គណបក្ស​ជំនាន់​ថ្មី​ស្នើ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ឱ្យដោះលែង​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ មាន ឫទ្ធិ
2024.10.01
គណបក្ស​ជំនាន់​ថ្មី​ស្នើ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ឱ្យដោះលែង​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ (រូបថតឯកសារ) ថ្នាក់​ដឹក​នាំ​គណបក្ស​ជំនាន់​ថ្មី ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ខែកក្កដា ឆ្នាំ២០២៤។
រូប៖ មន្ត្រី​គណបក្ស​ជំនាន់​ថ្មី​ផ្ដល់​ឱ្យ

គណបក្ស​ជំនាន់​ថ្មី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ៤រូប ក្នុង​ពេល​បុណ្យ​កាន់​បិណ្ឌ ដើម្បី​ឱ្យ​ពួក​គាត់​អាច​បន្ត​ការងារ​សង្គម និង​ផ្សព្វផ្សាយ ពី​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ក្នុង​បំណង​បម្រើ​ឧត្ដម​ប្រយោជន៍​ជាតិ។

គណបក្ស​ជំនាន់​ថ្មី​បាន​ចាត់​ទុក ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ៤រូប ដាក់​ពន្ធនាគារ នឹង​ធ្វើ​ឱ្យ​​ពួកគាត់​បាត់​ឱកាស​អប់រំ​ផ្សព្វផ្សាយ​បណ្ដុះ​ពុទ្ធិ​ដល់​ពលរដ្ឋ អំពី​ខ្លឹមសារ​ច្បាប់​ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ដែល​ជា​គ្រឹះ​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ផ្សា​ភ្ជាប់​នឹង​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ជំនាន់​ថ្មី លោក នួន សុភ័ក្ដ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ កញ្ញា​ថា ជំហរ​របស់​គណបក្ស និង​អ្នក​គាំទ្រ​ទាំង​អស់ ចង់​ឱ្យ​ប្រមុខ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ លើ​ក្រុម​យុវជន​ទាំង​នេះ ហើយ​ដោះលែង​ឱ្យ​ពួកគាត់​មាន​សេរីភាព​វិញ ​ដើម្បី​ឱ្យ​ពួកគាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​ទាន។

លោក​បន្ថែម​ថា កិច្ចការ​របស់​សកម្មជន​សង្គម​ទាំងនោះ​ផ្ដល់​សារៈ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ ដែល​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់។

លោក នួន សុភ័ក្ដ្រ«គណបក្ស​យល់​ឃើញ​ថា​វា​ជា​អត្ថ​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ទូទៅ ​ព្រោះ​អី​សកម្មជន​កិច្ច​ព្រមព្រៀង​លោក​បាន​ផ្ដល់​ពុទ្ធិ​ដ៏​ល្អ​ដល់​ប្រជា​ពលរដ្ឋ​ជា​ខ្លាំង​លើ​ច្បាប់​ទម្លាប់​ ព្រោះ​នៅ​ក្នុង​ច្បាប់​កិច្ច​ព្រមព្រៀង​នេះ​បាន​បង្ហាញ​អ្វី​ដែល​ជា​សារៈ​ប្រយោជន៍​ ថា​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បាន​ដោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មិនមែន​បាន​មក​ដោយ​បុគ្គល​ណា​ម្នាក់​ទេ»

កាល​ពី​ចុង​កក្កដា​កន្លង​ទៅ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ៤នាក់ រួម​មាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និង​លោក ចក់ ប៊ានមុន្នី នៅ​ស្រុកវ៉ាវិន ខេត្តសៀមរាប ក្នុង​ពេល​ពួក​គាត់​កំពុង​រៀបចំ​បង្រៀន​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង ដោយសារ លោក ស្រ៊ុន ស្រ៊ន បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​រិះគន់ តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

គណបក្ស​ជំនាន់​ថ្មី​បាន​ហៅ សកម្មភាព​របស់​ក្រុម​យុវជន​ទាំង​នោះ ចូលរួម​កិច្ច​ការងារ​សង្គម បំពេញ​ភារកិច្ច​ជា​ពលរដ្ឋ​សកម្ម ស្រប​តាម​រដ្ឋធម្មនុញ្ញ រួម​ចំណែក​បណ្ដុះ​បណ្ដាល​ធនធាន​យុវជន​ និង​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​មនុស្ស តថភាព​សង្គម និង​ខ្លឹម​ច្បាប់​ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សុភណ្ឌ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ កញ្ញា។ រីឯ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

កន្លង​ទៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ណា​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (កម្ពុជា ឡាវ និង​វៀតណាម) លោក​ថ្លែង​ទាំង​កំហឹង​ថា លោក​ជា​អ្នក​បញ្ជា​ឱ្យ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន ក្រុម​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ។

ទាក់ទង​រឿង​នេះ ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​លោក ថាន់ វ៉ន សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មាន​ចេតនា លាក់បាំង​មិន​ចង់​ឱ្យ​ពលរដ្ឋ​យល់​ដឹង​អំពី​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​មាន​ពេល​ខ្លះ​ទៀត និយាយ​បន្សាប​កិច្ច​ព្រមព្រៀង​នេះ

លោក​ថា ពលរដ្ឋ​បាន​យល់​ដឹង​ច្រើន ពេល​ដែល​បាន​ស្ដាប់​លោក ស៊្រុន ស៊្រន ពន្យល់​ពី​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ដែល​ជា​គន្លឹះ​បង្រួប​បង្រួម​ជាតិ  ការពារ​ទឹកដី​ ដែល​រង​ការ​ឈ្លាន​​ពាន​ពី​ប្រទេស​ជិត​ខាង

លោក ថាន់ វ៉ន«សំណាង​ហើយ​បាន​ពួក​ក្មេងៗ ស្រ៊ុន ស្រ៊ន បង្ហាញ​នោះ ដើម្បី​កុំ​ឱ្យ​ប្រជាជន​ល្ងឹតល្ងង់​ខ្លៅ ក្រែង​លោ​ថ្ងៃ​ណា​មួយ​អាច​តវ៉ា​បាន​ពីរ​រឿង​អតីត ដែល​គេ​យក​ដី​យើង​នោះ ព្រោះ​សព្វ​ថ្ងៃ​គេ​មិន​ទាន់​ឈប់​ទេ រឹតតែ​រំកិល​ថែម​ជាង​អាណត្តិ​មុនៗ ទៀត»

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា ក្រុម​យុវជន​ទាំង​អស់ ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គួរតែ​ដោះ​លែង​ឱ្យ​ពួក​គាត់​មាន​សេរីភាព​វិញ ខណៈ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​គម្រោង​នេះ​ហើយ៖

លោក អំ សំអាត «បញ្ហា​ទាំង​អស់​នេះ យើង​ឃើញ​ថា ហាក់​ដូច​ជា​សេរីភាព នៃ​ការ​សម្ដែង​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់​ផ្សេងៗ ហើយ​យុវជន​មួយ​ចំនួន ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ អនាគត​នៅ​វែង​ឆ្ងាយ ត្រូវ​បន្ត​ការ​សិក្សា​ត​ទៅ​ទៀត។ អ៊ីចឹង ចំណុច​ហ្នឹង​តុលាការ​គួរតែ​ពិនិត្យ និង​ពិចារណា​ដោះ​លែង​ឱ្យ​ពួក​គាត់​មាន​សេរីភាព​វិញ»

កន្លង​ទៅ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន តែងតែ​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ចាប់ដៃ​គ្នា​បង្រួប​បង្រួម​ជាតិ​ឡើង​វិញ អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញ​លេញ​ ដែល​លោក​ចាត់​ទុក​ថា ជា​នាវា​ដឹកនាំ​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។