ការមិនជ្រៀតជ្រែកគ្នា «ធ្វើឱ្យមេដឹកនាំមួយចំនួនដឹកនាំប្រទេសបែបផ្ដាច់ការនៅអាស៊ាន»
2024.09.29
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ក្រុមមេដឹកនាំប្រទេសនៅតំបន់អាស៊ានមួយចំនួន កំពុងតែដឹកនាំតាមបែបផ្ដាច់ការ ទោះបីប្រទេសទាំងនោះប្រកាន់យករបបប្រជាធិបតេយ្យជាគោលក៏ដោយ។ ប្រទេសទាំងនោះ រួមមានថៃ កម្ពុជា និងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ជាដើម។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ លើកឡើងថា ធម្មនុញ្ញអាស៊ានគឺជាគន្លឹះដ៏សំខាន់ដែលជំរុញឱ្យមេដឹកនាំមួយចំនួននៅក្នុងតំបន់ ដឹកនាំតាមបែបផ្ដាច់ការ បង្កើតបក្ខពួកនិងគ្រួសារនិយម។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នារបស់អាស៊ានគឺជាឧបសគ្គដ៏សំខាន់ ដែលជំរុញឱ្យមេដឹកនាំមួយចំនួនមិនអាចអន្តរាគមន៍ទៅប្រទេសដែលបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យបាន។ លោក បន្ថែមថា ធម្មនុញ្ញអាស៊ានដែលចែងពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នានេះ បានធ្វើឱ្យពលរដ្ឋបាត់បង់សិទ្ធិសេរីភាព ដោយសារតែមេដឹកនាំទាំងនោះ រំលោភសិទ្ធិមនុស្ស ដោយមិនខ្វល់ពីគោលការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស៖។
មាត្រា២នៃធម្មនុញ្ញអាស៊ានចែងថា មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន។ គោរពសិទ្ធិរបស់រដ្ឋជាសមាជិកនីមួយៗ ក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួន ដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ដោយសារតែធម្មនុញ្ញអាស៊ានចែងពីការមិនអាចជ្រៀតជ្រែកផ្ទៃក្នុងគ្នានេះហើយ ទើបធ្វើឱ្យមេដឹកនាំប្រទេសមួយចំនួន ធ្វើតាមអំពើចិត្ត ដែលមិនដើរតាមគន្លងប្រជាធិបតេយ្យ។ ទោះបីជាប្រទេសទាំងនោះ ប្រកាន់យករបបដឹកនាំតាមប្រជាធិបតេយ្យ ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតក៏ដោយ។ ក្រុមមេដឹកនាំទាំងនេះមិនខ្វល់អំពីការបោះឆ្នោតឬយកប្រជារាស្ត្រជាធំឡើយ។ ពួកគេគិតពីការរក្សាអំណាចក្រុមបក្ខពួកជាធំ។ ប្រទេសទាំងនោះរួមមានថៃ ភូមា ជាពិសេសគឺមេដឹកនាំកម្ពុជាតែម្ដង។
កម្ពុជាក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែនបានបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សតាំងពីឆ្នាំ២០១៧មក។ សព្វថ្ងៃនេះ ទោះបីជាលោក ហ៊ុន សែនបានផ្ទេរអំណាចឱ្យកូនលោក ហ៊ុន ម៉ាណែត ហើយក្ដី ក៏ការដឹកនាំរបស់ត្រកូលហ៊ុនមិនបានកែប្រែស្ថានភាពឱ្យប្រសើរវិញដែរ។
នៅស្របពេលដែលត្រកូលហ៊ុនកំពុងដឹកនាំប្រទេសរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិង ញាំញីដោយអំពើអយុត្តិធម៌សង្គមនេះ ក៏គ្មានប្រទេសណាមួយនៅក្នុងតំបន់លូកដៃ ឬថ្កោលទោសរដ្ឋាភិបាលត្រកូលហ៊ុនដែរ ដោយសារតែរនាំងធម្មនុញ្ញអាស៊ានមាត្រា២នេះ។ លើកលែងតែសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលថ្កោលទោសអំពីការរំលោភសិទ្ធិមនុស្សនិងការបំផ្លាញប្រជាធិបតេយ្យនេះ។
បន្ថែមពីនេះនាឱកាសប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានទៅចូលរួមវេទិកាអន្តរជាតិមួយនៅប្រទេសកូរ៉េខាងត្បូងកាលពីដើមខែកញ្ញានោះ លោក ហ៊ុន សែន ថែមបានថ្លែងអប់រំគេថា សន្តិភាពនិងស្ថិរភាពជាមូលដ្ឋានគ្រឹះនៅក្នុងអាស៊ាន ស្របពេលរដ្ឋាភិបាលដឹកនាំត្រកូលហ៊ុន ជាអ្នកបំភិតបំភ័យប្រជាពលរដ្ឋនិងបង្កអំពើហិង្សាពិតប្រាកដនោះ។
ទន្ទឹមនិងនេះ លោក ហ៊ុន សែន ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋាន សម្រាប់អ្វីៗទាំងអស់ និងគ្រប់យ៉ាង។ លោកបន្តថា សម្រាប់ផ្ទៃក្នុងអាស៊ានវិញគឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នានេះ។
លោក ហ៊ុន សែន៖ «កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា»។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជារនាំងបិទបាំងអំពើអាក្រក់របស់រដ្ឋាភិបាល និងដើម្បីទប់ស្កាត់ប្រទេសនៅក្នុងតំបន់ កុំឱ្យលូកដៃលើការដឹកនាំតត្រកូល ដែលបំបិទសំឡេងប្រជាពលរដ្ឋ គាបសង្កត់សិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាទៅវិញទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា ប្រទេសនៅអាស៊ានមួយចំនួនកំពុងតែដឹកនាំបែបអាជ្ញានិយម ឬផ្ដាច់ការកំពុងតែខ្លាំងពិសេសកម្ពុជា និងភូមា ដែលដឹកនាំបែបគ្រួសារនិយមនិងផ្ដាច់ការ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ហៅកាត់ថា APHR) កាលពីពេលថ្មីៗនេះ សំដែងការព្រួយបារម្ភជាខ្លាំង ដែលកម្ពុជានឹងមិនត្រឹមតែជារដ្ឋឯកបក្សប៉ុណ្ណោះទេ តែក៏ជារដ្ឋគ្រប់គ្រងដោយគ្រួសារតែមួយ។ APHR ជំរុញឱ្យសហគមន៍អន្តរជាតិ បើកភ្នែកមើលការក្រសោបយកអំណាចរបស់ក្រុមគ្រួសារត្រកូល«ហ៊ុន» និងចាត់វិធានការបញ្ឈប់ការបន្តធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះបីជានៅក្នុងមាត្រា២នៃធម្មនុញ្ញអាស៊ាន បានចែងការគោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយ ការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌សង្គមក្ដី ក៏រដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៅតែបំពានបំពានធម្មនុញ្ញនេះដដែល ដោយសារតែរដ្ឋាភិបាលទាំងនេះ ធ្វើអ្វីៗដើម្បីអំណាចក្រុមគ្រួសារនិងបក្ខពួក។ ប្រទេសទាំងនោះរួមមាន៖ ដូចជា រដ្ឋាភិបាលកម្ពុជា និង ភូមាឬមីយ៉ាន់ម៉ា (Myanmar) និងថៃជាដើម។ ប្រទេសដែលអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យល្អជាងគេនោះគឺម៉ាឡេស៊ី (Malaysia) ឥណ្ឌូណេស៊ី (Indonesia) និងហ្វីលីពីន (Philippines)ជាដើម។ រីឯវៀតណាម (Vietnam) និង ឡាវ (Lao) ប្រកាន់យករបបកុម្មុយនិស្ត។
ប្រទេសភូមា ឬមីយ៉ាន់ម៉ា មេដឹកនាំយោធាដឹកនាំដោយលោក ម៊ីន អ៊ុងលាំង (Min AungHlaing) បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី អ៊ុង សានសូជី (Aung SannSukyi) តាំងពីឆ្នាំ២០២១។ មកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។ របបសឹកបានសម្លាប់មនុស្សរាប់ពាន់នាក់ និងចាប់អ្នកប្រឆាំងដាក់ពន្ធនាគាររាប់ម៉ឺននាក់។
រីឯប្រទេសថៃវិញ ក៏មិនបានអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យបានល្អដែរ។ កាលពេលថ្មីៗនេះ តុលាការធម្មនុញ្ញថៃ ដែលនៅក្រោមឥទ្ធិពលរបស់ក្រុមយោធាដែលនិយមស្ដេចថៃនោះ បានសម្រេចដកអតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Sretha Thavisin) ចេញពីនាយករដ្ឋមន្ត្រី។ ក្រៅពីនេះតុលាការធម្មនុញ្ញដដែលនេះកាលពីថ្ងៃទី៧ សីហា បានចេញសាលក្រមប្រកាសរំលាយគណបក្សកាវក្លៃ (Move forward) ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅថៃ។ ហើយតុលាការក៏ដាក់បម្រាមប្រធាននិងមន្ត្រីជាន់ខ្ពស់គណបក្សនេះមួយចំនួនទៀត មិនឱ្យធ្វើនយោបាយម្នាក់ៗ ១០ឆ្នាំថែមទៀតផង។
ទាក់ទងនឹងបញ្ហានេះសមាជិកសភាអាស៊ាន (APHR )បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៥កញ្ញា ចំថ្ងៃទិវាប្រជាធិបតេយ្យអន្តរជាតិ អំពាវនាវឱ្យរដ្ឋាភិបាលនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ាន ត្រូវបញ្ចប់ការគាបសង្កត់គ្រប់ទម្រង់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ប្រធានសភាសភាអាស៊ាន ហៅកាត់ថា APHR អ្នកស្រី ម៉ើស៊ី គ្រើស្ទី បារែន (Mercy Chriesty Barends ) និងជាសមាជិកសភាឥណ្ឌូណេស៊ីសង្កត់ធ្ងន់ថា អ្វីដែលបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងតំបន់នោះ គឺគណបក្សប្រឆាំងនៅត្រូវបាន រំលាយចោលជាប្រព័ន្ធ ហើយស្ថាប័នឯករាជ្យកំពុងត្រូវបានផាត់ចោល។ ការបោះឆ្នោតដែលធ្លាប់តែជាគោលការណ៍ដ៏ចម្បង សម្គាល់លិទ្ធប្រជាធិបតេយ្យ ត្រូវបានទម្លាក់ចុះ មកត្រឹមជាពិធីការ និងកែបន្លំដំណើរការបោះឆ្នោត ខណៈមេដឹកនាំផ្ដាច់ការពង្រឹងអំណាចរបស់ខ្លួន តាមរយៈការជ្រៀតជ្រែកកិច្ចការតុលាការ។ ប្រើប្រាស់តុលាការជាខែល ឬជាឧបាយកលនយោបាយឥតលាក់លៀម ដើម្បីយកមកបំផ្លាញដំណើរការប្រជាធិបតេយ្យ។
ក្រុមសមាជិកសភាអាស៊ាន ជំរុញឱ្យអាស៊ានធ្វើសមាហរណកម្មនៃបទដ្ឋានប្រជាធិបតេយ្យ និងការលើកកម្ពស់ទៅក្នុងសេចក្ដីព្រាងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ដែលគ្រោងនឹងអនុម័តនៅឆ្នាំ២០២៥នេះ ដើម្បីសម្រេចបាននូវការសន្យារបស់ធម្មនុញ្ញអាស៊ានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។