សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អង្គការ​​ NDI និង IRI បើក​ដំណើរការ​នៅ​កម្ពុជា​ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2021-09-22
Share
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អង្គការ​​ NDI និង IRI បើក​ដំណើរការ​នៅ​កម្ពុជា​ឡើង​វិញ (ឆ្វេង) លោក ដេញ៉ល ថ្វាញនីង (Daniel Twining) ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) និងលោក ឌែរិក មិតឆល (Derek Mitchell) ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)។
រូប៖ IRI and NDI

អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក ស្នើ​ដល់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​​អង្គការ​អន្តរជាតិ​ធំ​ពីរ ​គឺវិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​វិទ្យាស្ថាន​សាធារណរដ្អអន្តរជាតិ​​(IRI) បើក​ដំណើរការ​នៅ​កម្ពុជា​ឡើង​វិញ។ ការ​អំពាវនាវ​​នេះ​ធ្វើ​ឡើង​​ក្រោ​យ​​ពេល​​ថ្នាក់​​ដឹកនាំ​​អង្គការ​ NDI​ និង​ IRI​ បញ្ជាក់​​ជំហរ​​ថា​ អង្គការ​​ទាំង​ពីរ​​នៅ​តែ​ចង់​ចូល​រួម​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា អវត្តមាន​របស់​អង្គការ NDI និង IRI រយៈពេល ៤ឆ្នាំមក​នេះ ជា​ការ​ខាត​បង់​សម្រាប់​ជាតិ ពីព្រោះ​ស្ថាប័ន​ទាំងពីរ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាង២០ឆ្នាំ​មក​ហើយ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​អនុញ្ញាត​ឱ្យ​អង្គការ​អន្តរជាតិ​ទាំង​ពីរ​អាច​បើក​ដំណើរការ​នៅ​កម្ពុជា​ឡើងវិញ​បាន ដើម្បី​ពួកគេ​បន្ត​បេសកកម្ម​របស់​ខ្លួន​តទៅ​ទៀត។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា អង្គការ NDI និង IRI បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​ថវិកា​ដល់​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យ។ ជាមួយ​គ្នា​នេះ លោក​ថា អង្គការ​ទាំងពីរ​បាន​ជួយ​បណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​គ្រប់​ភាគី។ លោក​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​នៅ​តែ​អំពាវនាវ​ដល់​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​អង្គការ​អន្តរជាតិ​ទាំងពីរ​អាច​បើក​ដំណើរការ​នៅ​កម្ពុជា​ឡើង​វិញ៖ «មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៅ​លើ​អង្គការ​ទាំងពីរ​ហ្នឹង​ថា ជា​អង្គការ​គាំទ្រ​ឱ្យ​គណបក្ស​​នយោបាយ​នេះ គណបក្ស​នយោបាយ​នោះ។ ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​ដែល​យើង​មានការ​សោកស្ដាយ​ដែរ ព្រោះ​ថា​កន្លង​ទៅ ខ្ញុំ​ឃើញ​សកម្មភាព​របស់​គាត់​ធ្វើ គឺ​មិន​មែន​សំដៅ​លើ​បក្ស​នយោបាយ​ណាមួយ​ទេ សូម្បីតែ​គណបក្ស​កាន់​អំណាច​ក៏​ធ្លាប់​បាន​ចូលរួម​សិក្ខា​សាលា ឬក៏​ការ​បណ្ដុះបណ្ដាល​ជាមួយ​នឹង​ខាង​អង្គការ​ទាំង​ពីរ​ហ្នឹង​ដែរ»។

ការ​អំពាវ​នាវ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​របស់​អង្គការ​ NDI ​និង​ IRI ​លើក​ឡើង​ក្នុង​ទិវា «ប្រជាធិបតេយ្យ​អន្តរជាតិ» កាលពី​សប្តាហ៍​​មុន​ថា ពួកគេ​រំពឹង​ថា អង្គការ​ទាំង​ពីរ​នឹង​អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​បាន​នៅ​ថ្ងៃ​ណា​មួយ ទោះ​ជា​មាន​ការ​ខកចិត្ត​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងណាក្ដី។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) លោក ឌែរិក មិតឆល(Derek Mitchell) មាន​ប្រសាសន៍កាលពីថ្ងៃ១៥ ខែកញ្ញា​ថា អង្គការ​ NDI រង់ចាំ​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចាប់ផ្តើម​ជា​ថ្មី​នូវ​ការងារ​ដែល​បាន​ធ្វើ​រយៈពេល ២៥ឆ្នាំ​កន្លង​មក​ហើយ។ ប៉ុន្តែ​លោក​ថា ​ក្ដី​សង្ឃឹម​ហាក់ដូចជា​មាន​តិច​ណាស់ ពីព្រោះ​អង្គការ NDI មិន​ធ្វើ​ការ​ក្រោម​សម្ពាធ​នោះ​ទេ៖ «យើង​ធ្វើ​ការ​តែ​នៅ​កន្លែង​ណា​ដែល​ត្រូវ​បាន​គេ​ស្វាគមន៍​ប៉ុណ្ណោះ។ យើង​មិន​ទៅ​ធ្វើ​ការ​បែប​លាក់លៀម​នោះ​ទេ។ យើង​​នឹង​មិន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ណា​មួយ​របៀប​វិទ្ធង្សនា​នោះ​ទេ។ យើង​បើក​ចំហ​ដល់​ប្រទេស​ណា​ដែល​ចង់​ដើរ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ បើ​ការ​ដឹកនាំ​ប្រទេស​នោះ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ យើង​ពិត​ជា​ចង់​ជួយ​ដល់​ការងារ​នោះ​តាម​មធ្យោបាយ​ដ៏​សមរម្យ តែ​យើង​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​កម្ពុជា​ទេ។ ដរាបណា​យើង​មាន​អារម្មណ៍​ថា ធ្វើ​ការ​ក្រោម​គំនាប យើង​នឹង​មិន​វិល​ទៅ​កម្ពុជា​វិញ​ទេ នេះ​ជា​រឿង​ដ៏​អាម៉ាស់។ យើង​នៅ​រង់ចាំថ្ងៃ​ដែល​យើង​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន»

ស្រដៀង​គ្នា​នេះ ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ(IRI)លោក ដេញ៉ល ថ្វាញនីង​(Daniel Twining)​​ថ្លែង​ថា លោក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ស្វាគមន៍​​អង្គការ IRI ពីព្រោះ​អង្គការ​របស់​លោក​ក៏​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​ប្រហាក់ប្រហែល​នឹង​កម្ពុជា​ដែរ៖ «អ្នក​ដឹង​ទេវា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បន្តិច ពីព្រោះ​យើង​ក៏​ធ្វើ​ការ​នៅ​ប្រទេស​ឡាវ យើង​ក៏​ធ្វើ​ការ​ជាមួយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ដែរ។ IRIនិង NDI មិន​មែន​ធ្វើ​ការ​តែ​នៅ​ក្នុង​សង្គម​ដែល​ខុស​ពី​កម្ពុជា​នោះ​ទេ។ តាមពិត​យើង​ក៏​ធ្វើ​ការ​នៅក្នុង​សង្គម​ជា​ច្រើន​ដែល​ស្រដៀង​នឹង​កម្ពុជា​ដែរ។ យើង​មាន​មិត្តភក្ដិ និង​ដៃគូ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ពិត​ជា​សង្ឃឹម​ថា នឹង​អាច​វិល​ទៅ​វិញ​នៅ​ថ្ងៃ​ណាមួយ»

ទាក់ទង​នឹង​បំណង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​អង្គការ NDIនិង IRI នេះ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មិន​បកស្រាយ​រឿង​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​ទៅ​សួរ​ក្រសួង​ការ​បរទេស​វិញ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង ដើម្បី​សាកសួរ​អំពី​រឿង​នេះ​ដែរ តែ​ទូរស័ព្ទ​ចូលពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃទី២២ ខែកញ្ញា។

រីឯសមាជិកនិង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​​រដ្ឋាភិបាល​​លោក​ អ៊ន កត្តា ថ្លែង​ថា រដ្ឋាភិបាល​​ស្វាគមន៍​​អង្គការ​​អន្តរជាតិ​​នានា​ដែល​ចង់​មក​ប្រតិបត្តិការ​នៅ​កម្ពុជា ប៉ុន្តែ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​តែ​គោរព​តាម​ច្បាប់​កម្ពុជា៖ «មិន​ថា​អង្គការ​នេះ អង្គការ​នោះ​ទេ គ្រប់​អង្គការ​ទាំងអស់ គឺ​យើង​គោរព​គោល​ការណ៍​​​នៃ​សកម្មភាព​នៃ​ការ​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង គោរព​ច្បាប់​ទម្លាប់​ប្រទេស​កម្ពុជា គោរព​គោលការណ៍​ផល​ប្រយោជន៍ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​កម្ពុជា នោះ​ទើប​ជា​អង្គការ​មួយ​ដែល​មាន​នីតិ​បុគ្គល​ច្បាស់​លាស់​នៅក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន​នៅ​កម្ពុជា»

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​ធ្វើ​ការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក បាន​បើក​ដំណើរការ​នៅ​កម្ពុជាកាល​ពី​ឆ្នាំ១៩៩២ មុន​នឹង​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ពី​កម្ពុជា​វិញ​នៅ​អំឡុង​ឆ្នាំ២០១៧។ របប​លោក ហ៊ុន សែន បាន​បិទ​អង្គការ NDI និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា កាល​ពី​ខែសីហា ឆ្នាំ២០១៧ ដោយ​ចោទ​ប្រកាន់​ថា អង្គការ​ផ្នែក​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​ល្មើស​ច្បាប់​អង្គការ​សមាគម និង​ច្បាប់​ពន្ធដារ​កម្ពុជា។ ចំណាត់ការ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សារ​ពី​ហ្វេសប៊ុក​អនាមិក ដោយ​ចោទ​ថា អង្គការ NDI បាន​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈ្នះ​ឆ្នោត។

រីឯ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) វិញ អង្គការ​មួយ​នេះ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា អំឡុង​ឆ្នាំ២០១៧​នោះ​ដែរ ក្រោយ​ពេល​របប​លោក ហ៊ុន សែន បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​សង្គម​ស៊ីវិល តាម​រយៈ​ការ​បង្កើត​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់។

ទោះបី​ជា​របប​លោក ហ៊ុន សែន បកស្រាយ​ថា ​ចំណាត់​ការ​លើ​អង្គការ​អន្តរជាតិ​ទាំង​នេះ​ជា​ការ​អនុវត្ត​តាម​ច្បាប់​យ៉ាងណាក្ដី ក៏​ក្រុម​អ្នក​សង្កេតការណ៍ និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ក្រាប​ជា​ប្រព័ន្ធ​មក​លើ​សារព័ត៌មាន​ឯករាជ្យ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០១៨​មក​ដល់។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា អង្គការNDI និង IRI បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា ចំណាត់​ការ​លើ​អង្គការ​អន្តរជាតិ​ទាំង​ពីរ​នេះ បាន​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល ជាពិសេស​គឺ​ធ្វើ​ឱ្យ​​កម្ពុជា​បាត់បង់​ប្រភព​ជំនួយ​ដ៏​សំខាន់​ខាង​ផ្នែក​បច្ចេកទេស បណ្ដុះបណ្ដាល និង​ហិរញ្ញវត្ថុ ទាក់ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ។ លោក កន សាវាង្ស បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​អនុញ្ញាត​ឱ្យ​អង្គការ​អន្តរជាតិ​ទាំងពីរ​ដំណើរការ​នៅ​កម្ពុជា​ឡើង​វិញ ហើយ​បើក​លំហ​សម្រាប់​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​សំឡេង​​ឯករាជ្យ​នានា​នៅមុន​ការ​បោះឆ្នោត​មក​ដល់៖ «គ្រប់​ដំណាក់​កាល​ជា​យូរ​មក​តែងតែ​មាន​វត្តមាន​នៃ​អង្គការ​ស្ថាប័ន​ទាំងពីរ​នេះ​ចូលរួម​ច្រើន ទាំង​គណបក្ស​​កាន់​អំណាច​ក៏​ដោយ​ក៏​មាន​ការ​ចូលរួម ទាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក៏​មាន​ការ​ចូលរួម​ដែរ។ អ៊ីចឹង​សម្រាប់​ខ្ញុំ មាន​ការ​ស្វាគមន៍ និង​គាំទ្រ​ឱ្យ​ក្នុង​ការ​វិល​ត្រឡប់ ដើម្បី​ជួយ​ដល់​គ្រប់​គណបក្ស​នយោបាយ ព្រមទាំង​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​អំពី​ប្រជាធិបតេយ្យ​ជាដើម»

កាល​ពី​ពេល​ថ្មីៗនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ ស្ថាប័ន បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា​​ចំនួន ៦ចំណុច ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ចំនុច​ទាំងនោះ មាន​ជាអាទិ៍ ការបង្កើត​បរិយាកាស​នយោបាយ​សេរី ធានា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បោះឆ្នោត កែ​សម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(..ធានា​ឯករាជ្យ​​នៃ​អំណាច​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​ធានា​ការ​អនុវត្ត​តួនាទី​ដោយ​សេរី​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល