គណបក្ស​កម្លាំងជាតិ​ចាប់​ផ្ដើម​រៀបចំ​រចនា​សម្ព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ

ដោយ ខាន់ លក្ខិណា
2025.01.08
គណបក្ស​កម្លាំងជាតិ​ចាប់​ផ្ដើម​រៀបចំ​រចនា​សម្ព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ កិច្ចប្រជុំ​រៀបចំ​រចនា​សម្ព័ន្ធ​កសាង​កម្លាំង​ស្ត្រី​នៅ​ទូទាំង​ប្រទេស នៅទីស្នាក់ការគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៧ មករា ២០២៥។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​កម្លាំង​ជាតិ​ចាប់​ផ្ដើម​រៀបចំ​រចនា​សម្ព័ន្ធ​កសាង​កម្លាំង​ស្ត្រី​នៅ​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ ដោយ​គ្មាន​ការ​រើសអើង។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ថា គណបក្ស​ប្រជាជន​កម្ពុជា កសាង​បាន​កម្លាំង​ស្ត្រី​ ប្រមាណ ៣០% ទៅ​ហើយ​នៅ​ទូទាំង​ប្រទេស។

នៅ​ថ្ងៃ៧ មករា ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី៤៦ ឆ្នាំ នៃ​ជ័យជំនះ​លើ​របប​ខ្មែរ​ក្រហម គណបក្ស​កម្លាំង​ជាតិ ចាប់​ផ្ដើម​ចង​ក្រង​រចនា​សម្ព័ន្ធ​ចលនា ស្ត្រី​បណ្ដោះអាសន្ន​របស់​គណបក្ស​នេះ​នៅ​ទូទាំង​ប្រទេស។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៧ ខែ​មករា ថា នេះ​ជា​ការ​ចាប់​ផ្ដើម​ផ្គត់ផ្គង់​រៀបចំ​ចលនា​ស្ត្រី​របស់​គណបក្ស​កម្លាំងជាតិ។ លោក​ពន្យល់​ថា ការ​ផ្ដួចផ្ដើម​នេះ គឺ​ដោយសារ លោក​មើល​ឃើញ​អំពី​វត្តមាន​របស់​ ស្ត្រី​មាន​ចំនួន​តិច ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​នៅ​ឡើយ ដូច្នេះ​លោក​ថា តម្រូវ​ឱ្យ​មាន​ការ​ជំរុញ និង​លើក​កម្ពស់​ការ​ចូលរួម​បន្ថែម​ទៀត​របស់​ស្ត្រី។

លោក រ៉ុង ឈុន អះអាង​ថា ការ​បង្កើន​សក្ដានុពល​ប្រកួត​ប្រជែង​របស់​គណបក្ស​នយោបាយ ការ​ពង្រឹង​ស្ថាប័ន និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ មិន​អាច​ខ្វះ​វត្តមាន​របស់​ស្ត្រី​បាន​ឡើយ។

លោក រ៉ុង ឈុន៖ «បក្ស​មួយៗ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ស្រុក​ទេស បើ​អវត្តមាន​ស្ត្រី ឬ​ខ្វះ​វត្តមាន​ស្ត្រី​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​មួយ​រឹង​មាំ ឬ​មាន​សន្ទុះ​ទៅ​បាន​ទេ។ ការ​អភិវឌ្ឍ​ប្រទេស​ក៏​ដូច​គ្នា​ដែរ បើ​គ្មាន​ការ​ចូលរួម​ពី​ស្ត្រី ក៏​មិន​អាច​ជឿ​លឿន​ទៅ​បាន​ដែរ។ អ៊ីចឹង​វត្តមាន ឬ​តួនាទី​របស់​ស្ត្រី​សំខាន់​ណាស់»

ក្រុម​ស្ត្រី​ដែល​បាន​ចូលរួម​ប្រជុំ​នៅ​ទី​ស្នាក់​ការ​គណបក្ស​កម្លាំង​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី៧ មករា  មាន​មក​ពី​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បន្ទាយ​មានជ័យ កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ធំ និង​សៀមរាប ជាដើម ព្រម​ទាំង​វត្តមាន​ស្ត្រី​ជា​ប្រពន្ធ​របស់​អ្នក​នយោបាយ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។

ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក កាក់ កម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ដែល​ជា​តំណាង​ស្ត្រី​របស់​គណបក្ស​បាន​កោត​សរសើរ​ស្ត្រី​ទាំងឡាយ ដែល​មាន​សេចក្ដី​ក្លាហាន​ចូលរួម​សកម្មភាព ជាមួយ​គណបក្ស​កម្លាំង​ ជាតិ ក្នុង​ស្ថានភាព​កម្ពុជា ដែល​មាន​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​ដូច​បច្ចុប្បន្ន។ លោក លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ប្រឹង​ប្រែង​តស៊ូ​បន្ថែម​ទៀត ក្នុង​នយោបាយ និង​សង្គម ពីព្រោះ​ទាំង​នេះ ជា​សិទ្ធិ​ពេញ​លេញ​របស់​ស្ត្រី ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់។

លោកស្រី ព្រុំ ចាន់ថា ដែល​ប្ដី​របស់​លោកស្រី​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​ការ​ តស៊ូ​នយោបាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៧ ខែ​មករា​ថា ស្ត្រី​មាន​តួនាទី​សំខាន់​ ណាស់ ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ដូច្នេះ ស្ត្រី​ត្រូវ​តែ​ចេញ​មុខ​ តស៊ូ​មតិ​ការពារ​ខ្លួន ប្រឆាំង​ការ​រំលោភ​បំពាន បំបាត់​ការ​រើសអើង និង​ទាមទារ​យុត្តិធម៌ ដើម្បី​នាំ​ការ​រីក​ចម្រើន​ដល់​សង្គម​ជាតិ​ទាំងមូល។

លោកស្រី ព្រុំ ចាន់ថា៖ «គោល​ការណ៍​គណបក្ស​កម្លាំង​ជាតិ គឺ​ឱ្យ​ស្ត្រី​ឈរ​មេឃុំ និង​ចៅ​សង្កាត់ ប៉ុន្តែ​នេះ ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច។ ទី១ យើង​ប្រមូល​ម្ដុំ​សិន ដើម្បី​ចងក្រង​ស្ត្រី​សិន និង​អាច​ឈាន​ទៅ​ដល់​ឱ្យ​ស្ត្រី​ឈរ​ជា​មេឃុំ ចៅ​សង្កាត់​ទៀត ជា​ពិសេស​ស្ត្រី​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​អី ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ហ្នឹង​ឱ្យ​អស់ ដើម្បី​ឱ្យ​មាន​លទ្ធភាព​និង​មាន​ឱកាស​ដែល​បាន​ចូលរួម​របស់​ស្ត្រី ដូច្នេះ គាត់​នឹង​មាន​ភាព​ក្លាហាន​ដោយសារ​យើង​គាំទ្រ​ស្ត្រី​ដូច​គ្នា»

លោកស្រី ព្រុំ ចាន់ថា អះអាង​ថា គណបក្ស​កម្លាំង​ជាតិ លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​គ្មាន​ការ​រើសអើង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ថ្លែង​ថា គណបក្ស​ ប្រជាជន​កម្ពុជា ក៏​មិន​មាន​ការ​រើសអើង​ចំពោះ​ស្ត្រី​ដែរ។

លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី៧ ខែ​មករា ថា នេះ​គឺ​ជា​ការងារ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​នយោបាយ​នីមួយៗ ដែល​មាន​តួនាទី​កសាង​កម្លាំង​នយោបាយ​របស់​ខ្លួន ទាំង​ស្ត្រី និង​យុវជន។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​ បាន​កសាង​កម្លាំង​ស្ត្រី​ប្រមាណ ៣០ ភាគរយ​ទៅ​ហើយ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក សុខ ឥសាន៖ «ខ្ញុំ​ប៉ាន​ស្មាន​គឺ​ថា ការ​កសាង​ជួរ​ស្ត្រី ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បាន​ប្រហែល ៣០ភាគរយ ដែល​ស្ត្រី​កំពុង​មាន​តួនាទី​នៅ​ក្នុង​ជួរ​គណបក្ស ក៏​ដូច​ជា នៅ​ក្នុង​ជួរ​រដ្ឋ​អំណាច​ក៏​ដូច​ជា​នៅ​ក្នុង​រដ្ឋាភិបាល»

អ្នកឃ្លាំមើល លើក​ឡើង​ថា ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ មក កាន់​តែ​ធ្វើ​ឱ្យ​លំហ​នៃ​ការ​ចូល​ប្រឡូក​របស់​ស្ត្រី ក្នុង​វិស័យ​នយោបាយ​ និង​កិច្ចការ​សង្គម កាន់​តែ​រួម​តូច​ចង្អៀត​ថែម​ទៀត ដោយសារ​ការ​គំរាម​កំហែង និង​ ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។

មក​ដល់​ពេល​នេះ មាន​អ្នក​ទោស​មនសិការ​ប្រមាណ ១០០នាក់ កំពុង​ជាប់​ពន្ធនាគារ ដោយ​អយុត្តិធម៌ ក្នុង​នោះ ក៏​មាន​ស្ត្រី​មួយ​ចំនួន​ដែរ។ ដោយ​ឡែក ក្រុម​ស្ត្រី​ដែល​សកម្ម​ទាមទារ​យុត្តិធម៌​សម្រាប់​គ្រួសារ​សាច់ញាតិ តែងតែ​រង​នូវ​អំពើ​ហិង្សា និង​បៀតបៀន ពី​ក្រុម​សន្តិសុខ​នៃ​រដ្ឋាភិបាល។

អ្នកឃ្លាំមើល លើក​ឡើង​ថា ទាល់​តែ​ស្ត្រី​កាន់​តែ​ច្រើន ហ៊ាន​ប្រើ​សិទ្ធិ​របស់​ពួកគាត់ ចូលរួម​ចំណែក​ទាមទារ​យុត្តិធម៌​សង្គម ទើប​អាច​ផ្លាស់ប្ដូរ​សង្គម​ជាតិ​ទាំងមូល ឱ្យ​មាន​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​អំណាច​របស់​ស្ត្រី​ឱ្យ​បាន​ពេញ​លេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។