គណបក្សកម្លាំងជាតិ ថាការបន្តចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ ធ្វើឲ្យប៉ះពាល់ដំណើរការប្រជាធិបតេយ្យ
2024.09.03
គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះថា ជារឿងនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ អ្នកវិភាគនយោបាយយល់ថា ទង្វើបំពានច្បាប់របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការកម្ទេចកម្លាំងគណបក្សប្រឆាំងនេះ នឹងមិនជោគជ័យរហូតឡើយ ហើយកាន់តែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
គណបក្សកម្លាំងជាតិ ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣ ខែកញ្ញា អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ឲ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបង្ហាញពីការបើកលំហសិទ្ធិសេរីភាពនយោបាយ។ គណបក្សកម្លាំងជាតិចាត់ទុកការចាប់ឃុំខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន នេះថា ជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើគណបក្សកម្លាំងជាតិ និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបាននគរបាលស្លៀកពាក់ស៊ីវិលមួយក្រុមមានគ្នា ៦នាក់ ព្រួតចាប់ខ្លួនលោក ប៊ុនណារត្ន័ បញ្ចូលឡាននៅម្ដុំផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ ហើយដឹកចេញទៅបាត់ កាលពីថ្ងៃទី២ ខែកញ្ញា ដោយមិនបង្ហាញដីកា ឬមិនបញ្ជាក់ពីមូលហេតុ។ ក្រុមគ្រួសាររបស់លោក ក៏មិនទទួលបានដំណឹងអ្វីពីសមត្ថកិច្ចនោះឡើយ រយៈពេលពីរថ្ងៃមកនេះ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បន្ថែមថា ការចាប់ខ្លួនមនុស្សដោយ មិនបង្ហាញហេតុផលនេះ គឺជាការបំពានគោលការណ៍ច្បាប់ និងរំលោភបំពាន សិទ្ធិមនុស្ស ហើយកាន់តែបង្កើនការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ និងក្រុមគ្រួសារអ្នក ដែលត្រូវបានចាប់ខ្លួន។
លោក រ៉ុង ឈុន៖ «ការចាប់ខ្លួនមនុស្ស ដែលភ្នែកមនុស្សអន្តរជាតិ និងជាតិ គេមើលឃើញថា ជាមនុស្ស ដែលមិនគួរណាចាប់ខ្លួននោះ កម្ពុជានឹងខាតបង់ច្រើន ប៉ះពាល់ច្រើនណាស់ ទាក់ទងនឹងអ្នកវិនិយោគទុន អ្នកទេសចរសព្វបែបយ៉ាង ហើយប្រទេស ដែលជាទីផ្សារសំខាន់ដូចជា សហភាពអឺរ៉ុប អាមេរិក និងជប៉ុនក្ដី គេនឹងពិចារណាទៅលើប្រព័ន្ធអនុគ្រោះពន្ធ ដែលនាំចូលផលិតផលនានា»។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា ការចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន នេះ គឺអនុវត្តតាមដីការបស់តុលាការក្រុងភ្នំពេញដែលចោទប្រកាន់គាត់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែលោកមិនបានបញ្ជាក់អំពីអង្គហេតុនោះទេ។អគ្គស្នងការរងនគរបាលជាតិរូបនេះ បញ្ជាក់ថា តុលាការ បានសម្រេចឃុំខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន នៅពន្ធនាគារព្រៃស (ម១) នៅថ្ងៃទី៣ កញ្ញា។
លោក ឆាយ គឹមខឿន៖ «ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សជារឿងនយោបាយ ខ្ញុំមិនមានស្អីបញ្ជាក់ជូនអស់លោកទេ ខ្ញុំជាកម្លាំងអនុវត្តច្បាប់ ខ្ញុំអនុវត្តច្បាប់ តុលាការចេញដីកា ខ្ញុំអនុវត្តតែដីកាតែប៉ុណ្ណឹងទេ ហើយចំពោះអ្នកនយោបាយអស់នោះ គាត់ថា ម៉េច ក៏មិនដឹងទៅខ្ទប់មាត់គាត់ម៉េចដែរ។ ខ្ញុំអត់មានអីបញ្ជាក់ទេ ព្រោះខ្ញុំធ្វើការអនុវត្តច្បាប់តែប៉ុណ្ណឹងទេ»។
ទោះជាយ៉ាងណាក្ដី ប្រពន្ធរបស់លោក ជិន ប៊ុណ្ណារ័ត្ន គឺលោកស្រី ស៊ីវ សុភា អះអាងថា ប្ដីរបស់លោកស្រី ពុំបានប្រព្រឹត្តអំពើខុសច្បាប់ ហើយទាមទារឲ្យតុលាការដោះលែងវិញ។
លោកស្រី ស៊ីវ សុភា «ខ្ញុំអត់ទទួលយកបានទេ ខ្ញុំសុំឲ្យដោះលែងគាត់វិញ ព្រោះគាត់អត់មានខុសអីទេ។ គាត់គ្រាន់តែជាអ្នកនយោបាយ គាត់គ្រាន់តែបញ្ចេញមតិ គាត់អត់មានអីខុសទេ» ។
មកទល់ពេលនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ និងឃុំខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គមកើនឡើងដល់ជាង ១០០នាក់ ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម និងការបញ្ចេញមតិដោយអហិង្សា។
អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា នយោបាយផ្ដាច់ការរបស់រដ្ឋាភិបាលត្រកូល ''ហ៊ុន'' ដែលកៀបសង្កត់ និងកម្ទេចគណបក្សប្រឆាំង និងអ្នករិះគន់នេះ មិនជោគជ័យរហូតឡើយ ព្រោះទង្វើបែបនេះ កាន់តែធ្វើឲ្យក្រុមអ្នកចង់បានប្រជាធិបតេយ្យ ចេះរួបរួម និងសាមគ្គីគ្នាធ្វើសកម្មភាពឡើងវិញ។ លោក គឹម សុខ បន្តថា មានតែការដោះលែងអ្នកទោសនយោបាយ ការអត់ឱនឲ្យគ្នា និងការផ្សះផ្សាជាតិ ព្រមទាំងកសាងជាតិជាមួយគ្នាប៉ុណ្ណោះ ទើបជាដំណោះស្រាយ និងមានប្រយោជន៍សម្រាប់សង្គមជាតិពិតប្រាកដ។
លោក គឹម សុខ៖ «ប៉ុន្តែ ព្យាយាមកៀបសង្កត់ទៅលើគណបក្សប្រឆាំង ឬក៏គួរប្រជែង សកម្មជនសង្គម អ្នកមានមនសិការចំពោះជាតិធ្វើបែបនេះ វាកាន់តែខ្ទប់ដង្ហើមរបស់អ្នកកាន់អំណាចទៅវិញទេ ពីព្រោះបង្កើតសត្រូវកាន់តែច្រើន សត្រូវផ្ទៃក្នុងបក្សផង សត្រូវក្រៅបក្សផង សត្រូវនឹងប្រជាពលរដ្ឋផង សត្រូវនឹងនិន្នាការសេរីរបស់សហគមន៍អន្តរជាតិផង ដូច្នេះ កាន់តែធ្វើកាន់តែពិបាកដកដង្ហើមខ្លួនឯងទៅវិញទេ សម្រាប់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នុង»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) លើកឡើងកាលពីពេលថ្មីៗ នេះថា សកម្មជនទាំងអស់ ដែលកំពុងជាប់ពន្ធនាគារនេះ មិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ ប៉ុន្តែ ពួកគេរងគ្រោះយ៉ាងអយុត្តិធម៌ ដោយសារតែប្រព័ន្ធតុលាការរងសម្ពាធពីអ្នកកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។