អ្នក​ជំនាញ​ច្បាប់​ថា ក្រសួង​យុត្តិធម៌​មិន​គួរ​ព្រងើយ​កន្តើយ​ចំពោះ​តម្រុយ​បទល្មើស​ឧក្រិដ្ឋ​ថ្នាក់​ជាតិ​ទេ

ដោយ ទីន ហ្សាការីយ៉ា
2025.01.08
អ្នក​ជំនាញ​ច្បាប់​ថា ក្រសួង​យុត្តិធម៌​មិន​គួរ​ព្រងើយ​កន្តើយ​ចំពោះ​តម្រុយ​បទល្មើស​ឧក្រិដ្ឋ​ថ្នាក់​ជាតិ​ទេ ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ (រូបកណ្ដាល) និង​បុរស​ជនជាតិចិនដែលអះអាងថាឈ្មោះ ស៊ុន រ៉ុយហ្វេង (Sun Ruifeng) ត្រូវចាញ់បោក​លោក ហ៊ុន តូ ៩លាន​ដុល្លារ។
រូប៖ ហ្វេសប៊ុកលោក ហេង សិទ្ធី

អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើកឡើង​ថា ក្រសួង​យុត្តិធម៌​មិន​គួរ​ព្រងើយកន្តើយ​បើក​ការ​ស៊ើបអង្កេត​នៅ​ពេល​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ថ្នាក់​ជាតិ​នោះ​ឡើយ។ ការ​លើកឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បែប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មន្ត្រី​ក្រសួង​យុត្តិធម៌​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​បាន​ចោទ​ប្រកាន់​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​រួម​ទាំង​ក្មួយ​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ផង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ជា​អ្នក​កាង​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាងណា​ក្រសួង​មហាផ្ទៃ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

លោក​មេធាវី ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ ខែមករា​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទោះ​បី​ជា​គ្មាន​ដើម​បណ្ដឹង​ក៏​ដោយ នៅ​ពេល​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ក៏​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បើក​ការ​ស៊ើបអង្កេត។ លោក​បន្ត​ថា អំពើ​ពុករលួយ និង​អំពើ​ឆបោក​តាម​អនឡាញ​គឺ​ជា​បទល្មើស​ឧក្រិដ្ឋ និង​ជា​បទល្មើស​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ និង​សន្តិសុខ​ប្រជាពលរដ្ឋ។

លោក​មេធាវី ជូង ជូងី៖ «អំពើ​ពុករលួយ​គឺ​ជា​បទឧក្រិដ្ឋ​ក៏​ជា​អំពើ​មួយ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ដែរ ហើយ​ក្នុង​ផ្លូវ​ច្បាប់​ក៏​ជា​ប្រភេទ​បទល្មើស​ធ្ងន់ ដូច្នេះ​ដូចគ្នា​ដែរ​សមត្ថកិច្ច​កាលណា​មាន​តម្រុយ​ត្រូវតែ​ឆាប់​ធ្វើ​ការ​បើក​ការស៊ើបអង្កេត ប្រសិន​មិន​បើក​ការស៊ើបអង្កេត​ស្មើ​នឹង​ទុក​ឱកាស​ឱ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហ្នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ។ អ៊ីចឹង​ម្យ៉ាង​មិន​បាន​បំពេញ​ការងារ​ជា​នគរបាល​យុត្តិធម៌​ស៊ើបអង្កេត​ពី​បទល្មើស​មាន​តម្រុយ ហើយ​ម្យ៉ាង​ទៀត​ហាក់បីដូចជា​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ប្រព្រឹត្ត​ហ្នឹង​ចេះ​តែ​ប្រព្រឹត្ត​ត​ទៅ​ទៀត»

ការ​លើកឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក សេង ឌីណា កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា គោលការណ៍​ក្រសួង​យុត្តិធម៌​ទទួល​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​បណ្ដឹង​នានា​ដែល​ត្រូវ​បាន​ដាក់​មក​ក្រសួង​យុត្តិធម៌​ជា​ផ្លូវការ និង​មាន​មូលដ្ឋាន​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ច្បាស់លាស់។ លោក​ថា ជាពិសេស​បណ្ដឹង​ដែល​ត្រូវ​បាន​ដាក់​ដោយ​ផ្ទាល់​មក​កាន់​រដ្ឋបាល​នៃ​ក្រសួង​យុត្តិធម៌ និង​មាន​ភ្ជាប់​មក​ជាមួយ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នានា ព្រម​ទាំង​មាន​ម្ចាស់​បណ្ដឹង ដែល​អាច​ចូល​ខ្លួន​តាម​ការ​ចាំបាច់ ដើម្បី​ផ្ដល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បណ្ដឹង​របស់​ខ្លួន។

ការ​បកស្រាយ​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​បែប​នេះ​គឺ​ឆ្លើយតប​នឹង​បណ្ដឹង​របស់​អ្នក​ជំនួញ​ចិន​ម្នាក់​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ប្ដឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ទាក់ទង​នឹង​ក្មួយ​ប្រុស​បង្កើត​លោក ហ៊ុន សែន​គឺ​លោក ហ៊ុន តូ ឆបោក​លុយ​អ្នក​ជំនួញ​ជនជាតិ​ចិន​ឈ្មោះ ស៊ុន រ៉ុយហ្វេង (Sun Ruifeng) ចំនួន ៩លាន​ដុល្លារ​ជា​ថ្នូរ​ដើម្បី​រត់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ខេត្តមណ្ឌលគិរី។ ជនជាតិ​ចិន​រូប​នេះ អះអាង​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ថា ពេល​ទទួល​បាន​លុយ​របស់​លោក​គ្រប់​ចំនួន​លោក ហ៊ុន តូ មិន​ត្រឹមតែ​មិន​បំពេញ​ការងារ​ជូន​លោក​ឡើយ ថែម​ទាំង​បញ្ជូន​ក្រុម​ជន​អន្ធពាល​ចង់​ចាប់​ជំរិត​លោក​ថែម​ទៀត​ផង។

ក្រៅ​ពី​នេះ លោក ហេង សិទ្ធី ក៏​ចោទ​លោក ហ៊ុន តូ ថា នៅ​ពី​ក្រោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​លក់​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​តែ​មិន​មាន​ផ្ទះ​ឱ្យ​ពលរដ្ឋ​នោះ​ដែរ គឺ​លោក​ចោទ​ថា លោក ហ៊ុន តូ ជា​អ្នក​ប្រមូល​លុយ​ទាំង​នេះ។

លោក ហេង សិទ្ធី៖ «កម្លាំង​ពលកម្ម​របស់​បងប្អូន​ដែល​បាន​សន្សំ​លុយ​ខ្ចី​ធនាគារ​យក​ទៅ​ទិញ​ផ្ទះ​អគារ និង​ដី ដែល​ពុំ​បាន​ទាំង​ដី​មិន​បាន​ទាំង​ផ្ទះ​ហើយ​អង្គុយ​ឈឺ​ចិត្ត​អ្នក​ខ្លះ​មាន​ជំងឺ​ផ្លូវ​ចិត្ត (Depression) ទៀត​ដោយសារ​តែ​សេដ្ឋកិច្ច​ក៏​ធ្លាប់​ចុះ ហើយ​លុយ​ក៏​អត់​បាន​ហើយ​ត្រូវ​បាន​បោកប្រាស់​ដោយ​បុគ្គល ឡេង ណាវ៉ាត្រា នេះ។ គេ​តែងតែ​បង្វែងដាន​ថា បុគ្គល​ឡេង ណាវ៉ាត្រា​នេះ​គឺ​ជា​មនុស្ស​របស់​អ្នក​នេះ មនុស្ស​របស់​អ្នក​នោះ​តាម​ពិត​បងប្អូន​យល់​ខុស​ហើយ អ៊ីចឹង​បាន​វា​រសើប​ណាស់​ម្សិលមិញ​នេះ។ ឡេង ណាវ៉ាត្រា គឺ​ជា​មនុស្ស​របស់ ហ៊ុន តូ ហើយ ហ៊ុន តូ នេះ​បាន​ប្រមូល​លុយ​របស់​បងប្អូន​ទាំងអស់​រាប់​រយ​លាន​ដុល្លារ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ និង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​បាន​ទេ​នៅ​ថ្ងៃ​ទី៧ ខែមករា។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក៏​បន្ត​ចោទ​ប្រកាន់​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ដូចជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត អតីត​អភិបាល​ខេត្ត​ព្រះសីហនុ និង​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កណ្ដាល​គឺ​លោក គួច ចំរើន និង​មន្ត្រី​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​កាង​ល្បែង​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ក្នុង​បណ្ដឹង​របស់​លោក ហេង សិទ្ធី ទៅ​កាន់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ថ្ងៃ​ទី៦ ខែមករា លោក​បាន​ចោទ​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ទទួល​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន ប្រកាន់​បក្ខពួក​និយម និង​គ្មាន​សមត្ថភាព​បង្ក្រាប​ល្បែង​ឆបោក​តាម​អនឡាញ​នោះ​ទេ។ លោក​ចោទ​ថា លោក ស សុខា គាប​សង្កត់​មន្ត្រី​ថ្នាក់​ក្រោម​ដើម្បី​ស្វែង​រក​លុយ​ឱ្យ​ខ្លួន និង​ការពារ​ឧក្រិដ្ឋជន​នៅ​កម្ពុជា។ បណ្ដឹង​របស់​លោក ហេង សិទ្ធី ដដែល​បន្ត​ចោទ​ទៀត​ថា លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​ទទួល​បាន​លុយ​ពី​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ចំនួន ៥លាន​ដុល្លារ ជា​ថ្នូរ​ការពារ និង​មិន​បង្ក្រាប​ទីតាំង​របស់​ក្រុម​ឧក្រិដ្ឋជន។

ទោះ​ជា​យ៉ាងណា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី៧ ខែមករា ចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បញ្ជាក់​ថា ក៏​បាន​ត្រៀម​រួចរាល់​ចាត់​វិធាន​ប្រឆាំង​នឹង​លោក ហេង សិទ្ធី ដើម្បី​ឱ្យ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក មេធាវី ជូង ជូងី យល់​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី នា​រយៈពេល​ចុងក្រោយ​នេះ​ជា​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ ហើយ​លោក​ជឿ​ថា ប្រសិនបើ​លោក ហេង សិទ្ធី គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក៏​អតីត​អ្នក​ឧកញ៉ា​រូប​នេះ​មិន​ហ៊ាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​ដែរ។

លោក​មេធាវី ជូង ជូងី៖ «ការណ៍​ដែល​គាត់ [ហេង សិទ្ធី] បង្ហោះ​តាម​ហ្វេសប៊ុក​ផង​ខ្ញុំ​ជឿ​ថា បទល្មើស​ហ្នឹង​ធ្ងន់ ដូច្នេះ​បើ​សិន​ជា​មិន​មាន​តម្រុយ​ច្បាស់លាស់​ទេ​គាត់​ប្រហែល​ជា​មិន​ហ៊ាន​ប្ដឹង មិន​ហ៊ាន​បង្ហោះ​តាម​ហ្វេសប៊ុក​ទេ ពីព្រោះ​អាច​រង​ការ​ចោទប្រកាន់​ដាក់​ទោស​គាត់​ពី​បទ​ញុះញង់ ឬ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ដោយ​ប្រការ​ណា​មួយ។ ខ្ញុំ​ជឿ​ថា មាន​តម្រុយ​គួរ​ឱ្យ​សង្ស័យ​ខ្លាំង​ទើប​គាត់​ព្យាយាម​បង្ហោះ​តាម​ហ្វេសប៊ុក។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ច្បាប់​មួយ​រូប​សមត្ថកិច្ច​គួរតែ​ប្រញាប់​បើក​ការស៊ើបអង្កេត ដើម្បី​ឱ្យ​ឃើញ ស ខ្មៅ។ បើ​ស៊ើបអង្កេត​ទៅ​រក​ឃើញ​ថា មិន​មាន​ទេ​គឺ​ផ្ដល់​ភាព​ជ្រះស្រឡះ​ដល់​មហាជន​ថា អត់​មាន​ពិត​ដូច​ឧកញ៉ា​ប្ដឹង​នោះ​ទេ។ បើ​ស៊ើបអង្កេត​ទៅ​ឃើញ​ថា មាន​ត្រូវតែ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ យើង​អត់​ត្រូវ​ព្រងើយកន្តើយ បដិសេធ​មិន​បើក​ការស៊ើបអង្កេត​គឺ​មិន​ត្រឹមត្រូវ​ទេ​បាទ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក មេធាវី ជូង ជូងី ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​ទាំង​នេះ​ប្រកប​ដោយ​តម្លាភាព ដើម្បី​រក​ឱ្យ​ឃើញ​ការ​ពិត​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អតីត​ឧកញ៉ា ហេង សិទ្ធី និង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រសិនបើ​រក​ឃើញ​ថា មាន​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការពារ​ឧក្រិដ្ឋជន​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។