មន្ត្រី​ជាន់ខ្ពស់​រៀបចំ​កា​របោះ​ឆ្នោត​ថា ថ្ងៃទី​១ នៃ​ការ​ឃោសនាបោះឆ្នោត​ដំណើរការ​ល្អ

ដោយ យ៉ង ចាន់តារា
2022.05.21
Share on WhatsApp
Share on WhatsApp
មន្ត្រី​ជាន់ខ្ពស់​រៀបចំ​កា​របោះ​ឆ្នោត​ថា ថ្ងៃទី​១ នៃ​ការ​ឃោសនាបោះឆ្នោត​ដំណើរការ​ល្អ ក្បួន​ឃោសនា​របស់​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃ​ដំបូង​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ ឆ្នាំ​២០២២។ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មន្ត្រីជាន់ខ្ពស់​រៀបចំ​កា​របោះ​ឆ្នោត​ឲ្យ​ដឹង​ថា ថ្ងៃទី​១ នៃ​យុទ្ធនាការ​រក​សំឡេង​របស់​គណបក្ស​នយោបាយ បាន​ប្រព្រឹត្ត​ទៅ ដោយ​រលូន និង​គ្មាន​ហិង្សា​កើត​ឡើង​ទេ​។ ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា មាន​បញ្ហា​ខ្លះ​បាន​កើតឡើង​ដូចជា​៖ ការ​យក​រថយន្ត​គ្មាន​ស្លាក​លេខ​មក​ហែ​ក្បួន និង​ការ​ចាប់ផ្តើម​ហែ​ក្បួន​ចេញ​កន្លែង​ធ្វើការ​របស់​រដ្ឋ​ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លើកឡើង​ស្រដៀង​គ្នា​ថា ថ្ងៃទី​១​នៃ​ការឃោសនាបោះឆ្នោត ដំណើរការ​ល្អ ហើយ​អ្នក​ហែ​ក្បួន​មាន​ភាព​ចាស់ទុំ​ច្រើន​។ ពួកគេ​ថា ការ​ឃោសនា​នេះ គណបក្ស​នយោបាយ​បាន​ធ្វើ​ឡើង​តាម​លទ្ធភាព​របស់​ពួកគេ​រៀងៗ​ខ្លួន ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ជាង​គេ បន្ទាប់​មក​គឺ​គណបក្ស​ភ្លើង​ទៀន។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​នៅ​ថ្ងៃ​ទី​២១​ឧសភា​ថា មកដល់ពេលនេះ​លោក​មិនទាន់​ឃើញ​ភាព​អសកម្ម​ធំដុំ​កើតឡើង​ទេ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា មាន​គណបក្ស​ខ្លះ​យក​រថយន្ត​គ្មាន​ស្លាក​លេខ​មក​ហែ​ក្បួន​។ លោក​បន្ត​ថា សកម្មជន​បក្ស​កាន់អំណាច​បាន​យក​កន្លែងធ្វើការងារ​របស់​រដ្ឋ​ធ្វើជា​កន្លែង​ចាប់ផ្ដើម​ហែ​ក្បួន​។ លោក​ថា ទោះ​សកម្មភាព​បែបនេះ​មិន​ខុស​ទៅ​នឹង​ការ​ហាមឃាត់ ក៏​នេះ​ជា​រូបភាព មិន​សមរម្យ និង​នាំ​ឲ្យ​មានការ​រិះគន់៖ «ការ​ដង្ហែ​ក្បួន​ហ្នឹង​ទៅតាម​គណបក្ស​ធំ​តូច ហើយ​ទៅតាម​ធនធាន​គណបក្ស​នីមួយៗ បាទ​បើសិន​មើលទៅ​អ្នក​ដែល​មាន​អាទិភាព គឺ​គណបក្ស​បក្ស​កាន់​អំណាច គិត​ថា នេះ​ជា​រឿង​បុគ្គល​មួយ​ចំនួន​ទេ ប៉ុន្តែ​គ្រាន់​ថា បើសិន​រឿង​អ៊ីចឹង​ទៅ​នាំ​ឲ្យ​មានការ​រិះគន់​ផង​ដែរ​បាទ»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (Nicfec) លោក សំ គន្ធាមី ដែល​បាន​ចុះ​ឃ្លាំមើល​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​ពី​រាជធានី​ភ្នំពេញ ដល់​ខេត្តព្រៃវែង​វិញ លោក​សង្កេត​ឃើញ​ថា មាន​គណបក្ស​ពីរ​ដែល​បាន​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន​។ លោក​បន្ត​ថា គណបក្ស​ផ្សេងៗ​ហែ​ត្រឹម​ម៉ូតូ​ពីរ​បី​គ្រឿង​ចុះ​តាម​មូលដ្ឋាន​ពន្យល់​ពលរដ្ឋ​ពី​គោល​នយោបាយ​របស់​ខ្លួន​។ លោក​ថា ចំពោះ​ភាព​អសកម្ម ឬ​បញ្ហា​ហិង្សា​មិន​ទាន់​កើតមាន​នៅ​ឡើយ​ទេ៖ «ភាគច្រើន​ឃើញ​គណបក្ស​ប្រជាជន​លោក​ចាប់ផ្ដើម​ហែ​ច្រើន​តាម​បណ្ដា​ឃុំ​នានា បក្ស​ផ្សេងទៀត​អត់​សូវ​ឃើញ​ទេ ទ្រង់ទ្រាយ​តូច ដូច​ថា ម៉ូតូ​អី​តិច​តូច មិនមែន​ទ្រង់ទ្រាយ​ជា​ក្បួន​ឡាន​ក្បួន​ម៉ូតូ​អីចឹង​ទៅ​មេក្រូ មិន​មាន​បញ្ហា​អី​ទេ​ខ្ញុំ​ចង់​និយាយ​អញ្ចឹង​។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​រយៈពេល​១៤​ថ្ងៃ​ហ្នឹង​ដំណើរការ​លូន​ទៅដល់​ថ្ងៃ ថ្ងៃ​បោះឆ្នោត​តែម្ដង​ទៅ»

យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​១៧​ដែល​ចូលរួម​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ មាន​រយៈ​១៤​ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១​ខែ​ឧសភា ដល់​ថ្ងៃទី​០៣​ខែមិថុនា​ខាងមុខ។ ច្បាប់​បោះឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ចាប់ផ្ដើម និង​ថ្ងៃ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា គណបក្ស​ទាំង​១៧​ដែល​ចូលរួម​ការបោះឆ្នោត​បាន​ចេញ​មក​ហែ​ក្បួន​ទាំងអស់គ្នា និង​ធ្វើ​តាម​លទ្ធភាព​របស់​គណ​បក្ស​នីមួយៗ​។ លោក​បន្ត​ថា កា​រហែ​ក្បូន​នេះ​មិន​មាន​ប៉ះពាល់​ពាក្យសំដី ឬ​អំពើ​ហិង្សា​នោះ​ទេ​។ លោក​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​សហការ​គ្នា​សម្រួល​តម្រាយ​ផ្លូវ​ដើម្បី​កុំ​ឲ្យ​ការ​ហែ​ក្បួន​របស់​គណបក្ស​នយោបាយ ប៉ះទង្គិច ឬ​ប្រឈម​ដាក់គ្នា៖ «ក្នុង​មួយ​ព្រឹក​មិញ​នេះ រហូតដល់​ម៉ោង​នេះ​មិន​មានការ​ប៉ះពារ​គួរ​ឲ្យ​កត់សម្គាល់​នោះ​ដែរ បក្ស​ខ្លះ​លោក ហែ​ក្បួន​ក្នុង​កម្រិត​ដែល​គ​.​ជ​.​ប ចាត់ទុក​ថា ជា​ការ​ហែ​ក្បួន​ធំ»

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត គ..ប ជំរុញ​ទៅ​គ្រប់​គណបក្ស​នយោបាយ បន្ត​ភាព​ចាស់ទុំ​របស់​ខ្លួន​ក្នុង​ការ​ហែ​ក្បួន ឬ​ឃោសនា​តទៅ​ទៀត ដើម្បី​បង្ក​បរិយាកាស​ល្អ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល