ការ​បន្ត​តែង​តាំង​កូនៗ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​រដ្ឋ «ជា​នយោបាយ​សន្តតិវង្ស និង​ការ​បែង​ចែក​វណ្ណៈ»

ដោយ ខាន់ លក្ខិណា
2024.10.07
ការ​បន្ត​តែង​តាំង​កូនៗ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​រដ្ឋ «ជា​នយោបាយ​សន្តតិវង្ស និង​ការ​បែង​ចែក​វណ្ណៈ» សមាសភាពគណៈរដ្ឋមន្ត្រី​ថ្មី ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​ថា ការ​បន្ត​តែង​តាំង​កូនៗ និង​សែស្រឡាយ​របស់​មន្ត្រី​កំពូលៗ​ នៃ​បក្ស​កាន់​អំណាច​ក្នុង​ជួរ​កង​ទ័ព និង​ស្ថាប័ន​រដ្ឋ​បង្ហាញ​ពី​ការ​បែង​ចែក​វណ្ណៈ និង​ជា​នយោបាយ​សន្តតិវង្ស។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​តែង​តាំង​កូន​ប្រុស​របស់​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​ឱ្យ​ឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ៣ ក្នុង​ជួរ​កង​ទ័ព កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៤។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្សប្រឆាំង លើកឡើង​ថា ការ​បន្ត​តែង​តាំង​សែស្រឡាយ​ជា​បក្ខពួក និង​កូនៗ​មន្ត្រី​ចាស់ៗ នៅ​ក្នុង​ជួរ​កង​ជួរ​ទ័ព និង​ស្ថាប័ន​រដ្ឋ បង្កើត​ឱ្យ​មាន​ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​កាន់​តែ​ធំ​ឡើង ការ​រំលោភ​អំណាច និង​ភាព​ច្របូកច្របល់​ក្នុង​សង្គម ដែល​ទាញ​ឱ្យ​ប្រទេស​ជាតិ​កាន់​តែ​ដុនដាប​ងើប​មិន​រួច។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃ​ទី៥ ខែ​តុលា ថា នេះ​ជា​ការ​ដឹក​នាំ​សន្តតិវង្ស​បន្ត​ពូជ ផ្ទុយ​ពី​ប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​ថា ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មេ​ដឹក​នាំ​ជាតិ ត្រូវ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន រីឯ​មន្ត្រីរាជការ​គ្រប់​ឋានានុក្រម​ក្នុង​ស្ថាប័ន​រដ្ឋ ត្រូវ​តែង​តាំង​ដោយ​ផ្អែក​លើ​សីលធម៌ និង​សមត្ថភាព​បុគ្គល គឺ​ មិន​មែន​ចេះ​តែ​ដាក់​បញ្ចូល​បក្ខពួក​គ្រួសារ ក្រោម​លេស​ការពារ​សន្តិភាព​នោះ​ទេ។

លោក ស៊ឹង សែនករុណា ថា រចនា​សម្ព័ន្ធ​ដឹក​នាំ​សន្តតិវង្ស ឬ​តពូជ​បែប​នេះ គឺ​ជា​ ប្រព័ន្ធ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ ដើម្បី​តែ​អំណាច និង​ផល​ប្រយោជន៍​បុគ្គល​មួយ​ក្រុម​តូច។

លោក ស៊ឹងសែនករុណា៖ «ពលរដ្ឋ​មិន​មាន​ភាព​រីកចម្រើន​ទេ កាល​ណា​ប្រទេស​ដឹក​នាំ​បែប​ហ្នឹង ពលរដ្ឋ​ធ្លាក់​ខ្លួន​សភាព​ក្រ​ទៅៗ​លំបាក​ទៅៗៗ ហើយ​គេ​ប្រើ​អំណាច​គាប​សង្កត់​ទៅ​លើ​ពួកគាត់ ហើយ​ពួកគាត់​មិន​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដើម្បី​ទាមទារ​តវ៉ា ក្នុង​ការ​រក​ទទួល​ទាន​សេដ្ឋកិច្ច​គ្រួសារ​អី​ផ្សេងៗ ក្រោម​សម្ពាធ​របស់​អាជ្ញាធរ​តាំង​ពី​ក្រោម​ដល់​លើ​ហ្នឹងឯង»

កូន​ប្រុស​របស់​លោក ឥត សារ៉ាត់ ដែល​ជា​អគ្គ​មេ​បញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ គឺ​លោក រ៉ាត់ ដារ៉ារ័ត្ន ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ៣ ក្នុង​ជួរ​កង​ទ័ព និង​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការពារ​ជាតិ និង​មាន​ងារ​ជា​ឧកញ៉ា​មួយ​ទៀត

រីឯ​កូន​ប្រុស​របស់​លោក មាស សុភា អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក និង​បច្ចុប្បន្ន​ជា​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី គឺ​ លោក មាស សុភារិទ្ធ ​ជា​នាយការិយាល័យ​ទី២ នៃ​កង​យោធពល​ខេមរភូមិន្ទ

លោក មាស សុភា និង​លោក ឥត សារ៉ាត់ សុទ្ធ​សឹង​តែ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃទី៥ ខែតុលា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន កត់​សម្គាល់​ថា ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ ការ​ទទួល​បាន​តំណែង​ធំៗ តាមរយៈ​សែស្រឡាយ​ស្នង​ត្រកូល​គ្រួសារ មាន​ច្រើន​លើស​លប់ ប៉ុន្តែ​កូន​ចៅ​ប្រជាពលរដ្ឋ​សាមញ្ញ​ក្រីក្រ ដែល​ មាន​សមត្ថភាព​កម្រ​ទទួល​បាន​តំណែង​ជាន់​ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល និង​កង​ទ័ព។

លោក រ៉ុង ឈុន៖ «ចង់​ឃើញ​ឱ្យ​មាន​ការ​កែទម្រង់​ផ្ដល់​ឋានៈ​តួនាទី​ហ្នឹង ត្រូវ​មាន​ភាព​ស្មើ​គ្នា​រវាង​កូន​អ្នក​ធំ ហើយ​នឹង​កូន​ចៅ​ប្រជាពលរដ្ឋ​ធម្មតា នៅពេល​កូន​ចៅ​ប្រជាពលរដ្ឋ​ធម្មតា មាន​សមត្ថភាព​ពេញ​លេញ​គួរ​តែ​ត្រូវ​បាន​តំណែង​ធំៗ​ក្នុង​ស្ថាប័ន​រដ្ឋ»

ក្រៅ​ពី​កូន​លោក ឥត សារ៉ាត់ និង​កូន​លោក មាស សុភា នោះ កូន​ប្រុស​របស់​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ គឺ​លោក សៀ ទីន ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តែង​តាំង​ ​ជា​មេ​បញ្ជា​ការ​បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ​ខេត្ត​សៀមរាប។

ចំពោះ​កូន​ប្រុស​របស់​លោក សេង ទៀង ជំនួយ​ការ​របស់​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន គឺ​លោក សេង វណ្ណៈ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​រាជធានី​ភ្នំពេញ ខណៈ​កូន​ប្រុស​លោក ចៅ ភិរុណ គឺ​លោក ចៅ ភិរិទ្ធ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​នៃ​ក្រសួង​ការពារ​ជាតិ ជំនួស​តំណែងឪពុក​របស់​លោក ដែល​ត្រូវ​ផ្ទេរ​តំណែង​ទៅ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការពារ​ជាតិ​វិញ។

ការ​តែង​តាំង​កូនៗ និង​សែស្រឡាយ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ក្រោយ​ពី​លោក ហ៊ុន សែន បាន​លើក​បន្តុប​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៥ ខែ​តុលា ថា ការ​តែង​តាំង​ក្រោម​ឥទ្ធិពល​អំណាច​សែស្រឡាយ នៅ​ក្នុង​ជួរ​កង​ជួរ​ទ័ព និង​ក្រសួង​ស្ថាប័ន​រដ្ឋ​បន្ត​ពី​ឪពុក​ម្ដាយ ដោយ​មិន​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់ ហើយ​មិន​ទាន់​មាន​ស្នាដៃ គឺ​ជា​វប្បធម៌​ដដែលៗ ដែល​បាន​រៀបចំ​ជា​ប្រព័ន្ធ។

លោកថា ការ​តែង​តាំង​ជា​បន្ត​បន្ទាប់​របៀប​នេះ ក៏​ធ្វើ​ឱ្យ​មាន​ភាព​រកាំរកូស​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ​ដែរ ដោយសារ​តែ​ឥស្សរជន ដែល​មាន​ស្នា​ដៃ ហើយ​មិន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មេ​ដឹក​នាំ​កំពូល គ្មាន​ឱកាស​ត្រូវ​បាន​ដំឡើង​តំណែង​និង​តួនាទី។

លោក សេក សុជាតិ ថា បញ្ហា​នេះ អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​បែង​ចែក​វណ្ណៈ នៅ​ក្នុង​ការ​ដឹក​នាំ​ស្ថាប័ន។

លោក សេក សុជាតិ៖ «អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​មិន​ត្រូវ​បាន​ផ្ដល់​តម្លៃ ឬ​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​អី​ជា​ដើម ដែល​ជា​ហេតុ​ផល​មួយ​នឹង​ឱ្យ​មាន​ការ​រង្គោះរង្គើ​បើ​សិន​ជា​នៅ​តែ​មាន​ការ​តែង​តាំង ឬ​ក៏​ផ្ដល់​តួនាទី ដោយ​មិន​ឈរ​ទៅ​គោលការណ៍​តម្លាភាព យុត្តិធម៌ ហើយ​មិន​ឈរ​ទៅ​សមត្ថភាព បទ​ពិសោធន៍​ទាក់ទង​ជាមួយ​នឹង​ការ​កាន់​តួនាទី​កំពូល​នីមួយៗ»

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ធ្លាប់​វាយ​តម្លៃ​ថា នេះ​ជា​របៀប​ដែល​លោក ហ៊ុន សែន បែង​ចែក​អំណាច​ឱ្យ​ទៅ​ក្រុម​បក្ខពួក​របស់​លោក ដើម្បី​កុំ​ឱ្យ​មាន​ចលនា​ប្រឆាំង​រូប​លោក និង​ក្រុម​គ្រួសារ នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ច្រើន ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ឆ្នាំ២០២៤
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។