មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បង្ហាញ​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ

ដោយ ទីន ហ្សាការីយ៉ា
2022.12.01
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បង្ហាញ​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នាឡិកា​ដៃ​តម្លៃ​ថ្លៃ​របស់​លោក។
Photo Courtesy

បើ​ទោះ​បី​ជា​កម្ពុជា​នៅតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​និង ក្បែរ​ក្រីក្រ​ក្ដី ក៏ប៉ុន្តែ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ជា​ពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​សម្ញែង​សម្ភារៈ​ប្រណិតៗ​ដែល​មាន​តម្លៃ​ថ្លៃ ដល់​សាធារណជន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​យល់​ថា ទម្លាប់​សម្ភារៈ​និយម​របស់​ថ្នាក់ដឹកនាំ​បែបនេះ គឺជា​គំរូ​មិន​ល្អ ដែល​មិន​គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ។

ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​តំបន់ នេះ​បើ​គិត​ពី​ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែរ​មាន​ត្រឹមតែ​ជិត ១​ពាន់ ៦​រយ​ដុល្លារ​អាមេរិក (,៥៩១ ដុល្លារ​អាមេរិក) តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ បែរ​ជា​សម្ញែង​សម្ភារៈ​និយម ដែល​មាន​តម្លៃ​ថ្លៃ​បែប​អភិជន និង​រស់នៅ​ក្នុង​ជីវិត​បែប​អ្នកមាន​ស្ដុកស្ដម្ភ​ទៅវិញ។

ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​មាន​ប្រាក់ខែ​ត្រឹមតែ​ជាង ១០​លាន​រៀល ឬ​ប្រមាណ ២.៥០០​ដុល្លារ​អាមេរិក​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក និង​សមាជិកគ្រួសារ​សាច់ញាតិ​របស់​លោក រស់នៅ​តាម​បែប​អភិជន ហើយ​មិនបាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ​។ លោក​ហ៊ុន សែន ជារឿយៗ​តែង​សម្ញែង​សម្ភារៈ​ដែល​មាន​តម្លៃ​ថ្លៃៗ មាន​ដូចជា​ខ្សែ​ក្រវ៉ាត់ ស្បែកជើង និង​សំលៀកបំពាក់ ដែល​មាន​តម្លៃ​ចាប់ពី​រាប់ពាន់​ដុល្លារ ទៅដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​ជា​អ្នក​ឈ្លក់​វង្វេង​ជាមួយ​នាឡិកា​ម៉ាក​ល្បីៗ ដែល​មាន​តម្លៃ​រហូតដល់​រាប់​លាន​ដុល្លារ​ដែរ ដូចជា​ម៉ាក ផាថេក ហ្វីលីប (Patek Philip)​តម្លៃ ១​លាន ២​សែន​ដុល្លារ​អាមេរិក (,២០០,០០០ ដុល្លារ​អាមេរិក​) និង​ម៉ាក រី​ឆាត មៀល (Rechard Mille Sapphire Dragon Tuorbilon) ដែល​មានតែ ៥៥​គ្រឿង​លើ​ពិភពលោក និង​នាឡិកា​ថ្លៃៗ​ផ្សេងទៀត តម្លៃ​សរុប​ដល់​ទៅ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយសារតែ​ការ​ឈ្លក់​វង្វេង​នឹង​នាឡិកា​ដែល​ប្រណិត តាំងនៅ​ជា​ទា​ហ៊ាន​ខ្មែរក្រហម ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ក្នុង​ឆ្នាំ​២០២២​នេះ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ទិញ​ផលិត​នាឡិកា​ដៃ​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ចំនួន​២៥​គ្រឿង ចែក​ដល់​ថ្នាក់ដឹកនាំ​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែវិច្ឆិកា​។ ការ​ចំណាយ​ថវិកាជាតិ​ដ៏​ច្រើន​បែបនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ជា​ការ​ចំណាយ​ដ៏​ខ្ជះខ្ជាយ ខណៈ​កសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២២​នេះ​ជាង​១០​ម៉ឺន​គ្រួសារ ប៉ុន្តែ​ទទួល​បាន​ជំនួយ​គ្រាប់ពូជ និង​អំណោយ​ពី​រដ្ឋាភិបាល​បន្តិចបន្តួច​ត្រឹមតែ​ជាង ២​ម៉ឺន​គ្រួសារ​តែប៉ុណ្ណោះ។

ចំណែកឯ ប្រពន្ធ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ឈ្លក់​វង្វេង​ជាមួយ​សម្ភារៈ​និយម​ដែរ ដោយ​កាលពី​ឆ្នាំ​២០២១ ខណៈ​ពេល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ជីវភាព​លំបាក​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ លោកស្រី​បែរជា​បង្ហាញ​សំលៀកបំពាក់ និង​គ្រឿង​អលង្ការ​ដែល​មាន​តម្លៃរ​រាប់សិប​ម៉ឺន​ដុល្លារ​ឯណោះ។ សម្ភារៈ​ទាំងនោះ​រួមមាន អាវយឺត​ម៉ាក វ័រ​សាជី (Versace) មួយ​តម្លៃ​ជិត​៧​រយ (៦៣០) ដុល្លារ និង​ខ្សែ​ក្រវ៉ាត់​ម៉ាក ហេមេស​(Hemes) មួយ​តម្លៃ​ជិត​១​ពាន់ (៨៤៥) ដុល្លារ និង​គ្រឿង​អលង្កា​ផ្សេងៗ​ទៀត​ផង​ដែរ។

ជាមួយ​គ្នា​នេះ កូនៗ​របស់​លោក ហ៊ុន សែន ក៏​មាន​ទ្រព្យសម្បត្តិ​មិន​តិច​ដែរ ដោយ​ពួកគេ​បាន​ទិញ​ផ្ទះ​នៅ​សហរដ្ឋអាមេរិក (U.S) មានតម្លៃ​រាប់​សែន​ដុល្លារ​តាំងពី​ឆ្នាំ​២០០០ មក​ម្ល៉េះ។ កូនៗ ទាំង​បួន​នាក់​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ពេលនោះ​មាន​អាយុ ២៣​ឆ្នាំ អ្នកស្រី ហ៊ុន ម៉ាណា ពេលនោះ អាយុ ២០​ឆ្នាំ លោក ហ៊ុន ម៉ានិត ពេលនោះ អាយុ ១៩​ឆ្នាំ និង​លោក ហ៊ុន ម៉ានី ដែល​ពេលនោះ​មាន​អាយុ​មិនទាន់​គ្រប់ ១៨​ឆ្នាំ​ស្រួលបួល​ផង ពួកគេ​បាន​ទិញ​ផ្ទះ​រួមគ្នា​មួយ​ខ្នង ក្នុង​តំបន់​ជាយក្រុង​ញូវយ៉ក ក្នុង​តម្លៃ​ទឹក​ប្រាក់​សរុប ៥​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក (៥៥០.០០០)

ផ្ទុយ​ពី​ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដែល​តែងតែ​លើកឡើង​ថា អាទិភាព​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​គឺ​កាត់បន្ថយ​ភាព​ក្រីក្រ ប្រជាពលរដ្ឋ​តែង​លើកឡើង​ថា ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​គម្លាត​អ្នកមាន និង​អ្នកក្រ​កាន់តែ​ឆ្ងាយ​ពី​គ្នា ហើយ​មានតែ​គ្រួសារ និង​បក្ស​ពួក​ក្រុម​ឧកញ៉ា របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ការ​សម្ញែង​សម្ភារៈ​និយម និង​ទ្រព្យសម្បត្តិ​រាប់​លាន​ដុល្លារ​របស់​ថ្នាក់ដឹកនាំ​ប្រទេស គឺជា​រឿង​មិន​គួរ​កើតមាន​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ខ្វះ​អាហារ​បរិភោគ និង​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ព្រាត់ប្រាស​គ្រួសារ ទៅ​ធ្វើ​ការ​នៅ​បរទេស​ដើម្បី​សងបំណុល​ធនាគារ​។ លោក​បន្ថែម​ថា ការ​សម្ញែង​សម្ភារៈ​ទំនើប​ដែល​មាន​តម្លៃ​ខ្ពស់​របស់​មន្ត្រីជាន់ខ្ពស់​ដូចនេះ គឺជា​គំរូ​មិនល្អ ដែល​បង្ក​ឱ្យ​មាន​ទម្លាប់​ប្រកួតប្រជែង​គ្នា​ទៅលើ​សម្ភារៈ​និយម និង​មិនបាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ។

លោក ស៊ឹង សែនករុណា៖ «ពាក់ព័ន្ធ​នឹង​រឿង​បង្ហាញ និង​សម្ញែង​ទ្រព្យសម្បត្តិ​អី​ទាំងអស់​នេះ វា​នាំ​តែ​ជា​គំរូ​មិនល្អ​ទៅដល់​សង្គម​ទេ គួរតែ​បញ្ឈប់​នូវ​អំពើ​ទាំង​អស់ហ្នឹង ហើយ​គិតគូរ​ដល់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រង​ទុក្ខ ជួប​ការ​លំបាក ជំពាក់​បំណុល​ធនាគារ ភាព​ក្រីក្រ ចំណាកស្រុក អាហ្នឹង​សុទ្ធតែ​ជា​រឿង​ដែល​យើង​ត្រូវ​គិតគូរ ស្ដារ​ឱ្យ​ប្រទេសជាតិ​យើង​មានមុខ​មាន​មាត់ ឡើងវិញ​នៅ​លើ​ឆាក​អន្តរជាតិ មិនមែន​ដឹកនាំ​ទៅ​យក​តែ​មាន​បាន​ខ្លួនឯង ក្រុម​ខ្លួនឯង គ្រួសារ​ខ្លួនឯង​អ៊ីចឹង​ទេ

ជាមួយ​គ្នា​នេះ លោក ស៊ឹង សែនករុណា បន្ថែម​ថា គឺជា​រឿង​មិន​សម​ទំនង ខណៈ​ប្រាក់ខែ​មន្ត្រីរាជការ​មាន​ត្រឹមតែ​បន្តិចបន្តួច ប៉ុន្តែ​បែរជា​មានទ្រព្យ​សម្បត្តិ​ច្រើន​ដល់​រាប់​លាន​ដុល្លារ​អាមេរិក​។ លោក​បន្ត​ថា មន្ត្រីរាជការ​សាធារណៈ គួរតែ​បង្ហាញ​គំរូ​ក្នុង​ការ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ជាជាង​ធ្វើការ​ដើម្បី​ភាព​មាន​បាន តាមរយៈ​ការប្រើប្រាស់​តួនាទី អំណាច​របស់​ខ្លួន ព្រោះ​ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឱ្យ។

លោក ស៊ឹង សែនករុណា៖ «វា​ជា​រឿង​មួយ​ដែល​មិន​សមគួរ​សម្រាប់​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដែល​មាន​ការគ្រប់គ្រង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្នឹង ដែល​ជាប់ឆ្នោត ដោយសារតែ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ តែ​ប្រជាពលរដ្ឋ​បែរ​ជា​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​អ្នកដឹកនាំ កាន់​ការងារ​គ្រប់គ្រង​រដ្ឋ​ហ្នឹង​បែរជា ក្លាយជា​អ្នកមាន​ទ្រព្យធន ហូរ​ហ៊ា ហើយ​សម្ញែង​នូវ​ទ្រព្យសម្បត្តិ និង​របស់ទំនើបៗ​ជាច្រើន វា​ជា​រឿង​មួយ​ដែល​មិន​សមគួរ​កើតឡើង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទេ

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​ជារឿយៗ​ថា មិន​ទុក្ខ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​រក​ការងារ​ធ្វើ​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន ក៏​ធ្លាប់​ធ្លោយមាត់​ម្ដងៗ​ដែរ អំពី​ការ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ករណីនេះ​ធ្លាប់​កើតមានឡើង​កាលពី​រដូវ​កាល​រាំង​ខ្ទប់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ចុងឆ្នាំ​២០២០ ដោយ​កាល​នោះ លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា «​បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»

របាយការណ៍ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) ផ្សាយ​កាលពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ។ គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់​កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​។ ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់ចេញ​ឱ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "​ហ៊ុន​" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លូបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ប៉ុន្តែ​លាក់​ព័ត៌មាន។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា នាឡិកា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​មកពី​មិត្តភក្ដិ​ទិញ​ឱ្យ​លោក​ទេ មិន​មាន​គាត់​ទិញ​ដោយ​ខ្លួនឯង​ឡើយ​។ ដោយឡែក​ទាក់ទង​ជាមួយ​ទ្រព្យសម្បត្តិ​លោក សុខ ឥសាន អះអាង​ថា លុយ​ទាំងនោះ​គឺ​កើត​ចេញ​ពី​ការ​រក​ស៊ី​ផ្ទាល់ខ្លួន លោក​ថា ទោះបីជា​តំណាងរាស្ត្រ មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​អគ្គនាយក និង​ប្រធាន​ក្រុមហ៊ុន ប៉ុន្តែ​តំណាងរាស្ត្រ​អាច​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សាភិបាល ដាក់​ទុន​រកស៊ី​បាន​ដែរ។

លោក សុខ ឥសាន៖ «ធ្វើ​រដ្ឋមន្ត្រី ធ្វើ​រដ្ឋលេខាធិការ ឬមួយ​ធ្វើ​រដ្ឋសភា វា​ក៏​ជា​ពលរដ្ឋ​ដែរ អ៊ីចឹង​មាន​សិទ្ធិ​ចំពោះមុខ​ច្បាប់​ដូចគ្នា ធ្វើ​ជំនួញ​បាន​តើ​ស​ឱ្យ​តែ​ជា​រឿង​ស្របច្បាប់ កុំ​ឱ្យ​តែ​ជួញដូរ​គ្រឿងញៀន​អី​ខុស​ច្បាប់ អាហ្នឹង​គេ​ចាប់​ហើយ»

ជុំវិញ​រឿង​នេះ​ដែរ យុវជន​តាមដាន​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ លោក លី ចាន់ដារ៉ាវុត យល់ឃើញ​ថា ក្នុងនាម​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​គួរ​សម្ញែង​ទ្រព្យសម្បត្តិ ឬ​សម្ភារៈ​ដែល​មាន​តម្លៃ​រហូត​ដល់​រាប់​លាន​ដុល្លារ​នោះ​ទេ ព្រោះ​ការ​សម្ញែង​បែបនេះ​គឺជា​គំរូ​អាក្រក់ ដែល​ឆ្លុះបញ្ចាំង​ថា​អ្នកនយោបាយ​មិនបាន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រី​ក្រី​ឡើយ​។ ជាមួយគ្នានេះ លោក​បន្ថែម​ថា អ្នកនយោបាយ​គួរតែ​យក​អតីត​ប្រធានាធិបតី អ៊ុយរ៉ាហ្គាយ (Uraguay ) លោក ចូសេ មូជីការ (Jose Mojica) ជា​គំរូ ដោយ​លោក​បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន​៩០​ភាគរយ ដើម្បី​ជួយ​ដល់​ប្រជា​សហគមន៍​របស់​គាត់ ហើយ​គាត់​រស់នៅ​តាម​បែប​ជីវភាព​សាមញ្ញ នឹង​ទទួល​បាន​ការគោរព និង​សរសើរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​លើសលប់។ លោក លី ចាន់ដារ៉ាវុត បន្ថែម​ថា ក្នុងនាម​ជា​អ្នកនយោបាយ គួរ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាធំ ជាជាង​យក​អំណាច​ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​ត្រេកត្រអាល​ជាមួយ​ភាព​មាន​បាន ដែល​ប្រាសចាក​ពី​និយមន័យ​ធម្មជាតិ​ជា​អ្នកនយោបាយ។

លោក លី ចាន់ដារ៉ាវុត៖ «បើសិន​ជា​យើង​និយាយ​ពី​ការ​ដឹកនាំ​នយោបាយ យើង​គួរតែ​យក​វា​ទៅជា​ចំណង់ ការដែល​យើង​ចង់​ឃើញ​ប្រជាជន​គាត់​រស់នៅ​ស្រណុក​សុខ​ស្រួល ចាក​ផុត​ពី​ភាព​ក្រីក្រ​។ កាលណា​យើង​គិតថា យើង​ដឹកនាំ​នយោបាយ ដើម្បី​តែ​មាន​បាន ងាយស្រួល​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​អំពើពុករលួយ​ខ្លាំង​ទៅ ខ្លួនឯង​ទទួលផល​ចំណេញ​ពី​ហ្នឹង ខ្ញុំ​គិតថា ប្រទេសជាតិ​ហ្នឹង​គេច​មិន​ផុត​ទេពី​ការ​រលាយ​។ រលាយ​ធនធានធម្មជាតិ​ផង ប្រជាជន​កាន់តែ​ក្រីក្រ​ផង ហើយ​វា​បង្កើត​វិសមភាព​សង្គម​ដូច​រាល់ថ្ងៃ​អ៊ីចឹង បាន​ន័យ​ថា​អ្នកមាន​ចេះតែ​មាន​ទៅ មាន​ឡាន​រ៉លរ៉យ (Rolls Royce) ពីរ​បី​ជិះ​តែឯង​ទៅ អាហារ​ហូបចុក​មិន​អស់​ទៅ ដល់ពេល​អ្នកក្រ ក្រ​រហូត​អត់​មាន​បាយ​ហូប​អ៊ីចឹង​ទៅ»

ប្រទេស​កម្ពុជា នៅតែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​។ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​របាយការណ៍​វាយតម្លៃ​ពី​តម្លាភាព កាលពី​ខែមករា​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ លើ​១០០​ពិន្ទុ និង​មាន​ចំណាត់​ថា្នក់​លេខ​រៀង​ទី​១៥៧ ក្នុងចំណោម​១៨០​ប្រទេស​។ ចំណាត់ថ្នាក់​នេះ​មាន​ន័យថា កម្ពុជា​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ ប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​(ASEAN)​។ របាយការណ៍​នេះ សបញ្ជាក់​ឱ្យ​យើង​ដឹង​កាន់តែ​ច្បាស់​ថា មន្ត្រីរាជការ និង​អ្នក​មាន​អំណាច​ភាគច្រើន បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន ដើម្បី​ទទួល​បាន​លាភសក្ការៈ ទ្រព្យ​ធន ធ្វើ​ជា​អ្នកមាន​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។