អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នក​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន ធ្វើ​ជា​ទី​ប្រឹក្សា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍

ដោយ ខាន់ លក្ខិណា
2024.02.28
អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នក​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន ធ្វើ​ជា​ទី​ប្រឹក្សា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍ (រូបឯកសារខាងឆ្វេង) អ្នកស្រី ជា រដ្ឋា ដែលប៉ូលិសអន្តរជាតិដាក់​លើ​បញ្ជី​ស្វែងរក​ចាប់​ខ្លួន កាល​ពី​ឆ្នាំ២០០៨ និង​ស្ដាំ រូបគេផ្សព្វផ្សាយលើហ្វេសប៊ុកថ្មីៗ នេះ។
រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន និង Interpol

អ្នក​ឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នកស្រី ជា រដ្ឋា ដែល​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន​ជា​ទីប្រឹក្សា លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍ ហើយ​ពលរដ្ឋ​កាន់​តែ​ភ័យ​ខ្លាច។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ការ​តែង​តាំង​នេះ​ថា ជា​រឿង​ឯកជន។

អ្នកស្រី ជា រដ្ឋា ដែល​ជា​អតីត​អគ្គសេនាធិការ​រង នៃ​កង​រាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស និង​ធ្លាប់​ត្រូវ​បាន​តុលាការ​ទោស​ឧក្រិដ្ឋ​ឱ្យ​ជាប់​គុក ១៨ឆ្នាំ ពាក់ព័ន្ធ​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​ទីប្រឹក្សា​ក្នុង​រដ្ឋាភិបាល បន្ទាប់​ពី​បាត់​ដំណឹង​អ្នកស្រី​ជា​ច្រើន​ឆ្នាំ មិន​ឃើញ​អនុវត្ត​ទោស​ក្នុង​គុក​នោះ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២៨ កុម្ភៈ ថា មិន​ចម្លែក​ទេ ដែល​លោក ហ៊ុន សែន តែង​តាំង​អ្នកស្រី ជា រដ្ឋា ជា​ឧក្រិដ្ឋ​ជន ​និង​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​ជា​ទីប្រឹក្សា ពីព្រោះ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គាត់ ក៏​ជា​ក្រុម​មនុស្ស​ពាក់ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋ និង​គ្មាន​គុណធម៌​ដែរ។

លោក ម៉ែន ណាត៖ «មិន​មែន​តែ ជា រដ្ឋា ធ្លាប់​ទុច្ចរិត​ទេ ពួក​ទីប្រឹក្សា ពួក​ជំនួយ​ការ​រដ្ឋាភិបាល​សព្វថ្ងៃ​ជា​ច្រើន​នាក់ ក៏​ទុច្ចរិត​ដែរ។ ឆបោក​ប្រជាពលរដ្ឋ​វ័ណ្ឌ​ក​គ្រប់​គ្នា មាន​ដូច​ជា ជន​សង្ស័យ​ព្រាប កុល ឈ្មោះ ពិសិដ្ឋ ដែល​ជា​ជំនួយ ហ៊ុន សែន អ៊ីចឹង​ទៅ។ ឧកញ៉ា ឡេង ចាន់ណា ទ្រី ភាព លី យ៉ុងផាត់ អស់​ហ្នឹង​សុទ្ធ​តែ​ពួក​រកស៊ី​ទុច្ចរិត​ទាំង​អស់។ អ្នក​ទុច្ចរិត​ទាំង​អស់​នេះ នៅ​ជុំ​វិញ ហ៊ុន សែន ជុំវិញ​គ្រួសារ​ត្រកូល​ហ្នឹង។ ហ្នឹង​ឧទាហរណ៍​មួយ​ចំនួន។ នៅ​ច្រើន​ទៀត ព្រោះ​គាត់​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង គាត់​ទុច្ចរិត»

លោក ម៉ែន ណាត ថា លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​ដោយ​ទុច្ចរិត តាម​រយៈ​ការ​បំពាន​រដ្ឋធម្មនុញ្ញ និង​រំលោភ​ ច្បាប់​ជាតិ ព្រម​ទាំង​អនុវត្ត​អំណាច​ដោយ​ទុច្ចរិត​ជាមួយ​ក្រុម​មនុស្ស​ដែល​លោក​បាន​ តែង​តាំង ដូច​ជា ការ​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ បំផ្លាញ​ធនធាន​ធម្មជាតិ បឹងបួ ព្រៃ​ឈើ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សំបែង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ កុម្ភៈ ថា អ្នកស្រី ជា រដ្ឋា គ្មាន​តួនាទី​ក្នុង​ក្រប​ខណ្ឌ​រាជ​អាវុធហត្ថ​ទៀត​ទេ។
លោក អេង ហ៊ី៖ «អត់មាន​ផង អត់​មាន​ក្រប​ខណ្ឌ​នៅ​កង​រាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស​ទេ តាំង​ពី​ណា​ពី​ណី​មក»

មក​ដល់​ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង អ្នកសិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​លើក​ឡើង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​តែង​តាំង​បុគ្គល​មាន​ប្រវត្តិ ដែល​តុលាការ​កាត់​ទោស​ពី​បទ​ប៉ង​សម្លាប់ ឱ្យ​មាន​តួ​នាទី​ធំ មិន​មែន​ជា​រឿង​ឯកជន​ទេ ពីព្រោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល​ និង​ប្រទេស​ជាតិ ដែល​ធ្វើ​ឱ្យ​អ្នក​ជំនួញ​អន្តរជាតិ​ល្អៗ មិន​ហ៊ាន​ទៅ​ដាក់​ទុន​វិនិយោគ ​នៅ​ប្រទេស​កម្ពុជា ហើយ​សម្បូរ​តែ​ពួក​អ្នក​ជំនួញ​លោក​ឆត្រ ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «យើង​ឃើញ​ថា ភាគ​ច្រើន​សុទ្ធ​តែ​បទ​ល្មើស ដែល​ពិភព​លោក​គេ​ស្អប់​ខ្ពើម គេ​មិន​ចង់​ថែម​ទៅ​ទៀត ប៉ុន្តែ​អ្នក​ទាំង​នោះ បែរជា​ទទួល​បាន​នៅ​ឱកាស​លើក​លែង​ទោស ហើយ​ថែម​ទាំង​ទទួល​បាន​នៅ​មុខ​ងារ​តួនាទី​គ្រាក់ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ»

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ២៨ កុម្ភៈ ថា នេះ គឺ​ជា​ការ​បង្ហាញ​គំរូ​អាក្រក់ ដែល​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ក៏ប៉ុន្តែ​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ដែល​តុលាការ​កាត់​ទោស​ឧក្រិដ្ឋ​ទៅ​វិញ ហើយ​ការ​ធ្វើ​បែប​នេះ កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់​ក្នុង​សង្គម​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច ពេល​បុគ្គល​ដែល​ធ្លាប់​មាន​បទ​ល្មើស​ក្លាយ​ជា​ទី​ប្រឹក្សា​របស់​អ្នក​ដឹក​នាំ។

កញ្ញា​ថា ការ​តែង​តាំង​​នេះ មាន​គោល​ដៅ​តែ​ប្រយោជន៍​បុគ្គល​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ដើម្បី​សង្គម​ជាតិ​នោះ​ទេ នៅ​ពេល​ដែល​អ្នក​លះ​បង់​ដើម្បី​ប្រទេស​ជាតិ អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង សកម្មជន​ការពារ​ធនធាន​ធម្មជាតិ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត ហើយ​កាន់​តែ​រឹតត្បិត។

កញ្ញា ភួន កែវរស្មី៖ «ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ប្រទេស ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល រដ្ឋាភិបាល​មើល​ទៅ​ដឹក​នាំ​បែប​អត្តនោម័តិ មាន​ន័យ​ថា គិត​គួរ​តែ​ម្នាក់​ឯង មុននឹង​សម្រេច​ចិត្ត ខ្ញុំ​មិន​ជឿ​ថា គាត់​ទៅ​សួរ​ទីប្រឹក្សា​គាត់​ទេ គាត់​សម្រេច​តែ​គាត់។ អ៊ីចឹង​អ្នក​ដែល​តែង​តាំង​ផល​ប្រយោជន៍​ដែល​ទទួល​បាន គឺ​មាន​អំណាច​កាង​ពី​ក្រោយ​ខ្នង ដើម្បី​ទៅ​ធ្វើ​រឿង​រ៉ាវ​មួយ​ចំនួន ទៅ​ថ្ងៃ​មុខ​ជា​ការ​រក​ស៊ី ឬក៏​រឿង​ផ្ទាល់​ខ្លួន​ណា​មួយ​អា​ហ្នឹង​ខ្ញុំ​អត់​ច្បាស់»

នៅ​ឆ្នាំ២០០៨ ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង ជន​ល្មើស​អ្នកស្រី ជា រដ្ឋា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បក​ស័ក្ដិ​និង​មុខ​តំណែង​អតីត​អគ្គសេនាធិការ​រង នៃ​កង​រាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ហើយ​អាជ្ញាធរ​នគរបាល​កម្ពុជា និង​មន្ត្រី​នគរបាល​របស់​អាំងទែប៉ូល (Interpol) បាន​តាម​ចាប់​អ្នកស្រី ជា រដ្ឋា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជីវិត​និង​សុខភាព។ នៅ​គ្រា​នោះ ពី​កន្លែង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ អ្នកស្រី ជា រដ្ឋា បាន​ប្រាប់​សារព័ត៌មាន​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អ្នកស្រី និង​ក្រុម​បក្ខពួក​ចំនួន ៥នាក់​ទៀត ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់​ទោស កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០០៩ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​ចន្លោះ ១៥ឆ្នាំ​ទៅ​ដល់ ១៨ឆ្នាំ​ផ្សេងៗ គ្នា ចំពោះ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ​ទៅ​លើ អ្នកស្រី យ៉ា សុខនីម ដែល​ជា ម្ដាយ​មីង​របស់​អ្នកនាង អ៊ិន សុខលីដា កាល​ពី​ខែឧសភា ឆ្នាំ២០០៨។

បន្ទាប់​មក​នៅ​ដើម​តុលា ឆ្នាំ២០១០ តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ បើ​ទោះ​ជា​តុលាការ​ជាន់​ខ្ពស់​ទាំង​ពីរ​ថ្នាក់​រក​ឃើញ​ថា អ្នកស្រី ជា រដ្ឋា មាន​កំហុស ហើយ​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក ១៨​ឆ្នាំ​ក៏​ដោយ ក៏​គេ​មិន​ឃើញ​អ្នកស្រី ជា រដ្ឋា ត្រូវ​បាន​ចាប់​ខ្លួន និង​ជាប់​ពន្ធនាគារ​មួយ​ថ្ងៃ​សោះ​ដែរ។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង និង​ស្លុត​ចិត្ត​នោះ គឺ​ទណ្ឌិត​ឧក្រិដ្ឋជន​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក និង​របស់​រដ្ឋាភិបាល​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។