ក្រុមប្រទេសនិយមប្រជាធិបតេយ្យមិនបញ្ជូនអ្នកសង្កេតការណ៍ និងផ្តល់ជំនួយសម្រាប់ការបោះឆ្នោត
2023.03.31

ក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យមួយចំនួន នៅតែសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោត និងផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជាឡើយ។ ការបញ្ជាក់ជំហរសាជាថ្មីនេះ ធ្វើឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់ និងកាសែតក្នុងស្រុកមួយចំនួនដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ថា ប្រទេសប្រជាធិបតេយ្យមួយចំនួន នឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ដើម្បីឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដា ខាងមុខ។
ជារឿងអាម៉ាស់ថ្មីម្តងទៀតសម្រាប់កម្ពុជា ដែលមិនខុសពីការបោះឆ្នោតជាតិឆ្នាំ២០១៨កន្លងទៅ ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ អាចនឹងគ្មានវត្តមានអ្នកសង្កេតការណ៍ ឬបេសកកម្មសង្កេតការណ៍បោះឆ្នោតឯករាជ្យរបស់ក្រុមប្រទេសនិយមប្រជាធិបតេយ្យធំៗនៅលើពិភពលោក មកចូលរួមសង្កេតការណ៍។ ការណ៍នេះអាចនឹងធ្វើឱ្យការទទួលស្គាល់ចំពោះភាពស្របច្បាប់នៃលទ្ធផលនៃការបោះឆ្នោតលើកនេះ នៅតែចោទជា បញ្ហាចម្រូងចម្រាសដដែល។
ទំនងជាដើម្បីបញ្ចៀសនូវបញ្ហាអស់ទាំងនេះហើយ ទើបបានជាមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតនេះ បានរូតរះម្នីម្នាជួបជាមួយក្រុមប្រទេសនិយមប្រជាធិបតេយ្យ ដើម្បីទទូចឱ្យប្រទេសទាំងនោះបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជា។ មន្ត្រីជាន់ខ្ពស់ និងកាសែតក្នុងស្រុកនៅកម្ពុជាខ្លះថែមទាំងព្យាយាមជួយបន្ទរ និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយថា ក្រុមប្រទេសនិយមប្រជាធិបតេយ្យ ដូចជាបារាំង សហភាពអឺរ៉ុប និងជប៉ុនជាដើម នឹងបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ ក៏ប៉ុន្តែ ព័ត៌មាននេះ ត្រូវបានក្រុមប្រទេសនិយមប្រជាធិបតេយ្យចេញមកបដិសេធ ជាបន្តបន្ទាប់ និងចាត់ទុកថា ជាព័ត៌មានក្លែងក្លាយ។
ជាក់ស្តែងនៅឯកិច្ចពិភាក្សាដេញដោលមួយធ្វើឡើងដោយអនុគណៈកម្មាធិការសភាអឺរ៉ុបស្ដីពីបញ្ហាសិទ្ធិមនុស្ស កាលពីថ្ងៃទី២១ ខែមីនា ដើម្បីបន្តតាមដានអំពីស្ថានការណ៍វិវត្តចុងក្រោយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិខែកក្កដា តំណាងរាស្ត្រសភាអឺរ៉ុប និងជាសមាជិកគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ អ្នកស្រី ហៃឌី អូថាឡា (Heidi Hautala) បានសម្តែងការភ្ញាក់ផ្អើលដែលក្រុមមេដឹកនាំកម្ពុជា មិនត្រឹមតែបានរឹតត្បិតមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប៉ុណ្ណោះទេ តែថែមទាំងផ្សព្វផ្សាយនូវព័ត៌មានមិនពិតទៀតផង។ អ្នកស្រីបានលើកយកករណីកាសែតខ្មែរថាមស៍ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតថា សហភាពអឺរ៉ុបមានផែនការបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមឃ្លាំមើលការបោះឆ្នោតជាតិនៅកម្ពុជានោះ។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធាននាយកដ្ឋានកិច្ចការបរទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សហភាពអឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ (Barbara Plinkert) បានបញ្ជាក់ជំហរថា គិតមកទល់ពេលនេះ សហភាពអឺរ៉ុបនៅមិនទាន់សម្រេចចិត្តបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកឃ្លាំមើលដំណើរការបោះឆ្នោតជាតិនៅកម្ពុជានៅឡើយទេ។
អ្នកស្រី បារបារ៉ា ប៊្លីនឃឺរត៍៖ «ពាក់ព័ន្ធនឹងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ប្រសិនបើយើងបញ្ជូនបេសកកម្មសង្កេតការណ៍បោះឆ្នោតរបស់យើង ការណ៍នេះត្រូវតែធ្វើតាមការវាយតម្លៃច្បាស់លាស់មួយដើម្បីកំណត់ថា តើមានបរិយាកាសអំណោយផលសម្រាប់ការរៀបចំការបោះឆ្នោតដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយតម្លាភាព និងដោយការជឿទុកចិត្តបានដែរឬទេ? ថាតើលក្ខខណ្ឌទាំងអស់នេះត្រូវបានគេអនុវត្តដែរឬទេ? យោងតាមការវាយតម្លៃរបស់យើង លក្ខខណ្ឌទាំងអស់នេះនាពេលបច្ចុប្បន្ននេះ មិនទាន់ត្រូវបានភាគីកម្ពុជាអនុវត្តនៅឡើយទេ។ ដូច្នេះ មកទល់នឹងពេលនេះ យើងនៅមិនទាន់បានសម្រេចចិត្តនៅឡើយទេ ថា នឹងបញ្ជូនបេសកកម្មសង្កេតការណ៍បោះឆ្នោតរបស់យើងទៅកម្ពុជា...»។
បើទោះជាយ៉ាងនេះក្តី រឿងរ៉ាវផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅមិនទាន់បញ្ចប់ត្រឹមនេះទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង កាលពីថ្ងៃទី២៧ ខែមីនា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានស្នើឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជាលោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Pellet Jacques Paul Gaston) ឱ្យបញ្ជូនអ្នកសង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។ លោក ហោ ណាំហុង សរសេរបន្តថា ឯកអគ្គរដ្ឋទូតបារាំងបានឆ្លើយតបថា «នឹងមានក្រុមអ្នកសង្កេតការណ៍អឺរ៉ុបដែលអាចមកមុន ៣ខែដើម្បីសង្កេតមើល» ការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯណោះវិញ នៅថ្ងៃទី២៧ ខែមីនា ដដែលក៏បានប្រកាសដែរថា ជប៉ុនបាន «បានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា» ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ហើយ«សម្រេចបានលទ្ធផលល្អ»។ គ.ជ.ប ថា ឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) «កំពុងពិចារណាជួយ»ដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក។
ព័ត៌មានទាំងនេះ ត្រូវបានកាសែតក្នុងស្រុក «ភ្នំពេញ ប៉ុស្តិ៍» (Phnom Penh Post) យកទៅចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ដោយដាក់ចំណងជើងធំៗថា «ការបោះឆ្នោតជាតិ អាចនឹងមានអ្នកសង្កេតការណ៍មកពីបារាំង និងជប៉ុន»។ ក្រោយមក កាសែតនេះបានលុបចោលប្រទេសជប៉ុនចេញពីចំណងជើងរបស់ខ្លួនវិញ។
ឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា បានសរសេរនៅលើទំព័រទ្វីតធ័រ (Twitter) របស់ខ្លួនដោយដាក់ Hashtag ថា «ផ្ទៀងផ្ទាត់ការពិត» ឬ #FactChecking។ ស្ថានទូតសរសេរថា បារាំងពុំមានចេតនាបញ្ជូនអ្នកសង្កេតការណ៍ជាតិរបស់ខ្លួនមកឃ្លាំមើលការបោះឆ្នោតខែកក្កដា នៅកម្ពុជាឡើយ និងថា «យើងនៅតែបន្តលើកទឹកចិត្តឱ្យមានការបង្កើតនូវបរិយាកាសមួយដែលអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល អាចដំណើរការទៅបានដោយគ្មានការរារាំង ដែលជាកត្តាសំខាន់សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
រីឯស្ថានទូតជប៉ុនឯណោះវិញ ស្ថានទូតនេះបានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកផ្សាយជាភាសាអង់គ្លេស ឈ្មោះ Cambodianess ថា រដ្ឋាភិបាលជប៉ុនពុំមានផែនការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាឡើយ។
អ្នកជំនាញកិច្ចការបោះឆ្នោត និងជានាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី ថា លោកសោកស្តាយដែលពុំមានអ្នកសង្កេតការណ៍ឯករាជ្យមកចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។
លោក សម គន្ធាមី៖ «អាហ្នឹងវាអាស្រ័យទៅលើការវាយតម្លៃរបស់ប្រទេសទាំងនេះ។ គេមិនទាន់ជឿជាក់ថា នឹងមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ទើបគាត់មិនបញ្ជូនមក។ យើងសោកស្តាយ។ ខ្ញុំចង់ឱ្យសហគមន៍អន្តរជាតិបានមកចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោតនាពេលខាងមុខនេះ...។ វានឹងជួបនូវការលំបាកពុំមានអ្នកជួយសង្កេត វាយតម្លៃទាំងអស់ទៅ វាអត់មានសហគមន៍អន្តរជាតិ អ្នកសង្កេតការណ៍អន្តរជាតិមកចូលរួម...»។
ដោយឡែក មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ពន្យល់ថា នៅពេលដែលក្រុមប្រទេសនិយមប្រជាធិបតេយ្យសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោត មានន័យថា ក្រុមប្រទេសទាំងនោះនឹងមិនវាយតម្លៃលើលទ្ធផលនៃការបោះឆ្នោតនេះទេ។
លោក កន សាវាង្ស៖ «ប្រទេសមួយៗ កាលណាគេធ្វើការសម្រេចចិត្តអ្វីមួយហ្នឹង គឺថា គេមានការសិក្សា គេមានរង្វាស់ គេមានខ្នាតគេ នៅក្នុងការសម្រេចចិត្តមួយ ពីព្រោះថា ការដែលបញ្ជូនមនុស្សមកសម្រាប់ធ្វើកិច្ចការងារក្នុងការសង្កេតការណ៍ហ្នឹង កាលណាគេសម្រេចថា បញ្ជូនមកជាអ្នកសង្កេតការណ៍របស់ប្រទេសគេ គឺមានន័យថា គេនឹងធ្វើការវាយតម្លៃហើយៗ។ អ៊ីចឹង កាលណាគេអត់បញ្ជូនមក សម្រាប់ខ្ញុំៗយល់ថា គេនឹងមិនធ្វើការវាយតម្លៃទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបានទេ គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមីនា។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកនាង ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃទី៣០ ខែមីនា ថា សហរដ្ឋអាមេរិកពុំបានផ្តល់ជំនួយណាមួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាឡើយ។ មន្ត្រីស្ថានទូតអាមេរិករូបនេះថា សហរដ្ឋអាមេរិកជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាដោយអនុញ្ញាតឱ្យមានទស្សនៈនយោបាយប្រឆាំង ជំរុញឱ្យមានការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់នូវការផ្លាស់ប្តូរគំនិតដោយសេរី និងបើកចំហ។ សហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យមានដំណើរការបោះឆ្នោតមួយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនយោបាយទាំងអស់ ហើយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចអនុវត្តសិទ្ធិនយោបាយរបស់ពួកគេបានដោយពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។