អ្នក​ឃ្លាំ​មើល​សង្គម​ថា លោក ហ៊ុន សែន មិន​ស័ក្ដិសម​ទទួល​បាន​សញ្ញាប័ត្រ​ភាព​ជា​មេដឹកនាំ និង​ការ​កសាង​សន្តិភាព

ដោយ យ៉ង ចាន់តារា
2024.09.13
អ្នក​ឃ្លាំ​មើល​សង្គម​ថា លោក ហ៊ុន សែន មិន​ស័ក្ដិសម​ទទួល​បាន​សញ្ញាប័ត្រ​ភាព​ជា​មេដឹកនាំ និង​ការ​កសាង​សន្តិភាព លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស «ភាព​ជា​មេ​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ពី​សកល​វិទ្យាល័យ​មួយ​កន្លែង នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់ លោក ហ៊ុន សែន ថា មិន​សម​ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស​លើ «ភាព​ជា​មេ​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ឡើយ​ពីព្រោះ​លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​បែប​ផ្ដាច់ការ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ពួក​គាត់​ចាត់​ទុក មេ​ដឹក​នាំ​ផ្ដាច់ការ​រូប​នេះ​ថា ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ និង​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​លើកឡើង​ថា លោក ហ៊ុន សែន គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស «ភាព​ជា​មេ​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ពីព្រោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​កន្លងមក​មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​មាន​សេចក្ដី​សុខសាន្ត​នោះ​ទេ។

អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា​ថា គឺ​ជា​រឿង​ដ៏​អាម៉ាស់ និង​គួរ​ឱ្យ​អស់​សំណើច ដែល​លោក ហ៊ុន សែន ជា​មេដឹកនាំ​បំផ្លាញ​ប្រជាធិបតេយ្យ បែរ​ជា​ទទួល​បាន​សញ្ញាប័ត្រ ភាព​ជា​មេដឹកនាំ និង​ការ​កសាង​សន្តិភាព។ លោក​បន្ត​ថា សញ្ញាប័ត្រ ដែល​លោក ហ៊ុន សែន នេះ គឺ​ជា​សញ្ញាប័ត្រ​ក្លែងក្លាយ ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៅ​ក្នុង​សង្គម​ឡើយ។ ពោល​គឺ លោក ហ៊ុន សែន ពូកែ​ខាង​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចាប់​ពង្រាត់​ក្រុម​គ្រួសារ​គេ​ដាក់​ពន្ធនាគារ។

លោក អ៊ំ សំអាន៖ «ភាព​ជា​អ្នក​ដឹកនាំ ក្នុង​ការ​កសាង​សន្តិភាព​នោះ​ទេ។ គាត់​ជា​មនុស្ស​ហិង្សា ហើយ​មិន​សម​ជា​មេ​ដឹក​នាំ​ប្រទេស ដែល​ល្អ​នោះ​ទេ។ វា​សម​ជា​មេដឹកនាំ​ផ្ដាច់ការ​អ៊ីចឹង។ ពានរង្វាន់​ហ្នឹង​ឱ្យ​ទៅ​គាត់ ក៏​គ្មាន​ន័យ​អី​ទេ។ អង្គការ​មួយ​ចំនួន​ឱ្យ​តែ​សម្រាប់​ជន​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន ដើម្បី​បាន​លាភសក្ការៈ​ពី​ជន​ផ្ដាច់ការ​ខ្ញុំ​យល់​ថា ជា​ការ​សូកប៉ាន់»

កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស «ភាព​ជា​មេ​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ពី​សកល​វិទ្យាល័យ​មួយ​កន្លែង នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea)ទន្ទឹម​នឹង​ទទួល​សញ្ញាប័ត្រ​កិត្តិយស​នេះ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​ដែល​ប្រើប្រាស់​មធ្យោបាយ​ហិង្សា និង​ពុក​រលួយ ដើម្បី​រក្សា​អំណាច​នោះ បាន​ប្រកាស​ពី​គម្រោង​ធ្វើ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់​តាំង​មួយ​ចំនួន ទំនង​ជា​សំដៅ​ទៅ​លើ​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង​លោក​ចោទ​ថា ប៉ុនប៉ង​បំផ្លាញ​អ្វី​ដែល​លោក​ហៅ​ថា ជា​សន្តិភាព​នៅ​កម្ពុជា​នោះ​ទៅ​ជា​ក្រុម​ភេរវករ​នៅ​ពេល​ខាង​មុខ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព លោក ប៉ែន បូណា និង​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា។

ទាក់ទិន​រឿង​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ផ្ដល់​សញ្ញាប័ត្រ​កិត្តិយស​នេះ​គឺ​គ្រាន់​តែ​ជា​ការ​លើក​ទឹកចិត្ត​ប៉ុណ្ណោះ ពុំ​បាន​វាយ​តម្លៃ​លើ​លក្ខណៈសម្បត្តិ​បែប​ណា ឬ​ពុំ​បាន​បញ្ជាក់​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ដែល​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​ឡើយ។ លោក​បន្ត​ថា មេ​ដឹក​នាំ​ដែល​តែង​ប្រើ​ហិង្សា និង​ចាត់​ទុក​ពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​បែប​នេះ​គឺ​ពុំ​អាច​ទទួល​បាន សញ្ញាប័ត្រ​កិត្តិយស ឬ​ពានរង្វាន់​ណូបែល (Nobel Prize) ពី​ប្រទេស​លោក​សេរី​ដែល​លើក​កម្ពស់​សិទ្ធិមនុស្ស​ពិតប្រាកដ​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «ពានរង្វាន់​រក​ទៅ​ស្អំ​ចិត្ត​ពលរដ្ឋ​គឺ​មិន​អាច​ធ្វើ​បាន​ពីព្រោះ​វា​ជា​ផល​ប្រយោជន៍​ខ្លួនឯង​របស់​លោក ហ៊ុន សែន មិន​មែន​ជា​កិត្តិយស​សម្រាប់​ជាតិ។ មែនទែន​ទៅ មុខ​មាត់​សម្រាប់​ជាតិ គឺ​វា​អត់​មាន​ទេ គឺ​ដោយសារ​បណ្ដា​ប្រទេស​លោក​សេរី និង​អង្គការ​អន្តរជាតិ​នានា គេ​កំពុង​ឃ្លាំ​មើល។ គេ​កំពុង​តាមដាន គេ​ទទួល​បាន​នូវ​របាយការណ៍​យ៉ាង​ច្បាស់លាស់​ទាំង​អ្នក​រាយការណ៍​ពិសេស​ជាដើម គឺ​រដ្ឋាភិបាល​បច្ចុប្បន្ន​រំលោភ​សិទ្ធិ​ពលរដ្ឋ រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​គេ​បាន​ដឹង​យ៉ាង​ច្បាស់​នា​ពេល​បច្ចុប្បន្ន​នេះ»

តាំងពី​អំឡុង​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០២៤ នេះ លោក ហ៊ុន សែន ទទួល​បាន​គោរមងារ​សញ្ញាប័ត្រ​កិត្តិយស មេដាយ និង​ពាន​រង្វាន់​នានា ជាង២០ ហើយ ពី​សកលវិទ្យាល័យ ស្ថាប័ន​ឯកជន​ និង​អង្គការ​មួយ​ចំនួន ដែល​ពិភពលោក​មិន​សូវ​ស្គាល់ និង​ឱ្យ​តម្លៃ ហើយ​ស្ថាប័ន​ខ្លះ​ទៀត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ទៀត​ផង ។

កាល​ពីថ្ងៃទី២៩ ខែសីហា ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស ហៅកាត់ថា APHR ក៏​បាន​ក្រើន​រំលឹក​ដល់​នាយករដ្ឋមន្ត្រី​កូន​គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ដឹកនាំ​ប្រទេស​ចាក​ឆ្ងាយ​ពី​កេរដំណែល​នៃ​ការ​ដឹក​នាំ​បែប​ផ្ដាច់ការ​ដូចជា​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន។ ដោយសារ​តែ​លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ក្រាញ​អំណាច និង​អមនុស្សធម៌​បែប​នេះ​ហើយ​ទើប​ពលរដ្ឋ​ខ្មែរ​រស់នៅ​កូរ៉េ​ខាង​ត្បូង​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត ហើយ​ពួកគាត់​តែង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។