ក្រសួង​មហាផ្ទៃ​ព្រមាន​រំលាយ​បក្ស​ណា​ដែល​​ទទួល​លោក រ៉ុង ឈុន ចូលរួម​ជីវភាព​នយោបាយ

ដោយ ខាន់ លក្ខិណា
2023.11.11
ក្រសួង​មហាផ្ទៃ​ព្រមាន​រំលាយ​បក្ស​ណា​ដែល​​ទទួល​លោក រ៉ុង ឈុន ចូលរួម​ជីវភាព​នយោបាយ អតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៩ វិច្ឆិកា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង នៅតែ​ប្រកាស​ជំហរ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ បើ​ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ​ព្រមាន​រំលាយ​គណបក្ស​ក៏ដោយ​។ ការ​ប្រកាស​ជំហរ​នេះ ធ្វើឡើង​ស្របពេល​គណបក្ស​កម្លាំង​ជាតិ គ្រោង​នឹង​ធ្វើ​សមាជ​លើក​ដំបូង​របស់​ខ្លួន នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ស្អែក​នេះ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ព្រមាន​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​ទទួល លោក រ៉ុង ឈុន ឱ្យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​នោះ ដោយ​ថា លោក រ៉ុង ឈុន មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ។

ការព្រមាន​របស់​ក្រសួង​មហាផ្ទៃ​នេះ​ស្រប​ពេល​លោក រ៉ុង ឈុន កាល​ពី​ថ្ងៃទី​៩ វិច្ឆិកា បាន​លាលែង​ពី​តួនាទី​អនុប្រធាន​គណបក្ស​ភ្លើងទៀន ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំងជាតិ ដែល​បក្ស​នេះ គ្រោង​នឹង​ធ្វើ​សមាជ​លើកដំបូង​របស់​ខ្លួន នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា នៅ​ខេត្ត​កំពង់ធំ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ីសេរី នា​ថ្ងៃទី​១១ ខែវិច្ឆិកា ថា លោក រ៉ុង ឈុន ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស ណាមួយ​ជា​សិទ្ធិ​បុគ្គល ប៉ុន្តែ​តាមច្បាប់​នោះ លោក រ៉ុង ឈុន មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ ជាពិសេស​ឈ្មោះ​ឈរ​ជា​បេក្ខជន ឱ្យ​គេ​បោះឆ្នោត​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា។

លោក​បញ្ជាក់​ថា បើសិនជា​គណបក្ស​នយោបាយ​ណាមួយ​ហ៊ាន​ទទួល​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​ជីវភាព​នយោបាយ ទាំង​ដែល​លោក​មិន​ទាន់​មាន​នីតិសម្បទា គ្រប់គ្រាន់ គណបក្ស​នោះ​ប្រឈម​នឹង​ការ​រំលាយ​ចោល។

លោក ខៀវ សុភ័គ៖ «គាត់​បើសិនជា​ខ្ញុំ​គិត​មើល​តាមច្បាប់ បើ​គាត់​ទៅ​ធ្វើ​ជា​គណៈនាយក គណបក្ស​មួយ​ណា​ក៏ដោយ ឬ​ដឹកនាំ​គណបក្ស​ណាក៏ដោយ គណបក្ស​នោះ អាច​នឹង​ត្រូវ​គេ​ប្ដឹង​រំលាយ​ចោល តាម​គំនិត​ខ្ញុំ បើ​មិន​ជឿ​ខ្ញុំ​ធ្វើ​ចុះ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ស្ថាបនិក​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ទី បាន​នៅឡើយ​ទេ នា​ថ្ងៃទី​១១ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​រក​វិធី​ក្នុង​ការ​ទប់ស្កាត់​លោក​មិន​ឱ្យ​ធ្វើ​នយោបាយ ជាមួយ​គណបក្ស​កម្លាំង​ជាតិ ទើប​ព្រមាន​ដូច្នេះ ពីព្រោះ​កន្លង​មក លោក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ក្រសួង​មហាផ្ទៃ មិន​បាន​ហាម​ឃាត់​ឡើយ​។ មួយវិញ​ទៀត លោក​ថា សាលក្រម​របស់​តុលាការ​ក៏​មិន​បាន​ដាក់​បម្រាម​ហាមឃាត់​លោក​មិន​ឱ្យធ្វើ​នយោបាយ​នោះ​ទេ ដូច្នេះ​លោក​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ដដែល។

លោក រ៉ុង ឈុន៖ «ចេញ​ពី​គណបក្ស​ភ្លើងទៀន ហើយ​មក​ចូលរួម​ជាមួយ​គណបក្ស​កម្លាំងជាតិ បែរជា​អះអាង​ថា គណបក្ស​ណា​ទទួល រ៉ុង ឈុន នឹង​ត្រូវ​បាន​រំលាយ ចម្លែក​ដែរ មាន​ការ​ភ្ញាក់ផ្អើល ហាក់បីដូចជា​ខ្លាច​វត្តមាន​ខ្ញុំ​ម្ល៉េះ ពីព្រោះ​ខ្ញុំ​មាន​ក្បាល​មួយ អត់​មាន​ធនធាន​អ្វី​ផង ហេតុ​អី​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ម្ល៉េះ ជុំវិញ​វត្តមាន​ខ្ញុំ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ»

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា​និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើង​ថា លោក រ៉ុង ឈុន គួរ​សួរ​បញ្ជាក់​ទៅ​ខាង​តុលាការ​ចំពោះ​រឿង​នេះ ដើម្បី​កុំឱ្យ​ប៉ះពាល់​គណបក្ស​នយោបាយ ដែល​លោក​ចូលរួម។

លោក សំ គន្ធាមី៖ «លោក រ៉ុង ឈុន គាត់​គួរ​បញ្ជាក់​ជាមួយ​ខាង​តុលាការ កុំ​មាន​ការ​បកស្រាយ​ខុសគ្នា បើ​គាត់​ថា បម្រាប​តុលាការ​មាន​ប៉ុន្មាន​ចំណុច​ហ្នឹង ហើយ​ប៉ុន្មាន​ចំណុច​ហ្នឹង អត់​មាន​ពាក់ព័ន្ធ​នឹង​វិស័យ​នយោបាយ​ទេ ដើម្បី​ឱ្យ​ច្បាស់ លាស់​តែម្ដង​ទៅ»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ទេព នីថា នៅ​ថ្ងៃទី​៩ ឧសភា ឆ្នាំ​២០២៣ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ដោយ មិន​អនុញ្ញាត​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​មជ្ឈិម ហើយ​មិន​ទាន់​មាន​នីតិសម្បទា​ឡើងវិញ។

..ប តម្រូវ​ឱ្យ​ប្ដូរ​បេក្ខភាព​ថ្មី​ជំនួស​លោក រ៉ុង ឈុន និង​ទាមទារ​ឯកសារ ដើម​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ ព្រមទាំង​តម្រូវ​ឱ្យ​មាន​បង្កាន់ដៃ​បង់ប្រាក់​ចំនួន ១៥​លាន​រៀល ចេញ​ពី​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ជាដើម។

លោក រ៉ុង ឈុន ធ្លាប់​ធ្វើជា​សមាជិក​គ..ប និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហើយ​បាន​ចេញ​មុខការ​ពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​។ លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ដង​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​។ កាលពី​ខែកក្កដា ឆ្នាំ​២០២០ តុលាការ​បាន​ផ្ដន្ទាទោស លោក រ៉ុង ឈុន រយៈពេល ២​ឆ្នាំ​ម្ដងទៀត​។ ប៉ុន្តែ លោក រ៉ុង ឈុន បាន​ជាប់​នៅក្នុង​ពន្ធនាគារ​រយៈពេល ១៥​ខែ តុលាការ​ក៏​ដោះលែង​វិញ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។