អ្នកវិភាគ​រិះគន់​ការ​គោរព​និង​អនុវត្ត​រដ្ឋធម្មនុញ្ញ​មិន​បាន​ពេញលេញ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ

ដោយ សេក បណ្ឌិត
2021-09-25
Share
អ្នកវិភាគ​រិះគន់​ការ​គោរព​និង​អនុវត្ត​រដ្ឋធម្មនុញ្ញ​មិន​បាន​ពេញលេញ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ (ពី​ឆ្វេងខាង​លើ) លោក កឹម សុខា បណ្ឌិត ឡៅ ម៉ុងហៃ ​លោក នី សុខា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
RFA

អ្នកវិភាគ និង​បក្ស​ប្រឆាំង​រិះគន់​ថា ការគោរព​និង​អនុវត្ត រដ្ឋធម្មនុញ្ញ​មិនបាន​ពេញលេញ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​។ ការ​លើកឡើង​បែប​នេះ ក្នុង​ថ្ងៃទី២៤ កញ្ញា គឺជា​ខួប​ ២៨​ឆ្នាំ​នៃ​ការប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ស្នើ​ឲ្យ​បញ្ឈប់​ការរំលោភ​រដ្ឋធម្មនុញ្ញ​តទៅ​ទៀត​។ ចំណែក​អ្នកវិភាគ​និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​គោរព​និង​អនុវត្ត​រដ្ឋធម្មនុញ្ញ បាន​ពេញលេញ​នោះ​ទេ ដែល​បាន​ផ្ដល់​គុណប្រយោជន៍​ដល់​ជាតិ និង​ពលរដ្ឋ។ លោក កឹម សុខា ដែល​កំពុង​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ និង​មិនអាច​ចេញ​ក្រៅប្រទេស បាន​សរសេរ​លើ​ហ្វេសប៊ុក (Facebook) លោក​ដោយ​អំពាវនាវ​សុំ​បញ្ឈប់​ការរំលោភ​រដ្ឋធម្មនុញ្ញ ដោយ​កុំ​បំពាន់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ កុំ​ងាក​ចេញពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក​ក៏​ស្នើ​មានការ​រួមគ្នា​ពង្រឹងស្មារតី​ឯកភាព​ជាតិ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​និង​លើកកម្ពស់​គុណធម៌​និង​សីលធម៌​ផង​ដែរ។

ទោះបីជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំលឹក​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ដាច់ខាត​ត្រូវ​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​ក្នុង​ថ្ងៃ​ខួប​ ២៨​ឆ្នាំ​នៃ​ការប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​របស់​កម្ពុជា។ ច្បាប់​និង​សេចក្ដី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត។ លោក ហ៊ុន សែន ថែមទាំង​បង្ហោះ​ចំរៀង​ដែល​ចំណងជើង​ថា “​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​!” លើ​ហ្វេសប៊ុក​លោក។

ទោះបី​លោក ហ៊ុន សែន អះអាង​បែបនេះ​ក្ដី ប៉ុន្តែ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​មួយ​ចំនួន​ដែល​មាន​ចរិត​នយោបាយ ដែល​អ​ធម្មនុញ្ញភាព ឬ​មិន​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។ បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពេលនេះ មាន​ត្រឹម​សំបក​ក្រៅ​ប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញ​ដែល​មូលដ្ឋានគ្រឹះ​ចេញ​មក​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ឆ្នាំ​១៩៩១ ត្រូវ​បាន​បង្កើត​ឡើង​កាល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣។ ច្បាប់​កំពូល​នេះ​មាន​ខ្លឹម​សារសំខាន់ៗ ​គឺ​កំណត់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ត្រូវតែ​ជា​ប្រព័ន្ធ​​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស ធានា​ការគោរព​សិទ្ធិមនុស្ស គ្រប់គ្រង​រដ្ឋ​ដោយ​នីតិរដ្ឋ រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​មាន​ទីផ្សារសេរី​ជាដើម។ អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា អនុវត្ត​រដ្ឋធម្មនុញ្ញ​មិនបាន​ពេញលេញ ធ្វើ​ឲ្យ​មានការ​រំលោភ​អំណាច និង​ធ្វើ​ឲ្យ​អំណាច​ប្រមូលផ្ដុំ លើ​បុគ្គល​តែ​ម្នាក់ ​និង​ឲ្យ​កម្ពុជា​ចាក​ឆ្ងាយ​ពី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ។ អ្នកវិភាគ​ជើងចាស់​រូប​នេះ​ថា លោក​ខក​ចិត្តនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​បាន​យកចិត្តទុកដាក់ និង​ផ្ដល់​សារសំខាន់​ដល់​រដ្ឋធម្មនុញ្ញ។ លោក​លើក​ជា​ឧទាហរណ៍​ថា ពេល​មាន​ទិវា​អន្តរជាតិ​នានា លោក ហ៊ុន សែន ចេញ​សេចក្ដីថ្លែងការណ៍​ជាច្រើន​ទំព័រ ប៉ុន្តែ នៅ​ថ្ងៃ​ប្រកាស​រដ្ឋធម្មនុញ្ញ លោក ហ៊ុន សែន ត្រឹម​សរសេរ​អបអរ​លើ​ហ្វេសប៊ុក​ខ្លួន​ប៉ុណ្ណោះ៖ «ដល់​យូរ​ទៅ​បើកាលណា​យើង​អត់​គោរព​រដ្ឋធម្មនុញ្ញ​គឺ​អត់​គោរព​អនុវត្ត​នូវ​ការ​ស្បថ​ស្បែ​របស់​យើង​ណា នេះ​ជា​កិច្ចសន្យា​ដែល​សក្ការភាព​ចំពោះ​ប្រជាជាតិ​ទាំងមូល​ជាពិសេស​ចំពោះ​ព្រះមហាក្សត្រ​ហើយ​ដល់​អ៊ីចឹង​ទៅ​យើង​អាច​ឆ្លុះបញ្ចាំង​ទេ​ថា អ្នក​ដែល​មាន​អំណាច​ពី​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​សច្ចា​ប្រណិធាន​​បែប​អ៊ីចឹង​តើ​សំដី​យើង​មាន​ខ្លឹមសារ​ទេ​គួរ​ឲ្យ​តម្លៃ​ទេ​? គួរ​ឲ្យ​គោរព​ទេ​?»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​អាដហុក (Adhoc) លោក នី សុខា លើកឡើង​ដែរ រដ្ឋធម្មនុញ្ញ​មាន​អាយុ​ ២៨​ឆ្នាំ​ចាស់​គ្រាន់​ដែរ​ហើយ​តែ​គួរ​ឲ្យ​សោកស្ដាយ​អ្នក​អនុវត្ត​ដូច​មិនទាន់​ចាស់​ទុំ​សោះ។ លោក​បន្ត​ទៀត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ របប​សេរី​ពហុបក្ស​នៅ​កម្ពុជា បាន​ដើរ​ថយក្រោយ ចំណែក​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក៏​ប្រែ​រួម​តូច និង​ត្រូវ​បាន​រឹតត្បិត គំរាមកំហែង​ថែម​ទៀត​ផង។ លោក​សង្កេត​ឃើញ​ថា នៅ​ពេល​រដ្ឋាភិបាល​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ដូច្នេះ ធ្វើ​កម្ពុជា​ត្រូវ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អាម៉ាស់មុខ​លើ​អន្តរជាតិ​ផង​ដែរ៖ «គណបក្ស​កាន់អំណាច​គឺ​កាន់អំណាច​ដោយ​ឯក​បក្ស​មិនមែន​ពហុបក្ស​ទៀត​ទេ ដូច្នេះ​បើ​យើង​ងាក​ទៅ​ឆ្នាំ​១៩៩២ យើង​ឃើញ​មាន​ពហុបក្ស​គ្រាន់បើ ប៉ុន្តែ​ដល់​ពេល​ចាស់ទុំៗ​បែរជា​មក​ដល់​បច្ចុប្បន្ន​បែរមក​ឯក​បក្ស​ទៅវិញ»

រីឯ អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សេង សេរី សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ប្រើ​ការ​ប្រៀបធៀប​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្រៀប​បាន​និង​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍ នៃ​គ្រួសារ​ខ្មែរ​ដែល​មាន​មេបា និង​ចៅ​មហា​ប្រុស​ស្រី​ជា​បរទេស​ចំនួន​ ១៨​ប្រទេស​ជា​សាក្សី។ លោក​បន្ត​ថា គ្រួសារ​ថ្មីថ្មោង​នេះ​បង្កើត​ច្បាប់​គោល​មួយ​សម្រាប់​គ្រួសារ​គឺ​រដ្ឋធម្មនុញ្ញ។ ទោះ​យ៉ាងណា​លោក​ថា ក្រោយ​រួមរស់​ជាមួយគ្នា​ជិត​ ៣០​ឆ្នាំ​មក​គ្រួសារ​មួយ​ពេល​ខ្លះ ជេរ​គ្នា ប្រមាថ​គ្នា មិន​និយាយ​រកគ្នា និង​ពេលខ្លះ​គប់​គ្នា ប្រតាយប្រតប់​គ្នា រហូតដល់​មាន​អ្នក​រត់​ចេញ​ពីផ្ទះ​ទៀត​ផង។ អ្នកវិភាគ​រូប​នេះ យល់ថា ការ​ដោះស្រាយ​ជម្លោះ​នយោបាយ​កម្ពុជា​លើក​នេះ គឺ​ខ្មែរ​និង​ខ្មែរ​អាច​ដោះស្រាយ​បាន​ដោយ​ត្រូវ​វិល​ចូល​តុ​ចរចា​ឡើងវិញ​។

បណ្ឌិត ឡៅ ម៉ុងហៃ រំលឹក​លោក ហ៊ុន សែន ឲ្យ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​នាយករដ្ឋមន្ត្រី ដែល​មាន​ទំនួលខុសត្រូវ​ចំពោះ​រដ្ឋធម្មនុញ្ញ។ ជាង​នេះ​ទៅ​ទៀត​លោក​ស្នើ​មានការ​បែងចែក​អំណាច​បែងចែក រដ្ឋាភិបាល រដ្ឋសភា និង​អង្គ​តុលាការ​ឲ្យ​ដាច់​ពី​គ្នា​ដូច​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល