អ្នកឃ្លាំមើល​ថា កម្ពុជា​នឹង​បន្ត​ស្នើសុំ​កម្ចី និង​វិនិយោគ​ពី​ចិន​បន្ថែម ពេល​អ្នក​ការទូត​ចិន​មក​​កម្ពុជា

ដោយ សេក បណ្ឌិត
2024.04.18
អ្នកឃ្លាំមើល​ថា កម្ពុជា​នឹង​បន្ត​ស្នើសុំ​កម្ចី និង​វិនិយោគ​ពី​ចិន​បន្ថែម ពេល​អ្នក​ការទូត​ចិន​មក​​កម្ពុជា រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពេលមកទស្សនកិច្ច​នៅកម្ពុជា កាលពីថ្ងៃទី១៣ សីហា ២០២៣។
Photo Courtesy of AKP

អ្នក​តាមដាន​ស្ថានភាព​នយោបាយ​មើល​ឃើញ​ថា ក្នុង​គ្រា​កម្ពុជា​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​ខ្វះ​អ្នក​វិនិយោគទុន រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​ខ្ចីបុល​ពី​ប្រទេស​ចិន និង​ស្នើ​ឱ្យ​មាន​អ្នកជំនួញ​ចិន​ចូល​មក​រកស៊ី​បន្ថែម​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​។ ការ​លើកឡើង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) គ្រោង​មក​កម្ពុជា​ធ្វើជា​សហប្រធាន​គណៈកម្មការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​ចិន និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) និង​ប៉ាពួ ញូហ្គីណេ (Papua New Guinea) ក្នុង​សប្តាហ៍​នេះ។

អ្នក​តាមដាន​បញ្ហាន​យោបាយ​មើលឃើញ​ថា គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មក​កម្ពុជា​លើក​នេះ ភាគី​ចិន​ទំនង​លើក​បញ្ហា​ចម្រូងចម្រាស​មួយចំនួន​ដូចជា គម្រោង​ព្រែកជីក​ហ្វូណន​ពិភាក្សា​ជាមួយ​កម្ពុជា និង​អាច​ចរចា​កញ្ចប់​ថវិកា​ក្នុង​ការ​ផ្ដល់​កម្ចី​ដល់​កម្ពុជា​អនុវត្ត​គម្រោង​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​អាស៊ី និង​ប៉ាស៊ីហ្វិក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​មេសា​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​ចិន​មក​កម្ពុជា​លើក​នេះ កាន់តែ​បង្ហាញ​ពី​ចំណង​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន​ស្អិតល្មួត​។ លោក​មើលឃើញ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន ក៏​ទំនង​ឆ្លើយតប​នឹង​ការ​ផ្ដល់​កម្ចី​ដល់​កម្ពុជា​ដែល​ទាមទារ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​ចុងក្រោយ​នេះ ដើម្បី​បញ្ជាក់​ថា ចិន​នៅតែ​ចាំ​គាំទ្រ​កម្ពុជា​គ្រប់​កាលៈទេសៈ។

លោក សេង វណ្ណលី៖ «ដំណើរ​ទស្សនកិច្ច​នេះ លោក វ៉ាង យី នឹង​លើក​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​ចិន​ចំពោះ​ជំនួយ​កម្ចី​របស់​ខ្លួន​សម្រាប់​គម្រោង​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុងតែ​ជំរុញ ហើយ​គម្រោង​ដែល​សំខាន់​បំផុត ដែល​យើង​តាមដាន​ពីរ​បី​សប្ដាហ៍​នេះ​គឺ​គម្រោង​ព្រែកជីក​ហ្វូណន អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​ផ្ដល់​ការសន្យា​ដល់​ភាគី​កម្ពុជា​ថា ចិន​នឹង​មិន​ព្រងើយ​កន្តើយ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​នោះ​ទេ»

ចំណែក អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ប្រសាសន៍​ថា ប្រទេស​ក្នុង​តំបន់​មួយចំនួន នឹង​បញ្ចេញ​ប្រតិកម្ម​ជា​ចំហ​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​ពួកគេ ប្រសិនបើ​កម្ពុជា​អនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​គ្មាន​តម្លាភាព​។ លោក​យល់​ថា ដើម្បី​ធានា​ពី​ការអនុវត្ត​គម្រោង​នេះ​បម្រើ​ផលប្រយោជន៍​កម្ពុជា និង​ដោយ​គ្មាន​ការ​សង្ស័យ ទោះ​រដ្ឋាភិបាល​កម្ពុជា​ខ្ចីបុល​ពី​បរទេស​ណាក៏ដោយ ត្រូវ​បង្ហាញ​រាល់​ការ​ចំណាយ​ផ្នែក​ហិរញ្ញវត្ថុ​ជា​សាធារណៈ។

លោក គឹម សុខ៖ «រដ្ឋមន្ត្រីការបរទេស​ចិន​នឹង​និយាយ​កាន់តែ​ច្បាស់​អំពី​ព្រែកជីក​ហ្វូណន​ហើយ​។ មើលទៅ​វា​ជា​សង្គ្រាម​ការទូត​រវាង​ចិន និង​វៀតណាម ជាជាង​ចិន និង​អាមេរិក (US) ពីព្រោះ​ឥទ្ធិពល​របស់​វៀតណាម កាន់តែ​ខ្លាំង​ក្នុង​តំបន់ នឹង​អុកឡុក​កម្ពុជា​ជា​ចំហ​តែម្ដង ហើយ​ម្យ៉ាងទៀត​វៀតណាម​កំពុងតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​សហរដ្ឋ​អាមេរិក​ផង ក្នុង​ការ​សហការ​ទប់​ទល់នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាន់តែ​កៀក​នឹង​ចិន»

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក វ៉ាង យី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រទេស​ឥណ្ឌូណេស៊ី និង​ប៉ាពួ ញូហ្គីណេ (Papua New Guinea) ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែ​មេសា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វ៉ាង យី គ្រោង​ពិភាក្សា​ជាមួយ​កម្ពុជា អំពី​ការ​ពង្រីក និង​ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិការ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (BRI។ លោក​នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​។ គណៈកម្មការ​នេះ ត្រូវ​បាន​ភាគី​ចិន និង​កម្ពុជា ឯកភាព​គ្នា​បង្កើត​ឡើង ដើម្បី​បង្កើន​ការ​រឹតចំណង​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​កសាង​ជោគវាសនា​កម្ពុជា​ចិន​រួមគ្នា។

ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​ចិន​នា​ពេល​កន្លង​មក ភាគី​កម្ពុជា​តែង​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​គាំទ្រ​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី និង​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​របស់​អ្នកជំនួញ​ចិន​មក​រក​ស៊ី​នៅ​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បញ្ជាក់​ថា លោក​មិន​អាច​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​មុន​នឹង​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ទេ។

គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក វ៉ាង យី មក​កម្ពុជា​បន្ទាប់ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាលពី​ចុង​ខែ​មីនា កន្លង​ទៅ ស្នើ​ឱ្យ​រដ្ឋាភិបាល​ចិន​កុម្មុយនិស្ត​ជួយ​គាំទ្រ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ខណៈ​ប្រទេស​វៀតណាម បារម្ភ​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ អាច​ជួយ​សម្រួល​ឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។