សម្ព័ន្ធភាពចាក់ស្រេះរវាងគ្រួសារអ្នកកាន់អំណាច និងគ្រួសារអ្នកជំនួញ «អាចបង្កផលប៉ះពាល់ប្រយោជន៍ជាតិធ្ងន់ធ្ងរ»
2023.12.01
ក្នុងពេលប្រជាពលរដ្ឋ កំពុងមានវិបត្តិសេដ្ឋកិច្ច ក្រុមមន្ត្រីកំពូលៗ បែរជាកំពុងសម្ញែងទ្រព្យសម្បត្តិ និងការរៀបចំពិធីមង្គលការកូនចៅរបស់ពួកគេដោយចំណាយលុយរាប់សិបម៉ឺនដុល្លារ។ ក្រុមអ្នករិះគន់ ព្រួយបារម្ភថា ការចងសម្ព័ន្ធភាពគ្នាចាក់ស្រេះរវាងគ្រួសារអ្នកកាន់អំណាចនយោបាយ និងគ្រួសារអ្នកជំនួញ ដូចជាពិធីរៀបការរវាងកូនប្រុសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងចៅស្រីរបស់ឧកញ៉ា ឡាវ ម៉េងឃីន ព្រមទាំងពិធីរៀបការចៅចំនួន ៣នាក់របស់អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ជាមួយគ្រួសារអ្នកជំនួញ និងគ្រួសារអ្នកកាន់អំណាចផ្សេងទៀត នឹងនាំឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរក្នុងប្រទេស។
ក្រុមគ្រួសារឥស្សរជននយោបាយរបស់គណបក្សអំណាច កំពុងអួតសម្ញែងទ្រព្យ សម្បត្តិដាក់គ្នាតាមរយៈការរៀបចំពិធីមង្គលការកូនចៅជំនាន់ក្រោយរបស់ពួកគេជាមួយគ្រួសារមន្ត្រីកាន់អំណាចនយោបាយកំពូលៗដូចគ្នា និងជាមួយគ្រួសារអ្នកជំនួញលំដាប់កំពូលៗក្នុងប្រទេស។ នេះគឺជាការចងរឹតបន្តឹងសម្ព័ន្ធភាពរបស់ពួកគេកាន់តែរឹងមាំបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ និងការពារគ្នាទៅវិញទៅមក។
ពិធីមង្គលការរវាងកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ឈ្មោះ អូន ព័ន្ធមុនីរាជ និងកូនស្រីរបស់ឧកញ៉ា ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឈ្មោះ ឡាវ ជៀជីន ដែលត្រូវជាចៅស្រីឧកញ៉ា ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ហៅយាយ ភូ កំពុងលេចធ្លោក្នុងបណ្ដាញសង្គម។
លោក ឡាវ វ៉ាន់ បានបង្ហោះវីដេអូមង្គលការកូនរបស់លោកជាបន្តបន្ទាប់ អមជាមួយសារបង្ហាញពីមោទនភាពដែលបានផ្សាសាច់ឈាមជាមួយគ្រួសារលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាមនុស្សមានឥទ្ធិពលបំផុតនៅក្បែរលោក ហ៊ុន សែន ។ ពិធីមង្គលការដែលជះលុយរាប់សិបម៉ឺនដុល្លារនេះ រៀបចំរយៈពេលពីរថ្ងៃពីថ្ងៃទី២៥ ដល់ ២៦ វិច្ឆិកា នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងប្រណិត ព្រមទាំងរៀបចំលម្អដោយផ្កាចម្រុះពណ៌ប្រៀបដូចជាឋានសួគ៌នៅលើដី។ ក្រុមគ្រួសារលោក ហ៊ុន សែន មន្ត្រីកំពូលៗគ្រប់ក្រសួងស្ថាប័ន និងពួកអភិជនជាច្រើនរូប សុទ្ធតែមានវត្តមានក្នុងពិធីមង្គលការនេះ។ ភរិយារបស់លោក ហ៊ុន ម៉ាណែត គឺជាអ្នកដឹកដៃកូនក្រមុំដោយផ្ទាល់។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ទាំងកូនកំលោះកូនក្រមុំ និងអ្នកចូលរួម សុទ្ធតែតុបតែងខ្លួនលម្អដោយគ្រឿងអលង្ការ និងសំលៀកបំពាក់ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ គ្រាន់តែនាឡិកាដៃរបស់កូនកំលោះ ត្រូវបានគេដឹងថា មានតម្លៃជាង ១០ម៉ឺនដុល្លារ។
ខណៈលោក អូន ព័ន្ធមុនីរ័ត្ន កំពុងគ្រប់គ្រងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ភរិយារបស់លោក អ្នកស្រី អ៊ឹម ប៉ូលីកា គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់។ ពួកគេបានបញ្ជូនកូនប្រុស គឺលោក អូន ព័ន្ធមុនីរាជ មករស់នៅ និងរៀនសូត្រក្នុងប្រទេសអូស្ត្រាលី ក្នុងជីវភាពដ៏ហ៊ឺហា។ កាលពីឆ្នាំ២០១៤ អ្នកស្រី អ៊ឹម ប៉ូលីកា បានចំណាយលុយ២,១ លានដុល្លារអូស្ត្រាលី(ស្មើនឹងប្រមាណ ១,៥ លានដុល្លារអាមេរិក) ទិញអាផាតមិនមួយក្នុងតំបន់ វ័ន សេនត្រល ផាក (One Central Park) នៅក្រុងស៊ីដនី (Sydney) ដើម្បីឲ្យកូនប្រុសស្នាក់នៅ។ លើសពីនេះ អ្នកស្រីក៏បង្កើតមុខជំនួញជាច្រើនស្ទើរគ្រប់វិស័យ រាប់ចាប់តាំងពីភោជនីយដ្ឋាន ក្លឹបកម្សាន្ត កសិកម្ម ទេសចរណ៍ ចំណីអាហារ និងអចលនទ្រព្យជាដើម ហើយមុខជំនួញមួយចំនួនមានឈ្មោះលោក អូន ព័ន្ធមុនីរាជ អាយុ២៥ឆ្នាំ ជាអ្នកគ្រប់គ្រងទាំងនៅកម្ពុជា និងអូស្ត្រាលី។ ប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់ទេ លោក អូន ព័ន្ធមុនីរ័ត្ន រួមទាំងប្រពន្ធ និងកូនរបស់លោក បានដឹកដៃគ្នាទៅទិញសញ្ជាតិស៊ីប (Cyprus) ស្ងាត់ៗ ហើយត្រូវបានកាសែតអន្តរជាតិចុះផ្សាយល្បីសុះសាយម្តងហើយ កាលពីឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបំណងរត់ចោលស្រុកសន្តិភាព និងយកលុយមករក្សាទុកនៅក្រៅប្រទេស។
នៅពេលនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានក្លាយជាដន្លងដងស្នែងជាមួយលោក ឡាវ វ៉ាន់ ដែលជាគ្រួសារមួយមានទាំងអំណាចនយោបាយ និងគ្រប់គ្រងសេដ្ឋកិច្ចខ្មែរមួយផ្នែកធំ។ លោកឧកញ៉ា ឡាវ វ៉ាន់ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់មែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រពន្ធរបស់លោក គឺអ្នកស្រី ជឹង សុគន្ធាវី ជាម្ចាស់ក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) ដែលមានបុត្រសម្ព័ន្ធមួយគឺក្រុមហ៊ុន អិនវីស៊ី ខុបភើរេសិន (NVC Cooperation) ផលិតទឹកវីតាល់ ក្រុមហ៊ុនផលិតមីជាតិ ភោជនីយដ្ឋាន និងសហគ្រាសឱសថកម្ពុជា។ ឪពុកម្ដាយរបស់ពួកគេ គឺប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាពីមិច (Pheapimex group ) សមាជិកព្រឹទ្ធសភាបក្សកាន់អំណាច លោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា និងជាដៃគូជំនួញរបស់អ្នកស្រី ប៊ុន រ៉ានី ដែលកេរ្តិ៍ឈ្មោះអាស្រូវរឿងបំផ្លាញធនធានធម្មជាតិ និងបណ្តេញអ្នកក្រយកដី ដូចជានៅតំបន់បឹងកក់ជាដើម។ លោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ក៏បានចំណាយលុយទិញសញ្ជាតិស៊ីបដែរ។
លោក ឡាវ វ៉ាន់ មិនត្រឹមតែពង្រីកឥទ្ធិពលនយោបាយឲ្យបក្សកាន់អំណាចនៅអូស្ត្រាលីប៉ុណ្ណោះទេ លោក និងភរិយា ក៏កំពុងពង្រីកមុខជំនួញដែរ។ កាលពីឆ្នាំ២០១៥ អ្នកស្រី ជឹង សុគន្ធាវី បានទិញផ្ទះល្វែងប្រណីត ឬអាផាតមិន នៅជាន់ទី២៤ ក្នុងប្លុកអគារខ្ពស់ៗ (Tower) ផ្ដាច់មុខមួយនៅទីក្រុងមែលប៊ននេះ ក្នុងតម្លៃ ៤លានដុល្លារអូស្ត្រាលី ឬប្រហែលជិត ៣លានដុល្លារអាមេរិក ។ បន្ទាប់មក ប្តីប្រពន្ធមួយគូនេះ បានបង្កើតអាជីវកម្មនៅអូស្ត្រាលីចំនួន ២កន្លែង រួមមាន ហាងនំ មែលប៊ន (Melbourne bakery) ដែលបានបើកដំណើរការតាំងពីខែធ្នូ ឆ្នាំ២០១៩ មក ដោយមានកូនស្រីឈ្មោះឡាវ ជៀជីន (Lau Jai Zhen) ជាអ្នកគ្រប់គ្រង។
ការរៀបចំផ្សំផ្គុំ នាង ឡាវ ជៀជីន និងលោក អូន ព័ន្ធមុនីរាជ នេះ ត្រូវបានគេមើលឃើញថា អំណាចនយោបាយ និងមុខជំនួញរបស់គ្រួសារលោក ឡាវ វ៉ាន់ និងគ្រួសារលោក អូន ព័ន្ធមុនីរ័ត្ន នឹងកាន់តែរីកធំបន្ថែមទៀត ដូចស្តែងឲ្យឃើញមួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនគ្រួសារទាំងពីរនេះទទួលបានដីសម្បទាន ជាច្រើនកន្លែងពីរដ្ឋាភិបាលនៅក្នុងតំបន់ការពារបរិស្ថាន ដូចជានៅ ឧទ្យានជាតិព្រះសុរាម្រិត ឬហៅថា ឧទ្យានជាតិគិរីរម្យ។
មិនមែនតែពីរត្រកូលនេះទេ ត្រកូលអ្នកជំនួញ និងអ្នកកាន់អំណាចផ្សេងទៀត ក៏រត់រកគ្នាដែរ។ កាលពីថ្ងៃទី២៩ វិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានរៀបចំពិធីមង្គលការកូនស្រីរបស់លោក ឈ្មោះ ឃួង ស៊ីណាម៉ាលីន ជាមួយកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ឈ្មោះ អ៊ាង និតិភព ដេនីស ត្រូវជាចៅប្រុសរបស់លោក ជា សុផារ៉ា។ មង្គលការនេះ ក៏ចំណាយលុយដ៏សន្ធឹកសន្ធាប់រៀបចំយ៉ាងល្អប្រណិត មិនឲ្យចាញ់មង្គលការកូនចៅអ្នកធំផ្សេងទៀតឡើយ។
កាលពីខែធ្នូ ឆ្នាំ២០២២ ចៅស្រីលោក ជា សុផារ៉ា ម្នាក់ទៀត និងត្រូវជាកូនស្រី លោក អ៊ាង សុផល្លែត ដែរនោះ ឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ បានរៀបការជាមួយកូនប្រុសរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ែន សំអាត ឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត។ នៅមុននេះ ៥ខែ លោក ជា សុផារ៉ា ក៏បានរៀបចំមង្គលការចៅស្រីរបស់លោកម្នាក់ទៀត ជាមួយកូនប្រុសថៅកែក្រុមហ៊ុនជីបម៉ុង។
ដោយឡែក កាលពីខែមិថុនា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី និងអតីតអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក៏បានរៀបការកូនស្រីរបស់លោក ជាមួយកូនប្រុសអតីតឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោក ហែម ហេង។
ពិធីមង្គលការកូនចៅអ្នកធំទាំងនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការជជែកវែកញែកច្រើនអំពីរបៀបរស់នៅរបស់ក្រុមអ្នកមានអំណាច និងការចងសម្ព័ន្ធភាពគ្នាចាក់ស្រេះនៅក្នុងប្រទេសមួយដែលប្រជាជនម្នាក់ៗរកចំណូលប្រចាំឆ្នាំបានក្រោម ២ពាន់ដុល្លារ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មានប្រសាសន៍ថា ការសម្ញែងទ្រព្យសម្បតិ្តតាមរយៈការរៀបចំមង្គលការកូនចៅរបស់ក្រុមអ្នកកាន់អំណាចនេះ ប្រសិនបើនៅប្រទេសដែលមានអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ ឯករាជ្យនោះ លោកជឿថា នឹងមានការស៊ើបអង្កេតទៅលើប្រភពទ្រព្យសម្បត្តិរបស់ពួកគេ។ លោកបន្ថែមថា បើទោះបីជាអ្នកមានលុយ និងអ្នកមានអំណាច ខំចងសម្ព័ន្ធភាព ដើម្បីការពារផលប្រយោជន៍គ្នាក្តី ក៏មិនអាចធានាសុវត្ថិភាពរបស់ពួកគេ បានយូរអង្វែងដែរ ប្រសិនបើការគ្រប់គ្រងប្រទេសមិនបានល្អត្រឹមត្រូវ ដែលនាំឲ្យប្រជាពលរដ្ឋរងទុក្ខវេទនានោះ។
លោក សុន ឆ័យ៖ «ដូចខ្ញុំ បានជម្រាបជូនខាងដើម វារឿងផលប្រយោជន៍។ នៅពេលគេមានទ្រព្យសម្បត្តិច្រើន មានអំណាច ហើយអ្នកមានអំណាចស្រុកយើង ក៏មានលុយកាកច្រើនដែរ អ្នករកស៊ី ក៏លុយច្រើន អ្នកមានអំណាច ក៏លុយច្រើន ម្ល៉ោះហើយកាលណា គេមានទ្រព្យសម្បត្តិច្រើន គេមិនចង់ឲ្យកូនចៅរៀបការជាមួយអ្នកក្រីក្រទេ គេច្រើនតែឲ្យកូនចៅ គេរៀបចំនៅក្នុងវណ្ណៈ ឬកម្រិតនៃសង្គមរបស់ពួកគេ។ នេះជារបៀបមួយដែលកើតមាន នៅក្នុងសង្គមថៃ ក៏មានដែរ ប៉ុន្តែដូចខ្ញុំបានជម្រាបហើយជម្រាបទៀតថា ប្រសិនណាជាយើងគ្រប់គ្រងប្រទេសត្រឹមត្រូវ អំណាចមន្ត្រីមិនអាចពុករលួយបានដូចនៅកូរ៉េខាងត្បូងជាដើម ប្រហែលជាពួកអ្នកមានៗ មិនឲ្យកូនប្រុសស្រី ទៅរៀបការ ជាមួយមន្ត្រីរដ្ឋាភិបាលទេ»។
មកទល់ពេលនេះ ការចងសម្ព័ន្ធមេត្រីភាពរវាងកូនចៅជំនាន់ក្រោយរបស់ឥស្សរជននយោបាយបក្សកាន់អំណាច និងក្រុមអ្នកជំនួញលំដាប់ជួរមុខនៅកម្ពុជា បានធ្វើឲ្យអំណាចនយោបាយ និងមុខជំនួញរបស់ក្រុមគ្រួសារពួកគេ កាន់តែរីកធំធាត់គ្មានព្រំដែន។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា ទំនាក់ទំនងចាក់ស្រេះរវាងគ្រួសារអ្នកនយោបាយកាន់អំណាច និងអ្នកជំនួញ នឹងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋធ្ងន់ធ្ងរ ព្រោះមនុស្សមួយក្តាប់តូចនេះ នឹងចាត់ចែងសេដ្ឋកិច្ចជាតិ និងការដឹកនាំប្រទេសសម្រាប់តែក្រុមគ្រួសារពួកគេ។
លោក គឹម សុខ៖ «បានប្រយោជន៍តែពួកគេមួយក្រុមតូចដែលដឹកនាំប្រទេសហ្នឹង ព្រោះវាជាការចងកម្លាំងដែលបង្កើតបក្ខពួក និងបង្កើតអយុត្តិធម៌ ទី១។ទី២ ចងកម្លាំងលុយដែលរកស៊ីនៅក្រោមប្រព័ន្ធខ្មៅងងឹត មិនរីកចម្រើនដល់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចជាតិ ទាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទេ ។ទី៣ បោកបំភ័ន្តប្រជាពលរដ្ឋ ជាយុទ្ធសាស្ត្រនយោបាយក្លែងក្លាយដែលបោកថា ពួកគេ ដឹកនាំទៅរីកចម្រើន»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ការផ្សាសាច់ផ្សាឈាមកូនចៅជំនាន់ក្រោយរបស់ក្រុមមន្ត្រីកំពូលៗបក្សកាន់អំណាច និងក្រុមអ្នកជំនួញនៅពេលនេះ គឺយកតាមលំនាំកូនចៅជំនាន់មុនរបស់មន្ត្រីបក្សកាន់អំណាច ជាពិសេសគ្រួសារលោក ហ៊ុន សែន។ ការរៀបចំមង្គលការនិងបង្អួតសម្ញែងទ្រព្យសម្បត្តិដាក់គ្នារបស់ត្រកូលអភិបាលជននៅពេលនេះ ទំនងជាពួកគេចង់បង្ហាញទៅពលរដ្ឋថា ការដឹកនាំប្រទេសរបស់ពួកគេ រីកចម្រើន។ តែផ្ទុយទៅវិញ ស្ថានភាពពលរដ្ឋនៅពេលនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយខ្លះគ្មានលុយសងបំណុលធនាគារ និងបង់រំលោះផ្ទះជាដើម ដែលធ្វើឲ្យពួក គេបាត់បង់ទីជម្រក។ អ្នកឃ្លាំមើល យល់ថា មានតែក្រុមមេដឹកនាំផ្ដាច់ការ និងពុករលួយនៅក្នុងប្រទេសក្រីក្រប៉ុណ្ណោះ ដែលចូលចិត្តអួតសម្ញែងទ្រព្យសម្បត្តិ និងចងសម្ព័ន្ធភាពគ្នាដើម្បីការពារ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។