរដ្ឋខ្មែរទាមទារឱ្យតុលាការថៃ និងរដ្ឋាភិបាលបារាំងជួយរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។
រីឯពលរដ្ឋខ្មែរ នៅរដ្ឋ Philadephia វិញ ក៏គ្រោងធ្វើបុណ្យសព លោក គិមយ៉ា នៅថ្ងៃទី១៨ មករានេះ។
ភរិយា លោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី សង្ឃឹមថា តុលាការ និងរដ្ឋាភិបាលបារាំង សង្ឃឹមថា នឹងជួយរកយុត្តិធម៌ជុំវិញនឹងករណីបាញ់សម្លាប់ស្វាមីអ្នកស្រីថា តើអ្នកណានៅពីក្រោយអំពើឃាតកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។