កម្ពុជា​លក់​ស្វា​សម្រាប់​ពិសោធន៍​ឱ្យពិភពលោក ប៉ុន្តែ​អាមេរិក​ថា​ជំនួញស្វា​ទាំងនេះ​មិនមែន​សុទ្ធតែ​ស្របច្បាប់​នោះទេ

នៅពេល​ដែល​ជំងឺរាតត្បាត​សាកល​កូវីដ១៩ នាំឱ្យ​កើនឡើង​តម្រូវការ​សត្វ​ស្វាក្តាម​សម្រាប់​បម្រើឱ្យ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ សំណុំរឿង​ក្តីក្តាំ​នៅ​តុលាការ​អាមេរិកាំង​កំពុង​ចោទ​ជា​សំណួរ​អំពីប្រភព​ដើម​របស់​សត្វស្វា​ក្តាម​ទាំងនោះ។
ដោយ ហ្សាក់ អាដាមូវិក ដេវី (Jack Adamovic Davies)
2023.04.05
កម្ពុជា​លក់​ស្វា​សម្រាប់​ពិសោធន៍​ឱ្យពិភពលោក ប៉ុន្តែ​អាមេរិក​ថា​ជំនួញស្វា​ទាំងនេះ​មិនមែន​សុទ្ធតែ​ស្របច្បាប់​នោះទេ Credit: រូបភាព​ដោយ៖ រ៉យទ័រ (Reuters), ក្រាហ្វិក​ដោយ៖ អាមែនដា វៃស៍ប្រដ (Amanda Weisbrod)/វិទ្យុអាស៊ីសេរី
Photo: RFA

[អានអត្ថបទ​សង្ខេប, អាន​អត្ថបទ​​ជា​ភាសាអង់គ្លេស៖ Cambodia sells research monkeys to the world. It's not all legal, US says.]

កសិដ្ឋាន​ចិញ្ចឹម​ស្វា​មួយ​កន្លែង ដែល​ជា​របស់​ប្អូនស្រី​បង្កើត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ស្វាគមន៍​ភ្ញៀវ​ ដែល​ចង់ចូល​ទស្សនា​កំសាន្ត​ឡើយ។ កសិដ្ឋាន​នេះ​ព័ទ្ធជុំវិញ​ដោយ​ស្នាមភ្លោះ លើកដី​កម្ពស់​ ២ម៉ែត្រ និង​របង​ឥដ្ឋ​មាន​បន្លា​លួស​នៅពី​លើ។

អតីត​បុគ្គលិក​ម្នាក់​នៃ​កសិដ្ឋាន​នោះ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ទីនោះ​មាន​អ្នកយាមកាម​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា។ ពួកគេ​ដើរល្បាត​បរិវេណ​ខាងក្នុង​កសិដ្ឋាន​នោះ ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ​កន្លែង​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ប្រើពេល​ធ្វើដំណើរ​តាម​រថយន្ត​ប្រមាណ​ជា ២ម៉ោង​ពី​រាជធានី​ភ្នំពេញ។

តើ​ទីតាំងនោះ​មានអ្វី​​ជា​អាថ៌កំបាំង​នៅពី​ក្រោយ​ជញ្ជាំង​ទាំងនោះ​ ដែល​ចាំបាច់​ត្រូវ​ការពារ​សន្តិសុខ​យ៉ាងដូច្នេះ?

ចម្លើយ​គឺថា សត្វដែល​ត្រូវ​គេ​ចាប់​បង្ខាំង​ទុក​នៅខាង​ក្នុង​របងនោះ គឺ​ជា​សត្វស្វាក្តាម​កន្ទុយវែង ដែលជា​ប្រភេទ​ពូជសត្វ​ដ៏ពេញនិយម​មួយ​សម្រាប់​បម្រើឱ្យ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ។

Monkey2.jpeg
សត្វ​ស្វាក្តាម​ត្រូវបាន​គេបង្ខាំង​ទុក​ក្នុង​ទ្រុងជាច្រើន​ នៅលើ​ដី​កសិដ្ឋាន​មួយ​កន្លែង ដែលជា​កម្មសិទ្ធិ​របស់​ប្អូនស្រី​បង្កើត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្តកំពង់ស្ពឺ កាលពី​ខែមីនា ឆ្នាំ២០២៣។ Credit: វិទ្យុអាស៊ីសេរី

ពីមុន កម្ពុជា​មិនមែនជា​ប្រទេស​មួយ​ ដែល​ពូកែ​ខាង​ផ្គត់ផ្គង់​សត្វ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​លើ​សាកលលោក​បែប​នេះទេ។ តែ​ឥឡូវ​នេះ ប្រទេស​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​នាំចេញ​សត្វស្វាក្តាម​កន្ទុយវែង ដែលជា​អាជីវកម្ម​កាក់កបខ្លាំង​តែ​បង្កប់​ភាពខុសច្បាប់ ​ដោយសារតែ​ចំណង​ទាក់ទង​នឹង​ក្រុម​វរជន​នយោបាយ​នៃ​ប្រទេសនេះ។

យោងតាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ២០២២ ការកើនឡើង​តម្រូវការ​បណ្តាល​មកពី​ជំងឺរាតត្បាត​សាកល​កូវីដ១៩ មានន័យថា កសិដ្ឋាន​ចិញ្ចឹម​សត្វ ដូចជា​ កសិដ្ឋាន​មួយកន្លែង​ ដែល​​អ្នកស្រី ហ៊ុន សេងនី ជា​ម្ចាស់​កម្មសិទ្ធិ​នេះ បាន​នាំចេញ​សត្វស្វាក្តាម​កន្ទុយវែង​ ដែលមាន​តម្លៃ​សរុប​ប្រមាណ ២៥០​លានដុល្លារ។

ក៏ប៉ុន្តែ នៅពេល​ដែល​អាជីវកម្ម​ប្រភេទ​នេះ​រីកដុះដាល សំណួរ​ជាច្រើន​ជុំវិញ​ប្រភពដើម​នៃ​សត្វស្វាក្តាម​ ដែល​កម្ពុជា​នាំចេញ​ទៅ​ទូទាំង​ពិភពលោក​នេះ កំពុង​ត្រូវបាន​គេ​ចោទសួរ​ឡើង។

ការចោទប្រកាន់​នានា ​​អំពី​ការជួញដូរ​ខុសច្បាប់ ក្លាយ​ជា​ចំណុច​ស្នូល​នៃ​សំណុំរឿង​ក្តីក្តាំ​ដ៏​លេចធ្លោ​មួយ​តាមផ្លូវ​ច្បាប់ ​ដែល​ដាក់ប្តឹង​ដោយ​រដ្ឋអាជ្ញា​សហព័ន្ធ​សហរដ្ឋអាមេរិក ប្រឆាំងនឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​អភិរក្ស​សត្វព្រៃ​ចំនួន​ពីររូប​នៅ​កម្ពុជា ត្រូវបាន​ចោទប្រកាន់​ពីបទ​ចេញ​លិខិតអនុញ្ញាត​ក្លែងបន្លំ​ការនាំចេញ​ ដោយ​បញ្ជាក់​ថា​ សត្វស្វាក្តាម​ទាំងនោះ​ ជា​ប្រភេទ​ពូជស្វា​​​ចិញ្ចឹម។ ពួក​គេ​​ធ្វើដូច្នេះ​ ក្នុងគោលដៅ​ដើម្បី​គេចវេះ​ពី​ការរឹតត្បិត​មិនឱ្យ​នាំចូល​សហរដ្ឋអាមេរិក និង​សន្ធិសញ្ញា​អន្តរជាតិ​ ដែល​គ្រប់គ្រង​លើ​ការជួញដូរ​ប្រភេទ​សត្វ​ជិតផុតពូជ។ ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្រុងញូវយ៉ក (New York) កាលពី​ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សន្និសីទ​អំពី​ការអភិរក្ស​សត្វព្រៃ​នៅ​ប្រទេស​ប៉ាណាម៉ា (Panama)។ ចៅហ្វាយ​នាយ​របស់​លោក ឈ្មោះ កែវ អូម៉ាលីស ជា​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៅ​កម្ពុជា ក៏​ជាប់​ឈ្មោះ​ក្នុង​ដីកាចោទប្រកាន់​នោះដែរ ក៏ប៉ុន្តែ លោក​កំពុង​មាន​សេរីភាព​ដើរហើរ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។

Monkey3CitesPermit.jpeg
លិខិតអនុញ្ញាត សាយតេស ដើម្បី​នាំចេញ​សត្វស្វា ចេញដោយ​រដ្ឋាភិបាល​កម្ពុជា។ Credit: គេ​ផ្តល់ឱ្យ

បច្ចុប្បន្ន លោក គ្រី ម៉ះផល កំពុង​ស្ថិតក្រោម​ការដាក់ឱ្យ​នៅ​ឃុំខ្លួន​ក្នុង​ផ្ទះ​មួយ​កន្លែង នៅ​ក្បែរ​រដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. (Washington DC)។ លោក​កំពុង​រង់ចាំ​សវនាការ​កាត់ទោស​នៅ​ខែមិថុនា​ខាងមុខនេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅឯ​ក្រុង​ម៉ាយអាមី (Miami) នៃ​រដ្ឋហ្ល្វ័រីដា (Florida)។

ក៏ប៉ុន្តែ ក្រុមអ្នកជំនាញ​ព្រួយបារម្ភ​ថា ជាមួយនឹង​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​ ដែល​គេ​អាច​រកបាន​ពី​ជំនួញស្វា​នៅ​កម្ពុជា​យ៉ាងដូច្នេះ មាន​ការលើកទឹកចិត្ត​តិចតួច​ ដើម្បី​ឱ្យ​មាន​កំណែទម្រង់​នៅក្នុង​ប្រទេសនេះ។

មន្ត្រី​ភ្នាក់ងារ​ជលផល និង​សត្វព្រៃ​ នៃ​សហរដ្ឋអាមេរិក ទើបចូល​និវត្តន៍​កាលពី​ពេលថ្មីៗ​ នេះ លោក អេដ ញូវខាំមើរ (Ed Newcomer) ដែលបាន​ចំណាយ​ពេល ​២០ឆ្នាំ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សត្វព្រៃ​នៅ​ជុំវិញ​ពិភពលោក មាន​ប្រសាសន៍​ថា៖ «វា​ហាក់បី​ដូចជា​ថា រាល់អ្វីៗ ​ទាំងអស់​ ដែលជា​ក្តីបារម្ភ​បំផុត​របស់​យើង កំពុង​ក្លាយជា​ការពិត»។

លោក​បន្តថា៖ «នៅពេល​ដែល​មន្ត្រី​រដ្ឋាភិបាល និង​សាច់ញាតិ​របស់​អ្នកមាន​អំណាច​ជាន់ខ្ពស់ ជាប់​ពាក់ព័ន្ធនឹង​ការជួញដូរ​សត្វព្រៃ តើ​បទប្បញ្ញត្តិ​ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​​បែបណា​ទៅ?»

ជំនួញ​ស្វា

ស្វា​កន្ទុយ​វែង គឺ​ជា​អម្បូរ​ស្វា​មួយ​ប្រភេទ​ មាន​ប្រភព​ចេញមក​ពី​តំបន់​អាស៊ីអាគ្នេយ៍។ ស្វាប្រភេទ​នេះ ត្រូវបាន​គេដាក់​ឈ្មោះ​ដូច្នេះ ដោយសារតែ​ពួកវា​មាន​កន្ទុយ​វែង​ជាង​ដងខ្លួន​របស់​វា។ លក្ខណៈ​សម្គាល់​ពិសេស​ខុសប្លែក​ពី​ស្វា​ដទៃទៀត មាន​ដូចជា​ពួកវា​មាន​កញ្ចុំ​សក់​នៅលើ​ក្បាល និង​ពុកមាត់។

Monkey4SinoLab.jpeg
អ្នកវិទ្យាសាស្ត្រ​កំពុង​យក​សំណាក​កោសិកា​ក្រលៀន​សត្វស្វា នៅឯ​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​ប្រទេសចិន។ Credit: រូបថត​ឯកសារ​របស់ AFP

ស្វា​ទាំងនេះ​ក៏ត្រូវបាន​គេស្គាល់​ផងដែរ​ថា ជា «ស្វាក្តាម»។ ក្រុម​អ្នកស្រាវជ្រាវ​ជីវសាស្ត្រ​ឱ្យ​តម្លៃ​ដល់​ស្វាប្រភេទ​នេះ​ ដោយសារតែ​វាមាន​លក្ខណៈ​ស្រដៀង​នឹង​មនុស្ស។ ការពិសោធន៍​លើ​សត្វ​ស្វា​ទាំងនេះ បាន​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​រកឃើញ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនលឿង (Yellow Fever)។ ថ្មីៗ នេះ​ទៀតសោត សត្វ​ស្វាក្តាម​ទាំងនេះ ត្រូវបាន​គេ​យកទៅ​ធ្វើ​ពិសោធន៍​សម្រាប់​ព្យាបាល​បញ្ហា​ជាច្រើនមុខ រាប់ចាប់​តាំង​ពី​ជំងឺបន្តពូជ រហូត​ដល់​ជំងឺធាត់​លើស​ទម្ងន់​ជ្រុល និង​បញ្ហា​ញៀន​ថ្នាំ ជាដើម។

តម្រូវការ​ពូជសត្វ​ប្រភេទនេះ​បាន​កើនឡើងខ្លាំង​ នៅពេល​ដែល​ចាប់ផ្តើម​មាន​ជំងឺរាតត្បាត​សាកល។ នេះគឺ​ដោយសារតែ​សត្វស្វាក្តាម​កន្ទុយវែង​ទាំងនេះ ដើរ​តួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍ​វ៉ាក់សាំង mRNA ដើម្បី​បង្ការ​ជំងឺកូវីដ១៩។

ទើបតែ​ថ្មីៗ​ នេះទេ ដែល​ចិន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​សត្វ​ស្វាក្តាម​កន្ទុយវែង​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ ក៏ប៉ុន្តែ ក្នុង​គោលដៅ​ដើម្បី​ការពារ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វ៉ាក់សាំង​ដោយ​ខ្លួនឯង ក្រុង​ប៉េកាំង (Beijing) បាន​ហាមប្រាម​មិនឱ្យ​នាំចេញ​សត្វព្រៃ​ប្រភេទនេះ ដែល​ជាហេតុ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រភព​ទីមួយ​នៃ​ឧស្សាហកម្ម​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ជាសាកល​នេះវិញ ក្នុងពេល​ដែល​ឧស្សាហកម្ម​នេះ​ ត្រូវ​ប្រឈម​ភ្លាមៗ ​ទៅនឹង​ការខ្វះខាត​ខ្លាំង​បំផុត​នៃ​សត្វ​សម្រាប់​ពិសោធន៍។

យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​ប្រភេទសត្វ​ព្រៃ​ច្រើនបំផុត ​ដែល​ប្រទេសនេះ​ពុំដែល​ធ្លាប់​ដឹកជញ្ជូន​ចេញ​ក្នុងរយៈពេល​តែមួយ​ឆ្នាំ។ ពោលគឺ កម្ពុជា​បាន​នាំចេញ​សត្វ​ព្រៃ​ទៅ​ក្រៅប្រទេស រហូតដល់​ទៅ ១៤.៩៣១ក្បាល ក្នុង​តម្លៃ ៣៤លាន​ដុល្លារ។ នេះ​មានន័យថា តម្លៃ​ជាមធ្យម​សម្រាប់​សត្វស្វាក្តាម​មួយក្បាល​គឺ ២.២៧១ដុល្លារ។

យោងតាម​ទិន្នន័យ​ដដែល​នេះ ចាប់តាំងពី​ពេល​នោះមក បរិមាណ​នៃ​ការនាំចេញ និង​តម្លៃ​ជាមធ្យម​សម្រាប់​សត្វ​ស្វាមួយ​ក្បាលៗ ចេះតែ​បន្ត​កើនឡើង​ជាលំដាប់ រហូតដល់​ពេល​ដែល​កម្ពុជា​បាន​រាយការណ៍​ថា បាន​ដឹកជញ្ជូន​សត្វស្វា​ក្នុង​តម្លៃ​ប្រមាណ ២៥០លាន​​ដុល្លារ​ក្នុងឆ្នាំ២០២២។

Monkey5ChartNew.jpg

សំណួរ​នានា​ពាក់ព័ន្ធនឹង​ប្រភពដើម

ប៉ុន្តែ ក្រុមអ្នកជំនាញ​និយាយ​ថា ជារឿង​មិនអាច​ទៅរួច​ឡើយ ​ដែល​សត្វស្វា​ទាំងអស់នោះ ត្រូវ​បាន​គេ​ចិញ្ចឹម និង​មាន​ប្រភព​ចេញមក​ពី​កសិដ្ឋាន ផ្អែកតាម​បទប្បញ្ញត្តិ​ ដែល​គ្រប់គ្រង​លើ​ការប្រើប្រាស់​ពូជ​សត្វ​សម្រាប់​បម្រើឱ្យ​ការពិសោធន៍​វេជ្ជសាស្ត្រ។

មានតែ​ពូជ​ស្វាក្តាម​បង្កាត់​ទេ ដែល​ត្រូវបាន​គេ​អនុញ្ញាត​ឱ្យ​យក​មកធ្វើ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ។ ហេតុផល​មួយផ្នែក​ គឺដើម្បី​ការពារ​ចំនួន​សត្វព្រៃ​ដែល​ធ្លាក់ចុះ និង​ដើម្បី​កាត់បន្ថយ​ការចម្លង​មេរោគ​ពី​ការពិសោធន៍។ ក៏ប៉ុន្តែ ការបង្កាត់​ពូជ​សត្វនេះ​ប្រើ​ពេល​យូរ ដោយ​កូនស្វា​បង្កាត់​ត្រូវការពេល​ ៣ឆ្នាំ ទម្រាំ​ពួកវា​ពេញវ័យ។

ដូច្នេះ បរិមាណ​ស្តុកទុក​នៃ​ពូជសត្វស្វា​បង្កាត់​ ដែល​ត្រូវគេ​ចិញ្ចឹម ជារឿយៗ ត្រូវ​ប្រឈមនឹង​ការមិនអាច​បំពេញ​តាម​តម្រូវការ​របស់​ក្រុម​អ្នកស្រាវជ្រាវ។ ចំណែកឯក្រុមអ្នកផ្គត់ផ្គង់​វិញ ពួកគេ​តែងតែ​លើកទឹកចិត្ត​ឱ្យបន្លំ​បញ្ជូន​សត្វស្វា​ ដែលគេ​ចាប់ពី​ក្នុងព្រៃ​ថា ជា​សត្វ​ស្វាចិញ្ចឹម​ក្នុង​កសិដ្ឋាន។

ក្រុមអ្នកអភិរក្ស​សត្វ​និយាយ​ថា ទោះបីជា​ការជួញដូរ​សត្វស្វា​ក្នុង​ទីផ្សារ​ងងឹត​បាន​បង្ក​ជាបញ្ហា​ដល់​ឧស្សាហកម្ម​នេះ​ជាយូរ​មកហើយ​ក៏ដោយ ក៏កង្វះ​ការផ្គត់ផ្គង់​ដែល​បណ្តាល​មកពី​ជំងឺរាតត្បាត​សាកល​គឺ​កូវីដ១៩​ បានជំរុញ​ឱ្យ​មាន​ការចាប់​សត្វព្រៃ​ខុសច្បាប់​កាន់តែខ្លាំង​ឡើងៗ។

វានរជាតិ​វិទូ (Primatologist) ដែល​ឥឡូវ​ជា​ទីប្រឹក្សា​នៃ​ក្រុមការពារ​សិទ្ធិ​សត្វ ឈ្មោះ Peta អ្នកស្រី លីសា ចន-អែនជែល (Lisa Jones-Engel) និយាយ​ថា៖ «ឥឡូវនេះ អាជីវកម្ម​នេះ​ពាក់ព័ន្ធនឹង​លុយកាក់​ដ៏​សន្ធឹកសន្ធាប់ ដែល​ពិបាក​ឱ្យ​សត្វស្វា​ទាំងនេះ​អាច​មាន​ឱកាស​រួចខ្លួន​ណាស់»

ការសិក្សា​ស្រាវជ្រាវ​មួយ​ទើបនឹង​បោះពុម្ព​ផ្សាយ​កាលពី​ដើម​ខែនេះ​ នៅក្នុង​ព្រឹត្តិបត្រ​ឈ្មោះ «វ័ន ហេលស៍» (One Health) ដែលជា​ព្រឹត្តិបត្រ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ នៃ​ការព្យាបាល​សត្វ បាន​រកឃើញ​ថា ក្រុមអ្នកបង្កាត់​ពូជ​សត្វ​នៅ​កម្ពុជា​អាច​ត្រូវការ​ពេល​វេលា​ច្រើនជាង​អត្រា​ផលិតកម្ម​រហូតដល់ទៅ​ជាង ​៤ដង​ឯណោះ។ ពោលគឺ​ ពីចំនួន ៨១.៩២៦ ក្នុងរយៈពេល ៤ឆ្នាំ ទៅ​យ៉ាងហោចណាស់​ចំនួន ៩៨.០០០ ក្នុង​រយៈពេល​តែ ១ឆ្នាំ ដើម្បី​អាច​នាំចេញ​បាន​ដោយ​ស្របច្បាប់ ​នៃ​ចំនួន​សត្វស្វាក្តាម​ដូច​ដែល​ត្រូវបាន​ដឹកចេញ​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩។

ដោយសារ​កម្ពុជា​មិនដែល​បាន​រាយការណ៍​អំពីការ​នាំចូល​ស្វាក្តាម​កន្ទុយវែង​ទាំងនេះ ការកើនឡើង​បែបនេះ​អាច​ត្រូវបាន​ជំរុញ​ទាំងស្រុង​ដោយ​ការកើនឡើង​នៃ​ការផ្គត់ផ្គង់​ក្នុង​ស្រុក។ ក៏ប៉ុន្តែ ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​បាន​សរសេរ​ថា៖ «កម្ពុជា​មាន​ប្រវត្តិ​ពុំមាន​សមត្ថភាព​ផលិត​កូន​សត្វស្វាក្តាម​ជំនាន់ទីពីរ​ឡើយ។ ដូច្នេះហើយ​ ទើបបានជា​ការបង្កើន​សមត្ថភាព​ផលិតកម្ម​សត្វ​ស្វាក្តាម​ទាំងនេះ​ដោយ​ស្របច្បាប់ ទំនង​ដូចជា​មិនអាច​ទៅរួច​ឡើយ»

ប្អូនស្រី​នាយករដ្ឋមន្ត្រី

កសិដ្ឋាន​ដែល​ជា​កម្មសិទ្ធិ​របស់​ប្អូនស្រី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន សេងនី ស្ថិតនៅ​ចុង​ផ្លូវដីហុយ​មួយ ​នៅ​ជាយក្រុង​ដំណាក់ត្រាច​ដ៏​ស្ងាត់ជ្រងំ។

កសិដ្ឋាន​នេះ ត្រូវបាន​ចុះបញ្ជី​ក្រោម​ក្រុមហ៊ុន​កម្ពុជា​មួយ ​ឈ្មោះ Rong De Group ដែលនៅក្នុង​ក្រុមហ៊ុន​នេះ ​អ្នកស្រី​គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។ ឯកសណ្ឋាន​របស់​អ្នកយាមកាម​សន្តិសុខ​​ប្រដាប់​ដោយ​កាំភ្លើងអាកា មានរូប​ស្លាក​សញ្ញា​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​របស់​អ្នកស្រី ឈ្មោះ Garuda Security Co.

ពលរដ្ឋ​មូលដ្ឋាន​ដែល​បាន​និយាយ​ជាមួយ​វិទ្យុអាស៊ីសេរី សុទ្ធតែ​បាន​ពណ៌នា​ដូចៗ គ្នា​ថា «មេ» កសិដ្ឋាន​នេះ គឺជា​ជនបរទេស​ជនជាតិ​ចិន​ឈ្មោះ Dong Wan De។ ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ​ជា​ជនជាតិ​ចិន​រូបនេះ គឺជា​ទេសាភិបាល និង​ជាម្ចាស់​ភាគហ៊ុន​​ម្នាក់ទៀត​របស់​ក្រុមហ៊ុន Rong De Group នេះ។

ក្រុមហ៊ុន Rong De Group ទទួលបាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យបើក​កសិដ្ឋាន​បង្កាត់ពូជ​សត្វ​នេះ កាលពី​ឆ្នាំ២០០៧ បើទោះបីជា​អ្នកស្រី ហ៊ុន សេងនី មិនបាន​គ្រប់គ្រង​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​នេះ​រហូតទាល់តែ​នៅ​ឆ្នាំ២០១១​ក៏ដោយ។

កសិដ្ឋាន​របស់​ក្រុមហ៊ុន Rong De Group អ្នកស្រី ហ៊ុន សេងនី និង​លោក Dong Wan De មិន​ត្រូវបាន​ជាប់ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ខុសច្បាប់​ណាមួយ​ឡើយ ហើយ​អ្នកស្រី ហ៊ុន សេងនី ក៏ពុំ​កាន់កាប់​មុខតំណែង​ណាមួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ។

ក៏ប៉ុន្តែ អ្នកស្រី​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាច្រើននាក់​ ដែលមាន​ចំណង​ទាក់ទង​ជាមួយ​នឹង​ក្រុមអ្នកមាន​អំណាច​នយោបាយ ជា​មន្ត្រី​នយោបាយ ឬ​ជា​បុគ្គល​ផ្សេង​ពីនេះ ហើយ​ដែល​ទទួលបាន​ផ្លែផ្កា​នៃ​សេរីភាព​ក្នុងការ​ប្រកប​អាជីវកម្ម​ដោយមាន​ការពិនិត្យ​ពិច័យ​តិចតួច​ពីសំណាក់​រដ្ឋាភិបាល។

បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុង​ទសវត្ស​១៩៧០ រងគ្រោះ​ពី​ការបង្ខំ​ដោយ​ខ្មែរក្រហម​ឱ្យ​ធ្វើការ​ជា​កម្មករ​កាត់ដេរ ឥឡូវនេះ អ្នកស្រី ហ៊ុន សេងនី ចាប់អារម្មណ៍​លើ​អាជីវកម្ម​រុករករ៉ែ កសិកម្ម ភស្តុភារ និង​ប្រឹក្សា​យោបល់ ដែល​ជា​រឿយៗ​ តម្រូវ​ឱ្យ​អ្នកស្រី​ត្រូវ​សហការ​ជាមួយ​ក្រុមអ្នកវិនិយោគ​ជនជាតិ​ចិន។

Monkey6HunSengny.jpeg
ប្អូនស្រី​បង្កើត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី គឺជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ។ Credit: គណនី​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី ហ៊ុន សេងនី។

អ្នកស្រី ហ៊ុន សេងនី និង​លោក Dong Wan De មិនបាន​​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ឡើយ។

តួអង្គ​ជា​អ្នកមាន​អំណាច

ឧទាហរណ៍​មួយ​ផ្សេងទៀត​នៃ​ការជាប់​ទាក់ទង​ក្នុង​ឧស្សាហកម្ម​នេះ​ជាមួយ​នឹង​ក្រុមអ្នកមាន​អំណាច គឺករណី​របស់​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សេន សុវណ្ណ។ លោក​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកបាន​ជួលដី​នៅ​ខេត្តកណ្តាល​ឱ្យ​ទៅ​ឈ្មោះ ជេមស៍ ឡៅ (James Lau) អស់​រយៈពេល​ជាច្រើន​ទសវត្ស។ លោក ជេមស៍ ឡៅ គឺជា​ស្ថាបនិក​ក្រុមហ៊ុន Vanny Group ដែលជា​ក្រុមហ៊ុន​បើក​កសិដ្ឋាន​ចិញ្ចឹម​ស្វា។

លោក ជេមស៍ ឡៅ គឺជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ ៦នាក់​ជាប់ឈ្មោះ​ក្នុង​ដីកាចោទប្រកាន់​កាលពី​ឆ្នាំទៅ​នៅ​ក្នុង​សំណុំរឿង​នាំចូល​ស្វា​ទៅ​សហរដ្ឋអាមេរិក ជាមួយ​លោក គ្រី ម៉ះផល និង​លោក កែវ អូម៉ាលីស។ លោក កែវ អូម៉ាលីស គឺជា​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៅ​កម្ពុជា ហើយជា​ចៅហ្វាយ​នាយ​ផ្ទាល់​របស់​លោក គ្រី ម៉ះផល។

លោក សេន សុវណ្ណ ទទូចថា ​ពុំមាន​រឿងរ៉ាវ​មិនប្រក្រតី​ណាមួយ​ក្នុងការ​ជួលដី​របស់​លោក​នោះទេ។ លោកបាន​និយាយ​ថា លោកពុំបាន​ដឹង​ទេ​ថា​ តើដី​នោះ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​សម្រាប់​គោលបំណង​អ្វីឡើយ។

ក៏ប៉ុន្តែ ទិន្នន័យ​សាធារណៈ​អំពី​អាសយដ្ឋាន​អាជីវកម្ម បង្ហាញ​ថា ដី​ដែល​លោកបាន​ជួល​នោះ ​ត្រូវបាន​គេប្រើប្រាស់​ជា​កសិដ្ឋាន​ចិញ្ចឹម​ស្វា​មួយកន្លែង​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន Vanny Group ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ដោយ​មន្ត្រីសត្វព្រៃ​របស់​អាមេរិក​ក្នុងសំណុំរឿង​ប្រឆាំងនឹង​លោក កែវ អូម៉ាលីស និង​លោក គ្រី ម៉ះផល។ កសិដ្ឋាន​របស់​ក្រុមហ៊ុន Vanny Group ជាប់ឈ្មោះ​នៅក្នុង​ដីកា​ចោទប្រកាន់​នោះ។

នៅ​ខែសីហា ឆ្នាំ២០២២ អតីត​រដ្ឋមន្ត្រី​កសិកម្ម លោក វេង សាខុន បាន​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ទៅ​កាន់​ទីក្រុងសេអ៊ុល (Seoul) ប្រទេស​កូរ៉េខាងត្បូង (South Korea) ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជីវកម្ម​មួយ​ជាមួយ​ក្រុមហ៊ុន Orient Bio Inc. តាងនាម​ឱ្យ​ក្រសួង​កសិកម្ម។ លោក​បាន​ចុះកិច្ចព្រមព្រៀង​នេះ បើទោះបីជា​មាន​ការស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ទៅលើ​ក្រុមហ៊ុន​នេះ​ជុំវិញ​ការសង្ស័យ​អំពី​ការចាប់ និង​បន្លំ​នាំ​សត្វស្វាក្តាម​ខុសច្បាប់​ពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក។

monkey7eliteplayersNew.jpeg
រដ្ឋលេខាធិការ​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សេន សុវណ្ណ [ឆ្វេង], អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស [កណ្តាល], និង​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល។ Credit: ​គណនី​ហ្វេសប៊ុក (Facebook) របស់​​លោក សេន សុវណ្ណ, លោក កែវ អូម៉ាលីស និង​លោក គ្រី ម៉ះផល។

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ថា មិនមាន​បញ្ហា​ពាក់ព័ន្ធនឹង​ការជួញដូរ​សត្វស្វា​ខុសច្បាប់​នៅ​​កម្ពុជា​ឡើយ បើទោះបីជា​មាន​ការអំពាវនាវ​ជាច្រើនលើក​ច្រើនសារ​ពីសំណាក់​ក្រុម​អ្នកអភិរក្ស​សត្វព្រៃ​ ឱ្យ​ប្រទេសនេះ​រឹតបន្តឹង​បទប្បញ្ញត្តិ​ចំពោះ​កសិដ្ឋាន​ចិញ្ចឹមសត្វ អស់រយៈពេល​ជាង​មួយ​ទសវត្ស​ហើយ​យ៉ាងណា​ក៏ដោយ។

ឆ្លើយតប​ទៅនឹង​ការចាប់ខ្លួន​លោក គ្រី ម៉ះផល នៅ​សហរដ្ឋអាមេរិក ក្រសួង​កសិកម្ម​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​អះអាង​ថា «សត្វស្វាក្តាម​ទាំងនេះ មិនមែន​ត្រូវបាន​ចាប់ពីព្រៃ ហើយ​បញ្ជូន​ចេញ​ទៅក្រៅ​ប្រទេស​នោះទេ...។ តែ​កសិដ្ឋាន​ដែល​ចិញ្ចឹម​សត្វស្វាក្តាម​ទាំងនេះ ទម្រាំ​ទទួលបាន​ការទទួលស្គាល់​តាមផ្លូវ​ច្បាប់ គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​គោរព​តាមបទដ្ឋាន​អនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ ដើម្បី​រក្សា​ឱ្យបាន​នូវ​ហ្សេនេទិក​ (Genetics) របស់​វា​មិនឱ្យ​ផុតពូជ​នោះទេ»

ក៏ប៉ុន្តែ អ្នកស៊ើបអង្កេត​អាមេរិក​ដែល​ចូលនិវត្តន៍ លោក អេដ ញូវខាំមើរ និយាយថា ចំណាប់អារម្មណ៍​ខ្ពស់​លើ​អាជីវកម្ម​ប្រភេទនេះ ធ្វើឱ្យ​ពិបាក​ដល់​ក្រុម​និយ័តករ​សត្វព្រៃ​នៅ​កម្ពុជា ក្នុង​ការមើលការ​ខុសត្រូវ​លើ​ឧស្សាហកម្ម​នេះ។

លោក​បាននិយាយ​ថា «ពួកគេ​ពុំមាន​អំណាច​ឡើយ ដោយសារ​តែ​អ្នកមាន​អំណាច​កំពុង​ពាក់ព័ន្ធ​ក្នុង​ជំនួញ​នេះ»

Monkey8FarmRoad.jpeg
ច្រកចូល​កសិដ្ឋាន​ចិញ្ចឹម​ស្វា​មួយ​កន្លែង ​ដែល​ស្ថិតនៅ​ជាយក្រុង​ដំណាក់ត្រាច ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ​រូបថត​ក្នុង​ខែមីនា ឆ្នាំ២០២៣។ Credit: វិទ្យុអាស៊ីសេរី

ភស្តុតាង​«ក្រាស់ក្រែល»

ប៉ុន្តែ​ឥឡូវនេះ ជំនួញ​ស្វា​ខុសច្បាប់​បាន​នាំឱ្យមាន​ការចាប់អារម្មណ៍​ពី​អាជ្ញាធរ​សហរដ្ឋអាមេរិក។ បន្ទាប់​ពីការស៊ើបអង្កេត​អស់រយៈពេល​ជាច្រើន​ឆ្នាំដោយ​ភ្នាក់ងារ​ជលផល និង​សត្វព្រៃ រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​ចោទប្រកាន់​លោក គ្រី ម៉ះផល ដែលជា​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ និង​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស ថា បាន​សមគំនិត​ឃុបឃិត​គ្នា​កេងចំណេញ​ប្រាក់​រាប់លាន​ដុល្លារ​ ដើម្បី​ដឹក​ស្វាក្តាម​កន្ទុយវែង​ខុសច្បាប់​ចេញទៅ​សហរដ្ឋអាមេរិក។

ដីកា​នោះ​ចោទប្រកាន់​ថា អ្នក​ទាំង​ពីរ​បាន​ឃុបឃិតគ្នា​ជាមួយ​ក្រុម​អ្នក​បង្កាត់​ពូជ​សត្វ​ស្វា ដើម្បី​ធ្វើ​លិខិត​អនុញ្ញាត​នាំ​ចេញ​ក្លែង​បន្លំ ដោយ​បញ្ជាក់​ថា​ជា​សត្វស្វា​មាន​ប្រភព​ស្រប​ច្បាប់។ លោក គ្រី ម៉ះផល ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្រុងញូវយ៉ក (New York) កាលពី​ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សន្និសីទ​អំពី​ការអភិរក្ស​សត្វព្រៃ នៅ​ប្រទេស​ប៉ាណាម៉ា (Panama)។ លោក កែវ អូម៉ាលីស កំពុង​តែ​មាន​សេរីភាព​ដើរហើរ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។

រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​បាន​ពណ៌នា​អំពី​ភស្តុតាង​ប្រឆាំង​នឹង​លោក គ្រី ម៉ះផល ថា​ ជា​ភស្តុតាង​ដ៏​ «ក្រាស់ក្រែល»។ ឯកសារ​របស់​តុលាការ​បង្ហាញថា​ ភស្តុតាង​ទាំងនោះ​រួមមាន​​ ការវិភាគ​ឈាម ស្លាកស្នាម របាយការណ៍​ស៊ើបអង្កេត វីដេអូ និង​កំណត់ត្រា​ហិរញ្ញវត្ថុ​រាប់រយ​ឯកសារ។ ជា​សរុប មាន​ភស្តុតាង​ជាង ៦៦០.០០០ ឯកសារ ត្រូវបាន​គេ​ផ្តល់​ឱ្យ។

Monkey9Indictment.png
សម្រង់​អត្ថបទ​ពី​ដីកាចោទប្រកាន់​របស់​ក្រសួង​យុត្តិធម៌​អាមេរិក ក្នុងសំណុំ​រឿង​ជំនួញ​ស្វា ​ដែល​រងនូវ​ការចោទ​ថា​ ខុសច្បាប់។ Credit: ឯកសារ​ក្រសួង​យុត្តិធម៌​អាមេរិក, ក្រហ្វិក​ដោយ៖ វិទ្យុអាស៊ីសេរី

លោក គ្រី ម៉ះផល បានឆ្លើយ​តប​ទៅនឹង​ដីកា​ចោទប្រកាន់​នោះថា លោក​ពុំបាន​ប្រព្រឹត្ត​កំហុសទេ។ មេធាវី​របស់​លោក​មិនបាន​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​សម្ភាសន៍​ជាច្រើន​លើក​ច្រើន​សា​របស់​វិទ្យុអាស៊ីសេរី​ឡើយ។

ទី​ដែលមាន​តម្រូវការ​ស្វា

ប៉ុន្តែ​ការបន្ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ ដែល​ក្រសួង​យុត្តិធម៌​អាមេរិក​ចោទ​ប្រកាន់​នេះ មិន​មែន​សំដៅ​ចំពោះ​តែ​អ្នកនាំចេញ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ។ អ្នកស្រី ចន-អេនជែល នៃ​ក្រុម​អ្នកការពារ​សិទ្ធិសត្វ Peta បាន​និយាយថា ក្រុមហ៊ុន​នាំចូល​នៅ​សហរដ្ឋអាមេរិក និង​ចិន ដែល​កំពុង​ជំរុញ​ឱ្យមាន​តម្រូវការ​សត្វស្វា​ទាំងនេះ គឺជា​អ្នកទទួលខុសត្រូវ។

យោងតាម​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ ដែល​កំពុង​រង​គ្រោះថ្នាក់ CITES (សាយតេស) សហរដ្ឋអាមេរិក បាននាំចូល​សត្វស្វាកន្ទុយវែង​ប្រហែល ៣០០.០០០ ក្បាល ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ចំនួននេះ​គឺ ច្រើន​ជាង​ប្រទេស​ជប៉ុន ដល់ទៅ ៥ដង ដែល​ប្រទេសនេះ​បាន​រាយការណ៍​អំពី​ការនាំចូល​ខ្ពស់បំផុត​របស់​ខ្លួន​បន្ទាប់​ពី​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ដូចគ្នា​នេះ។

គេ​មិន​ដឹង​ថា​ ការនាំចូល​ទាំង​នោះ មាន​ទំហំ​សត្វស្វា​ខុស​ច្បាប់​ក្នុងកម្រិត​ណា​នោះទេ។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេត​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ក្រុមអ្នករកស៊ី​ក្នុង​ឧស្សាហកម្ម​នេះ​នៅ​សហរដ្ឋអាមេរិក​បាន​ដឹង​ជាច្រើនឆ្នាំ​មកហើយ​ថា​ សត្វស្វា​ដែល​ត្រូវបាន​គេ​ចាប់​ពី​ក្នុងព្រៃ កំពុង​ហូរចូល​ទៅក្នុង​ការដឹកជញ្ជូន​ចេញពី​ប្រទេស​កម្ពុជា។ មន្ត្រី​​ភ្នាក់ងារ​ជលផល និង​សត្វព្រៃ​សហរដ្ឋអាមេរិក​ ដែល​ចូលនិវត្ត លោក អេដ ញូវខាំមើរ បាន​បើក​ការស៊ើបអង្កេត​ដោយ​លួចលាក់​មួយ​ នៅឯ​ពិព័រណ៍​ពាណិជ្ជកម្ម​សម្រាប់​ការស្រាវជ្រាវ​ជីវសាស្ត្រ និង​ឧស្សាហកម្ម​សត្វស្វា ដែល​បាន​ប្រព្រឹត្តទៅ​ប្រមាណ​ជា​មួយ​ទសវត្សរ៍​មុន​នេះ នៅ​រដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី.។ ពេលនោះ លោក​បាន​បន្លំ​​ធ្វើជា​មេធាវី​ឱ្យ​ក្រុមអ្នកវិនិយោគ ​ដែល​មានបំណង​ចង់​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​កម្ពុជា ឬ​ឡាវ។ លោក​បាន​រៀបរាប់​ថា រឿងរ៉ាវ​ដែល​លោក​បាន​ឮ​ដោយផ្ទាល់​មកវិញ​នោះ គឺ​ជា​រឿង​គួរឱ្យ​ស្អប់ខ្ពើម។

លោក អេដ ញូវខាំមើរ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា «នៅពេល​ដែល​ខ្ញុំ​ចូលទៅ​ជិត​ពួកគេ​ក្នុង​សម្លៀកបំពាក់​ដ៏ស្រស់ស្អាត ហើយ​បាន​ប្រគល់​នាមប័ណ្ណ​របស់ខ្ញុំ​មកពី​ការិយាល័យ​មេធាវី​ ដែល​មាន​ឈ្មោះ​ត្រឹមត្រូវ​នោះ មនុស្ស​គ្រប់គ្នា​បាន​សន្មតថា ​ខ្ញុំជា​មនុស្ស​មកពី​ក្រុមហ៊ុន​នាំចូល​សត្វស្វា»

ដោយ​បន្ត​លាក់បាំង​អត្តសញ្ញាណ លោក​បានឮ​ការនិយាយ​បែប​ដាក់បន្ទុក​ក្នុង​បទឧក្រិដ្ឋ រួមទាំង​ការទទួលស្គាល់​ដោយ​តំណាង​នានា ​របស់​ក្រុម​អ្នកនាំចូល​សត្វស្វា​ទាំងនោះ​នៅ​សហរដ្ឋអាមេរិក «ដែល​ថា​ពួកគេ​បានដឹងថា​ សត្វព្រៃ​ កំពុងត្រូវបាន​គេ​បន្លំ​នាំចូល​ទៅក្នុងការ​ដឹកជញ្ជូន​របស់​ពួកគេ​ចេញពី​ប្រទេស​កម្ពុជា»។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ក្រុមអ្នកស៊ើបអង្កេត ពុំ​អាច​បន្ត​ការចោទប្រកាន់​បាន​ទេ ដោយសារតែ​ពេលនោះ​ពួកគេ​ពុំទាន់​មាន​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់។

ទស្សនវិស័យ​អាប់អួ

តម្រូវការ​សត្វស្វា​កន្ទុយវែង បាន​នាំឱ្យ​អង្គការ​សហភាព​អន្តរជាតិ ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ដាក់បញ្ជូល​ពូជ​សត្វ​នេះ​ទៅក្នុង​បញ្ជី​នៃ​ពូជ​សត្វ​ងាយរងគ្រោះ កាលពី​ឆ្នាំមុន។

អង្គការ​នោះ​ថា ការបរបាញ់ និង​ការដាក់អន្ទាក់​ចាប់​ស្វាកន្ទុយវែង ​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង «កម្រិតមួយ​ដែល​មិនធ្លាប់មាន​ពីមុនមក … ជា​អកុសល​បំផុត ... ដែល​​ជំរុញ​ឱ្យមាន​ពាណិជ្ជកម្ម​ទាំងស្របច្បាប់ និង​ខុសច្បាប់​សម្រាប់​ការស្រាវជ្រាវ និង​ការប្រើប្រាស់​ផ្សេងៗទៀត»

«តម្លៃ និង​តម្រូវការ​សម្រាប់​ [សត្វស្វា​កន្ទុយវែង]​ ជា​មុខទំនិញ​ពាណិជ្ជកម្ម​មួយ​ បាន​កើនឡើង​កប់ពពក​ក្នុងអំឡុងពេល​នៃ​ជំងឺរាតត្បាត​សាកល​កូវីដ-១៩ បើធៀប​ទៅនឹង​ការចាប់ និង​ជំនួញ​លើ​​សត្វស្វា​ទាំងនេះ​ដ៏ទៀងទាត់ និង​ធ្ងន់ធ្ងរ​ ដែលមាន​ស្រាប់​រួចទៅហើយ ​នៅ​មុនពេល​មាន​វិបត្តិ​ជំងឺកូវីដ១៩​នោះ»

យោងតាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​រយៈពេល​ ៤ឆ្នាំ​ចុងក្រោយ​នេះ ចំណូល​ពី​ជំនួញ​នាំចេញ​សត្វស្វា មាន​ប្រមាណ ៥០០លានដុល្លារ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ​ចំណែក​នៃ​ទឹកលុយ​ទាំងនោះ​ដែល​ធ្លាក់​ចូល​ក្នុង​ហោប៉ៅ​របស់​ពលរដ្ឋ​ខ្មែរ​ធម្មតា ​ដែល​ប្រកប​របរ​បរបាញ់​សត្វ​នោះ​ គឺ​មាន​ចំនួនតិចតួច​។

អតីតអ្នកប្រមាញ់​សត្វស្វា​ម្នាក់​នៅ​ខេត្តពោធិ៍សាត់ ដែល​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ជាទី​ដែល​មាន​កន្លែង​អភិរក្ស​សត្វព្រៃ​ដ៏សម្បើម​នោះ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា សូម្បី​តែ​ក្នុងពេល​កើនឡើង​នៃ​តម្រូវការ​ជាសាកល​កាលពីឆ្នាំមុន ឈ្មួញកណ្ដាល​បាន​ចំណាយ​លុយ​ត្រឹមតែ ៧០០.០០០ រៀល (១៧៥ ដុល្លារ) ប៉ុណ្ណោះ​ សម្រាប់​ស្វា​មួយក្បាល។ លោក​និយាយ​ថា លោក​​មិនបាន​ដឹង​ថា​ តើ​ស្វា​ទាំងនោះ​ត្រូវ​គេ​យក​​ទៅ​ទីណា ឬយក​ទៅ​ធ្វើអ្វី​នោះទេ។ 

ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ​ដដែល​បង្ហាញ​ថា នៅពេលដែល​សត្វស្វា​ដដែល​នោះ​ ត្រូវបាន​គេ​នាំចេញ ពួកវា​មាន​តម្លៃ​ជាមធ្យម ៦.៦៦០ ដុល្លារ​ក្នុង​មួយក្បាល ដែលមាន​ន័យថា កើនឡើង ៣៨ដង ពី​ពេល​ចាប់ស្វា និង​ពេល​នាំចេញ។

លោក ធីមូស៊ី សានធែល (Timothy Santel) ដែល​នៅមុនពេល​ចូលនិវត្តន៍​នៅ​ឆ្នាំ២០២០ បាន​គ្រប់គ្រង​ការស៊ើបអង្កេត​លើ​សំណុំរឿង​លោក គ្រី ម៉ះផល និង​លោក កែវ អូម៉ាលីស របស់​ភ្នាក់ងារ​ជលផល និង​សត្វព្រៃ​របស់​សហរដ្ឋអាមេរិក បាន​និយាយ​ថា ដោយ​មើលឃើញ​ពី​ភាព​រស់រវើក​នៃ​ជំនួញ​ស្វានេះ ទស្សនវិស័យ​សម្រាប់​សត្វស្វា​នៅ​កម្ពុជា មើលទៅ​មាន​ភាពអាប់អួ។

លោក ធីមូស៊ី សានធែល បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា «ជាអកុសល ដូចដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​នៃ​ការងារ​នេះ លុយ និង​ការលោភលន់​ តែងតែ​ក្លាយជា​ឫសគល់​មួយភាគធំ​នៃ​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ»។ លោក​បន្តថា៖ «នៅ​ពេល​ដែល​មាន​ពាក់ព័ន្ធនឹង​អំពើពុករលួយ ជាធម្មតា វា​គឺជា​មហន្តរាយ​សម្រាប់​សត្វដែល​មាន​ជីវិត»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។