អ្នកឃ្លាំមើលនិងមន្ត្រីបក្សប្រឆាំងថាត្រកូលហ៊ុនបញ្ចូលសាច់ញាតិ ក្នុងការដោះដូរ អភិបាលខេត្ត ដើម្បីការពារអំណាចលោក ហ៊ុន ម៉ាណែត
2024.06.26
អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា ការផ្ទេរនិងតែងតាំង សាច់ញាតិគ្រួសារត្រកូលហ៊ុន និងមន្ត្រីឈុតថ្មីឱ្យកាន់តំណែងអភិបាលខេត្ត មានបុព្វហេតុការពារអំណាចនយោបាយ ជាជាងផ្ដោតលើការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើរដ្ឋាភិបាល។
ក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៤ ខែមិថុនា របស់ព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី បានត្រាស់បង្គាប់ផ្លាស់ប្ដូរនិងតែងតាំងអភិបាលខេត្តចំនួន ៨រូប។
អភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ដែលសកម្មក្នុងការចុះបង្ក្រាប ពលរដ្ឋរងគ្រោះ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ ខណៈលោក ប៉ែន កុសល្យដែលជាកូនប្រសារលោក ហេង សំរិន ត្រូវបានប្ដូរទៅកាន់តំណែងជាអភិបាលខេត្តត្បួងឃ្មុំ ជំនួសកូនប្រុសរបស់ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។
រីឯកូនប្រុសលោក ជាម យៀប គឺលោក ជាម ច័ន្ទសោភ័ណ ដែលជាអភិបាលខេត្តត្បូងឃ្មុំ ត្រូវផ្ទេរតំណែងជាអភិបាលខេត្តកំពង់ស្ពឺវិញ។
ក្រៅពីកូនប្រសារលោក ហេង សំរិន និងកូនប្រុសលោក ជាម យៀប នោះ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានទូលថ្វាយព្រះមហាក្សត្រ ឱ្យតែងតាំង អភិបាលរងខេត្តព្រះសីហនុ និងត្រូវជាបងប្អូនជីដូនមួយសាច់ថ្លៃរបស់លោក គឺ លោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក គួច ចំរើន ដែលត្រូវបានផ្ទេរឱ្យទៅកាន់ខេត្តកណ្ដាល។
ចំពោះអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង អភិបាលខេត្តតាកែវ លោក អ៊ួច ភា និងអភិបាលខេត្តកំពង់ធំលោក ងួន រតនៈ ត្រូវបានផ្ទេរទៅកាន់តំណែងជារដ្ឋលេខាក្រសួងមហាផ្ទៃវិញ។
អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ប្រាប់ វិទ្យុអាស៊ីសេរីថា លោក ហ៊ុន សែន ដល់ពេលធ្វើយុទ្ធនាការបំបែកផ្ទៃក្នុង ខ្លួនឯងហើយ ដោយដាក់មនុស្សក្នុងគ្រួសារឱ្យទៅកាន់ប៉ូលសំខាន់ៗ ហើយយកមន្ត្រីដែលមានកម្រិតត្រឹមតែជិតស្និទ្ធទៅដាក់នៅតំបន់ឆ្ងាយៗ ឬយកទៅបញ្ឈរ ជើងនៅក្រសួងមហាផ្ទៃ។ លោកថា លោក ហ៊ុន សែន ហាក់ដូចជាដឹងច្បាស់ថា នៅក្នុងគណបក្សប្រជាជនកម្ពុជា ក្រៅពីសមាជិកគ្រួសាររបស់លោកមានមន្ត្រីតិចណាស់ ដែលគាំទ្រអំណាចគ្រួសារហ៊ុន។
លោក ម៉ែន សុថាវរិន្ទ្រ៖ «លោក ហ៊ុន សែន គាត់ក្ដោបក្ដាប់ទាំងអស់ ព្រោះគាត់មិនសូវទុកចិត្ត។ អ៊ីចឹងគាត់ដាក់តែក្រុមគ្រួសារគាត់ ដែលគាត់ទុកចិត្តមែនទែន ព្រោះនៅក្នុងគណបក្សប្រជាជនគាត់មានបញ្ហាច្រើនមែនទែន គេអត់ពេញចិត្តលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ច្រើនណាស់។ អ៊ីចឹងរៀបចំឱ្យហើយ ឱ្យគ្រួសារគាត់ អ្នកដែលជិតដិតទៅកន្លែងប៉ូលកន្លែងល្អៗ ដូចព្រះសីហនុ សៀមរាប គឺដាក់ក្រុមគ្រួសារគាត់ទាំងអស់។ គាត់យកគ្នាគាត់ដដែល ទៅដាក់ដូចជា ឧត្ដរមានជ័យ បន្ទាយមានជ័យអីទីឆ្ងាយៗ។ អ៊ីចឹង និយាយឱ្យចំទៅគឺគាត់រៀបចំក្រុមរបស់គាត់ឱ្យហើយ ដើម្បីសម្រួលក្នុងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត»។
ចំណែកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ (MDO) លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា ការតែងតាំងនេះ គឺជាសិទ្ធិសម្រេចចិត្ត របស់ថ្នាក់ដឹកនាំ ដែលអាចមានការរៀបចំទុកជាមុន ក្នុងករណីចាំបាច់ណាមួយរបស់គណបក្សដឹកនាំរដ្ឋាភិបាល។ យ៉ាងណា លោកមើលឃើញថា ការតែងតាំង សាច់ញាតិបែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល។
លោក សេក សុជាតិ៖«ការអនុវត្តកន្លងមក គឺពាក់ព័ន្ធនឹងជាមួយទិដ្ឋភាពនយោបាយធំជាងទិដ្ឋភាពសង្គម ហើយនឹងយុត្តិធម៌សង្គម ដោយសារតែយើងមើលឃើញអំពីការរើសអើងនិន្នាការនយោបាយនៅក្នុងសង្គមរបស់យើង ធ្វើឱ្យលទ្ធផលនៃការសម្រេចបានតាមរាជធានីខេត្តហ្នឹង គឺមានចំនួនតិចតួច ដែលគេហៅថា ចំនួនមួយនៅមានកម្រិតនៅឡើយ វាមិនទាន់មានឆ្លើយតប ពីព្រោះយើងឃើញហើយ ពេលខ្លះទៅមានថ្នាក់ដឹកនាំគាត់ទៅកាន់ដែលមានធនធានធម្មជាតិ នៅក្នុងប្រទេសនឹងកាន់តែច្រើន ក៏ប៉ុន្តែពេលគាត់ទៅកាន់ធនធានធម្មជាតិនៅកន្លែងនោះគឺមានការបាត់បង់ច្រើនដូចគ្នា»។
រីឯសកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុធ ប្រាប់វិទ្យុអាស៊ីសេរីថា
កាលណាអ្នកនយោបាយកាន់អំណាច ជាអ្នកជ្រើសរើសអភិបាលខេត្ត នោះពួកគេភាគច្រើន មានភាពស្មោះស្ម័គ្រទៅនឹងបក្ខពួក នៃអ្នកដែលជ្រើសរើសនោះហើយ។
លោកថា នេះជាមូលហេតុ ដែលធ្វើឱ្យអភិបាលខេត្តទាំងនោះ មិនអាចដោះស្រាយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
លោក លី ចាន់ដារ៉ាវុធ៖ «ជាចំណុចល្អពីប្រទេសប្រជាធិបតេយ្យ គឺគេធ្វើការជ្រើសតាំងអភិបាលហ្នឹង តាមរយៈការបោះឆ្នោតវិញ ដូចជា ការជ្រើសរើសតាំង នៅពេលយើងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង យើងគួរតែជ្រើសតាំងអភិបាលខេត្តហ្នឹងវិញ។ ខ្ញុំយល់ថា ប្រសិនបើអភិបាលខេត្តនីមួយៗ នៅប្រទេសកម្ពុជាត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោត ទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ខ្ញុំគិតថា ការដោះស្រាយបញ្ហាប្រឈមនៅក្នុងខេត្តនីមួយៗ អាចមានប្រសិទ្ធភាពជាងការដែលអភិបាលខេត្តនីមួយៗជ្រើសដោយអ្នកនយោបាយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ បានទេនៅថ្ងៃទី ២៥ ខែមិថុនា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
នៅកម្ពុជាបច្ចុប្បន្ន ក្រុមគ្រួសារនិងសាច់ញាតិត្រកូលហ៊ុន កំពុងកាន់មុខតំណែងសំខាន់ៗជាច្រើន។ ក្រៅពីលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បងថ្លៃជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក នេត សាវឿន កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទី១ ទទួលបន្ទុកកិច្ចការសន្តិសុខ លោក ហ៊ុន ម៉ានី ជាប្អូនប្រុសក៏ជាឧបនាយករដ្ឋមន្ត្រី ដែលមានអំណាចត្រួតត្រាលើរាជការស៊ីវិលទូទាំងប្រទេស។ ចំណែកប្អូនប្រុសម្នាក់ទៀត គឺលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរង កងទ័ពជើងគោក និងជាមេចារកម្មយោធានៃក្រសួងការពារជាតិ ខណៈប្អូនថ្លៃរបស់លោក ហ៊ុន ម៉ាណែត ដែលជាប្ដីរបស់អ្នកស្រី ហ៊ុន ម៉ាណា ដ៏មានឥទ្ធិពលក្នុងក្រុមគ្រួសារហ៊ុន គឺលោក ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ។ រីឯលោក ហ៊ុន សែន ជាឪពុកវិញ គឺជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។