ជន​ពុករលួយ និង​ជាប់ឃុំ​នៅ​ចិន​ក្លាយ​ជា​អ្នក​ការទូត​ខ្មែរ

ដោយ យ៉ង ចាន់តារា
2022.06.30
Share on WhatsApp
Share on WhatsApp
ជន​ពុករលួយ និង​ជាប់ឃុំ​នៅ​ចិន​ក្លាយ​ជា​អ្នក​ការទូត​ខ្មែរ លិខិត​ឆ្លងដែន​ការទូត​ខ្មែរ ដែល​លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០១៥។
Photo supplied by source

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍ និង​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី ជាន់ខ្ពស់​ដល់​ជនបរទេស។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​បង្ហាញ​ថា ជនជាតិ​ចិន​ម្នាក់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ និង​រឿង​អាស្រូវ​ពុករលួយ​កម្រិត​អន្តរជាតិ បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​មាន​លិខិតឆ្លងដែន​ការទូត​កាន់​នៅក្នុង​ដៃ។ ទោះបីជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្លែង​ក្នុង​ន័យ​ទូលាយ​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​នោះ ច្រើន​តែ​ធ្វើឡើង​តាម​នីតិវិធី​ត្រឹមត្រូវ។

កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន ហាក់​បាន​ក្លាយជា​ឋានសួគ៌​សម្រាប់​ជនបរទេស ជាពិសេស​ជនជាតិ​ចិន ដែល​មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​បន្តសកម្មភាព និង​មុខ​ជំនួញ​មិន​ត្រឹមត្រូវ​របស់​ពួកគេ។ មួយ​ក្នុង​ចំណោម​ករណី​ជាច្រើន​ដែល​វិទ្យុ​អាស៊ីសេរី​បាន​រក​ឃើញ គឺ​បុរស​ម្នាក់​មាន​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) បាន​ប្រែធាតុ​របស់​ខ្លួន​ពី​អ្នក​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ចិន ក្លាយជា​មន្ត្រី​ការទូត​កម្ពុជា​។ អ្នកសង្កេតការណ៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា នេះ​ជា​រឿង​ដ៏​អាម៉ាស់ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត និង​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់​ជូន​សាធារណជន។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​ដែល​មាន​រឿងអាស្រូវ​ពុករលួយ​ខ្នាត​ធំ​បែបនេះ​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​កំពុង​លើកទឹកចិត្ត​ដល់​ជនបរទេស​ដែល​មាន​លុយ ឬ​និយាយ​ជា​សាមញ្ញ​ថា យក​លុយ​ជាធំ ជាជាង​គិត​ពី​ច្បាប់ កេរ្តិ៍ឈ្មោះ និង​មុខមាត់​របស់​ជាតិ។ លោក​បន្ត​ថា ការ​ដែល​សហគមន៍​អន្តរជាតិ​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​បញ្ជី​នៃ​ប្រទេស​មាន​អំពើពុករលួយ​ខ្ពស់ និង​ស្ថិត​ក្នុង​បញ្ជី​ហានិភ័យ​នៃ​ក្រុម​ប្រទេស​លាងលុយកខ្វក់ មួយ​ផ្នែក​ក៏​មកពី​ករណី​បែប​នេះ​ដែរ៖ «ចិន​ជា​ប្រទេស​កុម្មុយនីស្ត​ផង ចិន​បាន​អនុវត្ត​ច្បាប់​ទៅ​ដល់​បុគ្គល​ម្នាក់​ហ្នឹង​នៅក្នុង​ប្រទេស​ចិន មាន​ន័យថា បុគ្គល​ម្នាក់​ហ្នឹង​ជា​បុគ្គល​ដែល​អស់សាច់​ហើយ​។ វា​គួរតែ​ត្រូវ​បាន​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ចាប់​បញ្ជូន​បុគ្គល​ហ្នឹង​ទៅ​ប្រទេស​ចិន​ថែម​ទៅទៀត ប៉ុន្តែ​វា​បែរជា​មិន​កើត​ឡើង​នៅក្នុង​រូបភាព​បែប​ហ្នឹង បែរជា​កម្ពុជា​ទទួល​ស្វាគមន៍​យ៉ាង​ឱឡារិក​ថែមទៀត​ចំពោះ​បុគ្គល​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​ហ្នឹង​។ មួយទៀត​ខ្ញុំ​មើល​ឃើញ​ថា វា​ឆ្លុះបញ្ចាំង​ថា កន្លងមក​ដែល​អន្តរជាតិ​រិះគន់​ចំពោះ​ភាព​អសកម្ម ឬ​ភាព​អវិជ្ជមាន​នានា​ទៅលើ​រដ្ឋាភិបាល​ហ្នឹង គឺជា​រឿង​មួយ​ដែល​ត្រឹមត្រូវ»

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​ដែល​មាន​ប្រវត្តិ​មិនល្អ​បែបនេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​ប្រទេស។ ម្យ៉ាងវិញទៀត ករណី​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​របស់​កម្ពុជា។ លោក​យល់​ថា ការ​ទទួល​បាន​សញ្ជាតិ លិខិតឆ្លងដែន​ការទូត និង​មុខងារ​ជា​មន្ត្រី​ក្រសួង​ការបរទេស​ដោយ​ជនជាតិ​ចិន​ដែល​មាន​ប្រវត្តិ​មិនល្អ​បែបនេះ អាច​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ស៊ើបអង្កេត​រឿង​នេះ និង​អនុវត្ត​តាមច្បាប់ ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ និង​បំបាត់​មន្ទិលសង្ស័យ​របស់​សាធារណជន៖ «វា​ជា​ភាព​អាម៉ាស់​ទៅដល់​មុខ​មាត់​របស់​កម្ពុជា។ វា​ហាក់ដូចជា​គេ​មើល​មក​កម្ពុជា គឺជា​កន្លែង​ដែល​ផ្ដល់​តួនាទី ផ្ដល់​មុខងារ​ឱ្យ​ឧក្រិដ្ឋជន​អ៊ីចឹង​។ អ៊ីចឹង​យើង​គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្ដល់​លិខិតឆ្លងដែន​ប្រភេទ​[​ការទូត​]​ហ្នឹង​ទៅ​ដល់​ជនបរទេស​ណាមួយ ឬក៏​ឧក្រិដ្ឋជន​ទាំងអស់​នេះឯង​។ ហើយ​យើង​ដឹង​ហើយ អ្នក​ទាំងអស់​នេះ បើ​យក​[​លិខិតឆ្លងដែន​]​ទៅ​ប្រើ​ប្រាស់​ឱ្យ​មាន​បញ្ហា គឺ​បញ្ហា​ហ្នឹង​នឹង​ប៉ះពាល់​មក​ដល់​មុខ​មាត់​កម្ពុជា​យើង​ហ្នឹងឯង អ៊ីចឹង​គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង ហើយ​ពិនិត្យមើល​ឡើងវិញ​ទៅ»

ប្រតិកម្ម​របស់​អ្នក​តាមដាន​ស្ថានការណ៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយ​ពេល​វិទ្យុ​អាស៊ីសេរី​បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ ដោយ​លាតត្រដាង​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ ធ្លាប់​ពន្ធនាគារ​នៅ​ប្រទេស​ចិន និង​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​អំពើពុករលួយ តែ​បែរជា​ក្លាយជា​មន្ត្រី​ការទូត​កម្ពុជា និង​ធ្លាប់​ធ្វើការ​ផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។

លោក វ៉ាង យ៉ាវហ៊ុយ ស្ថិត​នៅ​ក្នុង​ពិភព​ជំនួញ​ដែល​ប្រឡាក់​ប្រឡូក​ដោយ​រឿងអាស្រូវ​សូកប៉ាន់ ពុករលួយ និង​ធ្វើ​ពាណិជ្ជកម្ម​លាក់​មុខ​។ ក្នុង​រយៈពេល​ជាង​១០ ឆ្នាំ​មកនេះ លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ខ្នាត​ធំ​ជាច្រើន​ករណី​។ ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​២០១១ ក្រុមហ៊ុន​មួយ​របស់លោក​ឈ្មោះ ហ្សុ​ង​ហ៊ុយ (Zhonghui) បាន​ធ្វើ​អាជីវកម្ម​រ៉ែ​ទង់ដែង​នៅ​ប្រទេស​ហ្សំ​បៀ (Zambia) ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក ដោយ​មិនបាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) នោះ​ឡើយ ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​សូកប៉ាន់​មន្ត្រី​នៃ​ប្រទេស​ហ្សំបៀ​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ។

ចូល​មកដល់​ខែមិថុនា ឆ្នាំ ២០១២ លោក វ៉ាង យ៉ាវ​ហ៊ុយ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់ និង​ការ​លាង​លុយកខ្វក់​។ កាសែត South China Morning Post រាយការណ៍​ថា លោក​បាន​ផ្ដល់​សំណូក​ដល់​អនុប្រធាន​ធនាគារ​កសិកម្ម​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ យ៉ាំង គុន (Yang Kun) ចំនួន​ជាង ៦​សែន​ដុល្លារ​អាមេរិក​ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់​២០១០ ហើយ​ជា​ថ្នូរ​មកវិញ មន្ត្រី​ចិន​រូប​នោះ​បាន​រៀបចំ​ប្រាក់​កម្ចី ២​រយ ម្ភៃ​លាន​ដុល្លារ (២២០) ឱ្យ​ក្រុមហ៊ុន​របស់​លោក​។ អនុប្រធាន​ធនាគារ​កសិកម្ម​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​រូប​នោះ​បាន​សារភាព​ទោសកំហុស ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ទោះជា​យ៉ាងណា លោក វ៉ាង យ៉ាវ​ហ៊ុយ មិន​ត្រូវ​បាន​ចោទប្រកាន់​នោះ​ទេ ហើយ​អំឡុង​ពេល​ដែល​គូកន​របស់​លោក គឺ​លោក យ៉ាំង គុន ត្រូវ​បាន​គេ​ដាក់ទោស​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥ នោះ លោក​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ជិត​មួយឆ្នាំ​ទៅ​ហើយ។

លោក វ៉ាង យ៉ាវហ៊ុយ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៣ ដោយមាន​លោក ហ៊ុន សែន ជា​អ្នក​លើក​សំណើ​ទៅ​ព្រះមហាក្សត្រ​។ លោក​បាន​ប្រើប្រាស់​ឈ្មោះ​ខ្មែរ​ថា វណ្ណ សុខា (Wan Sokha)​។ លោក វ៉ាង យ៉ាវហ៊ុយ ឬ វណ្ណ សុខា ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខែ​កក្កដា ឆ្នាំ ២០១៥ ហើយ​តាមរយៈ​តួនាទី​នេះ លោក​ទទួល​បាន​លិខិតឆ្លងដែន​ការទូត​។ អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​លោក ឡាវ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូ​កា​គូ (Shukaku Inc.) ដែល​បូម​ខ្សាច់​លុប​បឹងកក់​នោះ គឺជា​បុគ្គល​ដែល​ត្រូវ​ទាក់ទង​សម្រាប់​កិច្ចការ​បន្ទាន់​របស់ លោក វ៉ាង យ៉ាវហ៊ុយ។

គេ​មិនដឹង​ថា តើ​បុគ្គល​ដែល​មាន​ប្រវត្តិ​អាស្រូវ​ដូច លោក វ៉ាង យ៉ាវហ៊ុយ នេះ អាច​ក្លាយទៅជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន បាន​ដោយ​របៀប​ណា​នោះ​ទេ​។ ឯ​រឿង​អ្នកស្រី ជឹង សុភាព មានឈ្មោះ​ក្នុង​បញ្ជី​ទំនាក់ទំនង​ទៅកាន់​លោក វ៉ាង យ៉ាវហ៊ុយ នោះ ក៏​មិន​មាន​អ្នកណា​ដឹង​ច្បាស់​ដែរ​។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ គឺ​លោក វ៉ាង យ៉ាវហ៊ុយ និង​អ្នកស្រី ជឹង សុភាព មាន​ផល​ប្រយោជន៍​ត្រួតស៊ីគ្នា ទាំង​នៅ​កម្ពុជា និង​នៅ​ទ្វីបអឺរ៉ុប។

អ្នកស្រី ជឹង សុភាព គឺជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ​ឈ្មោះ ចេដាប់ប៊ិលយូ​ផែហ្កាស៊ឺស (JWPegasus) ដែល​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​ស៊ីប (Cyprus)​។ អ្នក​វិនិយោគ​ដំបូង​គេ ៤​នាក់​នៃ​ក្រុមហ៊ុន JWPegasus នេះ មាន ៣​នាក់ ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក វ៉ាង យ៉ាវហ៊ុយ ក្នុង​នោះ​ក៏​មាន​ម្នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដែរ។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦ កាសែត​ក្នុងស្រុក​របស់​ប្រទេស​ស៊ីប​បាន​រាយការណ៍​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ស៊ីប ក្នុង​នោះ រួម​មាន អ្នកស្រី ជឹង សុភាព និង​ស្វាមី ព្រមទាំង​កូន ២​នាក់ លោក វ៉ាង យ៉ាវហ៊ុយ និង​គូកន​ទាំង ៣​នាក់​នោះ​ឯង​។ ពួកគេ​ទាំង​៨ នាក់ សុទ្ធតែ​ទទួល​បាន​សញ្ជាតិ​ស៊ីប​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

មកដល់​ត្រឹម​នេះ លោក វ៉ាង យ៉ាវហ៊ុយ លែង​ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន តទៅ​ទៀត​ហើយ ហើយក៏​លែង​មាន​ឈ្មោះ​អ្នកស្រី ជឹង សុភាព ជា​បុគ្គល​ដែល​ត្រូវ​ទាក់ទង​នៅ​លើ​លិខិតឆ្លងដែន​របស់​លោក​ត​ទៅទៀត​ដែរ​។ នៅ​ខែមករា ឆ្នាំ​២០១៦ លោក​ទទួល​បាន​លិខិតឆ្លងដែន​ការទូត​ថ្មី​មួយទៀត​ជាមួយនឹង​តួនាទី​ថ្មី គឺ​អនុប្រធាន​បេសកកម្ម (Minister-Counselor) នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​សិង្ហបុរី។ លោក វ៉ាង យ៉ាវហ៊ុយ ឬក៏ វណ្ណ សុខា នៅ​បន្ត​កាន់​តួនាទី​នេះ​នៅឡើយ រហូត​មក​ទល់​ពេល​នេះ។

ក្នុង​ឆ្នាំ​២០១៧ ពេល​កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​សិង្ហបុរី លោក​បាន​បង្កើត​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន​ពីរ ដោយ​មួយ​ក្នុងចំណោម​នោះ គឺ​ក្រុមហ៊ុន Asia Pacific Energy Holdings​។ អ្នកស្រី ជឹង សុភាព គ្រប់គ្រង​ភាគហ៊ុន ៤០% នៃ​ក្រុមហ៊ុន​មួយ​នេះ ខណៈ​ភាគហ៊ុន ៦០% ទៀត​ទំនងជា​របស់​លោក វ៉ាង យ៉ាវហ៊ុយ។ ក្រុមហ៊ុន​Asia Pacific Energy Holdings គឺជា​ក្រុមហ៊ុន​សាជីវកម្ម​មេ​នៃ​ក្រុមហ៊ុន Cambodian Natural Gas Corp Ltd ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​រយៈពេល ១០​ឆ្នាំ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រាប់​ការ​នាំ​ចូល និង​ចែកចាយ​ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​កម្ពុជា។

ជាងនេះ​ទៅ​ទៀត នៅ​ចុងឆ្នាំ​២០១៧ ដដែល​នោះ លោក វ៉ាង យ៉ាវហ៊ុយ ត្រូវ​បាន​គេ​ជឿ​ថា បាន​ទិញ​ភាគហ៊ុន​ជិត ២៥% របស់​ក្លឹប​បាល់ទាត់ ប៊ឺមីងហ៊ែម ស៊ីធី (Birmingham City) ស្ថិត​ក្នុង​លី​គ​អាជីព​លំដាប់​ទី​ពីរ​នៅ​ប្រទេស​អង់គ្លេស​។ ថ្វីដ្បិត​តែ​ការទិញ​ភាគហ៊ុន​នោះ​មិន​ឃើញ​មានឈ្មោះ លោក វ៉ាង យ៉ាវ​ហ៊ុយ យ៉ាងណាក្ដី ក៏​ភស្តុតាង​ជាច្រើន​បង្ហាញថា ម្ចាស់​ក្រុមហ៊ុន​ដែល​ទិញ​ក្លឹប​បាល់ទាត់ Birmingham City នោះ គឺជា​មនុស្ស​ជំនិត​ដែល​តែង​ឈរឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​ឱ្យ​លោក​ជានិច្ច។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក វ៉ាង យ៉ាវហ៊ុយ និង​អ្នកស្រី ជឹង សុភាព ដើម្បី​សាកសួរ​រឿង​នេះ​បាន​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ថា ការ​ផ្ដល់​សញ្ជាតិ និង​លិខិតឆ្លងដែន​ការទូត​ដល់​លោក វ៉ាង យ៉ាវហ៊ុយ ហាក់​មាន​ភាព​មិនប្រក្រតី ពីព្រោះ​បុរស​ចិន​រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​អន្តរជាតិ​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ការស៊ើបអង្កេត​រឿង​នេះ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ទាំងឡាយ និង​ដើម្បី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ ព្រោះ​យោង​តាម​របាយការណ៍​ផ្សេងៗ​ហ្នឹង គឺ​ឃើញថា បុគ្គល​ហ្នឹង​គាត់​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស រួម​ទាំង​ប្រទេស​ចិន​ដែរ​។ ជាប់​ពាក់ព័ន្ធ​ទាំង​រឿង​ស៊ីសំណូកសូកប៉ាន់ ពុករលួយ​ជាដើម ហើយ​ស្ថិតនៅ​ក្នុង​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​បរទេស​ច្រើន ហើយដោយ​ឡែក​គាត់​បែរជា​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ទៅវិញ​។ អ៊ីចឹង​ខ្ញុំ​គិតថា នេះ​ជា​ការ​បារម្ភ​មួយ​សម្រាប់​កម្ពុជា​យើង ដែល​យើង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បុគ្គល​ដែល​មាន​ការសង្ស័យ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​បរទេស​ផ្សេងៗ»

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ធ្លាប់​ដឹង និង​មិន​ធ្លាប់​ស្គាល់​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ដែល​មាន​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ ឬ វណ្ណ សុខា នេះ​ទេ។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ជាទូទៅ ការតែងតាំង​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ត្រូវធ្វើ​ឡើង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ​។ នៅពេល​អាស៊ីសេរី​សួរ​ថា តើ​រដ្ឋាភិបាល​នឹង​ស៊ើបអង្កេត​ករណីនេះ​ដែរ ឬទេ​? លោក ផៃ ស៊ីផាន បង្វែរ​សំណួរ​នេះ​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការបរទេស​វិញ៖ «​នៅ​ក្នុង​ករណី​នេះ ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ជាទូទៅ​មុននឹង​អ្នកណា​ស្នើសុំ​ទៅជា​ទីប្រឹក្សា​របស់​សម្ដេច របស់​រដ្ឋមន្ត្រី​ណា​ម្នាក់ ទាល់តែ​មានការ​ពិនិត្យ​មើល​ថា តើ​ជន​នោះ​ធ្លាប់ធ្វើ​ពិរុទ្ធជន​ដែរឬទេ​? ត្រូវ​សុំ​សំបុត្រ​ថ្កោលទោស អាហ្នឹង​ជាទូទៅ​។ [​សំណួរ​៖ ឯកឧត្តម! ខាង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស ជាពិសេស​ការដែល​គាត់​បាន​សញ្ជាតិ​ហើយ គាត់​បានទទួល​ឋានៈ​ជាទី​ប្រឹក្សា ឬក៏​ឋានៈ​អ្វី​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងអស់​ហ្នឹង​។ តើ​ចំណុច​នេះ​រដ្ឋាភិបាល​នឹង​ពិចារណា​យ៉ាងម៉េច​វិញ​?] អាហ្នឹង​ទាល់តែ​សួរ​ទៅ​ខាង​ក្រសួង​មហាផ្ទៃ តើ​លក្ខខណ្ឌ​នៃ​ទីប្រឹក្សា​ហ្នឹង​គេ​មាន​លក្ខខណ្ឌ​អ្វីខ្លះ ទីមួយ​។ ទី​ពីរ រឿង​ទទួល​បាន​លិខិតឆ្លងដែន​ការទូត​ហ្នឹង សួរ​ខាង​ក្រសួង​ការបរទេស​។ ប៉ុន្តែ​មុន​នឹង​គេ​ចេញ​ឱ្យ​ហ្នឹង គេ​ប្រយ័ត្នប្រយែង​ណាស់ គេ​ស៊ើបអង្កេត​មើល​ត្រឹមត្រូវ​របស់​គេ​ណាស់»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​មិន​គួរ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​លោក វ៉ាង យ៉ាវហ៊ុយ នេះ តាំងតែ​ពី​ដំបូង​មក​ម្ល៉េះ ពីព្រោះ​បុគ្គល​រូប​នេះ​មាន​ប្រវត្តិ​មិនល្អ​ឡើយ​។ លោក​ជឿ​ថា ជនជាតិ​ចិន​រូប​នេះ​ប្រាកដជា​ប្រើប្រាស់​សញ្ជាតិ និង​លិខិតឆ្លងដែន​ការទូត​ខ្មែរ ដើម្បី​ធ្វើ​អាជីវកម្ម​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គប្បី​ពិនិត្យ​ករណីនេះ និង​អនុវត្ត​វិធានការ​នានា ដូចជា ការ​ដកហូត​សញ្ជាតិ និង​បណ្ដេញ​ចេញពី​កម្ពុជា ជាដើម៖ «​កាលណា​ប្រើប្រាស់​សញ្ជាតិ​ចិន​ហើយ គឺ​មិនអាច​ទៅ​រក​ស៊ី​បានទេ​។ ខ្ញុំ​គិតថា ចិន​ចំណុច​នេះ ក៏​គេ​មានការ​អនុវត្ត​តឹងតែង​ដែរ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ អ៊ីចឹង​ហើយ​ខ្ញុំ​គិតថា បុគ្គល​ហ្នឹង​គឺ​នឹង​ប្រើប្រាស់​ឈ្មោះ​ជា​ខ្មែរ សញ្ជាតិ​ជា​ខ្មែរ ដើម្បី​ទៅ​រក​ស៊ី​។ អ៊ីចឹង​យើង​មើលឃើញ​ពីរ​ចំណុច​ហ្នឹង ដែល​ថា​ទីមួយ [​រដ្ឋាភិបាល​]​កម្ពុជា​មានការ​បំពាន​ទៅលើ​ច្បាប់​ខ្លួនឯង​ផង និង​ទី​ពីរ [​រដ្ឋាភិបាល​]​កម្ពុជា​បាន​ធ្វើ​ឱ្យ​អាប់ឱន​កិត្តិយស ដោយសារតែ​បុគ្គល​ដែល​ជា​ជនល្មើស​នៅក្នុង​ប្រទេស​មួយ ហើយ​បាន​ប្រើប្រាស់​ឈ្មោះ និង​សញ្ជាតិ​កម្ពុជា​ដើម្បី​ទៅ​រក​ស៊ី​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ហ្នឹង»

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រង​ការរិះគន់​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការ​ផ្ដល់​សញ្ជាតិ និង​លិខិតឆ្លងដែន​ដល់​ជនបរទេស​មួយចំនួន ដែល​មាន​ប្រវត្តិ​មិនល្អ ដូចជា ជន​ប្រព្រឹត្ត​អំពើពុករលួយ និង​ឧក្រិដ្ឋជន ជាដើម​។ ម្យ៉ាងវិញទៀត ជនបរទេស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​កម្ពុជា​អាច​ទទួល​បាន​លិខិតឆ្លងដែន​ការទូត ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ធ្វើ​ពាណិជ្ជកម្ម​បាន​ដោយ​សេរី​ទៀត​ផង​។ ជា​ឧទាហរណ៍ អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ា់ត់ (Yingluck Shinawatra) ធ្លាប់​មាន​ប្រវត្តិ​កាន់​លិខិតឆ្លងដែន​ការទូត​របស់​កម្ពុជា ដើម្បី​ធ្វើ​ដំណើរ និង​ចុះបញ្ជី​ជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​មួយ​កន្លែង​នៅ​ទីក្រុង​ហុងកុង (Hong Kong) កាលពី​ខែ​សីហា ឆ្នាំ​២០១៨។

ទាក់ទង​នឹង​ករណី​របស់​លោក វ៉ាង យ៉ាវហ៊ុយ នេះ​វិញ ការ​លាក់បាំង​ព័ត៌មាន គួបផ្សំ​នឹង​ការ​ជាប់​ជំពាក់​របស់​បុ​គ្គល​រូប​នេះ​ទៅ​នឹង​រឿងអាស្រូវ​ពុករលួយ​ខ្នាត​ធំ​យ៉ាងតិច​ចំនួន​ពីរ​ផង​នោះ នាំ​ឱ្យ​មាន​ចំណោទ​ពីរ​យ៉ាង​ទៅកាន់​រដ្ឋាភិបាល លោក ហ៊ុន សែន​។ ទីមួយ តើ​ហេតុអ្វី​បានជា​មេដឹកនាំ​កម្ពុ​ជា​មាន​ភាព​បើក​ចំហរ​ចំពោះ​ជន​អាថ៌កំបាំង​ប្រភេទ​នេះ​? និង​ទី​ពីរ តើ​ក្រុម​មេដឹកនាំ​សព្វថ្ងៃ​អនុញ្ញាត​ឱ្យ​ជន​ទាំងនេះ​មាន​ឥទ្ធិពល​ដល់​កម្រិត​ណា​ដើម្បី​ទិញដូរ​នៅក្នុង​ប្រទេស​កម្ពុជា?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។